រឿង​ព្រំដែន​ លោក​សម រង្ស៊ី​ថា ​វៀតណាម​ បញ្ជា​ឲ្យ​ឡាវ ​បង្ក​រឿង​​ជាមួយ​កម្ពុជា​​

ដោយ៖ ខាត់ សុធី 13-08-2017 11:57 am 5069

​បើ​ទោះ​ជា​ភាគី​ឡាវ បាន​ដកទ័ព​ចេញ​ពី​ទឹកដី​កម្ពុជា ត្រង់​ចំណុច​អូរ​តា​ង៉ាវ និង​អូរ​អាឡៃ នៃ​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង រួចហើយ​ក៏​ដោយ ប៉ុន្តែ​រឿងរ៉ាវ​ទាក់ទង​នឹង​ទំនាស់​ព្រំដែន​ជាមួយ​ឡាវ​នេះ នៅ​មិន​ទាន់​បញ្ចប់​នៅឡើយ​ទេ ដោយ​ក្រុម​អ្នកវិភាគ និង​អ្នកនយោបាយ ហាក់​យល់ថា ជា​យុទ្ធសាស្ត្រ​នយោបាយ​ដែល​រៀបចំ​ឡើង​សម្រាប់​រដូវ​កាល​បោះឆ្នោត ឆ្នាំ​២០១៨ ខាងមុខ​នេះ​តែប៉ុណ្ណោះ​។​

​លោក​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ពេល​នេះ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចាត់ទុកថា​ជា​ទណ្ឌិ​តទៅ​ហើយ​នោះ បាន​លើកឡើង​ថា រឿង​ព្រំដែន កម្ពុជា ជាមួយ​ប្រទេស​ឡាវ​នេះ គឺ​ស្ថិត​ក្រោម​ការរៀបចំ​ពី​ប្រទេស​វៀតណាម​។​លោក​ថា ប្រទេស​ឡាវ ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ប្រទេស​វៀតណាម​។ ថ្មីៗ​នេះ ប្រទេស​វៀតណាម បាន​បញ្ជា​ឲ្យ​ប្រទេស​ឡាវ បង្ករឿង​បន្តិចបន្តួច នៅតាម​ព្រំដែន​ជាមួយ​កម្ពុជា​។ 

លោក​សម រង្ស៊ី​ចាត់ទុកថា នេះ​ជាការ​បង្វែរ​អារម្មណ៍​ខ្មែរ ដែល​ចង់​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ ឈប់​គិត​ពី​ការឈ្លានពាន ក្នុង​ទ្រង់ទ្រាយ​ធំ របស់​ប្រទេស​វៀតណាម មក​លើ​ទឹកដី​ប្រទេស​កម្ពុជា​។ ជាពិសេស​ក្នុង​ខេត្ត​ស្វាយរៀង កំពង់ចាម មណ្ឌល​គី​រី និង​រតនគីរី​។ លោក​សម រង្ស៊ី​ថា លោក​ហ៊ុន សែន​ពេលនេះ កំពុងតែ​លោត​ចូល​ទៅ​លេងល្ខោន ដែល​យួន​កំណត់​ឲ្យ​លេង ដើម្បី​បោក​បញ្ឆោត​ប្រជារាស្ត្រ​ខ្មែរ​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក​ផៃ ស៊ីផា​ន បញ្ជាក់ថា ការលើកឡើង​របស់​លោក​សម រង្ស៊ី​បែបនេះ គឺ​មិន​អាច​ទទួលយកបាន​នោះទេ​។​លោក​ផៃ ស៊ីផា​ន​ថា ការនិយាយ​របស់លោក​សម រង្ស៊ី គឺជា​វិកលចរិត​នយោបាយ និង​មើល​មក​រដ្ឋាភិបាល ធ្វើ​អ្វី​សុទ្ធតែ​ខុស យក​យួន​មក​លាប​ពណ៌ ដើម្បី​បំបែក​ពលរដ្ឋ ចេញពី​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ​។​ជាងនេះទៀត​ការនិយាយ​របស់​លោក​ស​ម រង្ស៊ី​បែបនេះ ក៏​ជា​ការ​មាក់ងាយ​ដល់​ប្រទេស​ឡាវ ដែល​ជា​ប្រទេស​មាន​ដែន​អធិបតេយ្យ​របស់ខ្លួន​ដែរ​….

​លោក​ផៃ ស៊ីផា​ន​៖

​ស្រដៀង​គ្នា​នឹង​លោក​សម រង្ស៊ី​ដែរ អ្នកវិភាគ​បញ្ហានយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មើលឃើញថា វិធីសាស្ត្រ​នៃ​ការដោះស្រាយ​រឿង​ព្រំដែន​របស់​រដ្ឋាភិបាល​កម្ពុជា​នៅពេលនេះ វា​ហាក់​ដូចគ្នា​ណាស់​ទៅ​នឹង​ព្រឹត្តិការណ៍​កាលពី ១០​ឆ្នាំមុន ដែល​នៅ​ពេល​នោះ មាន​វិវាទ​ជាមួយ​ប្រទេស​ថៃ រឿង​ប្រាសាទព្រះវិហារ នៅ​មុន​ការបោះឆ្នោត​ខិត​ជិត​មក​ដល់​ដូចគ្នា ដែល​ធ្វើឲ្យ​គណបក្ស​កាន់​អំណា​ចកើន​ប្រជាប្រិយ​ទទួលបាន​អាសនៈ​ខ្ពស់​បំផុត​រហូតដល់ ៩០​អាសនៈ ក្នុងចំណោម​អាសនៈ​សរុប ១២៣​អាសនៈ​នៅក្នុង​រដ្ឋសភា​។ 

​ប៉ុន្តែ​លោក​ផៃ ស៊ីផា​ន​ថា នេះ​ជា​គំនិត​បែប​ឆ្កួតៗ​តែប៉ុណ្ណោះ​។​លោក​ថា ក្នុងនាម​ជា​ខ្មែរ​មិនគួរណា​មានគំនិត​បែបនេះ​ទេ ផ្ទុយទៅវិញ គួរតែ​រួមគ្នា​ការពារ​ប្រទេស​ជាតិ​នៅពេល​មាន​បរទេស​ឈ្លានពាន​។​

នៅពេល​សួរ​ថា ចុះ​ជាមួយ​ប្រទេស​វៀតណាម ម្តេច​ក៏​កម្ពុជា មិនមាន​ចំណាត់ការ​ដូច​ឡាវ និង​ថៃ​? លោក​ផៃ ស៊ី​ផាន់​បញ្ជាក់ថា កម្ពុជា និង​វៀតណាម មិន​ដែល​ប្រឈមមុខ​ដាក់គ្នា​ដោយ​កម្លាំង​អាវុធ​នោះទេ ហើយ​រឿងរ៉ាវ​កន្លងមក កម្ពុជា​បាន​ដោះស្រាយ​ដោយ​សន្តិវិធី បាន​ប្រមាណ​៩០%​ហើយ ឯ​បញ្ហា​នៅ​សេសសល់​តិចតួច នឹង​បន្ត​ពន្លឿន​ការដោះស្រាយ​បន្ថែមទៀត​។ លោក​អះអាង​ថា ប្រសិនបើ​វៀតណាម​លើកទ័ព​រំលោភ​លើ​ដែន​អធិបតេយ្យ​កម្ពុជា កម្ពុជា​ក៏​មិន​ញញើត​នឹង​លើកទ័ព​ទៅ​តតាំង​ជាមួយ​វៀតណាម​ដែរ​៕

ព័ត៌មានផ្សេងទៀត