គំនិត​​អាត្មានិយម​​បណ្តាល​​ឲ្យ​សង្គម​គ្មាន​​សណ្តាប់ធ្លាប់​​

ដោយ៖ គួន សំបូរ 10-08-2017 5:21 pm 2591
ការវៀបចំចិញ្ចើមផ្លូវរបស់អាជ្ញាធរខណ្ឌច្បារអំពៅ។

​នៅក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន ជំងឺ​អាត្មានិយម​កំពុងតែ​ជ្រកកោន​យ៉ាង​ស្ងៀមស្ងាត់​នៅក្នុង​គំនិត​របស់​ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​។ ជំងឺ​នេះ​បាន​ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ធំ លែង​គិតពី​ផលប្រយោជន៍​សាធារណៈ និង​ប្រយោជន៍​អ្នកដទៃ ពោល​ពី​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ជំងឺ​អាត្មានិយម ក៏​គឺជា​ប្រភព​មួយ​ធ្វើឲ្យ​សង្គម​ខ្មែរ បាត់​សាមគ្គីភាព និង​ឯកភាព​ជាតិ​ផងដែរ​។ សួម​​ស្តាប់​បទ​វិភាគ​​ដោយ គួន សំបូរ៖

ការគិតគូរ​តែ​ប្រយោជន៍​ខ្លួនឯង ហើយ​មិន​អើពើ​នឹង​ប្រយោជន៍​សាធារណៈ ឬ​ប្រយោជន៍​អ្នកដទៃ​គឺជា​គំនិត​អាត្មានិយម កំពុង​មាន​ឥទ្ធិពល​ខ្លាំង​គួរឲ្យ​កត់សម្គាល់​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​។ អ្នកមាន​លុយ និង​មាន​អំណាច​ខ្លះ គិតតែ​ពី​បង្កើន​ទ្រព្យសម្បត្តិ​របស់​ខ្លួន​តា​ម​ដែល​អាច​ធ្វើបាន​។​ចំណែក​ប្រាក់​របស់​ពួកគេ​មួយ​ភាគ​ធំ បាន​ចំណាយ​ក្នុង​ការសប្បាយ​ហ៊ឺហា មិន​ខ្វល់ខ្វាយ​ពី​អ្នកតូចតាច និង​អ្នកក្រខ្សត់​។​

​រីឯ​អ្នក​ធ្វើ​ការងារ​ក្នុង​វិស័យ​សាធារណៈ ឬ​ការងារ​ឯកជន​មួយចំនួន​វិញ ធ្វើការ​ដោយ​សម្លឹង​ឃើញ​ប្រាក់​ជាធំ និង​ព្យាយាម​ចំណាយ​ប្រាក់​ប្រព្រឹត្ត​អំពើ​ពុករលួយ ដើម្បី​ទទួលបាន​តំណែង ដោយ​មិន​គិត​ពី​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​។​ចំពោះ​ពលរដ្ឋ​ជា​អ្នក​រកស៊ី​ជួញដូរ​ធម្មតា គិតតែ​ពី​ផលចំណេញ​រៀងៗ​ខ្លួន  អាជីវករ​ខ្លះ​ទៀត​ហ៊ាន​រហូត​ប្រើ​ថ្នាំ​គីមី ក្នុង​ចំណីអាហារ បន្លែ ផ្លែឈើ បើទោះបី​គេ​ដឹងថា វា​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អ្នក​បរិភោគ​ក្តី​។ អ្នក​រកស៊ី​មួយ​ភាគ​ធំ បាន​យក​កន្លែង ឬ​ផ្លូវ​សាធារណៈ ដើម្បី​ធ្វើ​ជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន មិន​ខ្វាយខ្វល់​ពី​ការ​ស្ទះចរាចរណ៍ ឬ​បាត់បង់​សោភ័ណភាព​ទីក្រុង ពោល​ធ្វើយ៉ាងណា​ឲ្យតែបាន​ប្រាក់​ចូល​ហោប៉ៅ គេ​មិនសូវ​គិត​ពី​សង្គម​ទេ​។​

​ផ្ទុយស្រឡះ​ឆ្ងាយ​ពីគ្នា បើ​យើង​ក្រឡេក​មើល​ទៅ​ទីសាធារណៈ ឬ​របស់​រួម​វិញ ប្រជា​ពលរដ្ឋ​ខ្មែរ​ហាក់​ពុំ​សូវ​យកចិត្តទុកដាក់​នោះទេ​។ សំរាម ឬ​កាកសំណល់​ផ្សេងៗ ត្រូវបាន​គេ​សាងសង់ និង​បោះចោល​ពាស​វាល​ពាស​កាល បើទោះបីជា​អាជ្ញាធរ​ព្យាយាម អំពាវនាវ ឬ​អប់រំ​ជា​ច្រើន​ដង​ក៏ដោយ ព្រោះ​គេ​យល់ថា វា​មិនមែន​ជា​ផ្ទះសម្បែង​របស់គេ​។ ជាទូទៅ​គេ​សង្កេតឃើញថា ឲ្យតែ​មាន​ពិធីបុណ្យ​ជាតិ​ធំៗ​ម្តងៗ សំរាម​ត្រូវ​បាន​គេ​បោះចោល​ដោយ​គ្មាន​សណ្តាប់​ធ្លាប់ បើ​ទោះបី​កន្លែង​នោះ​ត្រូវបាន​គេ​ដាក់​ស្លាក​ហាម​ចាក់​សំ​រាមក្តី​។ ចំណែក​ការលក់ដូរ កើតឡើង ព្រាត​នៅតាម​តំបន់​សាធារណៈ​យ៉ាង​អនាធិបតេយ្យ​។​នេះ​យើង​មិនទាន់​គិតដល់ រឿង​អំពូល​ភ្លើង​នៅ​តាម​សួនច្បារ បង្គន់​អ​នាគម័​យ និង​បញ្ហា​ជាច្រើន​ផ្សេង​ទៀត​។​

​បញ្ហា​ខាងលើ​នេះ សុទ្ធ​តែ​បង្កើត​ឡើង​ដោយសារតែ គំនិត​អាត្មានិយម​។ ជំងឺ​នេះ​ពិបាក​នឹង​ព្យាបាល​ណាស់​សម្រាប់​សង្គម​ខ្មែរ ពីព្រោះ​វា​បាន​ចាក់ឫស​ជ្រៅ​នៅក្នុង​សង្គម​មួយ​ជា​យូរណាស់​មកហើយ​។ បើ​យើង​ក្រឡេកមើល​ប្រវត្តិសាស្ត្រ​ខ្មែរ​វិញ ស្តេច​ខ្មែរ ឬ​អ្នក​ដែល​មាន​អំណាច ភាគច្រើន​ឈ្លោះ​គ្នា​ដោយសារតែ​ដណ្តើម​អំណាច ហើយ​ទៅ​ពឹង​បរទេស​ដើម្បី​ជួយ​ខ្លួន​។ ដូច្នេះហើយ​បានជា​ប្រទេស​ជាតិ​រួម​តូច ដល់​សព្វថ្ងៃ​។​

​ច្បាស់​ណាស់ ក្នុង​សង្គម​មួយ​ដែល​មាន​ការរីកចម្រើន និង​អភិវឌ្ឍន​ទៅបាន លុះត្រា​មាន​ការចូលរួម​ពី​ពលរដ្ឋ​ក្នុង​សង្គម​នោះ ពោល​គឺ​ពលរដ្ឋ​ទាំងអស់នោះ ត្រូវ​មាន​គំនិត​ស្រឡាញ់​ប្រទេសជាតិ ដែល​យើង​អាច​ហៅ​បាន​ថា​«​គំនិត​ជាតិនិយម​»​។ ពលរដ្ឋ​ត្រូវ​ចេះ​ឲ្យ​តម្លៃ​ខ្ពស់​ដល់​ប្រយោជន៍​សាធារណៈ​ជាធំ ហើយ​ចាត់​ទុក​ទ្រព្យសម្បត្តិ​ទាំងអស់នោះ ដូច​ជា​របស់​ខ្លួនឯង​អ៊ីចឹង​ដែរ​។ ទន្លឹងនឹងនេះ មនុស្ស​ក្នុង​សង្គម​ត្រូវ​តែ​ចេះ​ស្រឡាញ់ និង​ចែករំលែក​គ្នា​ទៅវិញទៅមក​ដោយ​ចាត់ទុក​ថា​យើង​ជា​ខ្មែរ​ដូចគ្នា​។​

​ជា​រួម​មក​វិញ ដើម្បី​ព្យាបាល​ជំងឺ​អាត្មានិយម​នេះ ទី​១​ត្រូវ​បណ្តុះ​គំនិត​ជាតិនិយម ឲ្យបាន​ច្រើន​តាមរយៈ​ការអប់​រំ និង​ការអនុវត្ត នៅ​តាម​សាលារៀន​ចាប់ពី​ថ្នាក់​មត្តេយ្យ រហូត​ដល់​សាកលវិទ្យាល័យ ជាពិសេស​ការផ្សព្វផ្សាយ ត្រូវតែ​បង្កើន​បន្ថែម​ជាង​នេះ និង​លើកទឹកចិត្ត​ចំពោះ​អ្នក​ដែល​អាច​ធ្វើបាន​។ អប់រំ​នៅ​តាម​សាលារៀន​ជា​រឿង​សំខាន់​មួយ តែ​អ្វី​ដែល​សំខាន់​ជាងនេះទៅទៀត​នោះ គឺ​បណ្តុះ​គំនិត ពី​ឪពុក​ម្តាយ​នៅតាម​មូលដ្ឋាន ឲ្យ​អប់រំ​កូនៗ​របស់​ពួកគេ​តាម​តែ​អាច​ធ្វើទៅបាន ពី​ព្រោះ​ក្មេង​ទាំងនោះ​ជា​មនុស្ស​ថ្មី​សម្រាប់​សង្គម​។

​ទី​២ រដ្ឋាភិបាល​វិញ ត្រូវតែ​អនុវត្ត​ច្បាប់​ឲ្យបាន​ពេញលេញ ដោយ​មិន​ត្រូវ​ផ្សំគំនិត ជាមួយ​នឹង​អាជីវករ​តូច ធំ ដើម្បី​បំផ្លាញ​ទី​សាធារណៈ​ឡើយ​។ អាជ្ញាធរ ជា​តួរ​អង្គ​ដ៏​សំខាន់​ក្នុង​ការដឹកនាំ​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​ស្រឡាញ់​ប្រទេសជាតិ ជា​ពិសេស​ថ្នាក់ដឹកនាំ​កំពូលៗ​ត្រូវធ្វើ​ជា​គំរូ​ល្អ​ដល់​ប្រជាពលរដ្ឋ​។ ក្នុង​ន័យ​ដូច​គ្នា​នេះ​ផងដែរ រដ្ឋាភិបាល​ក៏​មិន​អាច​មើល​រំលង ពី​ការ​ផ្តល់​ប្រាក់ខែ​ឲ្យបាន​សមរម្យ​ដល់​មន្ត្រីរាជកា​រ​សាធារណៈ​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការងារ​នេះ​ដែរ​៕

 

 

 

 

 

 

 


ព័ត៌មានផ្សេងទៀត