លោកឃួង ស្រេង ទុក​ពេល​កន្លះ​ខែ​ឲ្យ​​ម្ចាស់​អាជីវកម្ម​បញ្ចាំ​ខុសច្បាប់...

ដោយ៖ សៅ វិសាល 10-08-2017 11:40 am 3213

​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ថ្មី បានប្រកាសឲ្យ​ម្ចាស់​អាជីវកម្ម​កុងស៊ីបញ្ចាំ ខុស​ច្បាប់​ទាំងអស់ ត្រូវ​បិទទ្វារ​ដោយ​ខ្លួនឯង មុន​នឹង​អាជ្ញាធរ​ចុះ​ចាត់វិធានការ​ក្តៅ​។ លោក​អភិបាល​បានសម្រេច​ទុក​រយៈពេល ២​សប្តាហ៍ ដើម្បី​ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំងនោះ សុំ​ច្បាប់​អនុញ្ញាត​ជាថ្មី​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ ឯកភាព​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​០៨ ខែ​សីហា លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា ចំពោះ​កុងស៊ីបញ្ចាំ ដែល​គ្មាន​ច្បាប់ អាជ្ញាធរ​ខណ្ឌ​ត្រូវ​ណែនាំ​ឲ្យ​ម្ចាស់​ទីតាំង​នោះ​បញ្ឈប់ ឬ​បិទ​កុងស៊ី​បញ្ចាំ ហើយ​សុំ​ច្បាប់​ជាថ្មី​។ ក្នុង​ករណី​ម្ចាស់​ទីតាំង​មិន​អនុវត្តតាម អាជ្ញាធរ​ត្រូវ​មាន​វិធានការ​រដ្ឋបាល បិទ​ទីតាំង​នោះ​តែម្តង ។​

​ជុំវិញ​ការចាត់វិធានការ​នេះ ត្រូវបាន​លោក​អភិបាល​រាជធានី​ភ្នំពេញ ដែល​ទើប​ចូលកាន់​តំណែង​កាលពី ខែមិថុនា ជំនួស​លោក ប៉ា សុជាតិ​វង្ស បានបញ្ជាក់ និង​ទទួលស្គាល់​ថា ដោយសារតែ​មាន​ទីតាំង​បញ្ចាំ​ច្រើនពេក ទើប​ក្រុម ចោរលួច ចោរ ប្លន់ មិន​ខ្លាច​នឹង​ធ្វើ​សកម្មភាព ព្រោះ​ម្ចាស់​កុងស៊ីបញ្ចាំ​មិនបាច់ តម្រូវឲ្យ​មាន​ឯកសារ​បញ្ជាក់ ម្ចាស់ទ្រព្យ និង​អាច​និយាយបាន​ថា កុងស៊ីបញ្ចាំ​ខ្លះ​រកស៊ី​ទិញ​ផល​ចោរកម្ម​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត