បង្កើត​តំបន់​គ្មាន​សង្គ្រាម​ហើយ​​គួរ​ធ្វើ​អ្វី​ទៀត​​ទើប​អាច​បញ្ចប់​​ជម្លោះ​នៅ​ស៊ី​រី​បាន​?

ដោយ៖ ពេញ ផេង 11-08-2017 4:52 pm 304
កងទ័ព​ស៊ីរី​ពេលចុះប្រយុទ្ធ​ក្នុងសមរភូមិ

​កាលពី​ថ្ងៃ​ទី​០៣​សីហា​ក្រសួងការពារជាតិ​រុស្ស៊ី ជា​ភាគី​ជួយ​សម្រុះសម្រួល​បញ្ចប់សង្គ្រាម​នៅ​ស៊ី​រី បាន​ប្រកាស​បង្កើត​តំបន់​គ្មាន​សង្គ្រាម​ទី​បី​នៅក្នុង​ប្រទេស​ស៊ី​រី ស្ថិត​នៅ​ភាគ​ខាង​ទីក្រុង Homs ជាទី​តាំង​កំពុង​មាន​ការប្រយុទ្ធ​។​តំបន់​នេះ​បង្កើត​ឡើង​ក្រោយ​ឈានដល់​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃ​ទី​៣១​កក្កដា​ចុះ​ក្នុង​ទីក្រុង​គែរ​ប្រទេស​អេ​ហ្ស៊ី​ប ដោយ​គ្របដណ្ដប់​លើ​ជំរំ​ប្រមាណ​៨៤ មាន​ប្រជាជន​រស់នៅ​ជាង​១៤៧,០០០​នាក់​។​

​បង្កើត​បាន​តំបន់​គ្មាន​សង្គ្រាម​ពិតជា​មាន​សារៈសំខាន់ អាច​ជា​ផ្លូវ​ឆ្ពោះទៅ​រក​សន្ដិភាព​បាន ប៉ុន្ដែ​យ៉ាងណាមិញ​វា​គ្រាន់​ជា​ជំហាន​ដំបូង​តំណាងឲ្យ​ការបញ្ចប់​ជម្លោះ​យោធា​ប៉ុណ្ណោះ ពោល​ការបង្កើត​តំបន់​គ្មាន​សង្គ្រាម​នៅតែ​មិន​គ្រប់គ្រាន់​។​នេះ​បើ​តាម​ការលើកឡើង​ពី​លោក​Boris Dolgov មន្ដ្រី​ជាន់ខ្ពស់​ផ្នែក​កិច្ចការ​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​វិទ្យាសាស្ដ្រ​រុស្ស៊ី​សម្រាប់​តំបន់​អារ៉ាប់​និង​សិក្សា​ពី​ក្រុម​អ៊ីស្លាម​។​

​ថ្លែង​ក្នុង​កម្មវិធី​តុមូល​មួយ​លោក​បាន​ពន្យល់ថា “​ខ្ញុំ​ចង់​បង្ហាញ​ពី​ភស្ដុតាង​មួយ​ដែល​គ្រប់​គ្នា​មិន​បាន​កត់សម្គាល់​។​វត្ដ​មាន​កងទ័ព​និង​កងកម្លាំងប្រដាប់អាវុធ​រាប់ពាន់​នាក់​នៅក្នុង​ប្រទេស​ស៊ី​រី មិនមែន​ជា​បរិយាកាស​ល្អ​ប្រសើរ​សម្រាប់​ដោះស្រាយ​ជម្លោះ​តាម​ផ្លូវ​ការទូត​ឡើយ​។​ដូច្នេះ​ការបង្កើត​តំបន់​គ្មាន​សង្គ្រាម​នៅក្នុង​ប្រទេស​ស៊ី​រី គ្រាន់​ជា​ជំហាន​ដំបូង​នៃ​ការបញ្ចប់​ជម្លោះ​យោធា​ប៉ុណ្ណោះ​។​រឿង​សំខាន់​មួយទៀត​ត្រូវ​ប្រែក្លាយ​កងទ័ព​ប្រដាប់​អាវុធ​ទាំងនោះ ទៅ​ជា​កងកម្លាំង​នយោបាយ​វិញ ឧទាហរណ៍​ជាក់ស្ដែង​ដូចជា​នៅ​លី​ប៊ី​។​”

​អ្នកជំនាញ​រូបនេះ​បាន​បញ្ជាក់បន្ថែម​ថា លទ្ធភាព​នៃ​កិច្ចសហការ​រវាង​រុស្ស៊ី​ជាមួយ​អាមេរិក​និង​តួ​ក​គី​នៅក្នុង​ប្រទេស​ស៊ី​រី ជា​រឿង​ល្អ​មួយ​ទៀត​ដើម្បី​ជួយ​ដោះស្រាយ​វិបត្ដិ​ស៊ី​រី​។​ប្រទេស​ទាំង​បី​មិន​គួរ​គិត​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន នៅពេល​លូកដៃ​ទៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​នោះឡើយ​។​លោក​Boris Dolgov​គិត​ថា​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ពី​សហរដ្ឋអាមេរិក អាច​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ស្ថានភាព​នៅ​ក្នុង​ប្រទេស​ស៊ី​រី​។​ដូច្នេះ​សំណួរ​នៅ​ត្រង់​ថា​ប្រទេស​ទាំង​បី​ព្រម​សហការគ្នា​ឬ​យ៉ាងណា​។​

សូម​រម្លឹកថា សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ី​រី​មាន​រយៈពេល​ជាង​៦​ឆ្នាំ​ហើយ បាន​សម្លាប់​មនុស្ស​ជាង​៤​សែន​នាក់ ជម្លៀស​ខ្លួន​ក្នុង​ប្រទេស​ជាង​៧,៦០០,០០០​នាក់ និង​ក្លាយជា​ជន​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស​ជាង​៥​លាន​នាក់​។​បច្ចុប្បន្ន​ភាពផុយស្រួយ​នៅតែ​បន្ដ​កើត​ឡើង មិន​ទាន់​រកឃើញ​វិធីសាស្ដ្រ​បញ្ចប់​ឡើយ ដ្បិត​មាន​ប្រទេស​មហាអំណាច​ជួយ​សម្របសម្រួល​ក៏ដោយ​៕

ព័ត៌មានផ្សេងទៀត