មក​ដឹង​ពី​ស្នាដៃ​និង​ប្រវត្តិ​ត្រួសៗ​របស់​លោក​ញឹក ប៊ុនឆៃ​

ដោយ៖ គង់ ឧត្តម 05-08-2017 4:12 pm 13290

​លោក ញ៉ឹក ប៊ុនឆៃ កើត​នៅ​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​១៩៥៨ ក្នុង​គ្រួសារ​កសិករ​មួយ​នៅ​ភូមិ​តា​អុង​ខាងលិច ឃុំ​ស្វាយចេក ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ។ លោក​មាន​ឪពុក​ជា​ជាងឈើ និង​ម្ដាយ​ជា​កសិករ ។ លោក ញឹក ប៊ុនឆៃ បាន​រៀបការ​ភរិយា​ទី​១​នៅក្នុង​របប​ខ្មែរក្រហម​និង​មាន​កូនស្រី​ម្នាក់ ។ តែ ក្រោយ​ប្រពន្ធដើម​ស្លាប់​លោក​បាន​រៀបការ​ភរិយា​ទី​ពីរ​នៅ​ឆ្នាំ​១៩៧៩ និង​មាន​កូនស្រី​ម្នាក់ទៀត ។ លោក​បាន​សិក្សា​ចប់​ត្រឹម​ថ្នាក់​ខ្ពស់​បំផុត​នៃ​ថ្នាក់​ទំនើប​ជាតិ នៅ​មុន​ឆ្នាំ​១៩៧៥ ។ ក្នុង​ខែ​កុម្ភៈ ឆ្នាំ​១៩៨៥ លោក ញឹក ប៊ុនឆៃ បាន​ទៅ​រៀន​សាលា​នាយទាហាន​ថ្នាក់​សេនាធិការ ប្រទេស​ថៃ និង​ក្រោយ​មក​រៀន​នៅ​សាលា​នាយ​ទាន​ហាន​ជាន់ខ្ពស់​នៅ​ប្រទេស​ថៃ ។ លោក ញឹក ប៊ុនឆៃ ចូលចិត្ត​អាន​សៀវភៅ​ស្តីពី​របប​កុម្មុយនីស្ត តែ​គ្មាន​សុបិន​ចង់​ក្លាយជា​អ្នកនយោបាយ​ទេ ប៉ុន្តែ កាលៈទេសៈ​បាន​ទាញ​លោក​ឱ្យ​ចូល​ពាក់ព័ន្ធ​នឹង​ដំណោះស្រាយ​វិបត្តិ​ប្រទេសជាតិ​។​

​នៅ​អាយុ​រវាង​២០​ឆ្នាំ លោក ញឹក ប៊ុនឆៃ ចាប់ផ្ដើម​ចូល​ធ្វើ​ទាហាន​ខ្មែរក្រហម​នៅ​ដើមឆ្នាំ​១៩៧៦ ដោយ​គ្មាន​ការបណ្ដុះបណ្ដាល​ទេ គឺ​គ្រាន់តែ​បំពាក់​អាវុធ​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ​ដែល​បាន​ជ្រើសរើស​៥០០​នាក់​ទៀត នៅក្នុង​ភូមិកំណើត​លោក​ប៉ុណ្ណោះ ។ ក្នុង​អំឡុង​ខែ​មីនា ឆ្នាំ​១៩៧៦ លោក​បាន​រត់ចេញ​ពី​ភូមិ​កំណើត​នៅ​ឆ្នាំ​នោះ បន្ទាប់ពី​បាន​ឃើញ​ឈ្មោះ​នៅក្នុង​បញ្ជី​ដែល​ត្រូវ​យក​ទៅ​សម្លាប់ ។ ក្នុង​ខែ​មីនា ឆ្នាំ​១៩៧៦​ដដែល លោក​ជាប់​ពន្ធនាគារ​នៅ​បន្ទាយ​ទាហាន​អារញ្ញប្រថេត​ប្រទេស​ថៃ រយៈពេល​៤​ខែ ។​

​នៅ​ចន្លោះ​ឆ្នាំ​១៩៧៦ និង​ឆ្នាំ​១៩៧៨ លោក​រស់​នៅក្នុង​ចម្ការ​ដំឡូង​និង​មាន​ការបណ្ដុះបណ្ដាល​យោធា​នៅ​ប្រទេស ថៃ​ពី​អ្នកជំនាញ​បារាំង​និង​អង់គ្លេស ។ នៅពេលនោះ លោក​បាន​ធ្វើ​ដំណើរ​ជាមួយ​យុទ្ធ​មិត្ត​ទៅកាន់​កន្លែង​ប្រយុទ្ធ​ចំនួន​២០​កន្លែង ជាប់​ព្រំដែន​ប្រទេស​ប៉ា​គី​ស្ថាន និង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន និង​កងកម្លាំង​តស៊ូ​ប្រដាប់អាវុធ​កា​រ៉ែ​ន នៅ​មី​យ៉ាន់​ម៉ា សម្រាប់​ជា​សមយុទ្ធ​ជាក់ស្ដែង​រយៈពេល​ជាច្រើន​ខែ ។ លោក​បាន​ត្រឡប់​មក​ព្រំដែន​កម្ពុជា​-​ថៃ​វិញ​នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​១៩៧៩ ដើម្បី​បង្កើត​កងកម្លាំង​តស៊ូ​ប្រដាប់អាវុធ​វាយ​កងទ័ព​វៀតណាម ដែល​កំពុង​ឈ្លានពាន​កម្ពុជា ។ កម្លាំង​តស៊ូ​ដែល​មាន​គ្នា​៧​នាក់ អាវុធ​២​ដើម នៅមុខ​ភូមិ​ណង​ម៉ាក​ម៉ុនរបស់​ថៃ​ ខាងលិចភូមិ​យាង​ដង្គំ​របស់​ខែ្មរ ក្បែរ​បង្គោល​ឡាក់ លេខ​៤៣ ដែល​ហៅថា ជំរុំ​ចាស់ ។ ក្រុម​តស៊ូ​ប្រដាប់អាវុធ​នេះ បាន​ពង្រីក​ខ្លួន​កាន់តែ​ធំ​ឡើង​បន្ទាប់ពី វៀតណាម​បាន​បើក​ការវាយប្រហារ​ទៅលើ​របប​ខែ្មរ​ក្រហម​ឱ្យ​រត់​ទៅ​កាន់​ព្រំដែន ហើយ​ក្រុម​តស៊ូ​បាន​រើស​យក​គ្រឿង​សព្វាវុធ​ជាច្រើន​ដែល​ពួកគេ​បោះបង់ចោល ។ លោក ញឹក ប៊ុនឆៃ ចាប់ផ្ដើម​ប្រមូលយក​អាវុធ​ទាំង​អស់ ហើយ​បាន​ពង្រីក​កងកម្លាំងប្រដាប់អាវុធ​របស់ខ្លួន ។ ជនជាតិ​ថៃ​ម្នាក់​ជា​មិត្ត​របស់​លោក​បាន​ផ្គត់ផ្គង់​សព្វាវុធ​បន្ថែម ដោយ​គេ​យក​អង្ករ​ទៅ​ដូរ​ជាមួយនឹង​ខ្មែរក្រហម​។​

​បន្ទាប់​ពី​ពង្រីក​កងកម្លាំងប្រដាប់អាវុធ​ហើយ លោក ញឹក ប៊ុនឆៃ ចាប់ផ្ដើម​ទាក់ទង​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ជំរំ​ជនភៀសខ្លួន នៅ​ប្រទេស​ថៃ ។ បើ​ទោះបីជា​មិន​ស្ទាត់ជំនាញ​លោក ញឹក ប៊ុនឆៃ ចេះ​និយាយ​ភាសា​ថៃ បារាំង និង អង់គ្លេស ហើយ​នៅក្នុង​ជំរំ​ជនភៀសខ្លួន​លោក​បាន​ជាប់​ការ​ធ្វើ​តេស្ត​ជា​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​បារាំង និង​អាមេរិក ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ទៅ​រស់នៅ​ទីនោះ​ទេ ដោយសារតែ​មាន​សំណួរ​សើចចំអក​របស់​ជនជាតិ បារាំង​ម្នាក់​នៅក្នុង​ជំរំ​ថា​៖ «​ហេតុអ្វី​បានជា​ខ្មែរ​បោះបង់​ចោល​ប្រទេស​ខ្លួន​ទៅ​ធ្វើ​ជា​កញ្ជះ​បរទេស​?»​។ លោក ញឹក ប៊ុនឆៃ ចុះចេញ​ពី​រថយន្ត​ធំ​ដែល​ដឹក​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ជំរំ ទៅកាន់​ព្រលានយន្តហោះ​ក្រុង​បាងកក ដើម្បី​ទៅ​រស់នៅ​ប្រទេស​ទី​៣ ។ លោក​បាន​ត្រឡប់​ទៅ​ព្រំដែន​ថៃ​-​កម្ពុជា​វិញ ហើយ​ចាប់ផ្ដើម​ពង្រឹង​កងកម្លាំង​ប្រដាប់អាវុធ និង​ពង្រីក​ទៅ​តាម​តំបន់​ជាច្រើន​ហើយ​អ្នកកាសែត​ជាតិ​បែលហ្ស៊ិក​ពីរ​នាក់ ត្រូវបាន​អនុញ្ញាត​ឱ្យ​ចូល​ទៅកាន់​ព្រំដែន​ដើម្បី​សរសេរ​ពី​ជីវិត​ពលរដ្ឋ​ខ្មែរ ។ ពីរ​សប្ដាហ៍​បន្ទាប់​ពី​ផ្សាយ​អត្ថបទ​នេះ មាន​ទីភ្នាក់ងារ​សហគម​ន៍​អន្តរជាតិ​មួយចំនួន​បាន​ផ្គត់ផ្គង់​អាហារ និង​ថ្នាំពេទ្យ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​។​

​ព្រះអង្គម្ចាស់ សម្ដេចព្រះ​នរោត្តម សីហនុ បាន​បង្កើត​ចលនា​រណសិរ្ស​បង្រួបបង្រួម​ជាតិ​សម្រាប់​កម្ពុជា​ឯករាជ្យ អព្យាក្រឹត្យ​សន្តិ​និង​សហប្រតិបត្តិកា​រហៅ​កាត់​ថា ហ្វ៊ុន​ស៊ិនប៉ិច (FUNCINPEC) ។ កាលពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​១៩៨១ លោក ញឹក ប៊ុនឆៃ បាន​ផ្ញើ​លិខិត​ទៅ​សម្ដេចព្រះ​នរោត្តម សីហនុ ពេលនោះ ព្រះអង្គ​គង់​នៅ​ទីក្រុង​ប៉េកាំង និង​ក្រុង​ព្យុង​យ៉ាង ដើម្បី​យាង​ទ្រង់​ធ្វើ​ជា​ប្រធាន​ចលនា​តស៊ូ ដែល​ព្រះអង្គ​ឱ្យឈ្មោះ​ថា ហ្វ៊ុន​ស៊ិនប៉ិច ។ សម្ដេចព្រះ​នរោត្តម សីហនុ បានតែងតាំង​បុត្រ​ព្រះអង្គ គឺ​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ឱ្យធ្វើ​ជា​តំណាង​របស់​ព្រះអង្គ​ដើម្បី​ដឹកនាំ​រណសិរ្ស ហ្វ៊ុន​ស៊ិនប៉ិច នៅ​ឆ្នាំ​១៩៨៣ បន្ទាប់មក​បាន​ធ្វើ​សមាជ​ធំ​មួយ​ដើម្បី​ប្តូរ​ចលនា​តស៊ូ​នេះ ទៅ​ជា​គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច វិញ​។​

​លោក ញឹក ប៊ុនឆៃ ជា​នាយទាហាន​មួយរូប​ក្នុង​ចលនា​ខ្មែរស និង​កងទ័ព​មូលី​ណា​ការ កងទ័ព​ជាតិ​សីហនុ​និយម កងទ័ព​ជាតិ​កម្ពុជា​ឯករាជ្យ​ដែល​ប្រឡូក​ដោយផ្ទាល់​នៅក្នុង​សមរភូមិ​ធំៗ​ជាច្រើន ហើយ​លោក ញឹក ប៊ុនឆៃ ត្រូវបាន​សម្តេច​ព្រះ នរោត្តម សីហនុ ប្រទាន​មេដៃ​ជា​បន្តបន្ទាប់​។​
​ក្នុង​ការបោះឆ្នោត​សកល ឆ្នាំ​១៩៩៣ ដែល​រៀបចំឡើង​ដោយ អ៊ុន តាក់ លោក ញឹក ប៊ុនឆៃ ត្រូវបាន​តែងតាំង​ជា​អគ្គមេបញ្ជាការ​រង​ទី​មួយ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​គណបក្ស​ហ៊ុនស៊ិនប៉ិច​ខេត្ត​បាត់ដំបង ហើយក៏​ជា​ប្រធាន​សន្តិសុខ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទូទៅ​សម្រាប់​ការបោះឆ្នោត​ទូទាំងប្រទេស​។​

​ហ្វ៊ុន​ស៊ិនប៉ិច បាន​ឈ្នះ​ការបោះឆ្នោត​រៀបចំ​ដោយ​អ៊ុនតាក់ ឆ្នាំ​១៩៩៣ តែ​ដោយ​មាន​វិបត្តិ​នយោបាយ ទើប​បង្កើត​ឱ្យមាន​រដ្ឋាភិបាលចម្រុះ ដែល​ទ្រង់ រណឫទ្ធិ ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ទី​១ និង​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ទី​២ ។ ក្រោយ​បោះឆ្នោត​សកល ឆ្នាំ​១៩៩៣ លោក ញឹក ប៊ុនឆៃ ត្រូវបាន​រាជរដ្ឋាភិបាលចម្រុះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង គណបក្ស​ប្រជាជន​កម្ពុជា តែងតាំង​ជា​នាយ​អគ្គសេនាធិការរង​ទី​១ នៃ​កងយោធពល​ខេមរភូមិន្ទ ។ នៅ​ថ្ងៃ​ទី ១៩ ខែ​សីហា ឆ្នាំ​១៩៩៦ លោក ញឹក ប៊ុនឆៃ បាន​នាំ​លោក ប៉ុល សារឿ​ន លោក ស៊ូ គឹម​ស៊ុន លោក កែវ ពង្ស ទៅ​ជួប​ផ្ទាល់​ជាមួយ​លោក សុខ ភាព លោក អ៊ី ឈាន លោក អៀង វុ​ធ ហើយក៏​បាន​បន្ត​ដោះស្រាយ​ខ្មែរក្រហម​ឱ្យ​ចូលរួម​រស់​ក្នុង​សង្គម​ជាតិ​វិញ ខាងត្បូង​ផ្លូវជាតិ​លេខ​៥ ។​

​នៅ​ថ្ងៃ​ទី ៥-៦ ខែកក្កដា ឆ្នាំ​១៩៩៧ ព្រះអង្គម្ចាស់ រណឫទ្ធិ ត្រូវ​បាន​បណ្តេញចេញ​ដោយ​រដ្ឋប្រហារ ព្រោះតែ ហ្វ៊ុន​ស៊ិនប៉ិច ប្រើ​នយោបាយ​ធ្វើឱ្យមាន​តុល្យភាព​កម្លាំងប្រដាប់អាវុធ ។ ព្រឹត្តិការណ៍​ផ្ទុះអាវុធ​នៅ​ភ្នំពេញ​នេះ លោក ញឹក ប៊ុនឆៃ បាន​ធ្វើដំណើរ​ដោយ​ថ្មើរជើង​រយៈពេល​មួយ​ខែ ទើប​ទៅ​ដល់​មូលដ្ឋាន​អូ​ស្មាច់ ។ នៅ​ដើមឆ្នាំ ១៩៩៩ លោក​ញឹក ប៊ុនឆៃ បាន​ត្រឡប់​មក​កាន់​ទីក្រុង​ភ្នំពេញ​វិញ ព្រមទាំង​ទទួលបាន​ការតែងតាំង​ជា​អនុប្រធាន​ទី​២ នៃ​ព្រឹទ្ធសភា​ជាតិ ។ 

​ឆ្នាំ​២០០៣ លោក ញឹក ប៊ុនឆៃ ត្រូវបាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច តែងតាំង​ឱ្យ​ធ្វើជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ខេត្ត​បាត់ដំបង​ម្តងទៀត និង​បាន​ជាប់​ជា​តំណាងរាស្ត្រ​ខេត្ត​បាត់ដំបង ។ ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០០៣ លោក​ញឹក ប៊ុនឆៃ បាន​ចូលរួម​ដោះស្រាយ​វិបត្តិ​ជាប់គាំង​នយោបាយ រហូត​បាន​សម្រេច​ជោគជ័យ គឺ​រៀបចំ​រាជរដ្ឋាភិបាលចម្រុះ​ទ្វេភាគី រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ។ ដោយឡែក នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០០៤ ក្នុងនាម​ជា​ប្រមុខរដ្ឋស្តីទី លោក ញឹក ប៊ុនឆៃ បាន​ចុះហត្ថលេខា​លើ​ច្បាប់​រដ្ឋធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ ហើយ​បញ្ហា​ជាប់​គាំង​ខាង​នយោបាយ​ត្រូវ​បាន​ដោះស្រាយ​ជា​ប្រក្រតី​ឡើងវិញ ។ ក្រោយ​បញ្ហា​ជាប់គាំង​នយោបាយ​ត្រូវបាន​ដោះស្រាយ លោក ញឹក ប៊ុនឆៃ ត្រូវបានតែងតាំង ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​សហរដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ។ លោក​ត្រូវបាន​តម្លើង​ឋានន្តរៈសក្តិ ជា​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​បួន​។​

​លោក ញឹក ប៊ុនឆៃ បាន​បណ្ដេញ​ទ្រង់ រណឫទ្ធិ ពី​គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច នៅ​ឆ្នាំ​២០០៦ ហើយ​បាន​ដាក់​សម្ពាធ​លើ​ព្រះអង្គ​ឱ្យ​លាលែង​ពី​នយោបាយ​នៅ​ឆ្នាំ​២០១២ ។ ក្នុង​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៤ ឆ្នាំ ២០០៨ -២០១៣ លោក​ត្រូវបាន​តែងតាំង​ជា ឧបនាយករដ្ឋមន្ត្រី ។ បន្ទាប់​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បែកបាក់​គ្នា​ជា​លើក​ទី​ពីរ លោក ញឹក ប៊ុនឆៃ បាន​ចេញ​ពី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ដោយ​បាន​បង្កើត​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដោយ​មាន​រចនាសម្ព័ន្ធ​ដឹកនាំ​ចាស់ ក្នុង​អំឡុង​ដើមឆ្នាំ​២០១៦ ។​

​យ៉ាងណាម៉ិញ នៅ​ដើម​ខែ​សីហា ឆ្នាំ​២០១៧ លោក ញឹក ប៊ុនឆៃ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពី​បទ​ផលិត​គ្រឿងញៀន កាលពី​ឆ្នាំ​២០០៧ នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ។ រហូតមកដល់​ថ្ងៃ​ទី​០៥ ខែ​សីហា លោក​ត្រូវបាន​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជូនទៅ​តុលាការ​ដើម្បី​បន្ត​ការ​សួរនាំ​និង​ចាត់ការ​តាមច្បាប់ ។ អតីត​ឧបនាយករដ្ឋមន្ត្រី ក្នុង​រដ្ឋាភិបាលចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​ជាច្រើន​អាណត្តិ​រូប​នេះ​ធ្លាប់​ថ្លែងថា គំនិត​ដំបូង​របស់​លោក គ្មាន​ការចាប់អារម្មណ៍​នឹង​កិច្ចការ​នយោបាយ​ទេ ហើយក៏​មិន​ចូលចិត្ត​ពាក់​អាវធំ​និង​ក្រវាត់ក​ដែរ ប៉ុន្តែ​ជីវិត​របស់​លោក​បាន​ក្លាយ​ជា​អ្នកនយោបាយ​ជា​រៀង​រហូត​មក​៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)​

ព័ត៌មានផ្សេងទៀត