កិច្ច​អន្តរាគមន៍​បណ្តេញ​​ទ័ព​ឡាវ​ចេញពី​កម្ពុជា​ជា​មោទនភាព​សម្រាប់​ប្រជាជាតិ​ខ្មែរ​

ដោយ៖ សៅ វិសាល 12-08-2017 4:18 pm 2583

​នៅ​ទី​បំផុត​ទៅ រដ្ឋាភិបាល​ឡាវ បាន​សម្រេច​ដក​កងទ័ព​របស់ខ្លួន ប្រមាណ​៦០​នាក់ ដែល​បាន​ឈ្លានពាន​ចូលក្នុង​ទឹកដី របស់​កម្ពុជា ស្ថិតនៅ​តំបន់​ក្បែរ​អូរ​អាឡៃ និង​តំបន់​អូរ​តា​ង៉ាវ ព្រំដែន​ខេត្តស្ទឹងត្រែង និង​ខេត្ត​អា​តា​ពើ របស់​ឡាវ មិនឲ្យ​លើស​ពី​ព្រឹក​ថ្ងៃ​ទី​១៣ សីហា​ឡើយ​។ នេះ​បើ​តាម​ការបញ្ជាក់ ដោយ​ផ្ទាល់មាត់​របស់ លោក ថោង​លន់ ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ឡាវ នៅក្នុង​សន្និសីទ​កាសែត​រួមជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា នៅ​ថ្ងៃ​ទី​១២ សីហា​នេះ​។​

​ការសម្រេច​ដកទ័ព ចេញ​ពី​ទឹកដី​កម្ពុជា​នេះ ធ្វើឡើង​បន្ទាប់​ពី​លោក​ហ៊ុន សែន បាន​អញ្ជើញ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ឡាវ ដោយផ្ទាល់ ដើម្បី​ពិភាក្សា ចរចា ពី​ការ​ដែល​ឡាវ មិន​ព្រម​ដក​កងទ័ព​របស់​ខ្លួន​ចេញពី​កម្ពុជា បើទោះបីជា​លោកនាយក​រដ្ឋមន្ត្រី​ទូរស័ព្ទ និង​ផ្ញើ​លិខិត​ទៅ​កាន់ នាយករដ្ឋមន្ត្រី​ឡាវ​ម្តង​ជា​ពីរដង និង​បាន​ព្រមាន​ទុកពេល​៦​ថ្ងៃ ឲ្យ​ភាគី​ឡាវ​ដកទ័ព​ចេញ បើ​មិន​ចង់ឲ្យ​មាន​សង្គ្រាម​កើតឡើង​។​

​ក្នុង​សន្និសីទកាសែត លោកនាយក​រដ្ឋមន្ត្រី​ឡាវ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​គួរ​ឲ្យ​ស្ដាយ​ណាស់ មុន​នោះ​ដែល​ខ្ញុំ មិន​បាន​ទទួល លិខិត​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ហើយ​ខ្ញុំ​មិន​បាន​ឆ្លើយតប​។ ទោះជា​យ៉ាងណា​ក៏ដោយ​ថ្ងៃនេះ ខ្ញុំ​បាន​ពិភាក្សា​គ្នា​ត្រង់​ទៅ​ត្រង់​មក លក្ខណៈ​មិត្តភាព និង​បាន​ចេញ​បញ្ហា ដោយផ្ទាល់ ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ នៅ​ទីនោះ ដក​កងទ័ព​ចេញ​ឲ្យអស់ មិនឲ្យ​លើស​ពី​ព្រឹក​ថ្ងៃ​ទី​១៣ សីហា​ឡើយ​។ លោក​បន្តថា បញ្ហា​នៅ​តាម​ព្រំដែន​នោះ យើង​ត្រូវ​បាន​ដោះស្រាយ​គ្នា ដោយ​យកចិត្តទុកដាក់​បំផុត មិនឲ្យ​មាន​ការកើតឡើ​ង តាម​ព្រំដែន​ទៀត​នោះ​ទេ​»​។​

សំឡេង

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​សម្តែង​ការ​សាទរ ចំពោះ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ឡាវ ដែល​បាន​យល់ព្រម ដក​កងទ័ព​របស់​ខ្លួន ឲ្យ​ផុត​ពី​ទឹកដី​កម្ពុជា ទៅ​ត្រើយម្ខាង នៃ​ទន្លេ​សេកុង ឲ្យអស់​នៅ​ថ្ងៃ​ទី​១៣ សីហា ហើយ​កងទ័ព​របស់​កម្ពុជា ដែល​កំពុង​ចល័ត​ទៅ​តំបន់​សមរភូមិ​នោះ ក៏​ត្រូវ​ត្រឡប់​ចូល​មូលដ្ឋាន​ដើម​វិញ ឲ្យអស់​នៅ​ថ្ងៃនេះ​ដែរ​។​
​លទ្ធផល​គួរ​ជាទី​មោទន​នេះ គឺ​បាន​បង្ហាញ​នូវ​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ ក្នុងនាម​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ​គ្នា ដើម្បី​ការពារ​ផលប្រយោជន៍​រួម របស់​ប្រជាពលរដ្ឋ និង​ផលប្រយោជន៍​ប្រទេស​ទាំង​២​។​

សំឡេង​

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មានប្រសាសន៍ ប្រាប់​ដល់​ប្រជាជន​កម្ពុជា​-​ឡាវ ត្រូវ​រក្សា​ភាព​ស្ងប់​អារម្មណ៍ និង​បន្ត​រស់នៅ​ដោយ​ក្តី​សុខ​ស្រួល ព្រោះ​គ្មាន​ការប៉ះទង្គិច​គ្នា​ខាង​យោធា រវាង​ប្រជាជាតិ​ទាំង​២​នោះទេ​។​

​លោក​គន់ គីម មេបញ្ជាការ​យោធា​ជាន់ខ្ពស់​កម្ពុជា បានបញ្ជាក់​ថា ក្រោយ​ទទួលដំណឹង​ពី​ការដក​កងទ័ព​ឡាវ ចេញពី​កម្ពុជា លោក​បានដាក់​បញ្ជា​ទៅកាន់​កងកម្លាំង​យោធា​កម្ពុជា ប្រមាណ​ជាង​៧០០០​នាក់ ធ្វើដំណើរ​ទៅកាន់​មូលដ្ឋាន​រៀងៗ​ខ្លួន​វិញ ហើយ​រូបលោក​នឹង​ជិះឧ​ត្ថ​ម្ភាច​ក្រ ត្រួតពិនិត្យ​ស្ថានភាព​បន្ថែមទៀត នៅ​តំបន់​ដែល​ទាហាន​ឡាវ​ឈរជើង​។​

សំឡេង​

​គួរ​រម្លឹក​បន្តិច​ថា មុន​នឹង​ឈាន​ដល់​ការ ឆួល​ក្តៅស្លឹកត្រចៀក មួយ​ឆាវ ពី​សំណាក់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា គឺ​ទាហាន​ឡាវ​បាន​ចូលមក រារាំង​សកម្មភាព​ស្ថាបនា ផ្លូវ​មួយ​ខ្សែ​របស់​កង​វិស្វកម្ម​កម្ពុជា នៅត្រង់ចំណុច អូ​តា​ង៉ាវ ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង កាលពី​អំឡុង​ខែ​កុម្ភៈ​។ ជុំវិញ​ការរារាំង​នេះ កម្ពុជា​បាន​អះអាងថា ចំណុច​ដែល​ទាហាន​ឡាវ​ចូល​មក​ហាមឃាត់​នេះ គឺជា​ដែនដី​របស់​កម្ពុជា ហើយ​ការស្ថាបនា​ផ្លូវ​នេះ ក៏​មិន​បាន​ធ្វើឲ្យ​ប៉ះពាល់​ទៅ​លើ​ទឹកដី​របស់​ឡាវ​ដែរ​។ ប៉ុន្តែ​ភាគី​ឡាវ​បាន​ចាត់ទុក​តំបន់​នោះ​ថា ជា​តំបន់​មិន​ទាន់​ដាច់​ស្រាច់ ហើយ​ទាមទារ​ម្តង​ជា​ពីរដង ឲ្យ​ភាគី​កម្ពុជា​ពិចារណា​ឡើងវិញ និង​រក្សា​តំបន់​នោះ​នៅ​ក្នុង​ស្ថានភាព​ដូចដើម​។​

​យ៉ាងណាក៏ដោយ តាម​លិខិត របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ផ្ញើ​ទៅកាន់​នាយករដ្ឋមន្ត្រី​ឡាវ គឺជា​ភស្តុតាង​បង្ហាញថា តាម​ការផ្ទៀងផ្ទាត់​នៅ​ទីតាំង​ជាក់ស្តែង ជាមួយនឹង​ផែនទី​ផ្លូវការ ឧបសម្ព័ន្ធ​៤ នៃ​កំណត់ហេតុ​កិច្ចប្រជុំ​លើក​ទី​២ របស់​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​-​ឡាវ ចុះ​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​១៩៩៧ និង​ឯកសារ​ផែនទី ដែល​បាន​ឯកភាពគ្នា នា​ឆ្នាំ​បន្តបន្ទាប់​មក​ទៀត ក្នុង​នោះ​ភាគី​ទាំងពីរ បាន​អនុម័ត​យក​ផែនទី​សមស្រប​ចំនួន ១១​ផ្ទាំង ខ្នាត ១/១០០ ០០០ បោះពុម្ព​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន ដើម្បី​ធ្វើ​ជា​មូលដ្ឋាន ក្នុង​បង្អែក​កសាង​ព្រំដែន រវាង​ប្រទេស​ទាំង​ពីរ​។
​ក្នុងចំណោម​ផែនទី​ទាំង ១១​ផ្ទាំង ឈ្មោះ PHIAFAY (EST) លេខ ១៤៦E ផលិត​ឆ្នាំ​១៩៥៥ (​ឧបសម្ព័ន្ធ​២) បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា តំបន់​អូរ​តា​ង៉ាវ និង​តំបន់​ដែល​កម្ពុជា​សាងសង់​ផ្លូវ នៅតាម​បណ្តោយ​ផ្លូវ​ទន្លេសេកុង​នោះ គឺ​ស្ថិតនៅ​យ៉ាងជ្រៅ​ចម្ងាយ​ប្រមាណ​ពី ២០០ ទៅ ៧០០​ម៉ែត្រ ក្នុង​ទឹកដី​កម្ពុជា ដែល​មិនគួរណា​ឡាវ ឆ្លង​ខ្សែ​ព្រំដែន​ធម្មជាតិ ដែល​ខណ្ឌ​ដោយ​ទន្លេ​សេកុង មក​ជីក​លេណដ្ឋាន​ដាក់​ទាហាន​តាម​ខ្សែត្រៀម និង​រារាំង​ការធ្វើ​ផ្លូវ​របស់​កម្ពុជា​នោះទេ​»៕ ដោយៈ​សៅ វិសាល​

 

ព័ត៌មានផ្សេងទៀត