លោក​ហ៊ុន សែន ខំ​បញ្ចុះបញ្ចូល​​ក្រុមហ៊ុន​ធំៗ​​របស់​ជប៉ុន​​ឲ្យ​បង្កើន​​ការវិនិយោគ ​នៅ​កម្ពុជា​​

ដោយ៖ ខាត់ សុធី 07-08-2017 3:22 pm 595
លោកហ៊ុន សែន ពេលទៅដល់ប្រទេសជប៉ុនកាលពីម្សិលមិញ

​ថ្ងៃនេះ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កំពុង​មាន​វត្តមាន​នៅ​ប្រទេស​ជប៉ុន ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី​០៦ ដល់​ថ្ងៃ​ទី​០៩​ខែ​សីហា ឆ្នាំ​២០១៧ ដែល​ដំណើរ​ទស្សនកិច្ច​នេះ តាម​គម្រោង ជប៉ុន​នឹង​ផ្ដល់​ទឹកប្រាក់​បន្ថែម​សរុប​ចំនួន​ប្រមាណ​ជិត​២៥០​លាន​ដុល្លារ មក​កម្ពុជា​សម្រាប់​គម្រោង​ចំនួន​ពីរ នៅ​រាជធានី​ភ្នំពេញ និង​ក្រុងព្រះសីហនុ​។​

​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​សីហា នេះ លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ជួប​តំណាង​ក្រុមហ៊ុន​ធំៗ​របស់​ជប៉ុន​ចំនួន​០៤ រួមមាន​ទី​១៖ ក្រុមហ៊ុន ដេន​សូ ខេ​ម​បូឌា​, ទី​២៖ ក្រុមហ៊ុន​តូយ៉ូតា​ថ្សឺ​ស្សូ​, ទី​៣៖ ធនាគារ​មី​ហ្សឺ​ណូ និង​ទី​៤៖ ក្រុមហ៊ុន មី​នៃ​ប៊ែ មី​តស៊ូ​មី ដែល​ធ្វើឡើង​នៅក្នុង​សណ្ឋាគា​រញ៉ូវ​អូ​តានី ក្រុង​តូ​ក្យូ​។ នេះ​បើ​យោង​តាម​ការផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​លើ​បណ្តាញ​សង្គម​Facebook ផ្លូវការ​របស់​លោក នៅថ្ងៃនេះ​។​

​លោក​ហ៊ុន សែន បាន​បង្ហាញ​ដល់​ក្រុម​អ្នក​វិនិយោគ​ជប៉ុន​អំពី​សក្ដានុពល​នៃ​ការវិនិយោគ​នៅ​កម្ពុជា ប្រកបដោយ​បរិយាកាស​នយោបាយ​ល្អ និង​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ជាច្រើន​ដែល​បាន​កសាងឡើង ជាមួយ​ប្រព័ន្ឋ​ទឹក​ភ្លើង និង​តម្លៃ​ពលកម្ម​ថោក​សមរម្យ ហើយ​នៅ​កម្ពុជា​កំពុង​ទទួលបាន​អ្នក​វិនិយោគិន​ជប៉ុន​កាន់តែ​ច្រើនឡើង​។​

​លោក​ហ៊ុន សែន​បាន​អះអាងថា ពេល​នេះ​កម្ពុជា បាន​ផ្តល់​នូវ​ភាពកក់ក្តៅ​ដល់​បណ្តា​ក្រុមហ៊ុន​ជប៉ុន​ដែល​កំពុង​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា និង​បាន​ទាក់ទាញ​នូវ​ក្រុមហ៊ុន​វិនិយោគ​ថ្មីៗ​ថែម​ទៀត​ទៅ​កម្ពុជា​ឲ្យបាន​កាន់តែច្រើន ជាពិសេស ការវិនិយោគ​លើ​វិស័យឧ​ស្សហកម្ម ដើម្បី​បង្កើន​ការងារ និង​ប្រាក់​ចំណូល​ដល់​បងប្អូន​ប្រជា​ពល រដ្ឋ ក៏​ដូចជា​បង្កើន​ថវិកា​សម្រាប់​ប្រទេសជាតិ​ទាំងមូល​ផងដែរ​។​

​បើ​តាម​សេចក្តីរាយការណ៍​ពី​ប្រទេស​ជប៉ុន​តាមរយៈ​អង្គភាព​ព័ត៌មាន​Fresh News​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល បានឲ្យដឹងថា ក្រុមហ៊ុនដេន​សូ ខេ​ម​បូឌា ដែល បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ មាន​ទីតាំង​នៅ​តំបន់​សេដ្ឋកិច្ច ពិសេស​រាជធានី​ភ្នំពេញ ហើយ​ក្រុមហ៊ុន​នេះ ភាគច្រើន​រកស៊ី ពាក់ព័ន្ធ​នឹង​គ្រឿង​បង្គំ របស់​រថយន្ត​ធុន​ធ្ងន់ ដែល​មាន​បុគ្គលិក​ខ្មែរ​ចំនួន​ជាង​២០០​នាក់​។ សម្រាប់​ឆ្នាំ​២០១៨ ខាងមុខ ក្រុមហ៊ុន​នេះ នឹង​បង្កើន​ផលិតផល​របស់​ខ្លួន​បន្ថែមទៀត ជា​ពិសេស​ជួយ​ពង្រឹង សមត្ថភាព​បុគ្គលិក​ខ្មែរ ដែល​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​។​

​ដោយឡែក ក្នុង​ជំនួប​ជាមួយ​ក្រុមហ៊ុន​តូយ៉ូតា​ថ្សឺ​ស្សូ នៅ​ចំពោះមុខ​លោក​ហ៊ុន សែន តំណាង​ក្រុមហ៊ុន បាន​ប្តេជ្ញា​ថា ជំហាន​ទី​១ ក្រុមហ៊ុន​របស់​ខ្លួន បាន​យក​ជនជាតិខ្មែរ ចំនួន​ប្រមាណ​ជាង​៣​រយ​នាក់ សម្រាប់​បំពេញ​ការងារ បន្ទាប់មក​បាន​បង្កើន​រហូតដល់​ជាង​១​ពាន់​នាក់ ហើយ​ជំហាន​ទី​២ នឹង​បង្កើន​រហូតដល់​ជាង​២​ពាន់​នាក់​។​

​ប៉ុន្តែ​តំណាង​ក្រុមហ៊ុន តូយ៉ូតា​ថ្សឺ​ស្សូ បាន​ប្រាប់​លោក​ហ៊ុន សែន​ថា ដោយសារ​ក្រុមហ៊ុន​ខ្លួន​ក៏ មាន​រោង​រថយន្ត​នៅ​ប្រទេស​ជិត​ខាង​កម្ពុជា ដូចជា​ប្រទេស​ថៃ​ដែរ​នោះ គឺ​មាន​ការដឹក​ឆ្លងកាត់​តំបន់​ព្រំដែន ដូច្នេះ​ក៏​បាន​ស្នើសុំ​កម្ពុជា ដើម្បី​បន្ត​ពង្រឹង​ការងារ​។​ចំណុច​នេះ លោក​នាយ្រដ្ឋមន្ត្រី​បាន​គាំទ្រ ប៉ុន្តែ​សុំឲ្យ​មាន​ការសហការ​ជាមួយ​ប្រ​ទេសជិ​តខាង​ផងដែរ​។​ប៉ុន្តែ​លោក​ថា នឹង​លើកយក​បញ្ហា​នេះ មក​ជជែក​ពិភាក្សា​បន្ថែមទៀត​។​

​លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា បច្ចុប្បន្ន​នេះ​កម្ពុជា មាន​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ហើយ​ថ្មីៗ​ខាងមុខនេះ កម្ពុជា​នឹង​បើក​ច្រក​អូរ​នាង ដើម្បី​សម្រួល​ពាណិជ្ជកម្ម កម្ពុជា​-​ថៃ​។ ដូច្នេះ លោក ក៏​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​តូយ៉ូតា​ថ្សឺ​ស្សូ ចូលរួម​បន្ត​អភិវឌ្ឍ​ន៏​ធនធានមនុស្ស​នៅ​កម្ពុជា ធ្វើយ៉ាងណា​ជួយ​អ្នក​ដែល​បានទទួល ការបណ្តុះបណ្តាល​រួច​ហើយ ឲ្យទទួល​បាន​ការងារ​ធ្វើ ។​

​ដោយឡែក ក្នុង​ជំនួប​ជាមួយ​ធនាគារ​មី​ហ្សឺ​ណូ លោក​ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​ធនាគា​រ ជប៉ុន​មួយ​នេះ ដែល​បាន​បង្កើត​សាខា​នៅ​ប្រទេស​កម្ពុជា ដែល​ការបើក​សាខា​នេះ គឺ​បង្ហាញ​ពី​ជំនឿ​នយោបាយ និង​សេដ្ឋកិច្ច​ចំពោះ​ប្រទេស​កម្ពុជា​។ ការ​ដែល​មាន​ធនាគារ​ជប៉ុន​នៅ​កម្ពុជា​បែបនេះ ក៏​ជា​ចំណុច​មួយ​ជួយ​សម្រួល​ដល់ អ្នកវិនិយោគ​នានា នៅ​កម្ពុជា​របស់​ភាគី​ជប៉ុន ព្រមទាំង​បង្ក​ភាពងាយស្រួល ចំពោះ​ភ្ញៀវ​ទេសចរ​ជប៉ុន ដែល​ធ្វើដំណើរ​កំសាន្ត​នៅ​កម្ពុជា​ផងដែរ ក្នុង​ការប្រើប្រាស់​លុយ​ជប៉ុន​។​

​នៅ​ចុង​ក្រោយ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន មី​នៃ​ប៊ែ មី​តស៊ូ​មី ដែល​ក្រុមហ៊ុន​នេះ បាន​បង្កើត​រោងចក្រ​ចំនួន​៣​នៅ​កម្ពុជា និង​បាន​ចូលរួម​បណ្តុះបណ្តាល​បុគ្គលិក​កម្ពុជា​ផង​ដែរ ទាក់ទង​នឹង​វិស័យ​អគ្គិសនី ដោយ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ EDC ក្នុង​ការផ្តល់​អគ្គស​នី​គ្រប់គ្រាន់ និង​មាន​តម្លៃថោក​។​

​សូមបញ្ជាក់​ថា កម្ពុជា និង​ជប៉ុន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​សេរីភាវូបនីយកម្ម ការជំរុញ និង​ការការពារ​វិនិយោគ តាំងពី​ខែ​មិថុនា​ឆ្នាំ​២០០៧​។ ចាប់តាំងពី​មាន កិច្ចព្រមព្រៀង​ជាមួយគ្នា​រួចមក មាន​ក្រុមហ៊ុន​ជប៉ុន​ចំនួន​១២៨​ក្រុមហ៊ុន បាន​មក​បណ្តាក់ទុន​វិនិយោគ​ក្នុងប្រទេស​កម្ពុជា ដែល​មាន​ទុន​សរុប​ចំនួន​ជា ២​ពាន់​៧២៨​លាន​ដុល្លារ ជាប់​ចំណាត់ថ្នាក់​ទី​៩ ក្នុងចំណោម​ក្រុមហ៊ុន នៃ​ប្រទេស​នានា ដែល​កំពុង​បណ្តាក់ទុន​វិនិយោគ​ក្នុងប្រទេស​កម្ពុជា​៕


ព័ត៌មានផ្សេងទៀត