សារ​ព្រមាន​​«​វាយ​បាក់ធ្មេញ​»​«​វាយ​នឹង​គល់​ឫស្សី​​»​​អាច​​បញ្ឈប់​​ការ​តវ៉ា​​លទ្ធ​ផល​​ឆ្នោត​​ទេ​​?​

ដោយ៖ អឿន ភារ៉ា 03-08-2017 5:33 pm 4006

​ស្ទើរតែ​ក្លាយជា​វប្បធម៌​ទៅហើយ ដែល​អ្នកនយោបាយ​ខ្មែរ​តែងតែ​បញ្ចេញ​សារ​គំរាមកំហែង​របស់ខ្លួន នៅ​មុន​ការបោះឆ្នោត​មកដល់​។ ជាក់ស្តែង នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៧​នេះ ខណៈ​ការបោះ​ឆ្នោត​ជាតិ​​នឹង​ធ្វើឡើង​នៅ​ឆ្នាំ​២០១៨​នោះ សារ​ព្រមាន​របស់​អ្នកនយោបាយ​នៅក្នុង​ជួរ​គណបក្សកាន់អំណាច បាន​លេចឮ​ជា​បន្តបន្ទាប់ ដែល​ធ្វើឲ្យ​មជ្ឈដ្ឋាន​ជាច្រើន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។​

​ក្នុង​ពិធី​មួយ​កាលពី​ខែ​ឧសភា កន្លង​ទៅ​លោក​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​ថ្លែង​សារ​នយោបាយ​ដ៏​ក្តៅ​មួយ ដោយ​លោក​បញ្ជាក់ថា ម្តង​នេះ​លោក​មិន​ចង់​ឮ​ពាក្យ​ស្រែកថា «​ដូរៗ ហ៊ុន សែន​​អើយ​ចុះ​ចេញ​ទៅ​» ជាដាច់ខាត ដោយ​លោក​ចាត់ទុកថា សំដី​ទាំងនេះ​ធ្វើឲ្យ​កើត​បញ្ហាអ​ស្ថិរភាព​ក្នុងសង្គម ដែល​ត្រូវ​ទប់ស្កាត់​ជា​ចាំបាច់​។ មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ បាន​គំរាម «​វាយ​បាក់ធ្មេញ​» បើ​មាន​ការតវ៉ា​នឹង​លទ្ធផល​បោះឆ្នោត​ដូច​កាលពី​អាណត្តិ​មុន​។​

​ជាថ្មី​ម្តងទៀត នៅ​ដើម​ខែ​សីហា​នេះ លោក​វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ថ្លែងឲ្យដឹងថា លោកនាយក​រដ្ឋមន្ត្រី​នឹង​ប្រើ​កម្លាំង ដើម្បី​បង្ក្រាប​ទៅលើ​បក្សប្រឆាំង និង​អ្នកគាំទ្រ​បក្សប្រឆាំង​ណា ដែល​ប្រឆាំង​ទៅ​នឹង​លទ្ធផល​បោះឆ្នោត ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ ដោយ​ព្រមាន​«​សំពង​ក្បាល​នឹង​គល់​ឫស្សី​»​។ ហើយ​មន្ត្រីរាជការ​ត្រូវតែ​គាំទ្រ​រដ្ឋាភិបាល បើ​មិន​គាំទ្រ​ត្រូវ​លាលែង​ពី​ការងារ​។ នេះ​បើ​យោង​តាម​ខ្សែអាត់​សំឡេង​របស់​រដ្ឋមន្ត្រី​រូបនេះ​។​

​គួរកត់សម្គាល់​ថា វោហារ​ស័ព្ទ ដែល​មាន​លក្ខណៈ​ហិង្សា​របស់​អ្នកនយោបាយ​ចាស់វស្សា​ពី​គណបក្ស​កាន់​អំណាច​ធ្វើ​ឡើង ក្រោយពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោក​មិន​ខ្លាច​នឹង​កម្ចាត់​មនុស្ស​១០០ ទៅ​២០០​នាក់ ដើម្បី​រក្សា​សន្តិភាព​នោះទេ​។​

​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍ​និង​សន្តិភាព លោក​យង់ គិមអេង សម្តែង​ការសោកស្តាយ​ដែល​អ្នកនយោបាយ​ផ្ញើ​សារ​គំរាម និង​ប្រមាថ​បែបនេះ​។ លោក​លើកឡើង​ថា អ្នក​នយោបាយ​គួរតែ​ធ្វើ​នយោបាយ និង​បញ្ចេញ​ប្រតិកម្ម​ផ្សេងៗ ដែល​ជា​គំរូ​ដល់​យុវជន​ជំនាន់​ក្រោយ ពោល​គឺ​មិន​គួរ​ជ្រើសរើស​យក​ពាក្យសម្តី​ដែល​មាន​ហិង្សា​បែប​នេះ​ឡើយ​។ ហើយ​សារ​ទាំងនេះ វា​អាច​ធ្វើឲ្យប៉ះពាល់​ដល់​ទឹកចិ​ត្ត​ម្ចាស់​ឆ្នោត និង​កេរ្តិ៍ឈ្មោះ​របស់​ប្រទេសជាតិ​។ លោក​យង់ គិមអេង បន្ថែម​....
​សំឡេង​លោក​យង់ គិមអេង​៖

​ដោយឡែក លោក​សូ ចន្ថា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លើកឡើងថា ហួស​សម័យ​ទៅហើយ​ដែល​អ្នកនយោបាយ​ប្រើពាក្យ​គំរាម​ដូច្នេះ ហើយ​វា​ក៏​មិនមែន​ជា​គំរូ​ល្អ និង​ធ្វើឲ្យ​សង្គម​កម្ពុជា​រីកចម្រើន​នោះដែរ​។ លោក​យល់ថា ការប្រកួតប្រជែង​បែប​ប្រជាធិបតេយ្យ គឺ​គ្មាន​ការ​គំរាម​គំហែង និង​ការ​សម្លុត​ទៅ​ម្ចាស់ឆ្នោត ឬ​អ្នក​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​នោះទេ​។ លោក​សូ ចន្ថា ថ្លែងបន្ត​....
​សំឡេង​លោក​សូ ចន្ថា​៖

​សាស្ត្រាចារ្យ​នយោបាយ​រូបនេះ បញ្ជាក់ថា ការព្រមាន​របស់​អ្នកនយោបាយ​ទាំង​នេះ ទៀតសោត ក៏​មិន​អាច​បញ្ឈប់​ការតវ៉ា​លទ្ធផល​ឆ្នោត​បាន​ដែរ បើ​ការបោះឆ្នោត​នៅតែ​គ្មាន​ភាពត្រឹមត្រូវ​។ តែ​ផ្ទុយទៅវិញ សារ​គំរាម​, សម្លុត​នេះ វា​នឹង​បង្កើត​ការឈឺចាប់​សម្រាប់​ជាតិ​ទៅ​វិញ​ទេ​។​

​វិទ្យុ​វាយោ​មិនទាន់​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥសាន បានទេ នៅថ្ងៃនេះ​។ ប៉ុន្តែ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​រូបនេះ ធ្លាប់​បាន​បញ្ជាក់ថា ការលើកឡើង​បែប​នេះ មិនមែន​ជា​សារ​គំរាមកំហែង​ដល់​ម្ចាស់ឆ្នោត​ទេ ដោយ​អះអាង​ថា សារ​នេះ​គាំទ្រ​និង​ការពារ​រដ្ឋាភិបាល​ស្របច្បាប់ និង​រដ្ឋធម្មនុញ្ញ​។​

​សូមបញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ករណី​របស់​រដ្ឋមន្ត្រី​សង្គមកិច្ច លោក​វង សូ​ត ដែល​បាន​ព្រមាន​វាយ​ក្បាល​នឹង​គល់​ប្ញ​ស្សី ចំពោះ​ក្រុម​អ្នក​ចង់​ធ្វើ​បាតុកម្ម ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក​ហ៊ុន សែន នៅ​ថ្ងៃ​ទី​០៣​សីហា​នេះ បាន​ថ្លែង​ការពារ និង​បន្ត​ព្រមាន​កម្ទេច​អ្នក​ដែល​ចង់​ធ្វើ​បាតុកម្ម ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៨​។ លោក​ថ្លែងថា បើ​បក្សប្រឆាំង​ហ៊ាន​ឡាំប៉ា លោក​នឹង​ចាត់ការ​ហើយ​ដោយ​មិន​អត់ឱន​ឲ្យ​ទេ ព្រោះ​លោក​ថា មិន​ចង់ឲ្យ​កើត​មាន​ប្រវត្តិសាស្ដ្រ​ដូច​ឆ្នាំ​២០១៣​នោះទេ​។ សូម​ស្តាប់​ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី បន្ថែម​....
​សំឡេង​លោក​ហ៊ុន សែន​៖

​ជា​ការកត់សម្គាល់ វោហារ​ស័ព្ទ​ដែល​មាន​លក្ខណៈ​ហិង្សា​នា​ពេល​ថ្មីៗ​នេះ ពី​សំណាក់​គណបក្ស​កាន់អំណាច​ដែល​បាន​ព្រមាន​ធ្ងន់ៗ ចំពោះ​អស្ថិរភាព​នយោបាយ រហូត​ទៅ​ដល់​ការគំរាមកំហែង​ត្រង់ៗ​ថា​នឹង​កើត​មាន​សង្គ្រាម​។ ហើយ​ការព្រមាន​របស់​មេដឹកនាំ និង​អ្នកនយោបាយ​ជើង​ចាស់​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ថា​នឹង​វាយ​បង្ក្រាប​ដោយ​ហិង្សា​ទៅលើ​អ្នក​តវ៉ា​នេះ បាន​កើតឡើង​ជា​បន្តបន្ទាប់​តាំងពី​មុន និង​ក្រោយ​ការបោះឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី​៤​នេះ​។​

​តែ​យ៉ាងណា គណបក្ស​ប្រឆាំង​មិន​ចាប់អារម្មណ៍​នឹង​សម្តី​ព្រមាន​ទាំង​នេះ​ឡើយ​។ ហើយ​ថា អះអាងថា បើសិន​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅ​ល្អ​នោះ គឺ​គ្មាន​ការតវ៉ា​ណាមួយ​កើតឡើង​ឡើយ​។​

​យ៉ាងណា​ក៏ដោយ​ចុះ អ្នកវិភាគ និង​មន្ត្រី​សង្គម​ស៊ីវិល បាន​ផ្តល់​អនុសាសន៍​ស្រដៀង​គ្នា​ថា ដើម្បី​កុំឲ្យ​កើតមាន​នូវ​ការតវ៉ា គឺ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប ត្រូវ​ធ្វើយ៉ាងណា​រៀបចំ​ដំណើរ​ការ​បោះឆ្នោត​ឲ្យមាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ហើយ​ដោះស្រាយ​បណ្តឹង​ពលរដ្ឋ​ប្រកប​ដោយ​សុចរិត​ភាព​។ មួយវិញទៀត គណបក្សនយោបាយ​ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត ជាពិសេស គណបក្ស​ធំៗ​ទាំងពីរ ត្រូវ​ពិភាក្សា​និង​ព្រមព្រៀងគ្នា​ជាមុន កុំឲ្យ​ការតវ៉ាល​ទ្ធ​ផល​បោះឆ្នោត​កើតឡើង​ជា​ថ្មី​៕

ព័ត៌មានផ្សេងទៀត