ចិន​៖​អាមេរិក​​បញ្ចូន​នាវាចម្បាំង​​ទៅ​សមុទ្រចិន​ខាងត្បូង​​ពិតជា​រំលោភ​​ច្បាប់​អន្ដរជាតិ​

ដោយ៖ ពេញ ផេង 11-08-2017 11:10 am 1323
​នាវាចម្បាំង​អាមេរិក​USS John S. McCain

​ក្រសួងការបរទេស​ចិន​បាន​និយាយថា នាវាចម្បាំង​អាមេរិក​ធ្វើដំណើរ​ចូល​ទៅ​ក្បែរ​ដែន​កោះ​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង បាន​រំលោភ​លើ​ច្បាប់​អន្ដរជាតិ​និង​បង្ក​បញ្ហា​អសន្ដិសុខ​ដល់​ប្រទេស​ចិន​។​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា នាវាចម្បាំង​អាមេរិក​បាន​បំពាន​ច្បាប់​អន្ដរជាតិ និង​បំពាន​ដល់​ដែន​អធិបតេយ្យ សន្ដិសុខ​ប្រទេស​ចិន​។​ចិន​ពិតជា​មិន​សប្បាយចិត្ដ​នឹង​ទង្វើ​នេះ​ទេ ចិន​នឹង​ផ្ដល់​ព័ត៌មាន​ទៅ​អាមេរិក​។​

​ចិន​ចាត់ទុក​បេសកកម្ម​សេរីភាព​នៃ​ការធ្វើ​នាវាចរ​របស់​អាមេរិក នៅក្បែរ​ប្រជុំ​កោះ​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដូចជា​នៅ​ប្រជុំ​នោះ​ណាន​សា​ឬ​ស្ព្រាត​លី​ជាដើម ធ្វើឡើង​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ចិន​។​ដូច្នេះ​ចិន​បាន​បញ្ចូន​នាវា​ទៅ​តំបន់​កើតហេតុ អនុលោម​តាម​ច្បាប់​អន្ដរជាតិ ដើម្បី​កំណត់​អត្ដ​សញ្ញាណ​នាវា​អាមេរិក​និង​ប្រកាស​ព្រមាន​ឲ្យ​ចាកចេញ​។​

​ទីក្រុង​ប៉េកាំង​បាន​ជំរុញ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន គោរព​តាម​កិច្ច​កិច្ចប្រឹងប្រែង​រួម​របស់​ប្រទេស​ក្នុង​តំបន់ ដើម្បី​រក្សា​សុវត្ថិភាព​និង​ស្ថិរភាព​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​ការបង្ក​ហេតុ​របស់​អា​មេរិក​ក៏​បាន​បង្ខំ​ឲ្យ​ចិន​ចាត់វិធានការ ដើម្បី​បង្កើន​សមត្ថភាព​ការពារជាតិ​ផងដែរ​។​

​សូមបញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃទី​១០​សីហា​នាវាចម្បាំង​អាមេរិក​USS John S. McCain បាន​បើកបរ​ក្នុង​ចម្ងាយ​ប្រមាណ​១២​ម៉ា​យ​ពី​ថ្ម​ប៉ប្រះ​ទឹក​Mischief ក្នុង​ប្រជុំ​កោះ​ជម្លោះ​ស្ព្រាត​លីនៅ​សមុទ្រចិន​ខាងត្បូង​។​នេះ​បើ​តាម​មន្ដ្រី​អាមេរិក​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​នាវាចម្បាំង​អាមេរិក​ពីរ​គ្រឿង​ក៏​ធ្លាប់​បើកបរ​ចូល​ទៅ​ជិត​ប្រជុំ​កោះ​ជម្លោះ ក្នុង​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ខែ​ឧសភា​និង​ខែកក្កដា​។​ដែនសមុទ្រ​ចិន​ខាងត្បូង​ចិន​កំពុងមាន​ជម្លោះ​ជាមួយ​ប្រទេស​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយ​ណេ និង​តៃវ៉ាន់​៕

ព័ត៌មានផ្សេងទៀត