កុមារ​៦០​នាក់​​បាន​ស្លាប់​​ដោយសារ​ខ្វះ​អុកស៊ីសែន​​នៅ​ប្រទេស​ឥណ្ឌា​

ដោយ៖ អ៊ុន សុខឡា 13-08-2017 10:51 am 726


​កុមារ​៦០​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅក្នុង​មន្ទីរពេទ្យ​មួយ ស្ថិត​នៅ​ភាគ​ខាងជើង​រដ្ឋ​Uttar Pradesh ប្រទេស​ឥណ្ឌា​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​ស្តីបន្ទោស​ថា ការស្លាប់​កុមារ​ក្នុង​ចំនួន​ច្រើន​បែប​នេះ ដោយសារ​កង្វះ​ខាត​ការផ្គត់ផ្គង់​អុកស៊ីសែន ព្រោះ​ក្រុមហ៊ុន​ឯកជន​បាន​ផ្អាក​ការ​ផ្គត់​ផ្គង​បំពង់​អុកស៊ីសែន ដល់​មន្ទីរពេទ្យ ដោយសារ​ជំពាក់​លុយ​ក្រុមហ៊ុន​។

​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​បាន​បដិសេធ​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​ថា កុមារ​ទាំង​នោះ​ស្លាប់​ដោយសារ​ខ្វះ​អុកស៊ីសែន​។ ប៉ុន្តែ​បាន​ទទួលស្គាល់ថា អុកស៊ីសែន​នៅក្នុង​មន្ទីរពេទ្យ​ពិតជា​មាន​ការថយចុះ​មែន​កាលពី​ថ្ងៃ​ព្រហស្បត្តិ៍ តែ​គេ​បាន​បញ្ជា​ទិញ​បំពង់​អុកស៊ីសែន ពី​អ្នកផ្គត់ផ្គង់​ផ្សេងទៀត​។ បើ​ទោះបីជា​បែប​នេះ​ក្តី ខាង​រដ្ឋាភិបាល​មិន​បាន​បញ្ជាក់ថា មាន​កុមារ​ស្លាប់​ដោយសារ​កង្វះ​អុកស៊ីសែន​នោះឡើយ​។​

​រដ្ឋាភិបាល​ឥណ្ឌា​កំពុង​ស៊ើបអង្កេត​លើ​បញ្ហា​នេះ ហើយ​បើ​តាម​មន្ត្រី​ការិយាល័យ​ប្រធានាធិបតី​ឲ្យដឹងថា លោក​Narendra Modi ប្រធានាធិបតី​ឥណ្ឌា បាន​តាមដាន​បញ្ហា​នេះ​ផងដែរ​។

​ពាក់ព័ន្ធ​នឹង​ការស្លាប់​កុមារ​ក្នុង​ចំនួន​ច្រើន​នេះ​ដែរ គណបក្សប្រឆាំង​បាន​រិះគន់​លើ​អ្នក​គ្រប់គ្រង​រដ្ឋ Uttar Prades មកពី​គណបក្ស​កាន់អំណាច និង​ថា​រដ្ឋាភិបាល​គួរ​ទទួលខុសត្រូវ​លើ​មរណភាព​របស់​កុមារ​ផង​ដែរ​។ ប៉ុន្តែ​ការរិះគន់​នេះ​ត្រូវបាន​មន្ត្រី​រដ្ឋាភិបាល​ព្រលះ​ត្រឡប់​ទៅ​វិញ និង​បកស្រាយ​ថា ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រលាក​ខួរក្បាល​គឺជា​រឿង​ធម្មតា វា​តែង​កើតឡើង​រៀងរាល់ឆ្នាំ ដែល​បណ្តាល​ឲ្យ​មនុ​ស្លាប់​រាប់រយ​នាក់ ជាពិសេស​នៅ​រដូវ​មូសុង​។ ការ​បរិភោគ​អាហារ ទឹក​កខ្វក់ ឬ​មូស​ខាំ​ជាដើម សុទ្ធ​ជា​មូលហេតុ​នាំឲ្យ​កើត​មាន​ជំងឺ​។​

​យ៉ាងណា​បើ​និយាយ​ពី​សេវា​សុខភាព​សាធារណៈ​វិញ រដ្ឋាភិបាល​ឥណ្ឌា​ចំណាយ​១​ភាគរយ​ប៉ុណ្ណោះ នៃ​ផលិតផល​ក្នុងស្រុក​សរុប ទៅលើ​សេវា​សុខភាព​សាធារណៈ ដែល​ចំនួន​នេះ​គឺ​មាន​កម្រិត​ទាប​បំផុត​បើ​ធៀប​នឹង​ប្រទេស​ដទៃ​នៅលើ​ពិភពលោក​៕

ព័ត៌មានផ្សេងទៀត