មិន​ខ្វល់​ពី​​សំណើ​អន្ដរជាតិ​​លោក​ត្រាំ​​នៅ​តែ​ប្រកាន់​ជំហរ​​មិន​លើកលែង​ឲ្យ​កូរ៉េខាងជើង​

ដោយ៖ ពេញ ផេង 12-08-2017 10:40 am 1797
យ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ

​អន្ដរជាតិ​រួមមាន​ចិន រុស្ស៊ី អាល្លឺម៉ង់​ជាដើម បាន​ទទូច​ស្នើសុំ​ឲ្យ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ អត់ធ្មត់​ជាមួយ​កូរ៉េខាងជើង​ខណៈ​ស្ថានការណ៍​កំពុងតែ​ផុយស្រួយ​។​ប៉ុន្ដែ​លោក​ត្រាំ​បាន​បដិសេធ ហើយ​និយាយ​ថា​មិន​អាច​លើកលែងឲ្យ​កូរ៉េ​ខាងជើង​បាន​ឡើយ​។​លោក​ថា​ដំណោះស្រាយ​យោធា​ពេលនេះ​បាន​ត្រៀម​រួចជាស្រេច កូរ៉េខាងជើង​ពិតជា​ស្ដាយក្រោយ​បើ​ហ៊ាន​ធ្វើ​ទង្វើ​មិន​គប្បី​ណាមួយ ព្រោះ​យោធា​អាមេរិក​បាន​ត្រៀមលក្ខណៈ​អស់ហើយ នៅចាំ​តែ​បញ្ជា​ប៉ុណ្ណោះ​។​ដូច្នេះ​តើ​លោក​គីម ជុង​អ៊ុន​ពិតជា​ធ្វើ​អំពើ​ល្ងង់ខ្លៅ​ឬ​យ៉ាងណា​?​លោក​ត្រាំ​សង្ឃឹម​លោក​គីម ជុង​អ៊ុន​នឹង​ជ្រើសរើស​ផ្លូវ​ផ្សេង​។​

​ស្ទើរតែ​ពេញ​មួយ​សប្ដាហ៍​នេះ​តែម្ដង ដែល​លោក​ដូណាល់ ត្រាំ​បាន​ផ្ញើ​សារ​គំរាម​ទៅ​កូរ៉េខាងជើង បន្ទាប់​ពី​កូរ៉េខាងជើង​ព្រមាន​បាញ់​មី​ស៊ី​ល​ដាក់​កោះ​Guam​អាមេរិក​។​លោក​បាន​និយាយថា​កូរ៉េ​ខាងជើង​នឹង​ទទួល​ការ​សងសឹក ប្រឈម​នឹង​ភ្លើងកំហឹង​អាមេរិក​យ៉ាងធ្ងន់ធ្ងរ​។​លោក​គ្មាន​អ្វី​ត្រូវ​បកស្រាយ​ទៀត​ទេ ក្រៅពី​រំពឹង​កូរ៉េខាងជើង​អាច​យល់​ពី​អ្វី​ដែល​លោក​បាន​និយាយ​។​

​រីឯ​កូរ៉េខាងជើង​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​គេ​បានឲ្យដឹងថា លោក​ដូណាល់ ត្រាំ​កំពុង​រុញច្រាន​ស្ថានភាព​តានតឹង​លើ​ឧ​ទ្វីប​កូរ៉េ​ឆ្ពោះទៅរក​ការផ្ទុះ​សង្គ្រាម​។​កូរ៉េខាងជើង​ហៅ​អាមេរិក​ថា​ជា​អ្នកគាំទ្រ​សង្គ្រាម​នុយក្លេអ៊ែរ​ដ៏​សាហាវយង់ខ្នង​។

​ការ​បញ្ឆេះ​ពាក្យសម្ដី​ដាក់គ្នា​រវាង​កូរ៉េខាងជើង​ជាមួយ​អាមេរិក ធ្វើឲ្យ​អន្ដរជាតិ​ព្រួយបារម្ភ​យ៉ាងខ្លាំង​។​ប្រទេស​ក្បែរ​ខាង​កូរ៉េ​ខាងជើង​មាន​កូរ៉េ​ខាងត្បូង​និង​ជប៉ុន​ជាដើម កំពុង​ពង្រឹង​សមត្ថភាព​ការពារ​ជាតិ​រៀងៗ​ខ្លួន​ខ្លាច​ផ្ទុះអាវុធ​មែន​។​កូរ៉េខាងត្បូង​ប៉ុន្មាន​ថ្ងៃ​មុន​បាន​ប្រកាសថា នឹង​បញ្ចប់​ការធ្វើ​កំណែទម្រង់​វិស័យ​ការពារ​ជាតិ​ឲ្យបាន​ឆាប់​ត្រៀម​ទប់ទល់​កូរ៉េខាងជើង ទោះបី​អាមេរិក​ធានា​សុវត្ថិភាព​មិនឲ្យ​កូរ៉េខាងជើង​ប៉ះពាល់ក៏​ដោយ​។​មន្ដ្រីជាន់ខ្ពស់​កូរ៉េខាងត្បូង​និង​មន្ដ្រី​អាមេរិក​ទើប​ប្ដេជ្ញា​រួមគ្នា​ប្រឆាំង​កូរ៉េខាងជើង​។​

​ចំណែក​ជប៉ុន​ក្រោយ​កូរ៉េខាងជើង​ប្រកាស​នឹង​វាយប្រហារ​កោះ​អាមេរិក ជប៉ុន​បាន​នឹង​កំពុង​ដំឡើង​ប្រព័ន្ធ​មី​ស៊ី​ល​ស្ទាក់​កម្ទេច ការពារ​ក្រែង​មី​ស៊ី​ល​កូរ៉េខាងជើង​បាញ់​ទៅ​កោះ​អាមេរិក​នោះ ធ្លាក់​លើ​ដែន​អធិបតេយ្យ​ជប៉ុន​។​កងទ័ពជើងទឹក​ជប៉ុន​បាន​ដាក់ពង្រាយ​នាវា​បំពាក់​ប្រព័ន្ធ​រ៉ា​ដា សម្រាប់​ចាប់​សញ្ញា​បាញ់​មី​ស៊ី​ល​ផ្លោង​ពី​កូរ៉េខាងជើង​ផងដែរ​។​ទាំងនេះ​ជា​សញ្ញា​បញ្ជាក់ថា ទាំង​កូរ៉េ​ខាងត្បូង​និង​ជប៉ុន​បាន​ត្រៀម​រួចជាស្រេច​។​តើ​ឧបទ្វីប​កូរ៉េ​នឹង​ផ្ទុះ​សង្គ្រាម​មែនឬ​យ៉ាងណា​?

ព័ត៌មានផ្សេងទៀត