ឧបករណ៍​ឆក់​យក​ដួងចិត្ត​គូស្នេហ៍​យុវវ័យ​ជំនាន់​មុន តែ​ក្មេង​បច្ចុប្បន្ន​មិន​សូវ​ស្គាល់​

ដោយ៖ គង់ ឧត្តម 05-08-2017 11:50 am 10063
អង្កួចដែក លើកបង្ហាញដោយបុរសចំណាស់ម្នាក់នៅភូមិត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ២០១៥ ។ រូបថតពី Living with Heritage Project ។

ស្តាប់សំឡេងបទយកការណ៍ជាសំឡេង ៖

​អង្កួច គឺជា​ឧបករណ៍​តន្ត្រី​បូរាណ​ខ្មែរ​ប្រភេទ​វាយ​ដ៏​សាមញ្ញ​មួយ​បែប ដែល​លក្ខណៈពិសេស​របស់​វា គឺ​ប្រើ​ជាមួយ​ខ្លែងឯក​ពី​សម័យ​បូរាណ​កាល​មក ។ ម្យ៉ាងទៀត គេ​អាច​ប្រើ​វា​ដាច់ដោយឡែក​ពី​ខ្លែងឯក​បាន ដោយ​វាយ​ផ្ទាប់​នឹង​មាត់ ។ ឧបករណ៍​នេះ ត្រូវបាន​គេ​ហៅថា អង្កួច ឬ​កង្កួច ឬ​អន្កួច ដែល​និយម​ហៅ​តាម​តំបន់​ផ្សេងៗ​គ្នា ។ វា​ជា​ឧបករណ៍​តន្ត្រី​ម្យ៉ាង​ប្រើ​សំឡេង​ទោល​តាំងពីដើម​ជា​រៀង​មក និង​មិន​ដែល​យក​ទៅ​ចូលរួម​ប្រគំ​ជាមួយនឹង​ឧបករណ៍​តន្ត្រី​ផ្សេង​ទៀត​ឡើយ ហើយ​វា​ក៏​មិន​មាន​មុខងារ​សំខាន់​ក្នុង​ពិធី​ណា​ដែរ ។ ឧបករណ៍​នេះ មានកំណើត​យូរលង់​មក​ហើយ​នៅលើ​ទឹកដី​យើង​នេះ ជាពិសេស នៅតាម​ជនបទ​ស្រុក​ស្រែចម្ការ ពេល​ក្មេងៗ​ឃ្វាលគោ​ក្របី​កើតការ​អផ្សុក ក៏​នាំគ្នា​យក​មែក​ឫស្សី​មក​បិត​ចិត​ជា​ឧបករណ៍​នេះ​ឡើង ហើយ​នាំគ្នា​គោះ​លេង ។ ជួនកាល គេ​គោះ​លេង​ម្នាក់ឯង ជួនកាល គេ​គោះ​លេង​រួម​គ្នា​ពីរ ឬ​បី​នាក់​ជា​រៀងរហូត​តៗ​គ្នា​មក ។ ឧបករណ៍​អង្កួច​ធ្វើ​អំពី​ឫស្សី មានសំនៀង​មិនសូវ​ខ្លាំង​ដូច​អង្កួច​ធ្វើ​អំពី​ដែក​ទេ ។ គេ​និយម​ប្រើប្រាស់​អង្កួច​ធ្វើ​អំពី​ដែក ពីព្រោះ​វា​មានសំនៀង​មូល សំនៀង​ខ្លាំង និង​ពីរោះ​ទៀតផង ។ គេ​ច្រើន​តែ​លេង​បទ​ណា​ដែល​ជា​បទ​តូចៗ​ស្រួលៗ ដូចជា បទ​ប្រជាប្រិយ​ខ្មែរ បទ​មហោរី​មួយ​ជាន់ៗ ជាដើម ។​

​មុន​សម័យ​ទំនើប​ចូលមក ចាស់ៗ​ធ្លាប់​ឮ ឃើញ និង​លេង​អង្កួច​ដែរ ហើយ​ជាទូទៅ អង្កួច​គេ​និយម​លេង​នៅ​តាម​ភូមិ​ស្រុក​នានា​ក្នុង​ស្រុក​ខ្មែរ រហូតដល់​មាន​ចម្រៀង​ច្រៀង​ពី​អង្កួច​ទៀតផង ។ ជាទូទៅ អ្នក​ផ្ទាត់​អង្កួច ក៏​តម្រូវ​ឱ្យ​ចេះ​ចាំ​បទ​ចម្រៀង​ដែរ ។ គេ​តែង​ប្រើ​អង្កួច​លេង​ជា​ភ្លេង​សម្រាប់​រាំ​លែង​ក្នុង​ពិធី​ជួបជុំ​កម្សាន្ត​នា​ពេល​រាត្រីកាល នៅ​តាម​ភូមិ​នានា ។ អ្នក​វាយ​អង្កួច​ត្រូវ​ច្រៀង​ជា​សំឡេង​ក្នុង​មាត់ និង​បញ្ចេញ​ជា​សូរសំឡេង​ចេញមកក្រៅ​តាម​អង្កួច ហេតុនេះហើយ ទើប​អ្នក​វាយ​នោះ ក៏​អាច​បញ្ចេញបញ្ចូល​ទំនុក​ចម្រៀង​តាមចិត្ត​ខ្លួន​ចង់បាន ជា​ពាក្យ​លេប​ខា​យក្តី ជា​ពាក្យ​ផ្តោះផ្តង​ស្នេហា​ក្តី ទៅកាន់​នរណា​ម្នាក់​ដែល​ខ្លួន​មាន​បំណង​ឱ្យឮ ។ ឬ​អាច​និយាយបាន​ថា ជា​ពាក្យ​និយាយ​តាមរយ​:​សំឡេង​អង្កួច​នេះ​តែម្តង ។ ដៃគូ​ម្ខាង​ទៀត​ក៏​អាច​ស្តាប់​យល់​នូវ​សំឡេង​ពាក្យ​ទាំងនោះ ហើយ​គេ​ក៏​អាច​ឆ្លើយតប​វិញ​បាន ។ អ្នកលេង​នោះ ច្រើនតែ​ជា​មនុស្ស​ប្រុស​ជំទង់ ដែល​តែង​វាយ​អង្កួច​និយាយ​ញ៉ែញ៉ង​ទៅកាន់​ដៃគូ​ម្ខាង​ទៀត​ជា​នារី បង្កើត​មន្ត​ស្នេហ៍​ទៅ​បបោសអង្អែល​ដួងចិត្ត​នារី​ណា​ម្នាក់​ដែល​គេ​មានចិត្ត​កួច​ស្រឡាញ់​ជាដើម ។ គេ​និយម​វាយ​អង្គួច​ពេល​ស្ងាត់ ពិសេស​ពេល​ថ្ងៃត្រង់​មាន​ខ្យល់​បក់​រំភើយៗ ឬ​នៅ​ពេល​រាត្រី​ស្ងាត់ អង្កួច​អាច​បន្លឺ​សូរ​បាន​ច្បាស់ ថ្ងួចថ្ងូរ​គួរឱ្យ​ជក់​ចិត្ត ។ គេ​ប្រើ​អង្កួច​សម្រាប់​សាសង​សេចក្តីស្នេហា​រវាង​មនុស្ស​ស្រី​និង​ប្រុស ក៏​ព្រោះ​ដោយសារ​ទំនៀមទម្លាប់​ខ្មែរ​យើង​តឹងរឹង មិន​ឱ្យ​ប្រុស​និង​ស្រី​អាច​ជួប​គ្នា​សូម្បី​តែ​ជជែក ទើប​យុវវ័យ​ជំនាន់​នោះ បង្កើត​ភាសា​ផ្ទាល់​ខ្លួន​តាមរយៈ​អង្កួច​នេះឯង ។​
​ជាក់ស្តែង​បទ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណងជើង​ថា ម្លប់​ដូង របស់​អ្នកស្រី សូ សាវឿន បាន​រៀបរាប់​ពី​ការ​វាយ​អង្កួច​របស់ខ្លួន​ជា​ស្ត្រី ឆ្លើយឆ្លង​ទៅកាន់​ប្រុស​កំលោះ​ម្នាក់​ដែល​ខ្លួន​ពេញចិត្ត …
​សំឡេង​ចម្រៀង​បទ ម្លប់​ដូង ៖ 

​ងាក​មក​និយាយ​អំពី​ដើម​កំណើត​របស់​ឧបករណ៍​អង្កួច ប្រភេទ និង​ការប្រើប្រាស់​របស់​វា​វិញ​ម្តង ។ បើតាម​បន្ទូល​របស់​សម្តេច​សង្ឃ​រាជ ជួន ណាត ក្នុង​ឆ្នាំ​១៩៦៥ នៅ​មហា​កុដិ​នា​វត្ត​ឧណ្ណា​លោម ក្នុងឱកាស​ប្រជុំ​តូច​ជាមួយនឹង​ក្រុម​និស្សិត​ផ្នែក​ភ្លេង​បុរាណ ដឹកនាំ​ដោយ​លោក ហង្ស ធុន​ហាក់ និង​លោក ឆេង ផុន ស្តី​អំពី​បញ្ហា​តន្ត្រីបុរាណ​មាន​ព្រះបន្ទូល​ថា «​អង្កួច​ធ្វើ​អំពី​ឫស្សី ខ្មែរ​យើង​ធ្វើ​ត្រាប់​តាម​ជនជាតិ​រស់នៅ​លើ​កោះ ប័រ​ណេ​អូ (Borneo) អង្កួច​ធ្វើ​អំពី​ដែក ខ្មែរ​យើង​ធ្វើ​ត្រាប់​តាម​ជនជាតិ​ម៉ុង​ហ្គោលី (Monglolia) រីឯ​អង្កួច​ខ្សែ ខ្មែរ​យើង​បង្កើត​ដោយ​ខ្លួនឯង ដោយ​បំបែក​ចេញមក​ពី​ឧបករណ៍​ម្យ៉ាង​ឈ្មោះ អន់​ថួ​ច ធ្វើ​អំពី​បំពង់​ឫស្សី​ប៉ុន​កដៃ ស្រដៀង​គ្នា​នឹង​ត្រដោក​ឫស្សី​ដាក់​ខ្សែ​មួយ គោះ​ដោយ​អន្លូង​តូច​ប៉ុន​ចង្កឹះ ឮសូរ​តែ​ម្យ៉ាង​គ្មាន​បទ​បែប​ទេ ប៉ុន្តែ​ក្រោយមក​គេ​យក​អន់​ថួ​ច​នេះ មក​ដាក់​ផ្អឹប​នឹង​មាត់​ត្រង់​ចុង​ម្ខាង​នៃ​ខ្សែ​គោះ​បញ្ចេញ​បទ​បែប​បាន​យ៉ាង​ស្រួល ឧបករណ៍​អង្កួច​ទាំងអស់​ខាងលើ​នេះ​មិន​សំខាន់​ក្នុង​ពិធី​ណា​ឡើយ​» ។ បន្ទូល​របស់​សម្តេច​សង្ឃ​ក៏​មាន​លក្ខណៈ​សមស្រប​ដែ​រ ពីព្រោះ​ទំនាក់ទំនង​ស្អិតរ​មួ​ត​រវាង​ខ្មែរ​និង​ជនជាតិ​ជ្វា​មាន​តាំងពី​យូរយារ​ណាស់​មកហើយ ពិសេស ក្នុង​រាជ​ស្តេច​ជ័យវរ្ម័ន​ទី​២ នា​ចុង​សតវត្ស​ទី​៨ ។ ទំនាក់ទំនង​ខ្មែរ​និង​ម៉ុង​ហ្គោលី មាន​តាំងពី​ក្នុង​រាជ​ស្តេច​ម៉ុង​ហ្គោល ព្រះអង្គ គូ​ប៊ី​ឡែ​ខាន់ (Koubilai Khan) ។ ស្តេច​អង្គ​នេះ​បាន​បញ្ជា​ឱ្យ​ឧត្តមសេនីយ៍ សុង​ហ្គា​ទូ (Songatou) ចូល​មក​ទន្ទ្រាន​ទឹកដី​ខ្មែរ​ក្នុង​ឆ្នាំ​១២៨៣ ដល់​ឆ្នាំ ១២៨៥ កាលនោះ ខ្មែរ​ត្រូវ​បញ្ជូន​សួយសារអាករ​ទៅ​ថ្វាយ​ស្តេច​គូ​ប៊ី​ឡែ​ខាន់ ។ យើង​អាច​សន្និដ្ឋានបាន​ថា ទំនាក់ទំនង​បែបនេះ​អាច​ជា​ប្រភព​នៃ​ការឆ្លង​គ្នា​ខាង​វិស័យ​វប្បធម៌ ពោល​គឺ​ចាប់ផ្តើម​នាំ​យក​ឱ្យ​មាន​នូវ​អង្កួច​ដែក​ក៏​ថា​បាន ។​

​សព្វថ្ងៃនេះ អង្កួច​ធ្វើ​អំពី​ឫស្សី មាន​នៅ​ខេត្ត​សៀមរាប​យ៉ាង​តិចតួច​បំផុត ហើយ​ពុំ​សូវ​មាន​អ្នក​ពូកែ​លេង​វា​ឡើយ ។ អង្កួច​ធ្វើ​អំពី​ដែក​មាននៅ​ខេត្ត​ពោធិ៍សាត់​តំបន់​ភ្នំក្រវាញ មាន​ក្នុង​ចំណោម​ជនជាតិដើម ប៉ុន្តែ​មិន​សំបូរ​ទេ ។ អង្កួច​ខ្សែ​មាន​នៅ​ខេត្ត​មណ្ឌលគិរី ស្ថិតក្នុង​ចំណោម​ជនជាតិ​ដែរ ប៉ុន្តែ​អង្កួច​បែបនេះ​ស្ទើរតែ​បាត់បង់​ទៅហើយ ។ អង្កួច​អន្ទោក មាន​នៅ​លើ​ជនជាតិ​ព័រ ក្នុង​ខេត្ត​ពោធិ៍សាត់ ។ អង្កួច​ទាំងអស់នេះ មាន​របៀប​ប្រើប្រាស់ និង​របៀប​ធ្វើ​មិន​ដូចគ្នា​ទេ ។​

​អង្កួច​ធ្វើ​ពី​ឫស្សី មាន​ទំហំ​ប៉ុន​ម្រាមដៃ​ប៉ុន្តែ​សំប៉ែត មាន​ប្រវែង​ពី​៨​ស​.​ម ដល់ ២០​ស​.​ម ។ ប្រសិន​បើ​ចង់បាន​សូរ​ធូរ​ធំ គេ​ធ្វើ​អណ្តាត​វែង ហើយ​តួ​អង្គួ​ចក៏​វែង​ដែរ តែបើ​ចង់​បាន​សូរ​តឹង​ខ្ពស់​វិញ​នោះ គេ​ត្រូវធ្វើ​អណ្តាត​ខ្លី ឯ​តួ​អង្គួ​ចក៏​ខ្លី​តាម​នោះ​ដែរ ។ អណ្តាត​ធ្វើ​អំពី​បន្ទះ​ឫស្សី​តូច​ស្តើង​វែង គឺ​ឆ្កឹះ​ចេញពី​ចំ​កណ្តាល​នៃ​តួ​អង្កួច ។ គេ​ត្រូវ​យក​បន្ទះ​ឫស្សី​ជាប់​ថ្នាំង​ម្ខាង​មក​ចិតបិត​ធ្វើឱ្យ​មាន​រាង​ដូច​ត្រយូងចេក​នៅ​ក្បាល​បន្តិច ។ បន្ទាប់​ពី​ថ្នាំង​មក គេ​ត្រូវធ្វើ​វា​ឱ្យ​ស្តើង​រៀវ​ទៅ​ខាង​ចុង ។ អណ្តាត​ត្រូវ​សម្រួច​ឱ្យ​ស្តើង​ដើម្បី​ងាយរ​លាស់​ចេញ​សំនៀង​បានល្អ ។ ដើម្បី​លេង​អង្កួច​បាន គេ​ត្រូវ​ប្រើ​សូរ​ចេញ​ទៅ​តាម​ក្រអូមមាត់ ដោយ​ប្រើ​ខ្យល់​កៀប​ចេញ​ពី​បំពង់ក រួច​យក​អណ្តាត​ទល់ ។ បើ​ចង់បាន​សូរ​តូច តឹង ត្រូវ​ទល់​អណ្តាត​ជិត តែបើ​ចង់​បាន​សូរ​ធំ​ទាប ត្រូវ​បើកចំហ​បំពង់​ក​ឱ្យ​អស់ ម្យ៉ាងទៀត បើសិន​គេ​ចង់​លេង​សាច់​បទ​ភ្លេង​ណាមួយ​នោះ គឺ​តម្រូវ​ឱ្យ​ច្រៀង​តាម​សាច់ភ្លេង​នោះ​តែម្តង ។ បើ​យើង​ចង់​រៀបរាប់​តាម​មនោសញ្ចេតនា​ពាក្យសម្តី​ដូចជា​ថា «​អូន​អើយ អូន​គេង​ទៅ​» ត្រូវ​បញ្ចេញ​សូរ​ច្រៀង​ពាក្យ​នោះ​ដោយ​ផ្លុំ​រួមផ្សំ​គ្នា​ផង វា​នឹង​ចេញ​សូរ​សំនៀង​អត្ថន័យ​ពាក្យ​ដូច​បាន​យើង​ចង់​រៀបរាប់​តែម្តង តែ​អង្កួច​លេង​បាន​តែ​បទ​តូចៗ​ទេ ។ 

​អង្កួច​ធ្វើ​ពី​ដែក​មាន​រាង​ដូច​ស្លឹក​ឈើ ខ្លះ​ទៀត​មាន​រាង​មូល​ដូច​ព្រះ​ចន្ទ ។ វា​មាន​ទម្ងន់​ធ្ងន់​ជាង​អង្កួច​ឫស្សី ហើយ​មាន​សូរ​ឮ​ខ្លាំង ហើយ​ងំ​ល្អ​ជាង​អង្កួច​ឫស្សី ។ អង្កួច​ដែក គេ​យក​ដែក​សរសៃ ឬ​ដែក​ផ្សេង​ទៀត​ដែល​មាន​សាច់​ស្វិត​មក​ធ្វើ ។ អណ្តាត ធ្វើ​ពី​ដែក​រស់​ដូចជា​ដែករ​ណា​ជា​ដើម ដែល​ងាយ​រលាស់ ហើយ​មាន​បណ្តោយ​វែង​ជា​តួ ។ នៅត្រង់​ចុង​អណ្តាត គេ​ធ្វើ​រាង​ង តូច​ស្តើង​រៀវ ហើយ​បិទ​ក្រមួន​នៅ​ខាងចុង ដើម្បី​ងាយ​យោលរ​លាស់​សូរសៀង ។ នៅពេល​ផ្លុំ​ម្តងៗ គេ​យក​តួ​អង្កួច​មក​ពិត​នឹង​ធ្មេញ​ឱ្យ​ជាប់​ដើម្បី​សម្រួល​ដល់​ការ​រលាស់​អណ្តាត ។ គេ​យក​ម្រាមដៃ​ទៅ​គោះ​បញ្ចូល ត្រង់​ត្រ​ម៉ោង​មូល ឬ​ក្រមួន​នៅ​ខាងចុង ដើម្បីឱ្យ​អណ្តាតរ​លាស់​មានសំនៀង​ឮ​ឡើង ។ ដើម្បី​ឱ្យ​បាន​ទៅ​ជា​បទ​បែប ត្រូវ​គួបផ្សំ​ការបិទ​បើក​បបូរមាត់​ជាមួយនឹង​អណ្តាត​យើង​ខាងក្នុង រួមផ្សំ​នឹង​ខ្យល់​ផ្លុំ ឬ​ខ្យល់​បឺត​ចូល​ផងដែរ ។ អង្កួច​ដែក មាន​បន្ទារ​ធំ​ជាង​អង្កួច​ឫស្សី តែ​មាន​បណ្តោយ​ខ្លី​ជាង ។ ខ្នា​តដែល​ខ្លី​បំផុតមាន​ប្រវែង ១៣​ស​.​ម ឯ​បន្ទារ​ប្រវែង ៣​ស​.​ម ។​

​អង្កួច​ធ្វើ​ពី​ខ្សែ មាន​ប្រវែង​មិន​លើស​ពី​មួយ​សាច់​ឫស្សី​ទេ មាន​ទំហំ​ប៉ុន​កដៃ ឬ​តូច​ជាង ។ តួ​អង្កួច​ខ្សែ និង​អន្លូង​ធ្វើ​ពី​ឫស្សី តែ​ខ្សែ​ធ្វើ​ពី​កៅស៊ូ អាច​យឺត​ទាញ​រក​សូរសៀង​បាន ។ គេ​រើស​យក​ឫស្សី​ទំហំ​ប៉ុនកដៃ​មនុស្ស​មាឌតូច ដោយ​កាត់​យក​មួយ​សាច់​ទុក​ថ្នាំង​ទាំងពីរ​ខាង ។ បន្ទាប់​មក​ឆ្កឹះ​ជា​រន្ធ​វែង​ប៉ុន​ចុង​ចង្កឹះ​តាម​បណ្តោយ​តួ​ឫស្សី យក​ខ្សែ​កៅស៊ូ​មក​ដាក់​បណ្តោយ ពីលើ​រន្ធ​ចង​រុំ​ពីលើ​ថ្នាំង​ទាំងពីរ ។ ម្យ៉ាងទៀត នៅលើ​ថ្នាំង​នោះ គេ​ត្រូវ​យក​កំណល់​តូច​កល់​ខ្សែ​ហើប​ឡើង​ខ្ពស់​បង្គួរ ឫ​បៀ​ប​ធ្វើ​អន្លូង គឺ​កាត់​ឫស្សី​មួយ​បន្ទះ​តូច ទុក​ថ្នាំង​ម្ខាង​ចិត​ចេញ​ជា​ដុំ​ធ្វើ​ផ្លែ​អន្លូង សាច់​ម្ខាង​ទៀត​មិន​ចាំបាច់​មាន​ថ្នាំង​ទេ គេ​ចិត​ឱ្យ​ល្មម​ធ្វើ​ជា​ដង ។ របៀប​លេង គឺ​ដៃ​ម្ខាង​កាន់​ចុង​តួ​ម្ខាង យក​គល់​ខ្សែ​មក​ផ្ទឹម​នឹង​មាត់ គេ​ប្រើ​បបូរមាត់​ផ្សំ​នឹង​ការប្រើ​ខ្យល់​ចេញពី​មាត់ រួច​យក​អណ្តាត​ទល់ ឯ​ដៃ​ម្ខាង​ទៀត​កាន់​អន្លូង​វាយ​ខ្សែ​នោះ​ដើម្បី​រក​ឱ្យ​ចេញ​ជា​សូរ​សៀង ។ គេ​ប្រើ​សំនៀង​ទៅតាម​បទ​បែប​ដោយសារ​ការបើក​បិទ​បបូរមាត់​ទាំងពីរ​គួបផ្សំ​នឹង​ការ​កំរើក​អណ្តាត​យើង​ខាងក្នុង​ដូច​អង្កួច​ទាំង​ពីរ​ប្រភេទ​ខាងលើ​ដែរ ។ 

​អង្កួច​អន្ទោក អង្កួច​នេះ​ធ្វើ​ពី​ឫស្សី តែ​នៅ​ចុង​បន្ទារ​គេ​ចោះ​រន្ធ​មួយ​សម្រាប់​ស៊ក​ចង​អំបោះ​ទម្លាក់​ចុះ​មក​ប្រវែង​ប្រមាណ​មួយ​ចំអាម នៅ​ចុង​អំបោះ​នោះ​គេ​ចង​ផ្លែ​កន្ទ្រំ​មួយ​សម្រាប់​យោល​យោ​ក ។ ចំពោះ​ចុង​ម្ខាង​ទៀត​នោះ គេ​ចង​អំបោះ​ជា​កញ្ចុំ​គ្រប់​ពណ៌​ទម្លាក់​រំយោល​ជា​លម្អ ។ របៀប​ផ្លុំ​គឺ​ដូច​អង្កួច​ដែក និង​អង្កួច​ឫស្សី​ដែរ ប៉ុន្តែ​នៅពេល​សូរ​បន្លឺឡើង គេ​តែង​ទាញ​ចុង​បន្ទារ​ដើម្បីឱ្យ​ផ្លែ​កន្ទ្រំ​យោល​ចុះឡើង បន្ត​សូរ​ញ័រ​បានយូរ ហើយ​ពីរោះ​ទៀតផង ។ អង្កួច​អន្ទោក​នេះ ត្រូវបាន​ប្រទះឃើញ នៅ​លើ​ដៃ​ជនជាតិ​ព័រ ក្នុង​ខេត្ត​ពោធិ៍សាត់ ។​

​អង្កួច​មាន​ស្ទើរ​គ្រប់​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក និង​សំបូរបែប​បំផុត​នៅ​ប្រទេស​ម៉ុង​ហ្គោលី ។ មកដល់​សព្វថ្ងៃនេះ អង្កួច ស្ទើរតែ​មិន​មាន​ឮ​គេ​លេង​នៅ​តាម​ភូមិ​ស្រុក​នានា​ទៀត​ទេ​ក្នុង​សង្គម​ខ្មែរ ហើយ​ឈាន​ទៅរក​ការបាត់បង់​ជា​ស្ថាពរ ។ អង្កួច​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​ប្រទេស​ហ្វីលីពីន រហូត​មាន​រោងចក្រ​សម្រាប់​ផលិត​ឧបករណ៍​នេះ​តែម្តង ។ សិល្បករ​ហ្វីលីពីន​បាន​ឆ្នៃ​យក​អង្កួច​បញ្ចូល​ទៅ​ក្នុង​វង់​ភ្លេងសម័យ តែ​វា​នៅ​តែ​ក្នុង​ផ្នែក​ណាមួយ​នៃ​បទ​ចម្រៀង​ប៉ុណ្ណោះ ។ លើសពីនេះទៅទៀត ហ្វីលីពីន បាន​យក​ឧបករណ៍​អង្កួច​នេះ ធ្វើ​ជា​អត្តសញ្ញាណ​របស់​ប្រទេស​ខ្លួន​ទៀតផង ៕

សំឡេង​ច្រៀង និង​លេង​អង្កួច​ដោយ​ជនជាតិ​កួយ ក្នុង​ភូមិ​អូរ​ពោធិ៍ ព្រំប្រទល់​ខេត្ត​កំពង់ធំនិង​ព្រះវិហារ ៖

(រាយការណ៍ដោយ៖ គង់ ឧត្តម)
(ផ្តល់សំឡេងលេងនិងច្រៀងអង្កួចដោយ Living with Heritage Project)

 

ព័ត៌មានផ្សេងទៀត