អវត្តមាន​​លោក​ហ៊ុន​សែន​​ដឹកនាំ​ កម្ពុជា​​នៅ​តែ​រក្សា​​ស្ថេរភាព​​បាន​​ល្អ​ឬ​?​

ដោយ៖ គួន សំបូរ 02-08-2017 3:12 pm 4413
លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក្នុងវេទិការកន្លងទៅ។ រូបពីហ្វេសប៊ុកលោកផ្ទាល់

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ព្រមាន​ធ្ងន់ៗ​ទៅ​លើ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកគាំទ្រ​ថា កុំ​ចង់​កេងចំណេញ​អំពី​ការស្លាប់​របស់​លោក ពីព្រោះ​បើ​អត់​ពី​លោក​វិបត្តិ​នយោបាយ​អាច​នឹង​កើតមាន ហើយ​មេគណបក្ស​ប្រឆាំងនឹង​ស្លាប់​មុន​គេ​។ ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី​យ៉ាង​ដូច្នេះ ធ្វើឡើង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ ដល់​និស្សិត​សាកលវិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​ថ្ងៃ​ទី​១ ខែ​សីហា​។ សម្រាប់​អ្នកវិភាគ​វិញ មើលឃើញថា អត់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កម្ពុជា​នៅ​តែ​រក្សា​ស្ថេរភាព​បានល្អ​។ ប៉ុន្តែ​បើសិន​ជា​ការផ្លាស់ប្តូរ​នោះ​ធ្វើឡើង​តាមរយៈ​បដិវត្តន៍ ឬ​ក៏​ចាញ់​ឆ្នោត​ហើយ​មិន​ទទួល នេះ​ជា​បញ្ហា​គ្រោះថ្នាក់​សម្រាប់​កម្ពុជា​។

​ថ្លែង​នៅ​ចំពោះមុខ​និស្សិត​រាប់ពាន់នាក់​ដែល​ទទួល​សញ្ញាបត្រ​នៅ​កោះ​ពេជ្រ ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ព្រមាន​ធ្ងន់ៗ​ទៅ​លើ​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ថា កុំ​ចង់​កេងចំណេញ​នយោបាយ​ពី​ការស្លាប់​របស់​លោក​។ លោក​ហ៊ុន សែន បាន​វាយតម្លៃ​ថា សព្វថ្ងៃ​គណបក្សប្រឆាំង​គ្មាន​លទ្ធភាព​គ្រប់គ្រង​សភាពការណ៍​នៅ​កម្ពុជា​ទេ​។ ដូច្នេះ​ផលចំណេញ​ដែល​ទទួលបាន​ពី​ការស្លាប់​របស់​លោក​មាន​តិច​ជាង​ទុកឲ្យ​លោក​នៅរស់​។​

​ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​រូបនេះ​បន្ថែមថា បច្ចុប្បន្ន​លោក​រក្សាបាន​នូវ​ការគ្រប់គ្រង​លើ​កម្លាំង​ទាំងអស់​។ ប៉ុន្តែ​បើ​អត់​ពី​លោក​ហ៊ុន សែន​ទៅ​នៅពេលនោះ រាជរដ្ឋាភិបាល​នឹង​ត្រូវ​រលាយ​ដោយ​ស្វ័យប្រវត្តិ កងទ័ព​គ្មាន​អ្នកគ្រប់គ្រង ចំណុច​នេះ​ហើយ​ជា​ផ្លូវ​ស្លាប់​រស់​របស់​គណបក្ស​ប្រឆាំង​…

​សំឡេង​លោក​ហ៊ុន សែន​៖

​ផ្ទុយ​ពី​ការអះអាង​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន ចំពោះ​អ្នកវិភាគ​វិញ​យល់ឃើញថា អត់​លោកនាយក​រដ្ឋមន្ត្រី កម្ពុជា​នៅ​តែ​រក្សា​ស្ថេរភាព​បានល្អ​។​លោក​ចាន់ វិបុល បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នកជំនាញ​ផ្នែក​ប្រជាធិបតេយ្យ បាន​ទទួលស្គាល់ថា សព្វថ្ងៃ​អំណាច​របស់​លោក​ហ៊ុន សែន មាន​ខ្លាំង​នៅក្នុង​កម្ពុជា​។​ប៉ុន្តែ​លោក​សង្កេតឃើញថា នៅ​កម្ពុជា​រាល់ថ្ងៃ​សំបូរ​អ្នក​មាន​សមត្ថភាព​ច្រើន ហើយ​បើសិនជា​មាន​ការរៀបចំ​ប្រព័ន្ធ​បក្ស​បាន​ត្រឹមត្រូវ ដោយ​ចែកឲ្យដាច់​ចេញ​ពីប្រព័​ន្ធ​រដ្ឋ លោក​យល់ថា សង្គម​នឹង​ទទួល​នូវ​សន្តិភាព​ល្អ​។ ដូច្នេះ​លោក​មិន​បារម្ភ​ថា បើ​អត់​ពី​លោក​នាយករដ្ឋមន្ត្រី​ទៅ​កម្ពុជា​នឹង​មាន​បញ្ហា​ឡើយ​...

​សំឡេង​លោក​ចាន់ វិបុល​៖

​លោក​បណ្ឌិត​សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អ្នកស្រាវជ្រាវ បាន​គូសបញ្ជាក់ថា អត់​ពី​នាយក​រដ្ឋមន្ត្រី​ទៅ​អាច​ប្រែប្រួល តែ​ការប្រែប្រួល​នោះ​មិន​ច្រើន​ឡើយ​។ មិន​ច្រើន ដោយ​លោក​ពន្យល់​ថា ពីព្រោះ​ជា​ធម្មតា​នៅក្នុង​គណបក្ស​មួយ គឺ​មាន​រចនាសម្ព័ន្ធ​ត្រឹមត្រូវ ហើយ​បើសិនជា​អត់​មេដឹកនាំ​ចាស់​ទៅ អ្នក​បន្តវេន​នឹង​អនុវត្តតាម​គោល​នយោបាយ​គណបក្ស​នោះ​។
​យ៉ាងណា​ក៏​ដោយ​ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា​រូបនេះ បាន​លើកឡើង​ថា បើសិន​ជា​ការប្តូរ​នាយ​ក​រដ្ឋមន្ត្រី​ដោយ​កម្លាំងបាយ មានន័យ​ថា តាមយៈ​ការធ្វើ​បដិវត្ត​ន៍​ផ្សេងៗ ពេល​នោះ​អស្ថេរភាព នយោបាយ​នឹង​កើតមាន​។ រីឯ​ឥទ្ធិពល​បក្ស​ជ្រាបចូល​ប្រព័ន្ធគ្រប់គ្រង​សាធារណៈ​វិញ លោក​សង្គត់ធ្ងន់​ថា ជា​រឿង​ធ្វើ​ធម្មតា ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បក្ស​ឈ្នះឆ្នោត​…

​សំឡេង​លោក​សុខ ទូច​ និងបន្តបន្ថែមពី​លោក​ចាន់ វិបុល​៖

​គួរ​កត់ម្គាល់ថា នេះ​ពុំមែន​ជា​លើក​ទី​១​ឡើយ​ចំពោះ​ការព្រមាន​របស់​លោក ហ៊ុន សែន ថា មាន​អស្ថេរភាព​នៅក្នុង​ប្រទេស​។ កន្លងមក​លោក​នាយក​រដ្ឋមន្ត្រី ថែមទាំង​គំរាម​ផ្ទុះ​សង្គ្រាម​ថែមទៀត​ផង បើ​គណបក្ស​ប្រជាជនកម្ពុជារបស់លោកចាញ់ឆ្នោត​៕

ព័ត៌មានផ្សេងទៀត