គណបក្ស​សង្គ្រោះ​ជាតិ​​ប្រកាស​មិន​ទទួលស្គាល់​​រាល់​សកម្មភាព​​ទាក់ទង​នឹង​​ទណ្ឌិត​​

ដោយ៖ ខាត់ សុធី 11-08-2017 10:34 am 841

សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១០ សីហា បញ្ជាក់ថា រាល់​សេចក្ដីសម្រេច​របស់​គណ​បក្ស គឺជា​សេចក្ដីសម្រេច​របស់​សមា​ជ​ក្រុមប្រឹក្សា​ជាតិ គណៈកម្មាធិការ​នាយក និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស ដែល​ស្រប​តាម​លក្ខន្តិកៈ​របស់​គណបក្ស​។​

សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទទួលស្គាល់​ការផ្សព្វផ្សាយ និង​សកម្មភាព​បុគ្គល​ដែល​មិនមែន​ជា​សេចក្ដីសម្រេច​របស់​គណ​បក្ស​ដែល​រួមមាន ការប្រើប្រាស់​សំឡេង រូបភាព ឯកសារ​លាយលក្ខណ៍អក្ស​រ សកម្មភាព​ទណ្ឌិត រួម​នឹង​ការយល់ព្រម​ដោយ​ចំហ ដោយ​តុណ្ហីភាព ឬ​ដោយ​នៅ​ស្ងៀមស្ងាត់ ការ​គប់គិត​ជាមួយ​ទណ្ឌិត ទាំង​អ្នក​ជាប់​ទោស​ឧក្រិដ្ឋ ឬ​មជ្ឈិម ដោយ​ផ្សារភ្ជាប់​ទៅ​នឹង​គណបក្ស​។​

​បើ​តាម​លោក​យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់ថា សេចក្តីប្រកាស​នេះ ធ្វើឡើង ក្នុង​គោលបំណង​ការពារ​ទុកជា​មុន ដើម្បី​ធ្វើ​ឲ្យបាន​ច្បាស់លាស់ ចៀសវាង​ការ​ក្លែងបន្លំ​ណាមួយ​ដែល​អាច​កើតឡើង​ដោយសារ​ជម្លោះ​នយោបាយ​។​

​ការប្រកាស​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នេះ ធ្វើឡើង​បន្ទាប់​ពី​ច្បាប់​គណបក្សនយោបាយ​ដែល​ទើប​ត្រូវបាន​ធ្វើ​វិសោធនកម្ម​ថ្មីៗ​នេះ​ត្រូវបាន​ប្រមុខរដ្ឋស្តីទី លោក​សាយ ឈុំ ចុះហត្ថលេខា​ដាក់ឲ្យ​ប្រើប្រាស់  ដោយបាន​ហាម​គ្រប់​គណបក្ស​នយោបាយ មិន​ត្រូវ​ប្រើប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយលក្ខណ៍អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត​ជាប់​ទោស​ពី​បទឧក្រិដ្ឋ ឬ​ពី​បទមជ្ឈិម ដើម្បី​ជា​ផល​ប្រយោជន៍​នយោបាយ​សម្រាប់​គណបក្ស​របស់ខ្លួន​។​ចំពោះ​គណបក្ស​ណា​ដែល​ហ៊ាន​បំពាន ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​នេះ គឺ​តុលាការ​អាច​សម្រេច​ផ្អាក​សកម្មភាព​នយោបាយ​រយៈពេល ៥​ឆ្នាំ ឬ​អាច​រំលាយ​គណបក្ស​នោះ​ចោល​តែម្ដង​។ 

ច្បាប់​ស្តីពី​គណបក្សនយោបាយ​ដែល​ទើប​ត្រូវបាន​ធ្វើ​វិសោធនកម្ម​ថ្មីៗ​នេះ ក្រៅ​ពី​គណបក្ស​ប្រឆាំង​រិះគន់ ក៏​បាន​រង​ការរិះគន់​ពី​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ថា​ផ្ទុយទៅនឹង​រដ្ឋធម្មនុញ្ញ ដែល​ចែង​ថា​ពលរដ្ឋ​ទាំងអស់​មាន​សិទ្ធិ​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ​។​

​ប៉ុន្តែ​លោក​អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្លាប់ជា​មនុស្ស​ជំនិត​បំផុត​នឹង​លោក​សម រង្ស៊ី និយាយថា ច្បាប់​ស្តីពី​គណបក្សនយោបាយ គឺ​ហាម​តែ​គណបក្ស​នយោបាយ​ទេ តែ​មិន​ហាម​ចំពោះ​បុគ្គល​ឡើយ ។​ដូច្នេះ លោក​នៅតែ​មាន​សិទ្ធិ​និយាយ ឬ​យក​រូបភាព​មក​ផុស​ក្នុង​គណនី​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន ចំពោះ​មនុស្ស​ដែល​លោក​គោរព​ស្រលាញ់ ហើយ​ត្រូវ​ក្រុមអ្នកមានអំណាច​ចាត់ជា​អ្នកទោស​នោះ​៕


ព័ត៌មានផ្សេងទៀត