លោក​ហ៊ុន សែន​នឹង​ទៅ​ឡាវ​​ថ្ងៃស្អែក ​ដើម្បី​ប្រាប់​​ឲ្យ​ឡាវ​ដក​ទ័ព​​ពី​ព្រំដែន​​កម្ពុជា​​

ដោយ៖ គួន សំបូរ 11-08-2017 1:38 pm 473
លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ថ្លែងនៅក្នុងវេទិកានៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នៅវិមានសន្តិភាព។

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​១២ ខែសីហា​ស្អែក​នេះ ទៅកាន់​ប្រទេស​ឡាវ ដើម្បី​ពិភាក្សា​ជា​លើក​ចុងក្រោយ​អំពី​បញ្ហា​ព្រំដែន​ជាមួយ និង​នាយករដ្ឋមន្ត្រី​ឡាវ​។ ការចាកចេញ​នេះ បន្ទាប់ពី​លោក​បាន​ផ្ញើ​លិខិត​ទៅ​កាន់​នាយករដ្ឋមន្ត្រី​ឡាវ ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ឡាវ​ដក​កងកម្លាំងប្រដាប់អាវុធ​របស់​ខ្លួន​ចេញពី​ទឹកដី​កម្ពុជា តែ​មិន​មាន​ការឆ្លើយតប​។​

​យោង​តាម​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​លោក​នា​យក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃ​ទី​១១ ខែ​សីហា​នេះ បាន​អះអាង​ថា លោកនាយក​រដ្ឋមន្ត្រី នឹង​អញ្ជើញ​ទៅកាន់​ប្រទេស​ឡាវ ដើម្បី​ពិភាក្សា​ជា​លើក​ចុងក្រោយ​អំពី បញ្ហា​ព្រំដែន​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឡាវ​។ លោកនាយក​រដ្ឋមន្ត្រី​បាន​បន្ថែមថា កម្ពុជា​មិន​ត្រូវការ​ដី​ប្រទេសជិតខាង​មួយ​ចំអាម​ឡើយ ហើយ​ប្រទេស​ជិតខាង​ដាច់ខាត ក៏​មិន​អនុញ្ញាត​បំពាន​លើ​កម្ពុជា​ទឹកដី​កម្ពុជា​មួយ​ចំអាម​ដែរ​។ ដូច្នេះ​កម្ពុជា បាន​ដាក់​ឱសានវាទ​ចុងក្រោយ ដើម្បី​ឲ្យ​ប្រទេស​ឡាវ​ដកទ័ព ចេញ​ពី​ទឹកដី​ខ្មែរ​អោយ​ផុត​នៅ​ថ្ងៃទី​១៧ សីហា​ឆ្នាំ ២០១៧​នេះ​ជា​កំហិត​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០១៧ កន្លងទៅនេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ផ្ញើ​លិខិត​ទៅ​កាន់​នាយករដ្ឋមន្ត្រី​ឡាវ លោក​ថោង​លន់ ស៊ី​សូលី​ត ដោយ​សរ​ស្នើ​ឲ្យ​រដ្ឋាភិបាល នៃ​ប្រទេស​ឡាវ ដក​កងកម្លាំងប្រដាប់អាវុធ ចេញពី​តំបន់​ក្បែរ​អូរ​អាឡៃ និង​តំបន់​អូរ​តា​ង៉ាវ ព្រំដែន​ខេត្តស្ទឹងត្រែង និង​ខេត្ត​អា​តា​ពើ ប្រទេស​ឡាវ​។ ប៉ុន្តែ​រហូត​មកដល់ពេលនេះ ភាគី​ឡាវ មិន​ទាន់​ឆ្លើយតប​ចំពោះ​សំណើ​នេះ​នៅឡើយ​ទេ​។​

​បើ​តាម​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​គូសបញ្ជាក់ថា បើសិន​ឡាវ​អះអាងថា ទីតាំង​ដែល​កងកម្លាំង​ខ្លួន​កំពុង​ឈរជើង​នោះ​ជា​ទឹកដី​របស់​ឡាវ លោក ហ៊ុន សែន ស្នើ​ប្រទេស​ឡាវ​ប្ដឹងទៅ​តុលាការ​អន្តរជាតិ​ឡាអេ​ទាំងអស់គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ លោក​ថា កម្ពុជា​មិន​ចង់​បង្ក​សង្គ្រាម ឬ​វាយប្រហារ​ប្រទេស​ណា​ទេ តែ​ដើម្បី​ការពារ​ទឹកដី​កម្ពុជា​នោះ​លោក​ត្រូវ​តែ​ធ្វើ ហើយ​លោក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​កុំ​មាន​ការព្រួយបារម្ភ​នៅពេលដែល​មាន​ករ​ចល័ត​ទ័ព​ក្នុងប្រទេស​។​

​សូម​រម្លឹកថា កាលពីដើមឆ្នាំ​២០១៧ ប្រទេស​ឡាវ បាន​បញ្ជូន​កងកម្លាំង​យោធា​របស់​ខ្លួន មក​រារាំង​កងកម្លាំង​វិស្វកម្ម​របស់​កម្ពុជា មិន​ឲ្យ​ស្ថាបនា​ផ្លូវ​តាម​បណ្ដោយ​ព្រំដែន នៅ​ចំណុច​អូរ​តា​ងា​វ និង​អូរ​អាល័យ លើ​កោះ​ឫស្សី នៃ​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ហើយ​យោធា​ឡាវ​ក៏​បន្ត​ឈរជើង​លើ​ទឹកដី​ខ្មែរ​នៅ​ទី​នោះ​រហូត​ពេលបច្ចុប្បន្ន​៕
 


ព័ត៌មានផ្សេងទៀត