កូរ៉េខាងត្បូង​​ប្រកាស​នឹង​បញ្ចប់​​ការធ្វើកំណែទម្រង់​​វិស័យ​ការពារ​ជាតិ​​ឲ្យ​ឆាប់​បំផុត​

ដោយ៖ ពេញ ផេង 09-08-2017 3:32 pm 1371
រូបភាពមីស៊ីលកូរ៉េខាងត្បូង

“​ខ្ញុំ​ជឿជាក់​ថា​យើង​អាច​នឹង​ត្រូវ​បញ្ចប់​ការធ្វើកំណែទម្រង់​វិស័យ​ការពារ​ជាតិ​ឲ្យបាន​លឿន​បំផុត ដើម្បី​ធានា​ថា​វិស័យ​ការពារ​ជាតិ​របស់​យើង​មាន​សមត្ថភាព​ពេញលេញ​បន្ទាប់ពី​ការកែលម្អ​” នេះ​ជា​សម្ដី​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ជែ​អ៊ីន ដកស្រង់​មក​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុន​ហា​ប​។​លោក​សង្កត់ធ្ងន់​ថា វិស័យ​ការពារ​ជាតិ​ជា​ភារកិច្ច​បន្ទាន់​មួយ​ដែល​ត្រូវ​អភិវឌ្ឍ ត្រៀម​ប្រយុទ្ធ​ប្រឆាំង​នឹង​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង ក៏​ដូច​ជា​ការ​បង្កហេតុ​របស់​រដ្ឋ​ផ្ដាច់ខ្លួន​មួយ​នេះ​។​

​កូរ៉េ​ខាងជើង​បាន​ប្រកាស​ថា កុំ​ពុង​ពិចារណា​ពី​លទ្ធភាព​នៃ​ការបាញ់​មី​ស៊ី​ល​ទៅជិត​កោះ​Guam​ស្ថិត​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក ជា​មូលដ្ឋាន​ទ័ពអាកាស​និង​មូលដ្ឋាន​ទ័ពជើងទឹក​អាមេរិក​តាំងនៅ​។​ផែនការ​នេះ​ជា​ការតបត​នឹង​អាមេរិក ដែល​កូរ៉េខាងជើង​ចាត់ទុក​ជា​មេ​បង្ករឿង តែងតែ​គំរាម​បង្ក​អស្ថិរភាព​ដល់​ខ្លួន ពិសេស​នៅ​លើ​ឧបទ្វីប​កូរ៉េ​។​កូរ៉េខាងជើង​ធ្លាប់​ព្រមាន បើ​អាមេរិក​មិន​បញ្ឈប់​ឥរិយាបថ​អរិភាព​ទេ កុំ​សង្ឃឹម​ចរចា​រឿង​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េខាងជើង ចាំ​ទទួល​ធម៌​ក្ដៅ​ឲ្យ​ហើយ​ទៅ​។​មី​ស៊ី​ល​ឆ្លង​ទ្វីប​ICBM​កូរ៉េខាងជើង​ធ្វើតេស្ដ​ជោគជ័យ​ថ្មីៗ​នេះ ស​ទ្ធ​តែ​មាន​សមត្ថភាព​បាញ់​ដល់​ទឹកដី​អាមេរិក​។​

​បើ​មី​ស៊ី​ល​កូរ៉េខាងជើង​អាច​បាញ់​ដល់​ដែនដី​អាមេរិក ចុះ​ទម្រាំ​កូរ៉េខាងត្បូង​នៅ​ជិតបង្កើយ​នឹង​កូរ៉េខាងជើង រឿង​អី​ដែល​មិន​បង្កើន​ការប្រុងប្រយ័ត្ន​?​កូរ៉េខាងត្បូង​មិន​ត្រឹម​ជា​សត្រូវ​កូរ៉េខាងជើង ប៉ុន្ដែ​ជា​សម្ព័ន្ធមិត្ដ​អាមេរិក​ដែល​កូរ៉េខាងជើង​កំពុង​ស្អប់​ទៀត ចង់​ឬ​មិន​ចង់​បើ​ផ្ទុះអាវុធ​កូរ៉េខាងត្បូង​កុំ​សង្ឃឹម​រួចខ្លួន​។​

​មួយ​រយៈពេល​ចុងក្រោយ​កូរ៉េខាងជើង​ហាក់​បញ្ចេញ​ឥទ្ធិពល​កាន់តែខ្លាំង សម្ញែង​អាវុធ​នុយក្លេអ៊ែ​រដាក់​ពិភពលោក រហូត​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​អនុម័ត​ទណ្ឌកម្ម​បន្ថែម ដាក់​សម្ពាធ​លើ​វិស័យសេដ្ឋកិច្ច​។​ក្នុងនោះ​មាន​ហាមឃាត់​ការនាំចេញ​វត្ថុធាតុដើម និង​រាំងខ្ទប់​ការវិនិយោគ​ផ្សេងៗ​ជាមួយ​ក្រុមហ៊ុន​កូរ៉េខាងជើង​។​ចាត់វិធានការ​លើ​វិស័យសេដ្ឋកិច្ច ដោយ​យល់ឃើញថា​បិទ​ចំណូល​ប្រចាំឆ្នាំ​កូរ៉េខាងជើង នោះ​គេ​នឹង​ពិបាក​រក​មូលនិធិ​ជំរុញ​កម្មវិធី​នុយក្លេអ៊ែរ​។​តែ​កូរ៉េ​ខាងជើង​ពុំ​ទាន់​បង្ហាញ​ភាព​ភ័យ​ខ្លាច​នឹង​ទណ្ឌកម្ម​ថ្មី ឬ​ការព្រមាន​ណាមួយ​ឡើយ​៕

ព័ត៌មានផ្សេងទៀត