លោក​សុខ ទូច ប្ដេជ្ញា​​ដឹកនាំ​​រាជបណ្ឌិត្យសភា​​​ឲ្យក្លាយ​​ទៅ​ជា​​«​ធនាគារ​ខួ​ក្បាល​»​

ដោយ៖ គួន សំបូរ 11-08-2017 9:52 am 5007
លោក​សុខ ទូច ក្នុង​ពិធី​ប្រកាស​ឡើង​កាន់តំណែង​ជា​ប្រធាន​រាជបណ្ឌិត្យសភានៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។

​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០១៧ លោក​បណ្ឌិត សុខ ទូច សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ខេមរៈ ត្រូវបាន​ប្រកាស​ចូល​កាន់ តំណែង​ជា​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​។ ពិធី​ប្រកាស​ចូល​កាន់តំណែង​នេះ​ប្រារព្ធ​ធ្វើឡើង​ដោយ​មាន​ការអញ្ជើញ​ជា​អធិបតី​ពី​លោក​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​។

​នៅក្នុង​ពិធី​ប្រកាស​ឡើង​កាន់តំណែង​ជា​ប្រធាន​រាជបណ្ឌិត្យសភា លោក​សុខ ទូច បាន​ប្ដេជ្ញា​ថា លោក​នឹង​ខិតខំ​ដឹកនាំ​កិច្ច​ការងារ​ក្នុង​ស្ថាប័ន​រាជបណ្ឌិត្យសភា​កម្ពុជា​ឲ្យក្លាយ​ទៅ​ជា​ស្ថាប័ន «​ធនាគារ​ខួ​ក្បាល​» ដើម្បី​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។ ក្រៅពីនេះ​លោក​សុខ ទូច បាន​ដាក់​ចេញ​ការងារ​ជា​អទិភាព​ចំនួន​៣ ក្នុងនោះ​រួម​មាន​ការ កិច្ច​ការងារ​កសិកម្ម និង​បរិស្ថាន  មីក្រូហិរញ្ញវត្ថុ និង​ជនបទ និង​ការងារ​ព្រំដែន​។​លោក​សុខ ទូច បាន​សង្កត់ធ្ងន់ថា តំណែង​ជា​ប្រធាន​រាជបណ្ឌិត្យសភា មិនមែន​ជា​គ្រឿង​លម្អ​ខ្លួន​នោះទេ ប៉ុន្តែ​វា​គឺជា​អម្រែ​ក ដែល​លោក​ត្រូវ​ទទួលខុសត្រូវ​លើ​កិច្ចការ​ធំៗ សម្រាប់​ប្រទេសជាតិ​។

សំឡេង​លោក​សុខ ទូច៖

​សូម​រំលឹក​ថា ​កាលពី​ថ្ងៃ​ទី​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៧​កន្លងទៅលោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី បាន​ចុះហត្ថលេខា​លើ​ព្រះរាជក្រឹត្យ​តែងតាំង លោក​បណ្ឌិត សុខ ទូច ជា​ប្រធាន​រាជបណ្ឌិត្យសភា មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ជំនួស​តំណែង បណ្ឌិត​សភា​ចារ្យ ខ្លូត ធីតា ដែល​ត្រូវបាន​តំឡើង​ឋានៈ ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​។​

​គួរបញ្ជាក់​ថា ក្រៅពី​ការប្រកាស​ការ​ចូល​កាន់​តំណែង ជា​ប្រធាន​រាជបណ្ឌិត្យសភា​របស់លោក​បណ្ឌិត សុខ ទូច ក៏​មាន​មន្ត្រី​០៦​រូប​ផ្សេងទៀត ត្រូវ​បាន​រដ្ឋាភិបាល​ស​ម្រេច​តែងតាំង​ឋានៈ​ជា​មន្ត្រីរាជការ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​ក្នុងនោះ​រួមមាន​៖​លោក ច័ន្ទ សំណព្វ ត្រូវបាន​តែងតាំង​ជា​អនុប្រធាន​បណ្ឌិត្យសភា​កម្ពុជា ឋានៈ​ស្មើ​រដ្ឋលេខាធិការ​,​លោក យង់ ពៅ ជា​អគ្គលេខាធិការ នៃ​រាជបណ្ឌិត្យសភាកម្ពុជា ឋានៈ​ស្មើ​រដ្ឋលេខាធិការ​,​លោក ជូន ច័ន្ទ​ដា​រី ជា​អគ្គលេខាធិការរង នៃ​រាជបណ្ឌិត្យសភាកម្ពុជា ឋានៈ ស្មើ​អនុរដ្ឋលេខាធិការ​,​លោក លី សុធី​រ័ត្ន ជា​អគ្គលេខាធិការរង នៃ​រាជបណ្ឌិត្យសភាកម្ពុជា ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​,​លោក សូត្រ សំណាង ជា​អគ្គលេខាធិការរង នៃ​រាជបណ្ឌិត្យសភាកម្ពុជា ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ និង​លោក គិន ភា ជា​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្ដរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា ឋានៈ​ស្មើ​អគ្គនាយក​៕

ព័ត៌មានផ្សេងទៀត