នាយករដ្ឋមន្ត្រី​ឡាវ​​ថា​មិន​បាន​ទទួល​លិខិត​របស់​លោក​ហ៊ុន សែន​រឿង​ស្នើ​ដកទ័ព

ដោយ៖ សៅ វិសាល 12-08-2017 1:42 pm 9027

​លោក ថោង​លន់ ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ឡាវ បាន​សម្តែង​ការសោកស្តាយ ដែល​មិន​បាន​ទទួល​លិខិត​ស្នើ​សុំ​ឲ្យ​ដកទ័ព​ចេញពី​ទឹកដី​កម្ពុជា របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែល​បាន​ផ្ញើ​កាលពី​ថ្ងៃ​ទី​០២ សីហា ជា​ហេតុ​ធ្វើឲ្យ មិន​មាន​ការឆ្លើយតប​ទាក់ទង​នឹង​សំណើរ​នេះ​។

ថ្លែង​នៅក្នុង​សន្និសីទកាសែត រួមគ្នា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នា​ថ្ងៃ​ទី​១២ សីហា​នេះ លោកនាយក​រដ្ឋមន្ត្រី​ឡាវ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​គួរ​ឲ្យ​ស្ដាយ​ណាស់ មុន​នោះ​ដែល​ខ្ញុំ មិន​បាន​ទទួល លិខិត​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ហើយ​ខ្ញុំ​មិន​បាន​ឆ្លើយតប​។ ទោះជា​យ៉ាងណា​ក៏ដោយ​ថ្ងៃនេះ ខ្ញុំ​បាន​ពិភាក្សា​គ្នា​ត្រង់​ទៅ​ត្រង់​មក លក្ខណៈ​មិត្តភាព និង​បាន​ចេញ​បញ្ហា ដោយផ្ទាល់ ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ នៅ​ទីនោះ ដក​កងទ័ព​ចេញ​ឲ្យអស់ មិនឲ្យ​លើស​ពី​ព្រឹក​ថ្ងៃ​ទី​១៣ សីហា​ឡើយ​។ លោក​បន្តថា បញ្ហា​នៅ​តាម​ព្រំដែន​នោះ យើង​ត្រូវ​បាន​ដោះស្រាយ​គ្នា ដោយ​យកចិត្តទុកដាក់​បំផុត មិនឲ្យ​មាន​ការកើតឡើ​ង តាម​ព្រំដែន​ទៀត​នោះ​ទេ​»​។​

សូមបញ្ជាក់​ថា ថ្លែង​ក្នុង​ពិធី​ប្រកាស​តំណែង​ប្រធាន​រាជបណ្ឌិត្យសភា កាលពី​ថ្ងៃ​ទី​១១ សីហា លោក​ហ៊ុន សែន បាន​លើកឡើង​ថា លោក​បាន​ទូរស័ព្ទ ទៅកាន់​នាយករដ្ឋមន្ត្រី ដោយផ្ទាល់ កាលពី​អំឡុង​ខែ​ឧសភា ដើម្បី​ស្នើ​ឲ្យ​ដក​កងទ័ព​ចេញ​ពី​ទឹកដី​កម្ពុជា ប៉ុន្តែ​មិន​មាន​ការឆ្លើយតប​។ រហូត​នៅ​ថ្ងៃទី​០២ ខែ​សីហា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានសម្រេច​ផ្ញើលិខិត​ចំនួន​៣​ទំព័រ ជូន​លោក ថោង​លន់ ស៊ី​ស៊ូ​លី​ត ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ឡាវ ដក​កងកម្លាំងប្រដាប់អាវុធ ចេញពី​តំបន់​ក្បែរ​អូរ​អាឡៃ និង​តំបន់​អូរ​តា​ង៉ាវ ព្រំដែន​ខេត្តស្ទឹងត្រែង និង​ខេត្ត​អា​តា​ពើ របស់​ឡាវ​។ ប៉ុន្ដែ​នៅ​ថ្ងៃ​ចរចារ នា​ថ្ងៃ​ទី​១២ ខែ​សីហា ទើប​លោក​នាយករដ្ឋមន្ដ្រី​ឡាវ ទម្លាយ​ថា ខ្លួន មិន​បាន​ទទួល​លិខិត​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ឡើយ​។​

​យ៉ាងណាក៏ដោយ នា​ពេល​ពេលនេះ ប្រជាជាតិ​ទាំង​២​កម្ពុជា​-​ឡាវ មិន​ត្រូវ​បាន​ស្ថិត ក្នុងស្ថានភាព​ល្អក់កក​នឹង​គ្នា​ទៀត​ឡើយ បន្ទាប់ពី​មាន​ការប្រកាស​រួម​គ្នា​ថា នឹង​គ្មាន​ការប៉ះទង្គិច​គ្នា​ខាង​យោធា រវាង​ប្រជាជាតិ​ទាំង​២​ឡើយ​។ ទាំងនេះ បាន​បង្ហាញ​នូវ​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ ក្នុងនាម​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ​គ្នា ដើម្បី​ការពារ​ផលប្រយោជន៍​រួម របស់​ប្រជាពលរដ្ឋ និង​ផលប្រយោជន៍​ប្រទេស​ទាំង​ពីរ​៕ ដោយៈ​សៅ វិសាល​

 

ព័ត៌មានផ្សេងទៀត