ម៉ាឡេស៊ី​ច្រានចោល​​ព័ត៌មាន​ថា​​ចិន​ផ្ដល់​ម៉ាស៊ីន​​បាញ់​មី​ស៊ី​ល​១២​គ្រឿង​​ឲ្យ​ខ្លួន​

ដោយ៖ ពេញ ផេង 10-08-2017 5:34 pm 276
ទង់ជាតិចិននិងទង់ជាតិម៉ាឡេស៊ី

​ក្រសួង​ការពារជាតិ​ម៉ាឡេស៊ី​បាន​ច្រានចោល​របាយការណ៍​ថា ចិន​បាន​ផ្ដល់​ឲ្យ​ម៉ាឡេស៊ី​នូវ​ម៉ាស៊ីន​បាញ់​មី​ស៊ី​ល​ជាមួយនឹង​ប្រព័ន្ធ​រ៉ា​ដា សម្រាប់​ដំឡើង​នៅក្នុង​រដ្ឋ​ចូហរ​(Johor)​។​មន្ដ្រី​ក្រសួង​ការពារជាតិ​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​Channel News Asia​នៅ​ថ្ងៃ​ទី​១០​សីហា​នេះ​ថា គ្មាន​ការផ្ដល់​ឲ្យ​ណាមួយ​ធ្វើ​ឡើង​ទេ​។​

“​គ្មាន​រឿង​នេះ​ឡើយ គ្មាន​ការពិភាក្សា​ពី​បញ្ហា​នេះឡើយ​។​អ្នក​អាច​សួរ​សារព័ត៌មាន​Malaysian Insight សួរ​ពួកគេ​ទៅ​បើ​ចង់ដឹង​”​។​នេះ​ជា​ឆ្លើយតប​របស់​មន្ដ្រី​ក្រសួង​ការពារជាតិ​ម៉ាឡេស៊ី នៅពេល​សួរ​ថា​ក្រសួង​បានដឹង​រឿង​ចិន​ផ្គត់ផ្គង់​ម៉ាស៊ីន​បាញ់​មី​ស៊ី​ល​នេះ​ឬ​អត់ ព្រោះ​សារព័ត៌មាន​Malaysian Insight​បាន​ចុះផ្សាយ​ថា​ពិតជា​មាន​មែន​។​

​បញ្ជាក់​ឲ្យ​កាន់តែ​ច្បាស់​មន្ដ្រី​ក្រសួង​ការពារជាតិ​ម៉ាឡេស៊ី បានចេញ​សេចក្ដីប្រកាស​បដិសេធ​ទៅ​ទីភ្នាក់ងារ​សារព័ត៌មាន​Channel News Asia ដោយ​និយាយ​ថា​ក្រសួង​មិន​បាន​ដឹងលឺ​កិច្ចព្រមព្រៀង​នេះឡើយ​។​

​បើ​តាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន​Malaysian Insight  គណៈប្រតិភូ​ដឹកនាំ​ដោយ​បេសកជន​ពិសេស​របស់​ប្រធានាធិបតី​ចិន​ស៊ី ជីន​ពីង បាន​រាយការណ៍​កាលពី​ថ្ងៃទី​០៩​សីហា​ថា បាន​ផ្ដល់​ម៉ាស៊ីន​បាញ់​មី​ស៊ី​ល​ដល់​ម៉ាឡេស៊ី ខណៈ​ដែល​គម្រោង​សាងសង់​ផ្លូវដែក​នៅ​ម៉ាឡេស៊ី​ក៏​ចិន​ជា​អ្នក​ផ្គត់ផ្គង់​ផ្នែក​ហិរញ្ញវត្ថុ​ដែរ​។​

​សារព័ត៌មាន​ដដែល​បាន​ដកស្រង់​ប្រភព​ថា ម៉ាស៊ីន​បាញ់​មី​ស៊ី​ល​ប្រភេទ​AR3​ចំនួន​១២​គ្រឿង​នឹង​ត្រូវ​ដឹកជញ្ជូន​ទៅ​ម៉ាឡេស៊ី ក្នុង​កិច្ចព្រមព្រៀង​បង់​រម្លស់​រយៈពេល​៥០​ឆ្នាំ​ឯណោះ​។​ម៉ាស៊ីន​ទាំង​នោះ​សម្រាប់​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​គឺ​២២០​គីឡូម៉ែត្រ អាច​នឹង​តាំង​មូលដ្ឋាន​នៅក្នុង​រដ្ឋ​ចូហរ​ជាមួយ​ប្រព័ន្ធ​រ៉ា​ដា​មួយ​ផង​៕

ព័ត៌មានផ្សេងទៀត