តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ស្នើ​រដ្ឋសភា​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ឡើងវិញ​

ដោយ៖ សៅ វិសាល 12-08-2017 12:57 pm 2536

​លោក​សុន ឆ័យ តំណាងឲ្យ តំណាងរាស្ត្រ​គណបក្សប្រឆាំង​ចំនួន​៣២​រូប​ផ្សេងទៀត បាន​សរសេរ​លិខិត​មួយច្បាប់ ផ្ញើ​ទៅកាន់​លោក​ហេង សំរិន ប្រធានរដ្ឋសភា ដើម្បី​ស្នើ​សុំឲ្យ​មាន​ការ ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត ជ្រើសរើស​តំណាងរាស្ត្រ​។ ខ្លឹមសារ​សំខាន់ នៃ​ការស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នេះ គឺ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ក្រៅប្រទេស ទទួលបាន​សិទ្ធិ​បោះឆ្នោត​។​

​តាមរយៈ​លិខិត នៅ​ថ្ងៃ​ទី​១១ សីហា លោក​សុន ឆ័យ បានលើកឡើង​ពី​ប្រវត្តិ​នៃ​ការបោះឆ្នោត នៅ​កម្ពុជា កាលពី​អំឡុង​ឆ្នាំ​១៩៩៣​។ កាល​នោះ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស មាន​សិទ្ធិ​បោះឆ្នោត​ស្របតាម​ឆន្ទៈ និង​បំណង​របស់​ខ្លួន​។ លិខិត​បញ្ជាក់​ទៀត​ថា ជា​ការកត់សម្គាល់ ក្រោយ​ការបោះឆ្នោត​ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក ប្រជាពលរដ្ឋ​នៅ​ក្រៅប្រទេស លែង​មាន​សិទ្ធិ​បោះឆ្នោត​ដូច​មុន ក៏​ព្រោះតែ​មាន​ច្បាប់​កំណត់​។​

​ដូច្នេះហើយ​ទើប ប្រធាន​ក្រុម​តំណាងរាស្ត្រ​បក្សប្រឆាំង លោក​សុន ឆ័យ បាន​ស្នើឲ្យ​រដ្ឋសភា ពិនិត្យ និង​ពិភាក្សា ក្នុងការ​ធ្វើ​វិសោធនកម្ម ច្បាប់​ស្តីពី​ការបោះឆ្នោត​នេះ​ឡើងវិញ ដើម្បី​បើកផ្លូវ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅប្រទេស អាច​ចូលរួម​បោះឆ្នោត​បាន ស្រប​តាម​សិទ្ធិ និង​អនុលោម​ទៅតាម​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់កំពូល នៃ​ប្រទេស​។​

​យ៉ាងណាក៏ដោយ ជុំវិញ​សំណើរ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ នៅ​មិនទាន់​ធ្លាក់​ដល់ដៃ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា​នៅ​ឡើយ​ទេ​។ នេះ​បើ​តាម​ការអះអាង​ពី​លោក​ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា​។​ យ៉ាងណា​ក៏ដោយ​នៅពេល​បាន​ទទួល​សេចក្ដីស្នើច្បាប់​នោះ លោក ឡេង ប៉េងឡុង គូសបញ្ជាក់ថា អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា នឹង​ចាត់ការ​បន្ត​ទៅ​តាម​នីតិ​វិធី​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត