អ្នកលេង​​ហ្វេ​ស​ប៊ុក​មិន​​សូវ​យល់​ច្បាប់ ​ខណៈ​អាជ្ញាធរ​​ចាប់​គ្មាន​​ប្រណី​​

ដោយ៖ គួន សំបូរ 07-08-2017 9:00 am 591

​ការប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ បាន​ជះឥទ្ធិពល​កាន់តែខ្លាំង​ឡើងៗ​នៅក្នុង​សង្គម​ខ្មែរ​។ ពលរដ្ឋ​កម្ពុជា​ទាំង​យុវវ័យ​រួម​ទាំង​មនុស្ស​ចាស់ បាន​យក​បណ្ដាញ​សង្គម​នេះ ធ្វើ​ជា​ការ​ឧបករណ៍​កម្សាន្ត ផ្តល់ព័ត៌មាន ការបញ្ចេញមតិ និង​រិះគន់ លើ​បញ្ហា​អ្វីមួយ​ដែល​គេ​មិន​ពេញចិត្ត​។ ប៉ុន្តែ​យ៉ាងណាក្តី គេ​មើលឃើញ​ថា អ្នកលេង​បណ្ដាញ​សង្គម​ភាគច្រើន​ហាក់​មិន​សូវ​យល់​អំពី​ច្បាប់ទម្លាប់​នៃ​ការប្រើ​ទេ ខណៈ​ដែល​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ចាប់​ពលរដ្ឋ​ខ្លួនឯង​គ្មាន​ប្រណី សូម្បី​តែ​ជា​ការផ្តល់ព័ត៌​ក្នុងន័យឲ្យ​មាន​ប្រុងប្រយ័​ត្ន​ក៏​ដោយ​។ បទវិភាគ​ដោយ គួន សំបូរ​

​ពីមួយថ្ងៃ​ទៅមួយថ្ងៃ បើ​យើង​ពិនិត្យ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក គេ​នឹង​ឃើញ​មាន​សំណេរ​ជា​ច្រើន​។ សំណេរ​ទាំងនោះ​មាន​ច្រើន​ប្រភេទ​ដូចជា​៖ ការរិះគន់ ការសម្តែង​មតិ ការ​បង្ហោះ​ព័ត៌មាន​ផ្សេងៗ រួម​ទាំង​ការបញ្ចេញ​អារម្មណ៍​អណ្តែតអណ្តូង ស្នេហា និង​ការ​ទួញ​យំ​ថែម​ទៀត​។ បន្ថែម​ពី​នេះ សំណេរ​សង្គ្រាម​ប៉ាកកា​នានា ពាក្យសម្តី​ឌឺដង​ដាក់គ្នា ការ​បង្ហោះព័​ត៌មិន​ខុស​វិជ្ជាជីវៈ ការជេរប្រមាថ លាប​ពណ៌​គ្នា រវាង​សកម្មជន​នយោបាយ ក៏​កើត​មាន​ស្ទើរ​រាល់ថ្ងៃ​ដូចគ្នា​អ៊ីចឹង​ដែរ​។​

​បើ​យើង​ក្រឡេក​មើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិញ បាន​រីកដុះដាល់​ដូច​ផ្សិត ដោយ​ដាក់​ឈ្មោះ​ផ្សេងៗ​គ្នា និង​ធ្វើ​សកម្មភាព​ផ្សាយ​តាម​បណ្តាញ​សង្គម​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លះ ធ្វើ​សកម្មភាព​បម្រើ​គណបក្ស​នយោបាយ និង​ខ្លះទៀត​ចង់បាន​ការគាំទ្រ​។​ដើម្បី​បាន​ទទួល​ការគាំទ្រ ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនោះ ផ្សាយ​ព័ត៌មាន​ខុស​វិជ្ជាជីវៈ​សារព័ត៌មាន ហើយ​ពេល​ខ្លះ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​ព័ត៌មាន​ការជេរប្រមាថ​គ្នា ដែល​ជា​ព័ត៌មាន​មិន​ផ្តល់​ផល​ចំណេញ​ដល់​សង្គមជាតិ​។ ការ​យក​មក​ចុះ​ផ្សាយ​បន្ត​នេះ ជា​ហេតុ​ធ្វើឲ្យ​អ្នក​ដែល​ចូល​ចិត្តជេរ ចូលចិត្ត​ផ្តល់ព័ត៌មាន​មិន​ពិត មាន​កម្លាំង​បន្ថែម​ក្នុង​ការផ្សាយ​ព័ត៌មាន​បន្ត​។​ចំណែកឯ​អ្នក​រង់​គ្រោះ គឺ​សង្គម​ខ្មែរ​។​

​សកម្មភាព​ទាំងអស់​នេះ ស្ទើរ​ក្លាយ​ជា​ទម្លាប់​ទៅហើយ សម្រាប់​អ្នកលេង​ហ្វេ​សប៊ុក​នៅក្នុង​ស្រុក​ខ្មែរ​។ តែ​ទម្លាប់​នេះ​ពុំមែន​ជា​ទម្លាប់​ល្អ​ឡើយ ផ្ទុយទៅវិញ​វា​ក្លាយ​ជា​ទម្លាប់​អាក្រក់ ពីព្រោះ​វា​បង្ហាញ​ពី​ភាព​មិន​សូវ​ចេះ​ច្បាប់​របស់​អ្នកប្រើប្រាស់​។ នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចែង​យ៉ាងច្បាស់ ពី​ការ​បញ្ជេញមតិ និង​ការផ្តល់​ព័ត៌មាន​ដល់​សាធារណជន​។ តែបើ​ពិនិត្យ​មើល​ផ្លូវ​ច្បាប់ និង​សកម្មភាព​សព្វថ្ងៃ គឺ​ខុស​គ្នា​ស្រឡះ​។​ដូច្នេះ​បានជា​អ្នកប្រើប្រាស់​ខ្លះ​ត្រូវ​ប្រឈមមុខ​នឹង​ទោសទណ្ឌ​។​

​ចំពោះ​មាត្រា​ដែល​អ្នកលេង​ហ្វេ​សប៊ុក​កំពុង​ប្រព្រឹត្ត​ខុស​ដោយ​មិនដឹង​ខ្លួន​នោះ​មានដូចជា​៖ មាត្រា​៣០៥ ស្តីពី បទ​បរិហាកេរ្តិ៍​ជា​សាធារណៈ មាត្រា​នេះ​ចែងថា គ្រប់​ការអះអាង​បំផ្លើស ឬ ការទម្លាក់​កំហុស​ដោយ​អ​សុទ្ធចិត្ត​លើ​អំពើ​ណាមួយ ដែល​នាំឲ្យ​ប៉ះពាល់​ដល់កិត្ត​យស ឬ​កិត្តិ​ស័ព្ទ​នៃ​បុគ្គល ឬ​នៃ​ស្ថាប័ន គឺជា​ការ​បរិហាកេរ្តិ៍​។

​ចំណែក​មាត្រា​៣០៧ បទ​ជេរប្រមាថ​ជា​សាធារណៈ មានន័យ​ថា គ្រប់​ពាក្យ​ប្រមាថ គ្រប់​ពាក្យសម្តី​មើលងាយ ឬ​គ្រប់​ពាក្យ​ទ្រគោះ ដែល​គ្មាន​ការទម្លាក់​កំហុស​ទៅលើ​អំពើ​ណាមួយ គឺជា​ការជេរប្រមាថ​។ និង​តាម​មាត្រា​៤២៥ បទល្មើស​ក្លែង​ព័ត៌មាន គឺជា​អំពើ​ផ្តល់ ឬ​បើ​កកាយ​ព័ត៌មាន​ក្លែង ដើម្បី​ធ្វើ​ឲ្យ​ជឿ​ថា​នឹង​កើតមានឡើង​នូវ​ការបំផ្លិចបំផ្លាញ ការធ្វើឲ្យ​ខូចខាត​និង​គ្រោះថ្នាក់​ចំពោះ​មនុស្ស ហើយ​ទោស​នេះ ត្រូវ​ផ្ដន្ទាទោស​ពី​១​ឆ្នាំ ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​ពី ២​លាន​រៀល ទៅ​៤​លាន​រៀល​។​

​ជា​ការពិត​ណាស់ សង្គម​កម្ពុជា​ជា​ប្រទេស​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ ដូច្នេះ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​គ្រប់គ្រាន់ ក្នុង​ការប្រើប្រាស់​បណ្ដាញ​សង្គម និង​ការ​បញ្ជេញមតិ ឬ​ចែករំលែក​ព័ត៌មាន​ដែល​ខ្លួន​បាន​ដឹង ដើម្បី​ជួយ​ការពារ និង​អភិវឌ្ឍ​សង្គម​ខ្មែរ​ទាំងអស់​គ្នា​។ ប៉ុន្តែ​សេរីភាព​នេះ ក៏​ត្រូវ​ផ្សារភ្ជាប់​នឹង​ការអនុវត្ត​ច្បាប់​ផង​ដែរ​។​

​រហូតមកដល់​ពេលនេះ គឺ​មាន​ពលរដ្ឋ​មួយចំនួន ត្រូវបាន​តុលាការ​សម្រេច​ដាក់ពន្ធនាគារ​ដោយសារ​តែ​បង្ហោះ​ព័ត៌មាន​នៅ​តាម​បណ្តាញ​សង្គម​។ ក្នុងនោះ​មាន​យុវជន​គង់ រៃ​យ៉ា ជា​មនុស្ស​ដំបូង​គេ ក្រោយមក​មាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួនទៀត ហើយ​ចុងក្រោយ​នេះ​មាន​បុរស​ពីរ​នាក់​នៅ​ខេត្ត​កំពង់ធំ និង​ខេត្ត​តាកែវ ត្រូវ​តុលាការ​សម្រេច​ដាក់ពន្ធនាគារ ដោយសារ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ថា មាន​ជនជាតិ​វៀតណាម​ចាប់​ក្មេង​វះ​យក​គ្រឿង​ក្នុង​។​

​យ៉ាងណាក៏ដោយ ចំណាត់ការ​របស់​អាជ្ញា​ធរ​នេះ ជា​ការអនុវត្ត​ច្បាប់ ហើយ​យើង​គួរតែ​លើកទឹកចិត្ត​។ ប៉ុន្តែ​វិធានការ​ខ្លះ អាជ្ញាធរ​មិនគួរណា​បញ្ជូនទៅ​តុលាការ​ហើយ​សម្រេច​ដាក់​ពន្ធនាគារ​នោះ​ទេ​។ តួរ​យ៉ាង​ដូចជា ការបង្ហាញ​ពី​ក្តីបារម្ភ​របស់​ប្រជាពលរដ្ឋ និង​ជា​ការចែករំលែក​ឲ្យ​ពលរដ្ឋ​ផ្សេង​ទៀត​មាន​ការប្រុងប្រយ័ត្ន​។ រីឯ​អាជ្ញាធរ បើ​ស្រាវជ្រាវ​រកឃើញ​ថា ព័ត៌មាន​មិន​ពិត គួរតែ​ចេញមុខ​បកស្រាយ​ភ្លាមៗ​ឬ​គ្រាន់តែ​យក​មក​អប់រំ ឬក៏​ពិន័យ​ជា​ប្រាក់ ជាជាង​ការដាក់​ពន្ធនាគារ​។ បើសិន​អាជ្ញាធ​រងាក​ចាប់​ដាក់គុកៗ​បែប​នេះ​ប្រៀប​ដូចជា​គំរាម​ពលរដ្ឋ​ខ្លួនឯង កុំឲ្យ​បង្ហាញ​ពី​ក្តីបារម្ភ ឬ​ផ្សាយ​ព័ត៌មាន​ដែល​ខ្លួន​បាន​ដឹង​អ៊ីចឹង​ដែរ​។

​ជាទូទៅ​ករណីខ្លះ ពលរដ្ឋ​ប្រព្រឹត្ត​ខុស​ត្រឹមតែ​បទ​បរិហាកេរ្តិ៍​ធម្មតា​ទេ តែ​តុលា​ការកាត់ទោស​រហូតដល់​មាត្រា​៤៩៥ ប្រែ​ទៅជា​បទល្មើស​ញុះ​ញ៉​ង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ហើយ​ប្រឈម​ជាប់​ពន្ធនាគារ​ពី ៦​ខែ ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ជា​ហូរហែ​ទៅវិញ​។​

​ជា​រួម​មក​វិញ លទ្ធផល​ទាំង​ល្អ និង​អាក្រក់ មិនមែន​កើតចេញពី​ហ្វេ​សប៊ុក​នោះទេ គឺ​កើត​ចេញពី​អ្នក​ប្រើប្រាស់​ដោយ​ខ្លួនឯង​។ បើសិន​ជា​អ្នក​ប្រើប្រាស់​វា​ដើម្បី​ចែករំលែក ព័ត៌មាន ចំណេះដឹង គំនិតល្អៗ និង​កម្សាន្ត​មាន​ប្រយោជន៍ ដោយ​មាន​ពេល​ពេលវេលា​ត្រឹមត្រូវ គឺជា​រឿង​ល្អ​ប្រសើរ​សម្រាប់​សង្គម និង​ខ្លួនឯង​ផ្ទាល់​។ ប៉ុន្តែ​បើ​គ្រាន់តែ លេង​ដើម្បី​រិះគន់​ឈ្នានីស ជេរប្រមាថ លាប​ពណ៌​គ្នា បង្ហោះ​រូប​អាសអាភាស និង​ផ្សាយ​ព័ត៌មាន​បំពុលសង្គម វា​នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​ខ្លួនឯង ហើយ​ត្រូវ​ប្រឈមមុខ​នឹង​ការជាប់​ទោសទណ្ឌ​ថែម​ទៀត​។​

​ការប្រើប្រាស់​បណ្ដាញ​សង្គម គឺជា​ផ្នែក​មួយ​នៃ​សេរីភាព​បញ្ចេញមតិ​របស់​មនុស្ស​គ្រប់គ្នា​។ ប៉ុន្តែ​សេរីភាព​នៃ​ការបញ្ចេញ​មតិ​នេះ ក៏​ត្រូវ​គិតគូរ​ដល់​សិទ្ធិសេរីភាព កេរ្តិ៍ឈ្មោះ និង​សេចក្តីថ្លែថ្លូ​ររបស់​អ្នកដទៃ និង​សង្គមជាតិ​ដែរ​។ ដូច្នេះ អំណឹះ​តទៅ ប្រជាជន​ខ្មែរ​មួយចំនួន​ជា​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម គួរតែ​ផ្លាស់ប្ដូរ​ឥរិយាបថ ឬ​ទម្លាប់​អាក្រក់​មួយចំនួន​ចេញ ហើយ​ត្រឡប់​មក​ចែករំលែក​ចំណេះដឹង ឬ​គំនិតល្អៗ នេះ​ទើប​ជា​ការជួយ​សង្គមជាតិ​ពិតប្រាកដ​៕


ព័ត៌មានផ្សេងទៀត