រដ្ឋមន្ត្រីការបរទេស​អាមេរិក​​ជួបពិភាក្សា​ការងារ​​នៅ​ម៉ាឡេស៊ី​​មុន​ធ្វើ​មាតុភូមិនិវត្ដន៍​

ដោយ៖ ពេញ ផេង 09-08-2017 3:58 pm 101
រដ្ឋមន្ដ្រីការបរទេសអាមេរិក(ស្ដាំ)ពេលជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ដ្រីម៉ាឡេស៊ី

​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក​Rex Tillerson បាន​ជួបពិភាក្សា​ជាមួយ​លោក​Ahmad Zahid Hamidi​ឧបនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី នៅ​ទី​ក្រុងកូឡា​ឡាំ​ពួរ​នៅ​ថ្ងៃ​ពុធ​ទី​៩​សីហា​នេះ​។​ជា​កិច្ច​ជំនួប​ចុងក្រោយ​របស់​លោក​Tillerson ដែល​មាន​វត្ដ​មាននៅ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មុន​ត្រឡប់​ទៅ​សហរដ្ឋអាមេរិក​វិញ​។​

​លោក​Tillerson​និង​លោក​Zahid​បាន​ពិភាក្សា និង​ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី ការអភិវឌ្ឍ​សន្តិសុខ​និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ម៉ាឡេស៊ី​-​សហរដ្ឋអាមេរិក ក៏ដូចជា​បញ្ហា​ក្នុង​តំបន់​និង​អន្តរជាតិ សុទ្ធតែ​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​ទាំង​ពីរ​។​លោក​Tillerson​ក៏​បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក​Najib Razak និង​រដ្ឋមន្ត្រី​ការបរទេស​លោក Anifah Aman​នៅ​សភា​ម៉ាឡេស៊ី​ផងដែរ​។​

​ក្រៅពី​ពិភាក្សា​លើ​ការប្រឆាំង​ភាពជ្រុលនិយម​ដោយ​អំពើហិង្សា សន្តិសុខ​ក្នុង​តំបន់ សហរដ្ឋអាមេរិក​ត្រូវបាន​គេ​គិត​ផងដែរ​ថា កំពុង​ស្វែងរក​ជំនួយ​ពី​ប្រទេស​ម៉ាឡេស៊ី ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​របស់ខ្លួន បង្ក្រាប​រាល់​សកម្មភាព​ក្លែងបន្លំ​ដោយ​កូរ៉េខាងជើង​។​

​គួរ​រម្លឹក​ផងដែរ​ថា ប្រទេស​ម៉ាឡេស៊ី​ក៏​ធ្លាប់​មាន​ភាព​រកាំរកូស​ជាមួយ​ប្រទេស​កូរ៉េខាងជើង​ដែរ បន្ទាប់​ពី​ការសម្លាប់​បងប្រុស​ម្តាយ​ទីទៃ​របស់​លោក​គីម ជុន​អ៊ុន គឺ​លោក​គីម ជុង​ណា​ម នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​កូឡា​ឡាំ​ពួរ​កាលពី​ខែ​កុមុៈ្ភ​។​ករណី​នេះ​នាំឲ្យ​មាន​ជម្លោះ​ការទូត រហូត​កូរ៉េខាងជើង​មិន​អនុញ្ញាត​អោយ​ប្រជាជន​ម៉ាឡេស៊ី​ចាកចេញ​ពី​ប្រទេស​របស់​គេ រហូត​មាន​ការដោះដូរ​៕​អត្ថបទ​ដោយ​៖ អ៊ុំ ចាន់​រក្សា​


ព័ត៌មានផ្សេងទៀត