នយោបាយ​​ការទូត​​កម្ពុជា​ល្អ​ជាង​​មុន ​តែ​គួរ​ពង្រឹង​​ភាព​អព្យាក្រឹត​?​

ដោយ៖ គួន សំបូរ 09-08-2017 4:21 pm 415
កិច្ចប្រជុំអាស៊ានកន្លងទៅ។

​រដ្ឋាភិបាល​កម្ពុជា​តែងតែ​អះអាងថា ជំហរ​នយោបាយ​ការបរទេស​របស់​កម្ពុ​ជា គឺ​ឯករាជ្យ មិន​រណប​ប្រទេស​ណាមួយ ព្រោះ​កម្ពុជា​ត្រូវការ​ធ្វើ​មិត្ត​ទាំង​កុំមុយនីស្ត​និង​សេរី​។​តែ​សម្រាប់​អ្នកវិភាគ​យល់ថា នយោបាយ​ការបរទេស​កម្ពុជា​នា​ពេល​ចុងក្រោយ​នេះ ហាក់​មាន​ភាពលំអៀង​ទៅរក​ប្រទេស​កុំមុយនីស្ត ហើយ​ថា រដ្ឋាភិបាល​គួរ​ពង្រឹង​ភាព​អព្យាក្រឹត្យ​របស់​ខ្លួន​ឲ្យ​ល្អ​ជៀសវាង​បាត់​បង់ប្រយោជន៍​។

​សំឡេង​លោក​ឯម សុវណ្ណារ៉ា​៖

​នេះ​ជា​ការ​កត់ម្គាល់​របស់​លោក​ឯម សុវណ្ណារ៉ា អ្នកវិភាគ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ការទូត​។​លោក​ឯម សុវណ្ណារ៉ា បាន​ពន្យល់ថា មូលហេតុ​ដែល​កម្ពុជា​លំអៀង​រក​ចិន​ច្រើន ដោយសារ​តែ​កម្ពុជា​ទទួល​បាន​ផល​ប្រយោជន៍​ពី​ចិន​មានដូចជា​ប្រាក់កម្ចី ជំនួយឥតសំណង​។ រីឯ​ប្រទេស​សេរី​មាន អាមេរិក ឬ​សហ​គន៍​អ៊ឺរ៉ុប គឺ​ជំនួយ​ប្រទេស​ទាំងនោះ គឺ​ទាមទារ​លក្ខណ​ច្រើន ដូច​ជា​ការគោរព​សិទ្ធិមនុស្ស និង​គោរព​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​។ ដូច្នេះ​ហើយ​បាន​ធ្វើឲ្យ​រដ្ឋាភិបាល​កម្ពុជា មិន​សប្បាយចិត្ត​ជាមួយ​ប្រទេស​សេរី​ទាំងនោះ​។​

​តែ​យ៉ាងណាក្តី​លោក​ឯម សុវណ្ណារ៉ា បាន​វាយតម្លៃ​ថា ជំហរ​នយោបាយ​ការបរទេស​របស់​កម្ពុ​ជា​បច្ចុប្បន្ន មាន​ភាពល្អប្រសើរ តែ​មិន​ទាន់​ប្រសើរ​ខ្លាំង​។ មិនទាន់​ល្អ​ខ្លាំង​ដោយសារតែ ជំហរ​នយោបាយ​ការបរទេស​របស់​កម្ពុ​ជា​ហាក់​ងាក​រក​ចិន​ពេក ដោយ​លោក​បារម្ភ​មាន​បញ្ហា​ដូច​អតីតកាល​…

​សំឡេង​លោក​ឯម សុវណ្ណារ៉ា​៖

​ស្រដៀង​គ្នា​នឹង​លោក​ឯម សុវណ្ណារ៉ា​ដែរ សម្រាប់​លោក​ចាន់ វិបុល បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នកជំនាញ​ផ្នែក​ប្រជាធិបតេយ្យ​យល់ថា នយោបាយ​ការបរទេស​កម្ពុជា​នា​ពេល​ចុងក្រោយ​នេះ​លំអៀង​ទៅរក ចិន​ច្រើន​។ លោក​មើលឃើញថា សព្វថ្ងៃនេះ​ទាំង​ជំនួយ ប្រាក់​កម្ចី​ពី​របស់​ប្រទេស​កំពុង​ឈានមុខ​គេ​នៅ​កម្ពុជា​ដោយសារ​តែ​ទំនាក់ទំនង​ចាក់ទឹកមិនលិច​រវាង​កម្ពុជា និង​ចិន​។ ប៉ុន្តែ​សម្រាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​នៅ​សេរី​មិន​សូវ​ល្អ​ឡើយ​…

​សំឡេង​លោក​ចាន់ វិបុល​៖

​យ៉ាងណាក្តី​ការលើកឡើង​ខាងលើនេះ ត្រូវបាន​អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី​លោក​ផៃ ស៊ីផា​ន ច្រានចោល​។​លោក​ផៃ ស៊ីផា​ន បានបញ្ជាក់​ថា សព្វថ្ងៃ​កម្ពុជា​មាន​មិត្ត​ច្រើន​ដោយសារ​កម្ពុជា​មាន​ជំហរ​នយោបាយ​ការបរទេស​របស់​កម្ពុ​ជា គឺ​ឯករាជ្យ​។ លោក​ថា នយោបាយ​ការបរទេស​កម្ពុជា បច្ចុប្បន្ន​គឺ​នៅ​ក្រៅ​តំបន់​ភូមិសាស្ត្រ​នយោបាយ ហើយ​ឋិត​នៅក្នុង​ភូមិសាស្ត្រ​សេដ្ឋកិច្ច​…

​សំឡេង​លោក​ផៃ ស៊ីផា​ន​៖

​ទាក់ទង​នឹង​សំណូមពរ​ពី​ខាង​លោក​សេរី​វិញ អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី​រូបនេះ បានបញ្ជាក់​ថា កម្ពុជា​មិន​ដែល​ប្រតិកម្ម​ទេ តែ​កម្ពុជា​គ្រាន់តែ​វែកញែក និង​បកស្រាយ​ប្រាប់​ទៅ​វិញ​ចំពោះ​របាយការណ៍ របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ដែល​ធ្វើការ​ឲ្យ​បម្រើ​គោលនយោបាយ​លោកខាងលិច​ប៉ុណ្ណោះ​។

​គួរបញ្ជាក់​ថា បើ​យោងតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​មាត្រា​៥៣ បានចែង​ថា​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​នយោបាយ អព្យាក្រឹត អចិន្ត្រៃយ៍ និង​មិន​ចូល​បក្សសម្ព័ន្ធ​។ ព្រះរាជាណាចក្រ​កម្ពុជា រួមរស់​ដោយ​សន្តិ​សហ​វិជ្ជមាន​ជា​មួយ​ប្រទេសជិតខាង និង ប្រទេស​ដទៃ​ទៀត​ទាំងអស់​នៅលើ​សកលលោក​។

​កន្លងមក​លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបញ្ជាក់​ថា ជំហរ​នយោបាយ​ការបរទេស​របស់​កម្ពុ​ជា គឺ​ឯករាជ្យ មិន​រណប​ប្រទេស​ណាមួយ ដែល​នាំ​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​អន្លង់​គ្រោះថ្នាក់​ដូច​អតីតកាល​នោះ​ឡើយ​។ លោក​បន្ថែមថា ក្នុងនាម​ប្រទេស​ឯករាជ្យ និង​មាន​អធិបតេយ្យភាព កម្ពុជា ត្រូវការ​ធ្វើ​មិត្ត​ទាំង​អាមេរិក និង​ចិន ហើយ​ក៏​គ្មាន​ហេតុផល​ត្រូវ​ទៅ​រាយការណ៍​ឲ្យ​ប្រទេស​មហាអំណាច​ទាំងពីរ មុន​ធ្វើ​អ្វី​មួយ​នោះ​ឡើយ​៕


ព័ត៌មានផ្សេងទៀត