ក្រសួង​បង្កើត​ក្រម​ប្រតិបត្តិ​គ្រប់គ្រង​ព័ត៌មាន​គ្មាន​ក្រមសីលធម៌​

ដោយ៖ ទ្រី សីហៈ 11-08-2017 3:32 pm 390
ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ សម្រាប់​ការ​រាយ​ការ​ព័ត៌មាន​អំពើរ​ហិង្សា​លើ​ស្ត្រី និងព័ត៌មានលើបណ្ដាញសង្គមដែលមិនលាក់អត្តសញ្ញាណជនរងគ្រោះ និងរៀបរាប់លម្អិតពីសកម្មភាពរំលោភ។

ក្រសួង​ព័ត៌មាន សហការ​ជាមួយ ក្រសួង​កិច្ចការនារី បាន​ចេញ​សេចក្ដីប្រកាស​រួមមួយ ស្ដី​ពី​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ សម្រាប់​ការ​រាយ​ការ​ព័ត៌មាន​អំពើរ​ហិង្សា​លើ​ស្ត្រី ក្នុង​គោលបំណង ជម្រុញ​អ្នកសារព័ត៌មាន​ឲ្យ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ និង​គោរព​សិទ្ធ​ស្ត្រី ក្នុង​ការរាយការណ៍​ព័ត៌មាន​បែប​ហិង្សា​។ ក្រម​ប្រតិបត្តិ​នេះ​ត្រូវបាន​ណែនាំ​ដល់ អ្នកសារព័ត៌មាន នៅក្នុង​សិក្ខាសាលា​រៀបចំ​ដោយ​ក្លឹប​អ្នកកាសែត​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០១៧​។​

«​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ សម្រាប់​ការ​រាយ​ការ​ព័ត៌មាន​អំពើរ​ហិង្សា​លើ​ស្ត្រី​» ត្រូវបាន​បង្កើតឡើង​ដោយ​ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ចការនារី បន្ទាប់​ពី​មើលឃើញថា អ្នកសារព័ត៌មាន​កម្ពុ​ជា​មួយ​ចំនួន កំពុងរ​រំលោភ​លើ​ក្រម​សីលធម៌​របស់​ខ្លួន ក្នុង​ការរាយការណ៍​ព​ត៌មាន​អំពើរ​ហិង្សា​លើ​ស្ត្រី ដែល​បាន​ធ្វើឲ្យប៉ះពាល់​ដល់​សិទ្ធ និង​តម្លៃ​របស់​ស្ត្រី​ខ្មែរ​។​

​អនុប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃ​ក្រសួង​កិច្ចការនារី លោកស្រី ប៉ែន គន្ធា ប្រាប់​អ្នកសារព័ត៌មាន នៅក្នុង​សិក្ខាសាលា​ថា ការផ្សព្វផ្សាយ​ព័ត៌មាន​ពី អំពើរ​ហិង្សា ការរំលោភ​សេពសន្ថវៈ ដោយ​បង្ហាញ​អត្តសញ្ញាណ​ជនរងគ្រោះ រៀបរាប់​ក្បោះក្បាយ​នូវ​សកម្មភាព​រំលោភ ឬ​ហិង្សា បាន​ជះ​ឥទ្ធព​ល​អាក្រក់​ដល់​សង្គម និង​ជនរងគ្រោះ​ជា​ស្ត្រី​...

​សំឡេង​លោកស្រី ប៉ែន គន្ធា​៖

​យោងតាម​របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​មូលនិធិ​អាស៊ី បានបង្ហាញ​ថា ៩៩​ភាគរយ នៃ​ពលរដ្ឋ​កម្ពុជា​ដែល​ត្រូវបាន​អង្គេត គឺ​សុទ្ធតែ​បាន​មើលឃើញ​អំពើរ​ហិង្សា​លើ​ស្ត្រី តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​រយៈពេល​២​ខែ​ចុង​ក្រោយ​។

​លោក ស សិលា អ្នកស្រាវជ្រាវ​អង្គការ​មូលនិធិ​អាស៊ី បាន​ធ្វើ​បទ​បង្ហាញ ពី​លទ្ធផល​ក្រោយ​ការ​ដាន​ការចាក់ផ្សាយ​រឿង​ភាគ កម្មវិធី​កំសាន្ត  និង​ព័ត៌មាន លើ​កញ្ចក់​ទូរទស្សន៍​ថា មាន​ការផ្សព្វផ្សាយ​ដោយ​បង្ហាញ​អត្តសញ្ញាណ​ជនរងគ្រោះ ឬ​ជនសង្ស័យ ក្នុង​អំពើរ​រំលោភ​សេពសន្ថវៈ និង​ហិង្សា​រហូតដល់ ៩២​ភាគរយ មាន​ការផ្សព្វផ្សាយ​ស្ដី​បន្តោស​ជនរងគ្រោះ​ខ្ពស់បំផុត ៧​ភាគរយ មាន​ការផ្តល់​ព័ត៌មាន​ដោយ​លំអៀង​យេនឌ័រ​ខ្ពស់បំផុត ៣​ភាគរយ និង​ការផ្តល់​ព័ត៌មាន​ពិស្ដារ​ហួសហេតុ​ពី​អំពើរ​រំលោភ និង​ហិង្សារ​ខ្ពស់បំផុត​១.៥​ភាគរយ​។​

​សំឡេង​លោក ស សិលា​៖

«​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ សម្រាប់​ការ​រាយ​ការ​ព័ត៌មាន​អំពើរ​ហិង្សា​លើ​ស្ត្រី​» ត្រូវបាន​ចុះហត្ថលេខា​ឲ្យ​អនុវត្តន៍​នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ដោយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កញ្ញារិទ្ធ និង​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី​។ ក្រម​ប្រតិបត្តិ​នេះ មាន​ចំនួន​១៥​ប្រការ ដែល​មាន​គោលបំណង​សំខាន់ គឺ​ទប់ស្កាត់​ការយក​ករណី ហិង្សា​លើ​ស្ត្រី ធ្វើ​ជា​ព័ត៌មាន​កំប្លុក កំប្លែង សម្រាប់​កំសាន្ត​សប្បាយ និង​ដើម្បី​កែប្រែ​ឥរិយាបទ​សង្គម លុបបំបាត់​ការរើសអើង និង​អំពើរ​ហិង្សា​លើ​ស្ត្រី​។​

​នៅ​ក្នុង​ប្រការ​២ នៃ​ក្រម​ប្រតិបត្តិ​នេះ បានចែង​ថា​អ្នក​សា​ព័ត៌មាន មិន​ត្រូវ​រៀបរាប់​លម្អិត ឬ​បង្ហាញ​រូបភាព​លម្អិត ពី​អំពើរ​ហិង្សា និង​សម្មភាព​លម្អិត នៃ​ការរំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​នោះ​ទេ​។ បន្ថែម​ពី​នេះ​នៅ​ក្នុង​ប្រការ​៧ បាន​ហាម​មិនឲ្យ​អ្នកសារព័ត៌មាន​បង្ហាញ​រូបភាព ដូចជា​៖ រូប​ភាពច្បាស់ៗ​នៃ​ការស្លាប់ របួស រូបភាព​អាក្រាត​កាយ ឬ​ភាពរន្ធត់ ដែល​កើតចេញ​ពី​ហិង្សា​លើ​ស្ត្រី​។ មិន​ត្រូវ​បង្ហាញ​ពី​ឈ្មោះ ទីកន្លែង​ជាក់លាក់​របស់​ស្ត្រី​រងគ្រោះ និង​ព័ត៌មាន​ផ្សេងៗ​ទៀត​ដែល​អាច​ឲ្យ​អ្នក​អាន អ្នក​ស្ដាប់ កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​បាន​នោះឡើយ​។

​បើទោះបី​ក្រម​ប្រតិបត្តិ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​នេះ មិន​មាន​ចែង​ពី​ទោសទណ្ឌ ចំពោះ​អ្នក​ផ្សព្វផ្សាយ ដែល​ល្មើស​លើ​ក្រម​នេះ​ក៏​ដោយ លោក ប៉ែន បូ​ណា ប្រធាន​ក្លិប​អ្នកការ​សែត​កម្ពុជា បាន​ស្នើ​ឲ្យ​អ្នកសារព័ត៌មាន ទាំង​កាសែត វិទ្យុ ទូរទស្សន៍ និង​បណ្ដាញ​សង្គម​ក្ដី គោរព​តាម​ក្រម​ប្រតិបត្តិ​នេះ ដើម្បី​លើកកម្ពស់​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​។​

​សំឡេង​លោក ប៉ែន បូ​ណា​៖

​គួរ​រម្លឹក​ជូន​ថា​«​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការ​រាយ​ការ​ព័ត៌មាន​អំពើរ​ហិង្សា​លើ​ស្ត្រី​» នេះ ត្រូវបាន​បង្កើតឡើង ក្រោយ​ពី​ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ចការនារី ពិនិត្យឃើញថា អ្នក​សារ​ព័រ​ត៌មាន​កម្ពុជា​មួយចំនួន កំពុង​ប្រព្រឹត្តិ​ផ្ទុយ​ពី​ក្រម​សីលធម៌​របស់​ខ្លួន ក្នុង​ការរាយ​ការណ៍ព័ត៌​មានបែប​ហិង្សា​លើ​ស្ត្រី និង​ការរំលោភ ផ្លូវកាយ ផ្លូវចិត្ត ផ្លូវ​សេដ្ឋកិច្ច និង​ផ្លូវភេទ ដែល​កត្តា​នេះ​បាន​ធ្វើឲ្យប៉ះពាល់​ដល់​សិទ្ធ និង​តម្លៃ​នារី​ខ្មែរ​។​

ព័ត៌មានផ្សេងទៀត