រដ្ឋ​មន្ត្រី​សុខាភិបាល​៖ជម្ងឺមិនឆ្លង​ជា​អាទិភាព​ត្រូវ​រួម​គ្នា​ទប់ស្កាត់​និង​ការពារ​

ដោយ៖ សៅ វិសាល 08-08-2017 4:51 pm 284

​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចាត់ទុក​ជម្ងឺមិនឆ្លង ជា​អាទិភាព​ចម្បង ដែល​ត្រូវ​រួមគ្នា​ដោះស្រាយ ទប់ស្កាត់ និង​ការពារ​។ ជំងឺមិនឆ្លង មិន​ត្រឹមតែ​ជា​បញ្ហា​សុខភាព តែ​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​បញ្ហា​ប្រឈម​ចំពោះ ការអភិវឌ្ឍន៍ ដល់​កំណើន​សេដ្ឋកិច្ចជាតិ តាមរយៈ​ការបាត់បង់​កម្លាំង​ពលកម្ម ។​

លោក​រដ្ឋមន្ត្រី មានប្រសាសន៍ យ៉ាង​ដូច្នេះ នៅក្នុង​កិច្ចប្រជុំ​បេសកកម្ម​រួមគ្នា របស់​ក្រុម​ការងារ​អង្គការ​ស្ថាប័ន នៃ​អង្គការ​សហប្រជាជាតិ ស្តី​ពី​ការបង្ការ និង​ទប់ស្កាត់​ជំងឺមិនឆ្លង មកកាន់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​០៨ ខែ​សីហា នៅ​សណ្ឋាគារ​សាន់វ៉េ​។​

​លោក​ម៉ម ប៊ុនហេង មានប្រសាសន៍​បន្ត​ថា ផែនការ​សកម្មភាព​ពហុ​វិស័យ សម្រាប់​ការពារ និង​ការប្រយុទ្ធ​នឹង​ជំងឺមិនឆ្លង (២០១៧-២០២៦) គឺជា​ការឆ្លើយតប​របស់ រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​បញ្ហា​ប្រឈម ដែល​កំពុង​តែ​កើនឡើង នៃ​ជំងឺ​បេះដូង សរសៃឈាម ជំងឺមហារីក ជំងឺ​ផ្លូវដង្ហើម​រាំ​រ៉ៃ និង​ជំងឺ​ទឹកនោម​ផ្អែម​។ លោក​បាន​បន្ថែមថា ជំងឺមិនឆ្លង ជា​ជំងឺ​រ៉ាំរ៉ៃ បណ្តាលឲ្យ​មាន​ពិការភា​ព បាត់បង់​ពលកម្ម និង​កំពុងតែ​គំរាមកំហែង ដល់​ភាពក្រីក្រ និង​បង្ក​ឲ្យមាន​ការចំណាយ យ៉ាងច្រើន ទៅលើ​សេដ្ឋកិច្ច​ជាតិ​។

​សំឡេង​

​លោក​រដ្ឋមន្ត្រី មានប្រសាសន៍​បន្ថែម​ថា សម្រាប់​វិធានការ​ទប់ស្កាត់ ការពារ ជម្ងឺមិនឆ្លង គឺ​៨០%​នៃ​ជម្ងឺ​នេះ អាច​បង្ការ​បាន ដោយ​គ្រាន់តែ​ដោះស្រាយ​បញ្ហា​ប្រឈម​ចំនួន​៤​សំខាន់ៗ​ដូចជា​......៖

សំឡេង

​តាម​ការប៉ាន់ប្រមាណ​ទុកជាមុន បាន​បង្ហាញ​ឲ្យដឹងថា នៅ​ចន្លោះ​ឆ្នាំ​២០១០ និង​ឆ្នាំ​២០២០ មរណភាព​ដោយសារ​ជម្ងឺមិនឆ្លង​អាច​កើនឡើង​រហូត​ដល់ ១៥ ភាគរយ ដែល​អាច​ស្មើនឹង​មនុស្ស ៤៤ លាន​នាក់​ត្រូវ​ស្លាប់​នៅក្នុង​ពិភពលោក រាប់​ទាំង​បណ្ដា​ប្រទេស​ទាំងអស់​នៅ​អាស៊ីអាគ្នេយ៍​ផងដែរ​។ ជាពិសេស​ជាងនេះទៅទៀត អង្គការ​សុខភាព​ពិភពលោក បាន​ប៉ាន់ប្រមាណ​ថា មាន​មនុស្ស ១០០ លាន​នាក់ បាន​ធ្លាក់ខ្លួន​ក្រីក្រ ព្រោះតែ​ការចំណាយ​ទៅលើ​សេវា​សុខភាព​ដោយផ្ទាល់ និង​មិនផ្ទាល់​។​

​សូមបញ្ជាក់​ថា ជម្ងឺមិនឆ្លង គឺ​ជា​ជម្ងឺ​ដ៏​កាច​សាហាវ​មួយ ដែល​បាន​ឆក់យក​ជីវិត​មនុស្ស ជាច្រើន​លាន​នាក់ នៅ​ក្នុង​មួយ​ឆ្នាំៗ​។ ជម្ងឺមិនឆ្លង​មានដូចជា​៖ ជម្ងឺ​ស​សៃឈាម និង​បេះដូង ជម្ងឺ​សួត​រុំាំរ៉ៃ មហារីក ទឹកនោម​ផ្អែម និង​ជម្ងឺ​ប្រព័ន្ធ​រំលាយ​អាហារ​ជាដើម​។ មូលហេតុ នាំឲ្យ​កើត​មាន​ជម្ងឺមិនឆ្លង បណ្តាលមកពី ការ​ទទួលទាន​អាហារ​មិន​ត្រឹមត្រូវ កង្វះ​កាយ​វប្ប​កម្ម ការសេព​គ្រឿង​ស្រវឹង និង​ការប្រើប្រាស់​ថ្នាំជក់​ជាដើម​៕ ដោយៈ​សៅ វិសាល​


ព័ត៌មានផ្សេងទៀត