លោក​ត្រាំ​​ផ្ញើ​សារ​ទៅ​កូរ៉េខាងជើង​ថា​​នុយក្លេអ៊ែរ​អាមេរិក​​ខ្លាំង​ជាង​មុន​​ទៅ​ទៀត​

ដោយ៖ ពេញ ផេង 10-08-2017 8:56 am 1120
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​កាលពី​ថ្ងៃ​ពុធ​បាន​និយាយថា អាវុធ​នុយក្លេអ៊ែរ​អាមេរិក​មាន​អានុភាព​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​។​ថ្លែង​បែប​នេះ​ជា​ការព្រមាន​ជា​ថ្មី​ទៅ​កូរ៉េខាងជើង ជុំវិញ​ការធ្វើ​តេស្ដ​មី​ស៊ី​ល​ឆ្លង​ទ្វីប​ពីរ​គ្រាប់ ដែល​កូរ៉េខាងជើង​ថា​អាច​បាញ់​ដល់​ទឹកដី​អាមេរិក​។​

​រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​ដាក់​កូរ៉េខាងជើង​ជា​ប្រទេស​អាច​ប្រឈម​នឹង​ភ្លើងកំហឹង​អាមេរិក លោក​ដូណាល់ ត្រាំ​បាន​បញ្ជាក់​នៅ​លើ​ប្រព័ន្ធ​Twitter​ថា សមត្ថភាព​នុយក្លេអ៊ែរ​របស់​យោធា​អាមេរិក មាន​សមត្ថភាព​ខ្លាំង​ជាង​មុន​តាំងពី​លោក​ចូលកាន់​តំណែង​ម្ល៉េះ​។​លោក​សង្កត់ធ្ងន់​ថា “​ការសម្រេចចិត្ដ​ដំបូង​របស់ខ្ញុំ​ក្នុងនាម​ជា​ប្រធានាធិបតី គឺ​ដើម្បី​ជួសជុល​និង​ធ្វើ​ទំនើបកម្ម​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​យើង​។​ឥលូវ​វា​កាន់តែ​មាន​ឥទ្ធិពល​ជាង​មុនៗ​ទៅទៀត​”​។​

​ស្ថានភាព​រវាង​អាមេរិក​និង​កូរ៉េខាងជើង​កាន់តែ​ឡើង​កម្ដៅ​ជាង​មុន ក្រោយ​កូរ៉េខាងជើង​ធ្វើតេស្ដ​មី​ស៊ី​ល​ឆ្លង​ទ្វីប​ICBM​កាលពី​ខែ​កក្កដា​។​កូរ៉េខាងជើង​កំពុង​ពិចារណា​បើក​ការវាយប្រហារ​លើ​កោះ​Guam ជាទី​តាំង​មូលដ្ឋាន​ទ័ពអាកាស​និង​ទ័ពជើងទឹក​អាមេរិក បើ​មិន​បញ្ឈប់​អ្វី​ដែល​កូរ៉េខាងជើង​ចាត់ទុក​ជា​ទង្វើ​បង្ករឿង​។​ភ្លាមៗ​អាមេរិក​ក៏​មិន​សំចៃមាត់ ហើយ​ប្រកាស​លេង​ធម៌​ក្ដៅ​បាន​គ្រប់ពេល បើ​កូរ៉េខាងជើង​ចង់​សាកល្បង​អាមេរិក​កំដរ​បាន​។​អាមេរិក​បាន​ត្រៀ​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ទប់ទល់​។​

​ចំណែក​កូរ៉េខាងត្បូង​វិញ​តាម​ការ​ឲ្យដឹង​ពី​ប្រធានាធិបតី កូរ៉េខាងត្បូង​នឹង​បញ្ចប់​ការធ្វើកំណែទម្រង់​វិស័យ​ការពារ​ជាតិ​ឲ្យបាន​ឆាប់​បំផុត ឆ្លើយតប​នឹង​ការគំរាមកំហែង​របស់​កូរ៉េខាងជើង​។​មី​ស៊ី​ល​ឆ្លង​ទ្វីប​កូរ៉េខាងជើង​អាច​បាញ់​ដល់​ទឹកដី​អាមេរិក ចុះ​ទម្រាំ​កូរ៉េខាងត្បូង​នៅ​ជិតបង្កើយ​នឹង​កូរ៉េខាងជើង រឿង​អី​ត្រូវ​ព្រងើយកន្ដើយ​។​ដាច់ខាត​ត្រូវតែ​ពង្រឹងសមត្ថភាព​ការពារជាតិ ទោះ​អាមេរិក​ធ្លាប់​សន្យា​មិនឲ្យ​កូរ៉េខាងជើង​ប៉ះពាល់​ប៉ុន​សរសៃសក់​ក៏ដោយ​។​ការពង្រឹង​សមត្ថភាព​ខ្លួនឯង​ឲ្យ​ខ្លាំង ប្រសើរ​ជាង​ចាំតែ​ជំនួយ​ពី​សម្ព័ន្ធមិត្ដ​៕

ព័ត៌មានផ្សេងទៀត