អាស៊ាន​​ចេញ​សេចក្ដីថ្លែងការណ៍​រួម​​ជំរុញ​មិនឲ្យ​មាន​​កងទ័ព​នៅ​​សមុទ្រចិន​ខាងត្បូង​

ដោយ៖ ពេញ ផេង 07-08-2017 4:11 pm 347
រដ្ឋមន្ដ្រី​ការបរទេសអាស៊ាន​ចាប់ដៃក្នុងកិច្ចប្រជុំ

​វា​ហាក់ជា​ជោគជ័យ​មួយ​សម្រាប់​ប្រទេស​សមាជិក​អាស៊ាន ដែល​មាន​វិវាទ​ជាមួយ​ចិន​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​។​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃអាទិត្យ បាន​ទម្លុះ​ភាពជាប់គាំង​មួយ​ជាមួយ​ចិន​។​ការដោះស្រាយ​ជាមួយ​ចិន​គឺ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន បានចេញ​សេចក្តីថ្លែងការណ៍​រួម​អំពាវនាវ​ឲ្យ​លុបបំបាត់​កងកម្លាំង​យោធា​នៅក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង ដែល​កំពុង​បង្ក​ការព្រួយបារម្ភ​ពី​បញ្ហា​សុវត្ថិភាព​។​ពិសេស​ស្រប​ពេល​ចិន​កំពុង​សាងសង់​កោះ​សិប្បនិម្មិត​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​សេចក្តីថ្លែងការណ៍​ចេញ​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ ដូចជា​មាន​ជំហរ​រឹងមាំ​ជាង​ឆ្នាំ​មុន​ដែល​មិន​បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​ពាក់ព័ន្ធ​សមុទ្រ​ចិន​ខាងត្បូង​ទេ​។​សេចក្តីព្រាង​កាលនោះ ក៏​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ភាព​គ្មាន​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែរ​។​អ្នកការទូត​អាស៊ាន​ជាច្រើន​នាក់​និយាយថា ក្នុងចំណោម​ប្រទេស​សមាជិក​ទាំងអស់ ប្រទេស​សកម្ម​ក្នុង​រឿង​សមុទ្រ​ចិន​ខាងត្បូង​ជាងគេ​គឺ​វៀតណាម ព្រោះ​វៀតណាម​បាន​ប្រកួតប្រជែង​ជាមួយ​ចិន​ជុំវិញ​រឿង​ប្រជុំ​កោះ​Paracel​និង​Spratly ជា​ហេតុ​ធ្វើឲ្យ​ប្រទេស​ទាំងពីរ​មាន​បញ្ហា​លើ​ការធ្វើ​សម្បទាន​សេដ្ឋកិច្ច​។​

​យ៉ាងណា​ក៏​ដោយ​ទោះបី​ទាំង​អាស៊ាន​និង​ចិន​បាន​ឯកភាព​ថា លក្ខខណ្ឌ​ចរចា​ទាក់ទង​នឹង​សមុទ្រ​ចិន​ខាងត្បូង​រីក​ចម្រើន​ជាង​មុន ប៉ុន្តែ​ត្រូវបាន​ក្រុម​អ្នក​រិះគន់​ថា​ជា​យុទ្ធសាស្ត្រ​ឆ្លៀត​ឱកាស​ បង្រួម​អំណាចចិន​​ក្នុង​ដែន​​សមុទ្រចិន​ខាងត្បូង​បណ្ដោះ​អាសន្ន​​ប៉ុណ្ណោះ​។​

​សូម​រម្លឹកថា ថ្មីៗ​នេះ​អាស៊ាន​បាន​បរាជ័យ​ក្នុង​ការហាមឃាត់​ចិន មិនឲ្យ​ចូល​កាន់កាប់​កោះ​សិប្បនិម្មិត​ក្នុង​ដែន​ទឹក​មាន​ជម្លោះ​។​ចិន​មាន​ប្រៀប​នៅក្នុង​បញ្ហា​នេះ​ដោយសារ​មាន​ផ្ទៃដី​ជាប់​សមុទ្រ​ចិន​ខាងត្បូង​ធំជាងគេ​។​យ៉ាងណាមិញ​ប្រទេស​ដៃគូ​ជម្លោះ នៅតែ​អាច​គ្របដណ្តប់​លើ​តំបន់​ត្រីកោណ​របស់​ចិន​ចំនួន​៧​កន្លែង ក្នុងនោះ​មាន​ផ្លូវ​រត់​កាំជ្រួច មី​ស៊ី​ល រ៉ា​ដា ហើយ​បើ​តាម​អ្នកជំនាញ​ថា ទីតាំង​ទាំង​នោះ​ក៏​អាច​ផ្ទុក​យន្តហោះ​ចម្បាំង​បាន​ផងដែរ​៕ អត្ថបទ​ដោយ​៖ អ៊ុំ ចាន់​រក្សា​

ព័ត៌មានផ្សេងទៀត