លោកហ៊ុន សែន​ប្រកាស​ការពារ​បូរណ​ភាពទឹកដី​​ជាមួយឡាវ​មិន​ឲ្យបាត់​សូម្បីមួយ​ចង្អាម​​​​

ដោយ៖ សៅ វិសាល 11-08-2017 5:20 pm 2812

​ក្រោយ​អស់​ទ្រាំ​នឹង​ការអត់ធ្មត់ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​ប្រតិកម្ម​យ៉ាងខ្លាំង ចំពោះ​វត្តមាន​កងទ័ព​ឡាវ ដែល​កំពុង​ឈរជើង​នៅក្នុង​ទឹកដី​កម្ពុជា ស្ថិតនៅ តំបន់​ព្រំដែន ក្នុង​ខេត្ត​ស្ទឹងត្រែង​។ លោកនាយក​រដ្ឋមន្ត្រី បាន​ព្រមាន​ថា ប្រសិន​បើ​ក្នុង​រយៈពេល​៦​ថ្ងៃ ភាគី​ឡាវ​មិន​ព្រម​ដក​កងទ័ព​ចេញ​ពី​ទីតាំង​ខាងលើ​នេះ​ទេ នោះ​អាច​នឹង​មាន​សង្គ្រាម​កើតឡើង​។ ដើម្បី​ការពារ​ឯករាជ្យ​ភាព បូរណភាព​ទឹកដី លោក​ហ៊ុន សែន​ថា នឹង​មិន​អត់ឱន​ឲ្យ​ជាដាច់ខាត ចំពោះ​ការរំលោភ​លើ​ដែន​អធិបតេយ្យ​កម្ពុជា​។ ដូច្នេះ​កងទ័ព​ឡាវ ត្រូវ​ដកចេញ​ពី​ទឹកដី​កម្ពុជា យ៉ាងយូរ​ត្រឹម​ថ្ងៃទី​១៦-១៧ ខែ​សីហា​។​

​លោកនាយក​រដ្ឋមន្ត្រី មានប្រសាសន៍​យ៉ាង​ដូច្នេះ នៅក្នុងពិធី​ប្រកាស​ចូល​កាន់តំណែង​ប្រធាន​រាជបណ្ឌិត្យសភា និង​ការប្រកាស​សមាសភាព ក្រុមប្រឹក្សា​បណ្ឌិត​សភា​ចារ្យ នា​ថ្ងៃ​ទី​១១ សីហា​នេះ​។​

សំឡេង​

​ការអត់ធ្មត់​របស់លោក​ហ៊ុន សែន បាន​ចាប់ផ្តើម​តាំងពី​ខែ​ឧសភា​មក​ម្លេះ ដោយ​លោក​បាន​បញ្ជាក់ថា កាលនោះ លោក​បាន​ទូរស័ព្ទ ដោយ​ផ្ទាល់​ទៅ​កាន់ នាយករដ្ឋមន្ត្រី​ឡាវ លោក ថង​លូន ស៊ី​ស៊ូ​លី​ត ពេល​កំពុង​បំពេញ​ទស្សនកិច្ច នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ស្នើ​ឲ្យ​ដក​កងទ័ព​ចេញពី​ទឹកដី​កម្ពុជា​។ ក្រោយ​គ្មាន​ការឆ្លើយតប​តាម​សំណើរ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏បាន​សម្រេច​ចិត្ត​សរសេរ​លិខិត​ផ្ញើ ទៅកាន់​នាយករដ្ឋមន្ត្រី​ឡាវ នៅ​ថ្ងៃ​ទី​០២ សីហា ដើម្បី​ស្នើសុំ​ដកទ័ព​ឡាវ ចេញពី​កម្ពុជា ប៉ុន្តែ​នៅតែ​គ្មាន​ការ​អើពើ​។ នៅ​ថ្ងៃ​ទី​១១ សីហា​នេះ ទើប​លោក​នាយករដ្ឋមន្ត្រី​កម្ពុជា ផ្ទុះ​ការអត់ធ្មត់​តែម្តង​។​

​ក្រោយ​ការប្រកាស ពី​លោក​នាយករដ្ឋមន្ត្រី លោក​ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បានបញ្ជាក់​ថា កងទ័ព​កម្ពុជា បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ហើយ ក្នុង​ការប្រឈមមុខ​តទល់​ជាមួយ​ភាគី​ឡាវ ដោយ​ប្តេជ្ញា​ថា នឹង​ការពារ​ទឹកដី​កម្ពុជា មិន​ឱ្យ​បាត់បង់ និង​ប្រឆាំង​ដាច់ខាត នូវ​ការរំលោភ បំពាន​ណាមួយ​មក​លើ​ទឹកដី​កម្ពុជា​។​
​ទោះយ៉ាងណា​ក៏ដោយ លោក​ហ៊ុន សែន មានប្រសាសន៍ថា ការប្រកាស​បែប​នេះ មិនមែន​មានន័យថា ចង់​ប្រកាសសង្គ្រាម​ទេ ប៉ុន្តែ​គ្រាន់តែ​សុំ​យក​ទឹកដី​ខ្លួន​តែប៉ុណ្ណោះ​។ កម្ពុជា​មិនមែន​មាន​បំណង​យក​ទឹកដី​អ្នកណា​មួយ​ចង្អា​ម ហើយ​រឹតតែ​ក៏​មិន​ឲ្យ​អ្នកណា យក​ទឹកដី​កម្ពុជា​មួយ​ចង្អា​ម​ដូចគ្នា​។​

សំឡេង​

​គួររម្លឹកថា ក្នុង​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧ យោធា​កម្ពុជា និង​ឡាវ បាន​ប្រឈមមុខ​ដាក់គ្នា​មួយ​ប្រាវ ប៉ុន្តែ​មិន​មាន​ការផ្ទុះអាវុធ​ទេ​។ កាលនោះ បើ​តាម​ការចុះផ្សាយ​របស់​កាសែត ក្នុងស្រុក ដោយ​បាន​ដកស្រង់​ប្រភព​ពី​ភាគី​ឡាវ បាន​អះអាង​ថា សកម្មភាព​របស់​យោធា​ឡាវ ចូលមក​ក្នុង​ទឹកដី​កម្ពុជា​នា​ពេល​នោះ គឺ​ដើម្បី​រារាំង​សកម្មភាព​ស្ថាបនា ផ្លូវ​មួយ​ខ្សែ​របស់​កង​វិស្វកម្ម​ក​ម្ពុ ជា នៅត្រង់ចំណុច អូ​តា​ង៉ាវ ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង​។ ប៉ុន្តែ​ភាគី​កម្ពុជា​វិញ​បាន​អះអាង​ថា ចំណុច​ដែល​ទាហាន​ឡាវ​ចូល​មក​ហាមឃាត់​នេះ គឺជា​ដែនដី​របស់​កម្ពុជា ហើយ​ការស្ថាបនា​ផ្លូវ​នេះ ក៏​មិន​បាន​ធ្វើឲ្យ​ប៉ះពាល់​ទៅ​លើ​ទឹកដី​របស់​ឡាវ​ដែរ​។​

​ជុំវិញ​បញ្ហា​នេះ លោក​លោក វ៉ា គីម​ហុង ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា ធ្លាប់បាន​អះអាង​ថា ផ្អែក​តាម​ផែនទី​ដែល​បារាំង បាន​បន្សល់​ទុក​ឲ្យ​កម្ពុជា​ក្រោយ​ទទួលបាន ឯករាជ្យ​នៅ​ឆ្នាំ​១៩៥៣ បានបញ្ជាក់​ថា តំបន់​អូ​តា​ង៉ាវ គឺ​ស្ថិតនៅក្នុង​ទឹកដី​របស់​កម្ពុជា ប៉ុន្តែ​ភាគី​ឡាវ​បាន​ចាត់ទុក​តំបន់​នោះ​ថា ជា​តំបន់​មិន​ទាន់​ដាច់​ស្រាច់ ហើយ​ទាមទារ​ម្តង​ជា​ពីរដង ឲ្យ​ភាគី​កម្ពុជា​ពិចារណា​ឡើងវិញ និង​រក្សា​តំបន់​នោះ​នៅ​ក្នុង​ស្ថានភាព​ដូចដើម​។​

​ដោយឡែក បើ​តាម​លិខិត របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ផ្ញើ​ទៅកាន់​នាយករដ្ឋមន្ត្រី​ឡាវ បាន​អះអាង​ថា "តាម​ការផ្ទៀងផ្ទាត់​នៅ​ទីតាំង​ជាក់ស្តែង ជាមួយនឹង​ផែនទី​ផ្លូវការ ឧបសម្ព័ន្ធ​៤ នៃ​កំណត់ហេតុ​កិច្ចប្រជុំ​លើក​ទី​២ របស់​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​-​ឡាវ ចុះ​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​១៩៩៧ និង​ឯកសារ​ផែនទី ដែល​បាន​ឯកភាពគ្នា នា​ឆ្នាំ​បន្តបន្ទាប់​មក​ទៀត ក្នុង​នោះ​ភាគី​ទាំងពីរ បាន​អនុម័ត​យក​ផែនទី​សមស្រប​ចំនួន ១១​ផ្ទាំង ខ្នាត ១/១០០ ០០០ បោះពុម្ព​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន ដើម្បី​ធ្វើ​ជា​មូលដ្ឋាន ក្នុង​បង្អែក​កសាង​ព្រំដែន រវាង​ប្រទេស​ទាំង​ពីរ​។​ក្នុង​ចំ​ណោម​​​​​ផែនទី​ទាំង ១១​ផ្ទាំង ឈ្មោះ PHIAFAY (EST) លេខ ១៤៦E ផលិត​ឆ្នាំ​១៩៥៥ (​ឧបសម្ព័ន្ធ​២) បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា តំបន់​អូរ​តា​ង៉ាវ និង​តំបន់​ដែល​កម្ពុជា​សាងសង់​ផ្លូវ នៅតាម​បណ្តោយ​ផ្លូវ​ទន្លេសេកុង​នោះ គឺ​ស្ថិតនៅ​យ៉ាងជ្រៅ​ចម្ងាយ​ប្រមាណ​ពី ២០០ ទៅ ៧០០​ម៉ែត្រ ក្នុង​ទឹកដី​កម្ពុជា ដែល​មិនគួរណា​ឡាវ ឆ្លង​ខ្សែ​ព្រំដែន​ធម្មជាតិ ដែល​ខណ្ឌ​ដោយ​ទន្លេ​សេកុង មក​ជីក​លេណដ្ឋាន​ដាក់​ទាហាន​តាម​ខ្សែត្រៀម និង​រារាំង​ការធ្វើ​ផ្លូវ​របស់​កម្ពុជា​នោះទេ​"​។​

​ទោះយ៉ាងណា​ក៏ដោយ មុន​នឹង​ឈាន​ដល់​ការចាត់វិធានការ​តាមផ្លូវ​យោធា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានបញ្ជាក់​ថា នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ឡាវ ប្រសិនបើ​មាន​ការស្វាគមន៍​ពី​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ឡាវ​។ ក្នុង​ដំណើរ​នេះ គឺ​នឹង​និយាយ​តែ​ពី​ការដក​កងទ័ព​ចេញ​ពី​ទឹកដី​កម្ពុជា​តែ​ប៉ុណ្ណោះ​៕ ដោយៈ​សៅ វិសាល​

 

ព័ត៌មានផ្សេងទៀត