វត្តមាន​សិប្បករ​វត្ត​ថា​ន់​កម្ពុជា​ជិត​១៥​ឆ្នាំ​ផ្តល់​ជីវិត​ទី​ពីរ​ដល់​ជនពិការ​កម្ពុជា​

ដោយ៖ គង់ ឧត្តម 09-08-2017 8:50 pm 345
រោងសិប្បកម្មឈើ រោងជាងកាត់ដេរ និងផលិតផលសិប្បកម្មរបស់បងប្អូនជនពិការ ។ រូបថតដោយ គង់ ឧត្តម ។

​សិប្បកម្ម​មួយកន្លែង កំពុង​បង្កប់ខ្លួន​ក្នុង​បរិវេណ​ទីធ្លា​វត្ត​នួន​មណី​រាម​ហៅ​វត្ត​ថា​ន់ តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ សិប្បកម្ម​នេះ មាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​អគារ​មូលនិធិ​សម្តេច​ជូន​ណាត ដែល​មាន​ចម្ងាយ​ពី​ខ្លោងទ្វារ​វត្ត​ប្រមាណ​១៥​ម៉ែត្រ​ប៉ុណ្ណោះ ។ វា​នៅ​ខាងឆ្វេង​ដៃ​ពី​ច្រកចូល និង​ត្រូវបាន​គេ​ឱ្យឈ្មោះ​ថា សិប្បករ​វត្ត​ថា​ន់​កម្ពុជា ។ សិប្បករ​វត្ត​ថា​ន់​កម្ពុជា ជា​សិប្បកម្ម​ឯករាជ្យ​ធ្វើ​ការងារ​ជាមួយ​ជន​ពិការ និង​ជន​ងាយ​រងគ្រោះ​ដើម្បី​ផលិត​ផលិតផល​សិល្បៈ​ធ្វើ​ពី​ដៃ​ផ្សេងៗ ។ សិប្បករ​វត្ត​ថា​ន់​កម្ពុជា​មាន​ដូចជា ចម្លាក់​ឈើ ផ្នែក​តម្បាញ រ៉ូប កាបូប ស្រោម​ពូក ខ្នើយ ជាដើម ដែល​ភាគច្រើន​ផលិត​ដោយ​ជនពិការ​និង​ជន​ងាយ​រងគ្រោះ ។ សិប្បកម្ម​នេះ​មិន​ត្រឹមតែ​ពាំនាំ​នូវ​សិល្បៈ​ខ្មែរ​ទៅកាន់​អន្តរជាតិ​ស្គាល់​ប៉ុណ្ណោះ​ទេ លើសពីនេះទៅទៀត សិប្បករ​វត្ត​ថា​ន់​កម្ពុជា​បាន​ផ្តល់​ការងារ​ដល់​បងប្អូន​ជនពិការ ពិសេស​ផ្តល់​កម្លាំងចិត្ត​ឱ្យ​ពួកគេ​អាច​បន្ត​ស្នាមញញឹម អាច​រស់នៅ​ក្នុង​សង្គម​ទៀតផង ។​

​នៅ​ពីក្រោយ​រោង​តាំង​ផលិតផល​សិប្បកម្ម​នេះ មាន​រោង​សិប្បកម្ម​ចម្លាក់​ឈើ​ដែល​មាន​បុគ្គលិក​ជា​បុរស ទាំង​ជនពិការ​និង​ជន​ងាយ​រងគ្រោះ​ផ្សេងទៀត​កំពុង​មមាញឹក​បំពេញភារកិច្ច​របស់ខ្លួន ។ អង្គុយ​លើ​រទេះរុញ​កំពុង​ដាប់​ចម្លាក់​ក្បាច់​ខ្មែរ​តាម​គំរូ​ដែល​មាន​ស្រាប់​ក្នុង​រោង​ជាង លោក ប្រាក់ វុទ្ធី ប្រាប់ថា ដំបូង​ឡើយ លោក​បាន​ចំណាយពេល​រៀន​នៅ​សិប្បករ​វត្ត​ថា​ន់​ចំនួន​១​ឆ្នាំ និង​ធ្វើការ​នៅទីនេះ​ជិត​១០​ឆ្នាំ​មកហើយ ។ បុរស​មាឌធំ​ក្រអាញ​សម្បុរ​ស​ម្នាក់នេះ បាន​ពិការ​ជើង​ទាំង​ពីរ​ដោយសារ​ជំងឺ​ស្វិតដៃជើង​តាំងពី​កុមារភាព​មកម្ល៉េះ ។ សព្វថ្ងៃ គាត់​មាន​អាយុ​៣៣​ឆ្នាំ​ហើយ ។ គាត់​មាន​ជំនាញ​ដាប់​ក្បាច់​នៅលើ​ឈើ មាន​ទាំង​ក្បាច់ចម្លាក់​អង្គរ​និង​ក្បាច់​ទេស​ជាដើម វា​អាស្រ័យ​លើ​ពុម្ព​ឬ​ការចង់បាន​របស់​ភ្ញៀវ គឺ​គាត់​អាចធ្វើ​បាន​ទាំងអស់ ។ គាត់​និយាយ​ប្រាប់​ទាំង​ញញឹម​ចេញ​ធ្មេញ​បន្តិច​ថា គាត់​សប្បាយចិត្ត​នៅពេល​ស្នាដៃ​របស់​ខ្លួន​មាន​អ្នកគាំទ្រ​ច្រើន ដែល​ជា​កត្តា​ជំរុញ​ទឹកចិត្ត​គាត់​ឱ្យ​បន្ត​ការងារ​នេះ​តទៅទៀត​…
​សំឡេង​លោក ប្រាក់ វុទ្ធី ៖

​ងាក​ចេញពី​រោង​សិប្បកម្ម​ចម្លាក់​ឈើ​នេះ យើង​ឃើញ​មាន​រោង​ជាង​កាត់ដេរ​មួយ​ផ្សេងទៀត​នៅ​ខាងស្តាំ​ដៃ​នៃ​រោង​តាំង​ផលិតផល ដែល​ភាគច្រើន​សុទ្ធតែ​ជា​ស្ត្រី និង​មាន​បុរស​តែ​ម្នាក់​គត់​ក្នុង​រោង ជា​គ្រូ​ជំនាញ​ខាង​កាត់ដេរ​នៅ​ទីនោះ ។ ម្នាក់ៗ​កំពុង​មមាញឹក​ក្នុង​ការបំពេញ​តួនាទី​របស់​ខ្លួន ខ្លះ​ដេរ​សំលៀក​បំពាក់ រ៉ូប កាបូបដៃ និង​កាបូបស្ពាយ​ជាដើម ។​

​ស្ត្រី​វ័យ​៣៣​ឆ្នាំ​មួយ​រូប​កំពុង​អង្គុយ​លើ​កៅអី​ពីមុខ​ម៉ាស៊ីនដេរ ដែល​មាន​កាបូប​ដាក់​ប៊ិក ក្រណាត់​ជាច្រើន​ក្នុង​ថង់​ធំ​មួយ​ផង​នោះ កញ្ញា សុខ​ណាក់ ថា គាត់​មាន​ជំនាញ​ខាង​ដេរ​កាបូប តែ​គាត់​ក៏​អាច​ផលិត​ជា​ផលិតផល​ផ្សេងទៀត​បាន​ដែរ​បើសិនជា​មាន​ពុម្ព​គំរូ ។ ស្ត្រី​មាន​ដើមកំណើត​ពី​ខេត្ត​ស្វាយរៀង​រូបនេះ បាន​ចំណាយ​ពេល​មក​ធ្វើការ​ក្នុង​សិប្បករ​វត្ត​ថា​ន់​១០​ឆ្នាំ​ហើយ តែ​មុនពេល​បាន​មក​ធ្វើការ​នៅទីនេះ កញ្ញា​បាន​ដើរ​ដាក់ពាក្យ​ធ្វើការ​នៅ​រោងចក្រ​ដែរ​តែ​មិន​ជាប់ រហូត​បាន​ចុះឈ្មោះ​ជាមួយ​អង្គការ​មួយ​និង​បាន​រៀន​ជំនាញ​កាត់ដេរ​នៅ​បន្ទាយ​ព្រាប​រយៈ​មួយ​ឆ្នាំ ។ ញញឹម​លាយឡំ​និង​សំណើច​បន្តិច​ផង​នោះ ស្ត្រី​ដែល​មាន​បញ្ហា​ជើង​រូបនេះ​ប្រាប់ថា ក្រោយ​ចូលរួម​ការងារ​នៅ​សិប្បករ​វត្ត​ថា​ន់ គាត់​មាន​ជីវភាព​ធូរធារ​ច្រើន​ជាង​មុន និង​មិន​តូចចិត្ត មិន​អស់​សង្ឃឹម​ដូច​ពីមុន​ទេ​…
​សំឡេង​កញ្ញា សុខ​ណាក់ ៖ 

​ដោយឡែក អ្នកស្រី ប៉ែន ចន្ទ​រតនា បាន​ចំណាយពេល​រៀន​នៅ​សិប្បករ​វត្ត​ថា​ន់​រយៈពេល​មួយឆ្នាំ និង​បាន​ប្រឡូក​ការងារ​ជា​អ្នក​ផលិត​កាបូប​ជិត​១០​ឆ្នាំ​ដែរ​មក​ហើយ ។ ស្ត្រី​វ័យ​៣៣​ឆ្នាំ​រូប​នេះ បាន​ពិការ​ជើង​ទាំង​ពីរ និង​ដៃ​ម្ខាង​ក្នុង​វ័យ​កុមារ​ព្រោះ​ជំងឺ​ក្តៅខ្លួន​ខ្លាំង ។ គាត់​មាន​ជំនាញ​ធ្វើ​កាបូប​ស​ក់ពស់ ក្រៅ​ពី​ជំនាញ​ផលិត​កាបូប គាត់​អាច​ផលិត​ជា​រូប​សត្វ ស្រោម​ខ្នើយ ជាដើម ។ គាត់​ប្រាប់ថា ជីវិត​របស់​គាត់​ហាក់បីដូច​ជា​បាន​រស់​ឡើងវិញ​សារជាថ្មី​អ៊ីចឹង ក្រោយ​ចូលមក​ធ្វើការ​នៅ​សិប្បករ​វត្ត​ថា​ន់​នេះ​…
​សំឡេង​អ្នកស្រី ប៉ែន ចន្ទ​រតនា ៖ 

​ដើមឡើយ​សិប្បករ​វត្ត​ថា​ន់​កម្ពុជា​មាន​ឈ្មោះ​ថា មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វត្ត​ថា​ន់ ។ មជ្ឈមណ្ឌល​នេះ គឺជា​អង្គការ​មិន​អាស្រ័យ​ប្រាក់ចំណូល​មួយ​ដែល​មាន​បេសកកម្ម ផ្តល់​ចំណេះ​និង​ជំនាញ​ដល់​បងប្អូន​ជនពិការ ដោយសារ​អស់​ជំនួយ ស្ថាប័ន​នេះ​ក៏​ត្រូវបាន​ប្រកាស​បិទ ។ ក្រោយមក ស្ថាប័ន​អប់រំ​នេះ​បាន​ចាប់កំណើត​ជា​លើក​ទី​ពីរ​នៅក្នុង​ខែ​មិថុនា ឆ្នាំ​២០០៤ តាមរយៈ​បុគ្គលិក​ចាស់ៗ​និង​កូនសិស្ស​ដែល​ធ្លាប់​ទទួលបាន​ការបណ្តុះ​បណ្តាល បានរួម​គ្នា​បន្ត​គម្រោង​នេះ​រហូតមកដល់​សព្វថ្ងៃ តែ​មជ្ឈមណ្ឌល​នេះ​បាន​បន្ត​គម្រោង​តែ​លើ​ផ្នែក​សិប្បកម្ម​មួយគត់ ដែល​មាន​បុគ្គលិក​ជា​ជនពិការ​បច្ចុប្បន្ន​សរុប​ប្រមាណ​២៥​នាក់ ក្នុងនោះ​ស្ត្រី​ចំនួន​១៨​នាក់ ។ ក្រៅពី​ផ្តល់​ការងារ​ដល់​ជនពិការ​នៅ​សិប្បករ​វត្ត​ថា​ន់ ស្ថាប័ន​នេះ​ក៏បានផ្តល់​ការងារ​ដល់​សិប្បករ​នៅតាម​ផ្ទះ​ប្រមាណ​១០០​នាក់​ជាង​ផ្សេង​ទៀត​ផង​ដែរ ។ លោក តាំង ភី​រក្ស អ្នកគ្រប់គ្រង​ទូទៅ​នៅ​សិប្បករ​វត្ត​ថា​ន់​កម្ពុជា​ប្រាប់ថា សព្វថ្ងៃ​សិប្បករ​វត្ត​ថា​ន់​កម្ពុជា​កំពុង​ត្រូវការ​បុគ្គលិក​បន្ថែម សម្រាប់​ជនពិការ​ដែល​ចង់​រៀនសូត្រ​និង​ធ្វើការ​សូម​មក​ទាក់ទង​នៅ​ទីស្នាក់ការ​សិប្បករ​វត្ត​ថា​ន់​ដែល​មាន​អាសយដ្ឋាន​នៅក្នុង​វត្ត​ថា​ន់​តែម្តង​…
​សំឡេង​លោក តាំង ភី​រក្ស ៖​ 

(រាយការណ៍ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត