លោក​ត្រាំ​​ព្រមាន​ប្រើ​យោធា​​លើ​កូរ៉េខាងជើង​

ដោយ៖ អ៊ុន សុខឡា 13-08-2017 2:03 pm 1690

​លោក​ត្រាំ​មិន​បញ្ឈប់​វោហារសាស្ត្រ​បញ្ឆេះ​កំហឹង​ឡើយ ដោយ​កាលពី​ថ្ងៃ​សៅរ៍ លោក​បាន​ប្តេជ្ញា​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ទីក្រុង​ព្យុង​យ៉ាង​។ ប៉ុន្តែ​ប្រសិនបើ វិធានការ​គ្រប់បែប​យ៉ាង ត្រូវបាន​ប្រើ​អស់ហើយ នៅតែ​បរាជ័យ​ទៀត នោះ​លោក​នឹង​ប្រើប្រាស់​កម្លាំង​យោធា​វិញ​ម្តង​។​

​យោងតាម​សេចក្តីថ្លែងការណ៍​របស់​សេត​វិមាន​ឲ្យដឹងថា លោក​ត្រាំ​និង​ប្រធានាធិបតី​បារាំង​លោក​អ៊ី ម៉ា​ណូអែល ម៉ា​ក្រុង​បាន​ជួប​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ ដោយ​បាន​លើកឡើង​នូវ​ស្ថានភាព​គ្រោះថ្នាក់​អាច​កើនឡើង​កាន់តែខ្លាំង ពាក់ព័ន្ធ​នឹង​ឥរិយាបទ​របស់​កូរ៉េខាងជើង​។ នៅក្នុង​របាយការណ៍​ដ​ដែល​ឲ្យដឹង​ទៀតថា អាមេរិក​និង​សម្ព័ន្ធមិត្ត​ទាំងអស់ បាន​ត្រៀម​ខ្លួន​រួច​ស្រេច​ហើយ ដើម្បី​អនុវត្ត​វិធានការ​ការទូត សេដ្ឋកិច្ច និង​យោធា ដើម្បី​បញ្ចប់​ការគំរាមកំហែង​។​

​ការព្រមាន​ជា​ថ្មី​របស់​លោក​ត្រាំ បាន​ធ្វើឡើង​ចំ​ពេល​មាន​ការអំពាវនាវ​ពី ចិន​ដែល​ជា​សម្ព័ន្ធ​ជិតស្និទ្ធ​របស់​កូរ៉េខាងជើង រុស្ស៊ី អាល្លឺម៉ង់ អង់គ្លេស​និង​អង្គការសហប្រជាជាតិ ឲ្យ​ប្រធានាធិបតី​អាមេរិក អត់ធ្មត់​កាន់តែខ្លាំង ចំពោះ​វោហារសាស្ត្រ​គំរាម​របស់​ខ្លួន​លើ​កូរ៉េខាងជើង​។ ពាក្យ​ដឺ​ដង​ផ្លែផ្កា​ដាក់​កូរ៉េខាងជើង​របស់​លោក​ត្រាំ អាច​នឹង​ធ្វើឲ្យ​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​កាន់តែ​ឡើង​កម្តៅ​។​

​គួរកត់សម្គាល់​ថា ពេញ​មួយ​សប្ដាហ៍​នេះ​តែម្ដង ដែល​លោក​ដូណាល់ ត្រាំ​បាន​ផ្ញើ​សារ​គំរាម​ទៅ​កូរ៉េខាងជើង បន្ទាប់​ពី​កូរ៉េខាងជើង​ព្រមាន​បាញ់​មី​ស៊ី​ល​ដាក់​កោះ​Guam​អាមេរិក​។ លោក​បាន​និយាយថា កូរ៉េ​ខាងជើង​នឹង​ទទួល​ការ​សងសឹក ប្រឈម​នឹង​ភ្លើងកំហឹង​អាមេរិក​យ៉ាងធ្ងន់ធ្ងរ​។ រីឯ​កូរ៉េខាងជើង​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​គេ​ឲ្យដឹង​ថា លោក​ដូណាល់ ត្រាំ​កំពុង​រុញច្រាន​ស្ថានភាព​តានតឹង​លើ​ឧ​ទ្វីប​កូរ៉េ ឆ្ពោះទៅ​រក​ការផ្ទុះ​សង្គ្រាម​។ កូរ៉េខាងជើង​ហៅ​អាមេរិក​ថា​ជា​អ្នកគាំទ្រ​សង្គ្រាម​នុយក្លេអ៊ែរ​ដ៏​សាហាវយង់ខ្នង​។

​សង្គ្រាមពាក្យសម្ដី​រវាង​កូរ៉េខាងជើង​ជាមួយ​អាមេរិក ធ្វើឲ្យ​អន្ដរជាតិ​ព្រួយបារម្ភ​យ៉ាងខ្លាំង​។ ប្រទេស​ក្បែរ​ខាង​កូរ៉េ​ខាងជើង​មាន​កូរ៉េ​ខាងត្បូង​និង​ជប៉ុន​ជាដើម កំពុង​ពង្រឹង​សមត្ថភាព​ការពារ​ជាតិ​រៀងៗ​ខ្លួន​ខ្លាច​ផ្ទុះអាវុធ​មែន​។ បើ​តាម​អ្នកវិភាគ​ថា បើទោះបី​អាមេរិក​-​កូរ៉េខាងជើង បន្ត​បញ្ចេញ​វោហារសាស្ត្ររ​ឆ្លើយឆ្លង​ឌឺដង​ដាក់គ្នា​ដូច​ភ្លៀងរលឹម​យ៉ាងណាក៏ដោយ ក៏​មិន​ឈានដល់ការ ផ្ទុះ​សង្គ្រាម​នោះទេ​៕


ព័ត៌មានផ្សេងទៀត