ម្ចាស់​សំណង់​ខុស​ច្បាប់​​នៅ​តំបន់​អង្គរ​​ស្ម័គ្រចិត្ត​​ចូលរួម​​រុះរើ​​ជាមួយ​​អាជ្ញាធរ​

ដោយ៖ អ៊ុន សុខឡា 11-08-2017 1:39 pm 238

នៅ​ថ្ងៃ​ទី​១១​ខែ​សីហា​នេះ យុទ្ធនាការ​រុះរើ​សំណង់​ខុស​ច្បាប់​នៅ​តំបន់​អង្គរ ដែល​មាន​ការសហការ​គ្នា​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​និង​រដ្ឋបាល​ខេត្ត​សៀមរាប បាន​ឈាន​ចូលដល់​ថ្ងៃ​ទី​ពីរ​ហើយ​។ នៅ​ក្នុង​ប្រតិបត្តិការ​រុះរើ​ថ្ងៃ​ទី​ពីរ​នេះ ក៏​មាន​ការចូលរួម​ដោយ​ស្ម័គ្រចិត្ត ពី​ប្រជាពលរដ្ឋ​ម្ចាស់​សំណង់​ខុសច្បាប់​មួយ​ចំនួន​ផងដែរ​។ បើ​តាម​ការបញ្ជាក់​ពី​លោក​ឡុង កុសល់​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា គិត​ត្រឹម​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១១​ខែ​សីហា​នេះ សំណង់​ខុសច្បាប់​ចំនួន​៣១​ករណី​ហើយ​ត្រូវបាន​រុះរើ​។ លោក​បន្ថែមថា ប្រសិន​ប្រជាពលរដ្ឋ​ម្ចាស់​សំណង់​បន្ត​ចូលរួម​រុះរើ នោះ​សំណង់​ទាំងនេះ​អាច​ចំណាយពេល​២​សប្តាហ៍​នឹង​រុះរើ​រួចរាល់​។ សូម​ស្តាប់​ការលើក​ឡើង​បន្ថែម​ពី​លោក​ឡុង កុសល់​ដែល​រៀបចំ​ដោយ​អ៊ុន សុខ​ឡា​……………

​សំឡេង​លោក​ឡុង កុសល់៖

សូមបញ្ជាក់​ថា គណៈកម្មាការ​ដឹកនាំ​និង​សម្របសម្រួល របស់​រដ្ឋបាល​ខេត្ត​សៀមរាប​និង​អាជ្ញាធរ​អប្សរា បាន​ផ្តើម​យុទ្ធនាការ​រុះរើ​សំណង់​ខុសច្បាប់ នៅ​តំបន់​អង្គរ​កាលពី​ថ្ងៃ​ទី​១០​ខែ​សីហា បន្ទាប់​ពី​ប្រជាពលរដ្ឋ​ម្ចាស់​សំណង់​មួយចំនួនធំ មិន​ព្រម​រុះរើ​ដោយ​ខ្លួន​ឯង តាម​ការកំណត់​របស់​អាជ្ញាធរ​។ សំណង់​ខុសច្បាប់​ដែល​បាន​សង់​នៅ​តំបន់​១ និង​តំបន់​២ នៃ​ឧទ្យាន​អង្គរ ក្នុង​អំឡុង​ខែ​ឧសភា​ឆ្នាំ​២០១៧ មាន​ចំនួន​៥៣២​ករណី​។ សកម្មភាព​សាងសង់ និង​ចាក់​បំពេញ​ដី​ខុសច្បាប់​នៅ​តំបន់​អង្គរ ចំនួន​ជាង​៥០០​ករណី នៅក្នុង​នោះ​ក៏​មាន​ការ រំលោភ​សាងសង់​កៀក​នឹង​កំផែង​ប្រាសាទបន្ទាយក្តី​ដែរ​៕

ព័ត៌មានផ្សេងទៀត