ប្រការ​សំខាន់ៗ​មួយចំនួន​ដែល​បេក្ខជន​ត្រូវ​ដឹង​អំឡុងពេល​ប្រឡង​បាក់​ឌុប​

ដោយ៖ ថា ចាន់ធី 13-08-2017 11:54 am 234

​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៧ នឹង​ឈាន​ចូល​មក​ដល់ នៅ​ថ្ងៃ​ទី​២១-២២​ខែ​សីហា ដែល​មាន​បេក្ខជន​ចូលរួម​ប្រឡង​សរុប​ចំនួន​១០៣, ១១២ នាក់​។ ដើម្បី ជា​ការជួយ​ក្រើន រំលឹក​បន្ថែមទៀត ដល់​សិស្សានុសិស្ស ដែល​កំពុង​តែ​ត្រៀម​ខ្លួន ក្នុង​ការប្រឡង​បាក់​ឌុប ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដាក់ចេញ​នូវ​ប្រការ​សំខាន់ៗ មួយចំនួន​ដែល​បេក្ខជន​មិន​ត្រូវ​អនុវត្ត ក្នុង ដំណើរ ការ​សំណេរ ចំពោះ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​៖

   ​១.​មិន​ត្រូវ​មក​ដល់​មណ្ឌល​ប្រឡង​ក្រោយ​ជួង​ទី​២
​    ​២. មិនត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​កង​ប្រដាប់​អាវុធ​ចូល​ក្នុង​មណ្ឌល​ប្រឡង​
​    ​៣.​មិន​ត្រូវ​យក​សៀវភៅ និង​សំណៅ​គ្រប់​រូបភាព​ចូលក្នុង​មណ្ឌល​ប្រឡង​
​    ​៤.​មិន​ត្រូវ​យក​ចូល​ក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង​នូវ​អាវុធ ជាតិ​ផ្ទុះ ទូរស័ព្ទដៃ ឧបករណ៍​អេឡិចត្រូនិ​ចគ្រប់​ប្រភេទ សៀវភៅ សំណៅ​ឯកសារ ប្រដាប់​គិត​លេខ នាឡិកាដៃ​ដែលមាន​ប្រដាប់​គិត​លេខ កាតា​ប កាបូប​យួរដៃ ថង់ សំ​ពៀត កញ្ចប់​ផ្សេងៗ និង​ទឹកលុប​ពណ៌​ស​
​    ​៥.​មិន​ត្រូវ​ចូល​ក្នុង​បន្ទប់​ប្រឡង មុន​ពេល​អនុរក្ស​ហៅ​ឈ្មោះ​
​    ​៦.​មិន​ត្រូវ​ប្រើ​ពាក្យសំដី អាកប្បកិរិយា​មិន​សមរម្យ​ក្នុង​មណ្ឌល​ប្រឡង ឬ​បង្ក​ជម្លោះ​នៅក្នុង​មណ្ឌល​ប្រឡង ឬ​ក្នុង​បន្ទប់​ប្រឡង ដោយ​គំរាមកំហែង​លើ​បេក្ខជន​ដទៃ​
៧.​មិន​ត្រូវ​បដិសេធ ប្រឆាំង​តបត ឬ​បង្ក​បាតុភាព​ដោយ​ពាក្យសំដី កាយវិការ ចំពោះ​ការត្រួតពិនិត្យ របស់​អ្នក​មាន​សមត្ថកិច្ច ឬ​មេ​ប្រយោគ​ក្នុង​ការពិនិត្យ ស្រាវជ្រាវ​រើ​រក​សំណៅ​ឯកសារ និង​សម្ភារ​ផ្សេងៗ ដែល​ត្រូវ​ហាមឃាត់ មិន​អោយ​យក​ចូល​ក្នុង​មណ្ឌល​ប្រឡង​
​    ​៨.​មិន​ត្រូវ​ធ្វើ​ចម្លើយ​វិញ្ញាសា នៅលើ​សន្លឹក​កិច្ចការ​ណា ដែល​គ្មាន​ហត្ថលេខា​របស់​អនុរក្ស​
​    ​៩.​មិន​ត្រូវ​ចម្លង​ប្រធាន​វិញ្ញាសារ​ចូលក្នុង​ក្រដាស​ដទៃ និង​មិន​ត្រូវ​បោះ​ប្រធាន​វិញ្ញាសារ​ចេញ​ក្រៅ​បន្ទប់​ប្រឡង​ឡើយ​
​    ​១០.​មិន​ត្រូវ​ងើបឈរ ងាក​ឆ្វេង ស្តាំ អើត​ឈ្ងោក​ទៅមុខ បែរ​ទៅ​ក្រោយ ឬ​ដើរ​ចេញពី​កន្លែង​អង្គុយ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​អនុរក្ស​។​មិន​ត្រូវ​សរសេរ​កិច្ចការ​ហើយ​អាន​ខ្លាំងៗ​ឮ​ដល់​អ្នកជិតខាង ឬ​ឆក់​អូស​ទាញ​យក​សន្លឹក​កិច្ចការ​របស់​អ្នកដទៃ​ដាក់​ពីមុខ ឬ​ដាក់​ក្រោម​សន្លឹក​កិច្ចការ​របស់​ខ្លួន​ឡើយ​
​    ​១១.​មិន​ត្រូវ​ប្តូរ​គ្នា​នូវ​សន្លឹក​កិច្ចការ ឬ​ក្រដាស​ព្រាង ឬ​ផ្ទៀងផ្ទាត់​ចម្លើយ ឬ​ចម្លង​គ្នា និង​មិន​ត្រូវ​ដាក់​សន្លឹក​កិច្ចការ​ឆ្ងាយ​ពី​មុខ​របស់​ខ្លួន បង្ក​អោយ​អ្នកដទៃ​មើល ឬ​អូស​ឆក់​យក​បាន​
​    ​១២.​មិន​ត្រូវ​ធ្វើ​សញ្ញា​សម្គាល់​លើ​សន្លឹក​កិច្ចការ ដើម្បី​ធ្វើអោយ​សម្គាល់​អាគតដ្ឋាន​របស់ខ្លួន ដូចជា​សរសេរ អក្សរ​ប្លែក​ពី​តួអក្សរ​ទាំងអស់​ក្នុង​កិច្ចការ ធ្វើ​សញ្ញា​ផ្សេងៗ ឬ​គូសបន្ទាត់​ខុស​ប្រក្រតី ឬ​លុប​នឹង​ទឹកស ឬ​សរសេរ​រំលង​បន្ទាត់​ជាដើម​
​    ​១៣.​មិន​ត្រូវ​លាក់ ឬ​ហែក​សន្លឹក​កិច្ចការ​របស់​ខ្លួន និង​មិន​ត្រូវ​ហែក ឬ​លាក់​សន្លឹក​កិច្ចការ​អ្នកដទៃ​
​    ​១៤.​មិន​ត្រូវ​បំផ្លាញ ឬ​ធ្វើអោយ​ខូចខាត​សម្ភារៈ​នៅក្នុង​បន្ទប់​ប្រឡង ដូចជា​ដោះ​ទ្វារ បង្អួច​ធ្វើអោយ​របើក​ជញ្ជាំង​ក្តារ ធ្វើអោយ​បាក់បែក​តុ កៅអី ក្តារខៀន​ជាដើម​
១៥.​មិន​ត្រូវ​អោយ​អ្នកដទៃ​ប្រឡង​ជំនួស ឬ​សរសេរ​បំពេញបន្ថែម លើ​សន្លឹក​កិច្ចការ​របស់​ខ្លួន​ជាដាច់ខាត​
១៦.​មិន​ត្រូវ​ប្រើ​ពាក្យសំដី និង​អាកប្បកិរិយា ដែល​នាំ​អោយ​ខូច​សណ្តាប់ធ្នាប់ របៀបរៀបរយ នៃ​ការប្រឡង ឬ​ប៉ះពាល់​ដល់​កិត្តិយស​របស់​មេ​ប្រយោគ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ ក្រសួង​បាន​រៀបចំ​មណ្ឌល​ប្រឡង​ចំនួន ១៧៨​មណ្ឌល ចែកចេញ​ជា​៤,១៥៥ បន្ទប់ នៅ​រាជធានី ខេត្ត​ទាំង​២៥​។​ចំណែក​ការប្រកាស​​លទ្ធផល នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៧ សម្រាប់​មណ្ឌល​ប្រឡង នៅ​រាជធានី​ភ្នំពេញ និង​ខេត្ដ​កណ្ដាល និង​នៅ​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៧ សម្រាប់​មណ្ឌល​ប្រឡង​នៅ​ខេត្ត​ផ្សេងៗ​ទៀត​៕

 

 

 

 

 

 


ព័ត៌មានផ្សេងទៀត