បណ្ដឹង​​ជំទាស់​​លោក​​សម​ រង្ស៊ី​​ត្រូវ​​សា​លា​ឧទ្ធរណ៍​​ច្រាន​ចោល​​

ដោយ៖ សេង បារាំង 11-08-2017 2:18 pm 893
រូបភាពលោកបណ្ឌិតកែម ឡី ត្រូវបានគេបាញ់សម្លាប់ក្នុងម៉ាតកាលទិចស្តុបបូកគោ

​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍ បាន​បើក​សវនាការ​ជំនុំជម្រះ​បណ្ដឹង​ជំទាស់ របស់​លោក​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្ដឹង​ជំទាស់​ទៅ​នឹង​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ផ្តន្ទាទោស​លោក​សម រង្ស៊ី ដាក់ពន្ធនាគារ​១​ឆ្នាំ​៨​ខែ​ ពិន័យ​ជា​ប្រាក់​១០​លាន​រៀល និង​សង​សំណង​ជំងឺ​ចិត្ត​ជូន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចំនួន ១០០​រៀល​ផង​ដែរ​។ សវនាការ​នេះ ធ្វើឡើង​ដោយ​កំបាំងមុខ ដោយ​គ្មាន​មេធាវី​ការពារ​ក្ដី​ឱ្យ​ជនជាប់ចោទ និង​លោក​សម រង្ស៊ី ឡើយ​។​

​យ៉ាងណាមិញ សវនាការ​ប្រមាណ​ជា​ជាង​២​ម៉ោង ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍ បាន​សម្រេច​ប្រកាស​សាលដីកា​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជាបានការ​ដដែល ដោយ​ច្រានចោល បណ្ដឹង​ជំទាស់​របស់​លោក​សម រង្ស៊ី និង​ទុក​ពេល​ឱ្យ​លោក​សម រង្ស៊ី ប្ដឹង​ជំទាស់ និង សាទុក្ខ​ទៅ​តុលាការ​កំពូល​ផងដែរ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០១៧​។​

​លោក​សម រង្ស៊ី ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ចំនួន​២​ករណី​ដោយ​ករណី​ទី​១ «​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ករណី​ទី​២ បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្កឲ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម​» តាម​មាត្រា​៣០៥, មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ នៅពេល​ដែល​លោ សម រង្ស៊ី លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា នៅ​ពីក្រោយ​ខ្នង នៃ​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត​កែម ឡី បន្ទាប់​មាន​ពាក្យបណ្ដឹង ដែល​ប្ដឹង​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​។ លោក​បណ្ឌិត​កែម ឡី ត្រូវបាន​ខ្មាំង​កាំភ្លើង​បាញ់​សម្លាប់​កណ្ដាល​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។ 

​ប៉ុន្តែ​យ៉ាងណា​ក៏ដោយ ដំណើរ​ការសវនាការ​នេះ ទាំង​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍ និង​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក​នាយករដ្ឋមន្ត្រី លោក​គី តិច សុទ្ធសឹងតែ​អះអាងថា ធ្វើ​ត្រឹមត្រូវ​ទៅតាម​នីតិវិធី​ច្បាប់ ផ្ទុយ​ពី​លោក​សំ សុគ​ង់ ដែលថា សវនាការ​នេះ គឺ​ធ្វើ​មិន​ត្រឹមត្រូវ​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ទៅវិញ​។ ជាមួយគ្នានេះ លោក​សំ សុគ​ង់ ក៏​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​តាម​ទូរស័ព្ទ​ថា នៅ​រសៀល​ថ្ងៃ​ទី​១១ សីហា​នេះ លោក​នឹង​ទៅ​សាលាឧទ្ធរណ៍ ដើម្បី​សួរ​អំពី​សេចក្ដីសម្រេច​របស់​តុលាការ​ផង​ដែរ​។​

​បច្ចុប្បន្ននេះ គេ​សង្កេតឃើញថា មាន​មនុស្ស ចំនួន​៤​នាក់​ហើយ ត្រូវ​ជាប់​បណ្ដឹង​នៅ​តុលាការ ក្រោយពេល​រិះគន់ថា លោក​ហ៊ុន សែន និង​ក្រុមគ្រួសារ​របស់​លោក​ស្ថិត​នៅ​ពីក្រោយ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី​។ ក្នុងនោះ​រួមមាន​លោកស្រី ថាក់ ឡា​នី អតីត​សមាជិកព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី លោក គឹម សុខ អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​មួយ​រូប​ទៀត​ជាដើម​៕


ព័ត៌មានផ្សេងទៀត