លោក​​ផៃ ស៊ី​ផា​ន​ ពន្យល់​ថា​​“​បាក់​ធ្មេញ​​,​គល់​​ឬ​ស្សី ​ឬ​ មឈូស​​”​ជា​​ភា​សា​​សា​មញ្ញ ​របស់​​ខ្មែរ​​

ដោយ៖ សេង បារាំង 09-08-2017 5:49 pm 4359
ការតវ៉ារបស់គណបក្សសង្រ្គោះជាតិកាលពីឆ្នាំ២០១៣


​លោក ផៃ ស៊ីផា​ន មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​លើកឡើងថា ការប្រើ​ពាក្យពេចន៍ «​បាក់ធ្មេញ​» «​គល់​ឬ​ស្សី​» ឬ «​មឈូស​» ដោយ​ឥស្សរជន​ខ្មែរ គ្រាន់​ជា​ការ​រំលឹក​កុំឱ្យ​មាន​ការប្រព្រឹត្ត​ល្មើស មិនមែន​បំភិតបំភ័យ​នោះទេ​។

​ការចេញមុខ​បកស្រាយ​របស់ លោក​ផៃ ស៊ីផា​ន ពេលនេះ បាន​ធ្វើឡើង​បន្ទាប់​ពី​មាន ការលើកឡើង​របស់ លោក​វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដែលថា អ្នកណា​ដែល​មិន​ទទួលស្គាល់ លទ្ធផល​បោះឆ្នោត នៅ​ឆ្នាំ​២០១៨ នឹង​ត្រូវ​ក្បាល​នឹង​គល់​ឫស្ស៊ី សារ​គំរាម​របស់លោក ហ៊ុន សែន ឲ្យ​ត្រៀម​មឈូស សម្រាប់​ដាក់​អ្នក​តវ៉ា និង​ការព្រមាន​របស់​លោក​ទៀ បាញ់ ដែល​ព្រមាន​វាយ​បាក់ធ្មេញ​ដល់​ក្រុមអ្នកតវ៉ា ធ្វើបាតុកម្ម ប្រឆាំង​លទ្ធផល​ឆ្នោត​។​

​លោក​ផៃ ស៊ីផា​ន បាន​លើកឡើង​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្តាញ​សង្គម រួម​ទាំង​អ្នកវិភាគ​មួយចំនួន បាននិងកំពុង​ព្យាយាម​បំភ្លៃ​ន័យ​ដើម នៃ​សម្តី​ដ៏​សាមញ​របស់​ថ្នាក់ដឹកនាំ រដ្ឋាភិបាល​កម្ពុជា ដើម្បី​បង្កើត​ឱ្យមាន​ស្ថានការណ៍​អាក្រក់ ដែល​អាច​ចាត់ទុកថា ជា​យុទ្ធនាកា​ធ្វើឱ្យ​មតិសាធារណៈ​ជាតិ និង​អន្តរជាតិ មើល ឃើញ​កម្ពុជា​អាក្រក់​។​

​លោក​បាន​បន្តថា ការនិយាយ​របស់លោក​នាយករដ្ឋមន្ត្រី ក៏ដូចជា​ឥស្សរជន​ជាន់ខ្ពស់ នូវ​ពាក្យ​ទាំងនោះ​ជា សាធារណៈ គឺ​មិន​មាន​គោលបំណង បំភិតបំភ័យ​អ្នកណាម្នាក់​នោះ ឡើយ​។ លោក​ថា ការប្រើប្រាស់​ពាក្យ​របស់​ឥស្សរជន​ដូចជា​៖ «​បាក់ធ្មេញ​» «​គល់​ឬ​ស្សី​» ឬ «​មឈូស​» ជា​ដើម​នោះ គឺជា​ភាសា​សាមញ្ញ​តែប៉ុណ្ណោះ ដែល​ប្រជាពលរដ្ឋ​ខ្មែរ ប្រើប្រាស់​គ្រប់​ស្រទាប់​នៃ​ជីវិត ដែល​មិន​គួរ​បំភ្លៃ ញុះញង់ ចោទប្រកាន់​នោះ​ទេ​។​

​លោក​បកស្រាយ​ថា ពាក្យ​ទាំងអស់នេះ ជា​ពាក្យ​សាមញ្ញ ក្នុង​កិច្ច “​ព្រមាន​” ប្រាប់ ឬ​រំលឹក​ឲ្យដឹង​ជា​មុន ក្នុង​កិច្ច បញ្ជៀ​ស នៅ​ក្នុង​ការប្រព្រឹត្ត​ល្មើស ដែល​ស្មើ និង​ពាក្យ​អង់គ្លេស “ Warning” ។ ត្បិត​រឿង​ដែល​ត្រូវតែ​លើកឡើង រំឭក​ខាន​ពុំនោះ គឺ​វា​មាន​សកម្មភាព​បាន​ប្រព្រឹត្តល្មើស​កាលពីមុន ហើយក៏​មិន​អនុញ្ញាត​អោយ​មាន​ករណី​នេះ​ច្រំ​ដែល​ទៀត​បាន​ឡើយ​។ លោក​ប្រាប់​ឲ្យ​អ្នក​រិះគន់​ទៅពិនិត្យ នៅ​ក្នុង​វចនានុក្រម សម្តេចព្រះ​សង្ឈ​រាជ ជួន ណាត និង​វចនានុក្រម​អង់គ្លេស ដើម្បី​ចៀសផុត​ពី​ភាពអាម៉ាស នៅក្នុង​សង្គម ហើយ​សូម​មេត្តា​កុំ​ពូត​ផ្សែង ទៅ​ជា​ភ្លើង​។ 

​សូមបញ្ជាក់​ថា សារ​វាយ​ក្បាល​នឹង​គល់​ឫស្សី កំពុង​បង្ក​ការចាប់អារម្មណ៍​ជាខ្លាំង​ដល់​មហាជន​ទូទៅ រហូត​ដល់​ធ្វើឲ្យ​មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ ក៏​សម្តែង​ការព្រួយបារម្ភ​ដែរ​។ ឯ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី ក៏​ទទួលស្គាល់​ការបារម្ភ​អំពី​សិទ្ធិមនុស្ស​របស់​អ្នកស្រី រ៉ូ​ណា ស្មី​ត​។​លោក កែវ រ៉េមី មានប្រសាសន៍ថា លោក​ទទួលស្គាល់​ការបារម្ភ​របស់​អ្នកស្រី រ៉ូ​ណា ស្មី​ត អំពី​ពាក្យ​សម្ដី​របស់​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច លោក វង សូ​ត ដែល​ព្រមាន​វាយ​ក្បាល​អ្នក​តវ៉ា​រឿង​លទ្ធផល​បោះឆ្នោត​នៅពេល​ខាងមុខ​។ ប៉ុន្តែ​លោក​ថា​« នេះ​ជា​ការអប់រំ​ច្បាប់​»​។​

​ប៉ុន្តែ សារ​នេះ​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ការពារ​ដោយ​លោក​បន្ថែមថា រដ្ឋាភិបាល​នឹង​ប្រើ​កម្លាំង ដើម្បី​បង្ក្រាប​ទៅលើ​គណបក្ស​ប្រឆាំង និង​អ្នកគាំទ្រ​គណបក្សប្រឆាំង​ណា ដែល​ប្រឆាំង​ទៅ​នឹង​លទ្ធផល​បោះឆ្នោត នៅ​ឆ្នាំ​២០១៨​។ មិនតែប៉ុណ្ណោះ លោកនាយក​រដ្ឋមន្ត្រី ក៏​ព្រមាន​ប្រើ​កាំភ្លើង និង​គុក ដើម្បី​ទប់ស្កាត់​មិនឲ្យ​មាន​ការតវ៉ា​ប្រឆាំង​លទ្ធផ​ល​បោះឆ្នោត ដូច​ឆ្នាំ​២០១៣​ទៀត​ទេ​។​

​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច លោក​វង សូ​ត កាលពី​សប្ដាហ៍​មុន ត្រូវបាន​គេ​រិះគន់​ច្រើន​ពេលដែល​លោក​ព្រមាន​វាយ​ក្បាល​អ្នក​តវ៉ា​រឿង​លទ្ធផល​បោះឆ្នោត​នៅ​ពេល​ខាងមុខ នឹង​គល់​ឫស្សី​៕

ព័ត៌មានផ្សេងទៀត