ពី​ថត​វីដេអូ​អប់រំ​បង្ហោះ​ហ្វេ​សប៊ុក​រហូត​ឈ្នះ​ពាន​ផលិត​ភាពយន្ត​ខ្លី​នៅ​ប្រទេស​ថៃ​

ដោយ៖ ទ្រី សីហៈ 04-08-2017 7:53 pm 449

​និស្សិត​ឆ្នាំ​ទី​៣ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ ចំនួន​២​រូប បានឈ្នះ​ពានរង្វាន់​ផលិត​ខ្សែភាពយន្ដ​ខ្នាត​ខ្លី ក្នុង​កម្មវិធី​ប្រកួតប្រជែង​លំដាប់​អន្តរជាតិ​មួយ នៅ​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៧​។ ក្រៅ​ពី​ការសិក្សា យុវជន​ទាំង​ពីរ​រូប​នោះ ក៏​ធ្លាប់​ជា​ផលិតករ​វីដេអូ​អប់រំ​ខ្លី នៅលើ​បណ្ដាញ​សង្គម ដែល​ទទួល​ការគាំទ្រ​លើ​ការផលិត​រឿង​អំពី សិទ្ធ​របស់​ស្ត្រី និង​អំពើរ​ពុករលួយ​ជាដើម​។ ពួក​គេ​អះអាង​ថា ការផលិត​វីដេអូរ​បង្ហោះ​លើ​ហ្វ៊េ​សប៊ុក គឺជា​ផ្នែក​មួយ​ផ្ដល់​បទពិសោធន៍ បន្ថែម​លើ​ការសិក្សា រហូត​ឈាន​ជើង​ទៅ​លើ​ក​ពានរង្វាន់​នៅ​ប្រទេស​ថៃ​។​

ស្ដាប់សំឡេងទាំងស្រុង៖

​សំឡេង​ពី​កម្មវិធី Thailand International Film Destination Festival ៖

​នេះ​គឺជា​សំឡេង​ប្រកាស​លទ្ធផល នៅក្នុង​កម្មវិធី​កម្មវិធី​ប្រកួតប្រជែង​ខ្សែភាពយន្ត​ខ្នាត​ខ្លី Thailand International Film Destination Festival លើក​ទី​៥ ដែល​ប្រព្រឹត្តិ​ទៅ​រយៈពេល​៩​ថ្ងៃ នៅ​ប្រទេស​ថៃ ដែល​មាន​ផលិតករ​ភាពយន្ត មកពី​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក​ចូលរួម​។ វា​ក៏​ជា​សំឡេង ប្រកាស​ឈ្មោះ​ប្រទេស​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ ដែល​ធ្វើឲ្យ​យុវជន​កម្ពុជា ២​រូប​មាន​មោទនភាព​យ៉ាងខ្លាំង ចំពោះ​ជ័យលាភី​ផ្នែក​ផលិត​ភាពយន្ត​ខ្នាត​ខ្លី​របស់​ពួកគេ​។​

​កញ្ញា រ៉ាវី សុភា​រ័ត្ន និស្សិត​ឆ្នាំ​ទី​៣ នៃ​ដេ​ប៉ាតឺ​ម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ ឲ្យដឹងថា​ពានរង្វាន់​ដែល​កញ្ញា និង​មិត្ត​រួម​ថ្នាក់​ទទួលបាន​គឺជា ពានរង្វាន់​ប្រចាំ​តំបន់ ដែល​កម្ពុជា​ទទួលបាន​មួយ​ពានរង្វាន់ តំណាង​ឲ្យ​មួយ​តំបន់​...

​សំឡេង​កញ្ញា រ៉ាវី សុភា​រ័ត្ន​៖

​យ៉ាងណាមិញ ពានរង្វាន់​ពី​កម្មវិធី​ប្រកួតប្រជែង​ភាពយន្ត​អន្តរជាតិ​មួយ​នេះ ត្រូវបាន សុភា​រ័ត្ន បញ្ជាក់​ថា​កើត​ឡើង​ពី​ការខិតខំ​ប្រឹងប្រែង និង​សហការគ្នាជាមួយ​មិត្ត​រួម​ថ្នាក់​ម្នាក់ គឺ​លោក ឈុន ប៊ុនឆៃ​។ ដែល​គ្រោង​រឿង​ទាំងមូល​ត្រូវបាន​និពន្ធ​ឡើង​ដោយ ប៊ុនឆៃ ផ្ទាល់​តែម្ដង​។

​យុវជន​រាងស្តើង​ខ្ពស់ បញ្ជាក់ថា ខ្សែភាពយន្ត​ដែល​ពួកគេ ដាក់​ប្រកួត​គឺ​មាន​រយៈពេល​៧​នាទី ដែល​និយាយ​អំពី ការធ្វើដំណើរ​របស់​នា​រី​ម្នាក់​ទៅកាន់​ប្រទេស​ថៃ ក្រោយ​មាន​វិបត្តិ​ផ្លូវចិត្ត​...

​សំឡេង​លោក ឈុន ប៊ុនឆៃ​៖

​សុភា​រ័ត្ន និង ប៊ុនឆៃ បាន​បន្ថែមថា សាច់រឿង​ត្រូវ​បាន​សរសេរ​នៅ​ប្រទេស​កម្ពុជា តែ​ត្រូវ​ចំណាយពេល ៣​ថ្ងៃ ដើម្បី​ថត​នៅ​ប្រទេស​ថៃ​ផ្ទាល់​តែម្ដង ដោយសារ​តែ​កម្មវិធី​មានបំណង ចង់​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍ នៅ​ប្រទេស​ថៃ​ផង​ដែរ​...

​សំឡេង​កញ្ញា រ៉ាវី សុភា​រ័ត្ន​៖

នៅពេល​ទៅ​ដល់​ប្រទេស​ថៃ​ទាំង​២​នាក់ អះអាងថា​បាន​ជួប​ផល​លំបាក​ច្រើន ព្រមទាំង​មិន​មាន​សម្ភារៈ​ថត​ទំនើបៗ ដូច​គូប្រជែង​ទៀតផង តែ​យ៉ាងណា​ពួក​បាន​ព្យាយាម​ប្រើ​សម្ភារៈ​ដែល​ខ្លួន​មាន និង​ច្នៃប្រឌិត​អស់ពី​លទ្ធភាព​...

​សំឡេង​កញ្ញា រ៉ាវី សុភា​រ័ត្ន​៖

​ត្រលប់​ទៅ​បទពិសោធន៍​នៃ​ការផលិត​ខ្សែភាពយន្ត​វិញ សុភា​រ័ត្ន និង​ប៊ុនឆៃ ថា​ខ្លួន​ធ្លាប់​បាន​សហការ​គ្នា ផលិត​វីដេអូ​អប់រំ​មួយ​ចំនួន បង្ហោះ​នៅលើ​បណ្តាញ​សង្គម​។ វី​ដេរ​អូ​របស់​ពួកគេ ដែល​ទទួលបាន​ការគាំទ្រ​ច្រើន​នោះ​គឺ រឿង​ខ្លី​និយាយ​ពី​អំពើរ​ពុករលួយ ដែល​មាន​ចំណងជើង​ថា «​ធុង​សន្សំ​» និង​រឿង​ខ្លី​អំពី​សិទ្ធ​របស់​ស្ត្រី​ជាដើម​។​

យុវជន​ទាំង​២​រូបនេះ បាន​អះអាង​ជា​រឿង​នឹកស្មាន​មិន​ដល់​ដែល​បាន លឺឈ្មោះ​ប្រទេស​កម្ពុជា ទទួលបាន​ពានរង្វាន់​ផ្នែក​ផលិត​ភាពយន្ត​មួយ​នេះ ខណៈ​អ្នកចូលរួម​ប្រកួត​សុទ្ធតែជា​ផលិតករ​ភាពយន្ត ឆ្នើម មាន​បច្ចេកទេស​ថត​ទំនើបៗ​ទៀតផង​...

​សំឡេង​កញ្ញា រ៉ាវី សុភា​រ័ត្ន និង​លោក ឈុន ប៊ុនឆៃ​៖

​នេះ​មិនមែន​ជា ជោគជ័យ​លើកដំបូង​សម្រាប់​យុវជន​ទាំង ២​រូប​នេះ​នោះ​ទេ​។ សុភា​រ័ត្ន ធ្លាប់​ទទួល​ជ័យលាភី​លើ​ការសរសេរ​អត្ថបទ​ចំនួន​៣​លើក និង​ជ័យលាភី​លើ​ការប្រកួតប្រជែង​ផ្នែក​បញ្ចេញមតិ ១​លើក រីឯ ប៊ុនឆៃ ក៏​ធ្លាប់​ទទួល​ជ័យលាភី​ក្នុង​កម្មវិធី​ស​គ្រិន​វ័យក្មេង​ផងដែរ​។​

​យុវតី​ដែល​ធ្លាប់​ទទួល​ជ័យលាភី​ច្រើន ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ​រូបនេះ ឲ្យដឹងថា មុន​ពេល​ទទួល​ភាពជោគជ័យ​កញ្ញា ក៏​ធ្លាប់​បរាជ័យ​ច្រើនលើក ច្រើនសារ​ហើយ​ដែរ​។ ហេតុនេះ សុភា​រ័ត្ន បាន​ជំរុញ​ទឹកចិត្ត​ឲ្យ​យុវជន មាន​ភាពក្លាហាន​ចូលរួម​ប្រកួតប្រជែង​កម្មវិធី​ផ្សេងៗ ដើម្បី​ជា​បទពិសោធន៍ បើទោះជា​ជាប់ ឬ​ធ្លាក់​ក៏ដោយ​។​

​សំឡេង​កញ្ញា រ៉ាវី សុភា​រ័ត្ន​៖

 

ព័ត៌មានផ្សេងទៀត