រដ្ឋាភិបាល​នឹង​បញ្ជូន​ពល​ការិនី​ខ្មែរ​១​ពាន់​នាក់​ទៅ​ធ្វើការ​នៅ​ហុងកុង​លើកដំបូង​

ដោយ៖ សៅ វិសាល 10-08-2017 6:13 pm 648

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ពាក់ព័ន្ធ នឹង​ការជ្រើសរើស​បណ្ដុះបណ្ដាល និង​បញ្ជូន​ពលករ ទៅ​ធ្វើការ​នៅ​ហុងកុង នៅ​ទីស្ដីការក្រសួង​ការងារ នា​ថ្ងៃ​ទី​១០ ខែ​សីហា​នេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានបញ្ជាក់​ថា កម្ពុជា​នឹង​ជ្រើសរើស​ពល​ការិនី ឲ្យបាន​យ៉ាងតិច ១,០០០​នាក់ ដើម្បី​បញ្ជូន​ទៅ​បម្រើការ​ជំនួយការ​មេផ្ទះ នៅ​ហុងកុង​លើកដំបូង នៅ​ចុងឆ្នាំ​២០១៧​។​

​លោក​រដ្ឋមន្ត្រី មានប្រសាសន៍​បន្ត​ថា ក្នុង​គម្រោង​បញ្ជូន​ធ្វើ​ការសាកល្បង​ដំបូង នៅ​ហុងកុង​នេះ ពល​ការិនី នឹង​ទទួលបាន​ប្រាក់ខែ​អប្បបរមា​ចាប់ពី ៥៥០​ដុល្លារ ឡើងទៅ ជាមួយ​នឹង​លក្ខខណ្ឌ​ការងារ ការធានារ៉ាប់រង​ផ្សេងៗ ដូចជា​ផ្នែក​សុខភាព ការ​ឈប់សម្រាក និង​ការការពារ​សិទ្ធិ​ប្រយោជន៍​ផ្សេងៗ​ទៀត ដូច​នឹង​ពលករ​របស់​ហុងកុង​ផងដែរ​។ អាណត្តិ​ការងារ​មាន​រយៈពេល​២​ឆ្នាំ ហើយ​ពល​ការិនី​អាច​បន្ត​ការងារ​របស់​ខ្លួន​បាន ប្រសិនបើ​មាន​ការព្រមព្រៀង​ពី​និយោជក​។​

​សម្រាប់​ការបញ្ជូន រដ្ឋាភិបាល បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ចំនួន​៦ ប្រតិបត្តិ​ការជ្រើសរើស បណ្ដុះបណ្ដាល រួមមាន​៖ ក្រុមហ៊ុន ថប មេន​ផៅ​វ័រ​, ក្រុមហ៊ុន អា​នី​រីតា បេស​មេន​ផៅ​វ័រ​, ក្រុមហ៊ុន សុខ​លាភ មេត្រី​, ក្រុមហ៊ុន អ៊ឹង វិទ្ធី​គ្រុប​, ក្រុមហ៊ុន អេ​លីត មេន​ផៅ​វ័រ អេន​ជេន​ស៊ី និង​ក្រុមហ៊ុន វីន​វីន មេន​ផៅ​វ័រ​។​

​លោក​អ៊ិត សំហេង បាន​ថ្លែងបន្តថា បន្ទាប់​ពី​ពល​ការិនី បាន​ចូល​ដល់​ទឹកដី​ហុងកុង ហើយ​នោះ នឹង​ទទួលបាន​ការណែនាំ ពាក់ព័ន្ធ​នឹង​ការរស់នៅ ការពន្យល់​ពី​សិទ្ធិ និង​កាតព្វកិច្ច​របស់​ពលក​រ នៅ​ហុងកុង និង​ការ​គាំពារ​ជាច្រើន​ផ្សេងទៀត ពី​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ហុងកុង និង​ការ​ទំនុកបម្រុង​គាំពារ​ដល់​ពួកគេ​ផង​ដែរ ក្នុងពេល​ដែល​ធ្វើការ​នៅ​ទីនោះ​។​
​ចាប់តាំងពី​ខែ​មីនា ឆ្នាំ​២០១៧ រដ្ឋាភិបាល​ហុងកុង បាន​បន្ធូរបន្ថយ​ផ្តល់​ទិដ្ឋាការ​ដល់​ពលករ វិនិយោគិន និង​និស្សិត​កម្ពុជា ដែល​នឹង​ធ្វើឲ្យ​ពលករ​កម្ពុជា អាច​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ទៅ​ធ្វើការ​នៅ​ហុងកុង បាន​ដោយ​ជោគជ័យ​។ នេះ​ជា​ការ​បញ្ជាក់បន្ថែម ពី​លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ​។​

​ទន្ទឹម​នឹង​ការបញ្ជាក់​ពី​ថ្នាក់ដឹកនាំ​កម្ពុជា លោក Law Chi Kwong រដ្ឋលេខាធិការ នៃ​ការិយាល័យ​ទទួល​បន្ទុក​វិស័យ​ការងារ និង​សុខុមាលភាព​ហុងកុង បាន​អះអាង​បន្ថែមថា នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ពល​ការិនី​កម្ពុជា នឹង​ទទួលបាន​សិទ្ធិ និង​លក្ខខណ្ឌ​ការងារ ដូច​ទៅ​នឹង​ពលករ​ជនជាតិ​ហុងកុង​ដែរ ដូចជា ការ​ឈប់សម្រាក​មួយថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ឈប់សម្រាក​ដោយ​ទទួលបាន​ប្រាក់​ឈ្នួល​ចំនួន ៧​ថ្ងៃ​ទៅ​១៤​ថ្ងៃ ក្នុង​មួយ​ឆ្នាំ ការ​គាំពារ​ពេល​មាន​ផ្ទៃពោះ (​ការឈប់​សម្រាកលំហែ​មាតុ​ភាព​) ចំនួន​១០​សប្ដាហ៍ ការធានារ​រ៉ាប់រង​ពេល​មាន​ជំងឺ និង​បន្ថែម​ប្រាក់​លើកទឹកចិត្ត សម្រាប់​ពលករ ដែល​បម្រើ​ការងារ​យូរ​ឆ្នាំ​។​

​សូមបញ្ជាក់​ថា បច្ចុប្បន្ន ទីក្រុង​ហុងកុង មាន​ពលករ​បម្រើការ​នៅតាម​ផ្ទះ​ប្រមាណ​ជាង ៣​សែន ៥​ម៉ឺន​នាក់ ហើយ​ភាគច្រើន​នៃ​ពលករ​ទាំងនោះ ជា​ជនជាតិ​ហ្វីលីពីន និង​ឥណ្ឌូនេស៊ី​។ ពលករ​ទាំងនោះ​អាច​ទទួលបាន​ចំណូល​ទាប​បំផុត ៥៥០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​។ ដោយឡែក កម្ពុជា​បច្ចុប្បន្ន មាន​ពលករ​ប្រមាណ​ជាង​១​លាន​នាក់ បាន​ធ្វើ​ចំណាកស្រុក​ធ្វើការ​នៅ​ក្រៅប្រទេស​។ ក្នុង​នោះ​ប្រទេស​ថៃ មាន​ចំនួន​ច្រើនជាងគេ បន្ទាប់​មក​កូរ៉េខាងត្បូង ម៉ាឡេស៊ី ជប៉ុន និង​សិង្ហ​បុរី​៕ ដោយៈ​សៅ វិសាល  

ព័ត៌មានផ្សេងទៀត