ដល់​ពេល​ហើយ​ឬ​​ដែល​អាស៊ាន​​ត្រូវ​រួមគ្នា​​ប្រឆាំង​ភេរវកម្ម​​ក្នុង​តំបន់​?

ដោយ៖ ពេញ ផេង 04-08-2017 5:15 pm 133
កងទ័ពហ្វីលីពីនកំពុងល្បាតតាមដែនទឹក

​កាលពី​ថ្ងៃ​ទី​២៣​ខែ​ឧសភា ក្រុម​សកម្មប្រយុទ្ធ​ម៉ូត​(Maute)​និង​ក្រុម​អា​ប៊ូ​សាយ៉ា​ហ្វ​(Abu Sayyaf) បាន​វាយលុក​ចូល​ក្រុង​ម៉ា​រ៉ាវី​នៅលើ​កោះ​មិន​ដា​ណាវ ស្ថិត​នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន និង​បាន​កាន់កាប់​តំបន់​មួយចំនួន​នៃ​ទីក្រុង​នេះ​។​ក្រុម​សកម្មប្រយុទ្ធ​អះអាងថា ជា​សម្ព័ន្ធមិត្ដ​របស់​ក្រុមរ​ដ្ឋ​អ៊ីស្លាម​។​ពួកគេ​បាន​ចូល​កាន់កាប់​នៅក្នុង​អគារ ផ្ទះសម្បែង ទី​សក្ការៈបូជា និង​បាន​ចាប់​មនុស្ស​ធ្វើ​ចំណាប់ខ្មាំង​ផង​។​រយៈពេល​បី​ខែ​ហើយ​នៅតែ​គ្មាន​តម្រុយ​នឹង​អាច​បញ្ចប់​សង្គ្រាម​បានទេ ខណៈ​កងទ័ព​កំពុង​ប្រយុទ្ធ​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​។​

​ក្រុម​សកម្មប្រយុទ្ធ​មាន​ការចូលរួម​ពី​អ្នក​ប្រយុទ្ធ​បរទេស ដូច​ជា​មក​ពី​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ប្រទេស​សមាជិក​អាស៊ាន​ផ្សេង​ទៀត កំពុង​យក​ទីក្រុង​ម៉ា​រ៉ាវី​ធ្វើជា​ខេត្ដ​ដំបូង​របស់​គេ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​ទីក្រុង​ម៉ា​រ៉ាវី​កំពុង​ស្ថិត​ក្រោម​ការប្រើប្រាស់​ច្បាប់អាជ្ញាសឹក​នៅឡើយ ឥលូវ​នេះ​ក្លាយ​ជា​ចំណុចកណ្ដាល​នៃ​ការគំរាមកំហែង​ភេរវកម្ម​ក្នុង​តំបន់​។​

​រដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិ​សិង្ហ​បុរី​បាន​និយាយថា បញ្ហា​នៅ​ម៉ា​រ៉ាវី​បច្ចុប្បន្ន​បាន​ក្លាយជា​បញ្ហា​របស់​អា​ស៊ាន​។​ទោះបី​ស្ថានភាព​ស្ថិត​ក្រោម​ការគ្រប់គ្រង ប៉ុន្ដែ​បណ្ដា​ខេត្ដ​ផ្សេងៗ​ទៀត​នឹង​ប្រឈម​ហានិភ័យ​។​លោក​បន្ដថា​“​សមាជិក​ក្រុម​រដ្ឋ​អ៊ីស្លាម​បូក​នឹង​ក្រុម​ជ្រុលនិយម បាន​បង្កើត​បណ្ដាញ​ត្រៀម​អនុវត្ដ​តាម​ផែនការ ប្រែក្លាយ​តំបន់​អាស៊ីអាគ្នេយ៍​ឲ្យ​ដូចគ្នា​នឹង​ប្រទេស​អ៊ីរ៉ាក់​-​ស៊ី​រី​”​។​

​បញ្ហា​នេះ​មិនមែន​ជា​រឿង​ថ្មី​ទេ​។​តំបន់​អាស៊ីអាគ្នេយ៍​ធ្លាប់ជា​តំបន់​ពង្រីក​បណ្ដាញ​ក្រុម​ភេរ​វករ​។​ក្រុម​ជ្រុលនិយម​ផ្សេងៗ​គ្នា​បាន​បន្ដ​មាន​វត្ដ​មាន​នៅក្នុង​ប្រទេស​សមាជិក​អាស៊ាន ក្នុងនោះ​មាន​ក្រុម​Jemaah Islamiyah ក្រុម​Al Qaeda ហើយ​ពេលនេះ​មាន​ក្រុម​IS​។​

​ដល់​ពេល​រួមគ្នា​ដោះស្រាយ​ការគំរាមកំហែង​ភេរវកម្ម​ហើយ​?
​ក្នុង​ឆ្នាំ​២០០១ មេដឹកនាំ​អាស៊ាន​បាន​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ដ ដោះស្រាយ​ការគំរាមកំហែង​ភេរវកម្ម តាមរយៈ​សេចក្ដីប្រកាស​រួម​ស្ដីពី​សកម្មភាព​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​។​មេដឹកនាំ​អាស៊ាន​បាន​ព្យាយាម​បង្ការ​និង​ទប់ស្កាត់​សកម្មភាព​ក្រុម​ភេរ​វករ​នៅក្នុង​តំបន់​។​ថ្មីៗ​នេះ​អាស៊ាន​បានបង្ហាញ​ការផ្លាស់ប្ដូរ​បន្ថែម ដោះស្រាយ​ការគំរាមកំហែង​ទើប​កើត​ឡើង​។​

​កាលពី​ថ្ងៃ​ទី​១៩​មិថុនា ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ហ្វីលីពីន​បាន​ឯកភាព​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​ឆ្លងដែន ដោយ​បើក​យុទ្ធនាការ​ល្បាត​តាម​ដែនទឹក​។​នៅ​ថ្ងៃ​ទី​២២​ខែ​មិថុនា​ដដែល រដ្ឋមន្ដ្រីការបរទេស មេបញ្ជាការ​ប៉ូលិស និង​មេបញ្ជាការ​កងទ័ព​មក​ពី​ប្រទេស​ទាំង​បី​បាន​ជួបគ្នា​ក្នុង​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន ពិភាក្សា​ត្រូវ​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​កំពុង​កើនឡើង​ក្នុង​តំបន់​ដោយ​របៀប​ណា​។​ពេល​នោះ​រដ្ឋមន្ដ្រី​ការបរទេស​ឥណ្ឌូនេស៊ី​និយាយថា គ្មាន​ប្រទេស​ណាមួយ​គេចផុត​ពី​អំពើ​ភេរវកម្ម​ទេ​។​បញ្ហា​កើតឡើង​នៅ​ឥណ្ឌូនេស៊ី​ក៏ដូចជា​បញ្ហា​កើតឡើង​នៅក្នុង​តំបន់​ដែរ​។​កិច្ចប្រជុំ​បាន​បិទ​បញ្ចប់​ដោយ​មាន​ការឯកភាព​ពង្រឹង​កិច្ចសហប្រតិបត្ដិការ ដោះស្រាយ​ឫសគល់​បង្ក​ឲ្យមាន​អំពើ​ភេរវកម្ម រួមបញ្ចូល​ភាពក្រីក្រ បញ្ហា​គ្រឿងញៀន បទឧក្រិដ្ឋ និង​យុត្ដិធម៌​សង្គម​។​

​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ហ្វីលីពីន បាន​ពង្រឹង​បន្ថែម​លើ​ការចែករំលែក​ព័ត៌មាន​របស់​ក្រុម​ស៊ើបការណ៍​សម្ងាត់​ផ្នែក​សន្ដិសុខ និង​ព័ត៌មាន​ពាក់ព័ន្ធ រួច​វិភាគ​ពី​ទិន្នន័យ​ទទួលបាន​ទាំងអស់ ដើម្បី​ប្រៀបធៀប​ពី​ច្បាប់​ប្រឆាំង​ភេរវកម្ម​ប្រទេស​មួយៗ​ឈាន​ទៅ​បង្កើន​ច្បាប់​ថ្មី​។​

​រដ្ឋមន្ដ្រីការបរទេស​ហ្វីលីពីន​និយាយថា ត្រូវតែ​ចងចាំ​ប្រសិនបើ​ប្រទេស​ណាមួយ​មាន​ប្រជាជន​កំពុងស្ថិត​នៅ​ក្រុង​ម៉ា​រ៉ាវី​ជាមួយ​ពួក​សកម្មប្រយុទ្ធ  ពួក​នោះ​អាច​គំរាមកំហែង​នៅ​ប្រទេស​កំណើត​របស់​គេ វា​ដូច​គ្នា​នឹង​អ្វី​ដែល​បាន​កើតឡើង​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​អ៊ីចឹង​ដែរ​។​ក្រុម​ជី​ហាដ​មក​ពី​ច្រើន​ប្រទេស ខ្លះ​ជា​អ្នក​ប្រយុទ្ធ ខ្លះ​ជា​អ្នករៀបចំ​ផែនការ​វាយប្រហារ​។​នៅក្នុង​កិច្ច​ពិភាក្សា​បាន​លើកឡើង​ពី​ជនបរទេស​ដែល​កំពុង​ពាក់ព័ន្ធ​នឹង​ក្រុម​ជ្រុលនិយម ហើយ​ត្រូវ​ធ្វើ​យ៉ាងណា​ទើប​អាច​បណ្ដេញ​ពួកគេ​ចេញ​ពី​តំបន់​អាស៊ីអាគ្នេយ៍​បាន និង​ត្រូវ​ធ្វើ​យ៉ាងណា​ធានា​ឲ្យបាន​ថា​ពួកគេ​មិន​ឆ្លងកាត់​តាម​ព្រំដែន​ទៀត​។​

​ការផ្ដល់​ជំនួយ​
​ការសហការ​គឺជា​រឿង​ចាំបាច់​មួយ ប៉ុន្ដែ​ការផ្ដល់​ជំនួយ​ក៏​ជា​រឿង​សំខាន់​ដែរ​។​បើ​គិត​ពី​សង្គ្រាម​នៅ​ម៉ា​រ៉ាវី ហ្វីលីពីន​បាន​សារភាព​ថា​មិន​បាន​បំពាក់អាវុធ​គ្រប់គ្រាន់​ទប់ទល់​នឹង​ការគំរាមកំហែង​ទេ ហើយ​ប្រទេស​អាស៊ាន​បានបង្ហាញ​ការព្រួយបារម្ភ​យ៉ាងខ្លាំង ទីបំផុត​សម្រេច​ផ្ដល់​ជំនួយ​ដល់​ហ្វីលីពីន ទាំង​ជំនួយ​មនុស្សធម៌​និង​សម្ភារៈ​ផ្សេងៗ​។​

​ឧទាហរណ៍​សិង្ហ​បុរី​បាន​ជួយ​ដាក់​ពង្រាយ​យន្ដហោះ​គ្មាន​មនុស្ស​បើក​សម្រាប់​ស៊ើប​ការណ៍ ហើយ​បាន​ផ្ដល់​ការបង្ហាត់​បង្រៀន​ពី​យុទ្ធសាស្ដ្រ​សង្គ្រាម​។​ចំណែក​ម៉ាឡេស៊ី​និង​ឥណ្ឌូនេស៊ី​ក៏បាន​ផ្ដល់​ជំនួយ​ដែរ ជំនួយ​បន្ថែម​អាច​ជា​កិច្ចសហប្រតិបត្ដិកា​រលើ​វិស័យ​ការពារ​ជាតិ​៕

ព័ត៌មានផ្សេងទៀត