លោក​យឹម សុវណ្ណ​​ចាត់ទុក​​ការ​បង្គាប់​ឲ្យ​នាំខ្លួន​​លោក​ម៉ន ផល្លា​​ជា​ចេតនា​​នយោបាយ​​

ដោយ៖ ខាត់ សុធី 10-08-2017 10:36 am 3351
លោក​ម៉ន ផល្លា(ឆ្វេង) និងលោក​យឹម សុវណ្ណ

​លោក​ម៉ន ផល្លា ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ ត្រូវបាន  សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឲ្យកម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន  ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង «​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​» លើ​យុវជន​ម្នាក់​នៅ​ខណ្ឌមានជ័យ កាលពី​ចុងខែ​ឧសភា ឆ្នាំ​២០១៧​កន្លងទៅ​។ នេះ​បើ​យោង​តាម​ដីកា​ចេញ​ដោយ​លោក​សៀង សុខ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចុះ​កាលបរិច្ឆេទ​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០១៧​។​

​ប៉ុន្តែ​លោក​យឹម សុវណ្ណ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បានចាត់ទុក​ចំណាត់ការ​របស់​តុលាការ​ពេល​នេះ​ថា​ជា​រឿង​នយោបាយ​សុទ្ធសាធ គឺជា​ចេតនា​បំភិតបំភ័យ បំបាក់ស្មារតី​មក​លើ​គណបក្ស​ប្រឆាំង​តែប៉ុណ្ណោះ​។​ប៉ុន្តែ​លោក​យឹម សុវណ្ណ​ថា ករណីបែបនេះ ទុកឲ្យ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ជា​អ្នកវាយតម្លៃ​នៅ​ឆ្នាំ​២០១៨​ចុះ ថា​តើ​អ្នកណា​ជា​អ្នកនយោបាយ​ស្អាតស្អំ អ្នកណា​ជា​អ្នកនយោបាយ​ដែល​តែងតែ​បង្ក​រឿងហេតុ​….

សំឡេង​លោក​យឹម សុវណ្ណ​៖

​ការចេញ​ដីកា​ឲ្យ​នាំខ្លួន​នេះ គឺ​បន្ទាប់ពី​លោក​ម៉ន ផល្លា មិន​បាន​ចូលខ្លួន​បំភ្លឺ​តាម​ដីកា​កោះហៅ​ម្តង​ជា​ពីរ​ដង​កន្លងមក​។​រហូតមកដល់​ពេលនេះ មិន​មាន​អ្នកណា​អាច​បញ្ជាក់​ថា លោក​ម៉ន ផល្លា កំពុង​មាន​វត្តមាន​នៅ​ក្នុងប្រទេស ឬ​យ៉ាងណា​នោះទេ​។​វិទ្យុ​វាយោ​បាន​ព្យាយាម​ទាក់ទង​ទៅ​លោក​ម៉ន ផល្លា តាម​ទូរ​សព្ទ​ជាច្រើន​ដង ប៉ុន្តែ​មិន​បាន​សម្រេច​។ 

​គួររំលឹកថា កាលពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៧​កន្លងទៅ មានរឿង​ប្រវាយប្រតប់​គ្នា​មួយ​កើតឡើង​ពេល​ហែ ក្បួន​ឃោសនា ក្នុង​យុទ្ធនាការ​រក​សំឡេងឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​។​មូលហេតុ​ដែល​តុលាការ​ចេញ​ដីកា​នាំខ្លួន​លោក​ម៉ន ផល្លា នេះ​ធ្វើឡើង​តាម​ពាក្យបណ្ដឹង​បុរស​ម្នាក់ ដែល​បាន​អះអាងថា ក្រុម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាននាំគ្នា​ព្រួត​វាយ​លើ​រូបគេ កាលពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៧​កន្លងមក នៅ​គ្រា​ដែល​រូបគេ បាន​បើក​ម៉ូតូ​ឆ្លងកាត់​ក្បួន​ដង្ហែ​ឃោសនា​បោះឆ្នោត​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​៕

 

ព័ត៌មានផ្សេងទៀត