ក្រុមប្រឹក្សាធម្មនុញ្ញ​ប្រតិកម្ម​នឹង ​ប្រែ​ដ អាដាម​ រឿង​ច្បាប់​គណបក្ស​នយោបាយ​​ដ៏​ចម្រូងចម្រាស​​

ដោយ៖ ខាត់ សុធី 31-07-2017 2:49 pm 2713
លោក ប្រ៊ែ​ដ អាដាម​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ

​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ (Human Rights Watch) លោក ប្រ៊ែ​ដ អាដាម (Brad Adams) ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី បាន​អំពាវនាវ​ឲ្យ​សមាជិក​ទាំងអស់​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ មាន​ភាព​ក្លាហាន​ហ៊ាន​ចុះចេញ​ពី​តំណែង​ជាបន្ទាន់ ព្រោះ​លោក​ថា អ្នក​ទាំងនោះ​មិន​បាន​បំពេញ​ការងារ​របស់​ខ្លួន​ជា​អ្នកការពារ​កុំឲ្យ​មាន​ការរំលោភ​រដ្ឋធម្មនុញ្ញ​ទេ​។​

​ការលើក​ឡើង​យ៉ាង​ដូច្នេះ បន្ទាប់ពី​សមាជិក​ទាំង​អស់នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ បោះឆ្នោត​គាំទ្រ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​ធ្វើ​វិសោធនកម្ម​មួយ​លើក​ជា​ពីរ​លើក​តាម​សំណើ​លោ​កន​យក​រដ្ឋមន្ត្រី​ហ៊ុន សែន ។ លោក​អាដាម យល់ថា អ្នក​ទាំងនោះ​មិន​បាន​បំពេញ​ការងារ​ឲ្យ​ស័ក្ដិសម​នឹង​ឈ្មោះ​ជា​អ្នក​រក្សា និង​ការពារ​រដ្ឋធម្មនុញ្ញ កុំឲ្យ​មាន​ការរំលោភបំពា​ន​នោះទេ​។ រដ្ឋធម្មនុញ្ញ​កម្ពុជា ចែងថា កម្ពុជា​ប្រកាន់​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​។ លោក​ប្រ៊ែ​ដ អាដាម និយាយថា ក្នុង​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស គេ​មិន​ដែល​ធ្វើ​ច្បាប់​ណា​ហាមឃាត់​មេដឹកនាំ​គណបក្សប្រឆាំង​មិនឲ្យ​ចូលរួម​ក្នុង​ការបោះឆ្នោត​នោះ​ទេ​។ ដូច្នេះ​សមាជិក​គ្រប់​រូប​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ  គួរ​មាន​សេចក្ដីក្លាហាន និង​ចេះ​មានការ​ខ្មាសអៀន ហ៊ាន​ចុះ​ចេញពី​តំណែង​ភ្លាម កុំ​នៅ​បន្ត​រួម​គ្នា​ធ្វើ​បំពាន​បែប​នេះ​តទៅទៀត​។​

​ពីរ​ថ្ងៃ​បន្ទាប់ពី​លោក​ប្រ៊ែ​ដ អាដាម និយាយ​ដូច្នេះ អ្នកនាំពាក្យ​ក្រុមប្រឹក្សាធម្មនុញ្ញ នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៧​នេះ បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស និង​បដិសេធ​យ៉ាង​ដាច់អហង្ការ នូវ​ការលើកឡើង​របស់​នាយ​ក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ រូបនេះ ដោយ​ចាត់ទុកថា ការនិយាយ​នេះ ជាការ​មួលបង្កាច់ ដោយ​ចេតនា​ទុច្ចរិត​របស់​បុគ្គល ប្រ៊ែ​ដ អាដាម ដែល ធ្វើឲ្យ​ប៉ះពាល់​មកលើ​ស្ថាប័ន​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ស្ថាប័ន​កំពូលៗ​ដទៃទៀត​របស់​កម្ពុជា​។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍ របស់​អ្នកនាំពាក្យ​ក្រុមប្រឹក្សាធម្មនុញ្ញ ដែល​វិទ្យុ​វាយោ​ទទួលបាន​នៅ​ថ្ងៃនេះ​។​

​អ្នកនាំពាក្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​សង្កត់ធ្ងន់ថា ការលើកឡើង​របស់ លោក ប្រ៊ែ​ដ អាដាម នេះ ជា​ការរំលោភ​លើ​ឯករាជ្យ អធិបតេយ្យ រំលោភ​លើក​រដ្ឋធម្មនុញ្ញ និង​កិច្ចការ​ផ្ទៃក្នុង របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​ធ្វើឲ្យ​មាន​ការភាន់ច្រឡំ ដល់​សាធារណ​មតិ​ជាតិ និង​អន្តរជាតិ​។​

​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ បាន​ធ្វើ​វិសោធនកម្ម កែប្រែ​ចំណុច​សំខាន់​ចំនួន​ពីរ​លើក​មក​ហើយ តាម​ការទាមទារ​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែល​វិសោធនកម្ម​លើក​ទី​១ បានធ្វើ នៅ​អំឡុង​ខែ​កុម្ភៈ​ឆ្នាំ​២០១៧ គឺ​មិន​អនុញ្ញាត ឲ្យ​អ្នក​មាន​ទោស ឬ​ជា​ទណ្ឌិត ធ្វើជា​ប្រធាន ឬ​អនុប្រធាន គណបក្ស​នយោបាយ​ឡើយ​។ បើ​ទោស​ធ្ងន់ធ្ងរ​ទៀត អាច​ឈាន​ដល់ ការរំលាយ​គណបក្ស និង​ហាមឃាត់​ថ្នាក់ដឹកនាំ​គណបក្ស មិនឲ្យ​ធ្វើ​សកម្មភាព នយោបាយ​ថែមទៀត​។ ដល់​លើក​ទី​២​នេះ នឹង​រារាំង​មិនឲ្យ​មាន​ការដាក់តាំង​រូប​បុគ្គល​ជា​ទណ្ឌិត នៅ​ពីក្រោយ​គណបក្សនយោបាយ​ដូច​មុនៗ​ទេ​។ ចំណុច​ទី​៦ នៃ​មាត្រា​៦​ថ្មី ហាម​ការប្រើប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយលក្ខណ៍អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត​ជាប់​ទោស​ពី​បទឧក្រិដ្ឋ ឬ​ពី​បទមជ្ឈិម ដើម្បី​ជា​ផល​ប្រយោជន៍​នយោបាយ​សម្រាប់​គណបក្ស​នយោបា​យរបស់​ខ្លួន​។​

​ទាក់ទង​នឹង​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ​ដែរ កន្លង​មក​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក​អេង ឆៃអ៊ាង ចាត់ទុក​ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ តាម​ការទាមទារ​រប​ស់លោក​ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ថា​ជា​ច្បាប់​ដ៏​អាក្រក់​ហួសហេតុ នឹង​ធ្វើ​ឲ្យ​មេដឹកនាំ​ខ្មែរ​បែកបាក់​គ្នា ហើយក៏​មិន​មាន​ផលប្រយោជន៍​សម្រាប់​ជាតិ​ដែរ​។ ផ្ទុយទៅវិញ ការធ្វើ​ច្បាប់​នេះ​គ្រាន់តែ​មាន​គោលបំណង​ចង់​ឲ្យ​ពលរដ្ឋ​បំភ្លេច​ចោល​លោក​សម រង្ស៊ី និង​ចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មុន​ពេល​បោះឆ្នោត​ឆ្នាំ​២០១៨ តែប៉ុណ្ណោះ​។ 

​ក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាស​ទទួលស្គាល់​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ថា ស្រប​តាម​រដ្ឋធម្មនុញ្ញ ។ សេចក្តីសម្រេច​នេះ ធ្វើ​នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៧ ក្នុង​កិច្ចប្រជុំ​ពេញអង្គ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ ជា​សេចក្តីសម្រេច​ស្ថាពរ បិទផ្លូវ​តវ៉ា ហើយ​មាន​អានុភាព​អនុវត្ត​ទៅ​លើ​អំណាច​ទាំងអស់​ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ ។​

​សូម​រំឭកថា ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ថ្មី​ដ៏​ចម្រូងចម្រាស​នេះ ត្រូវបាន​ប្រមុខរដ្ឋស្តីទី លោក​សាយ ឈុំ ចុះហត្ថលេខា ប្រកាស​ដាក់ឲ្យអនុវត្ត ជា​ធរមាន​ហើយ កាលពី​ថ្ងៃ​ទី​២៨ កក្កដា ខណៈ​ព្រះមហាក្សត្រ យាង​ទៅ​ពិនិត្យ​ព្រះរាជសុខភាព​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន បន្ទាប់​ពី​គណបក្ស​ប្រឆាំង​បាន​ដាក់​លិខិត​ទូលថ្វាយ​ព្រះអង្គ​កុំឱ្យ​ឡាយព្រះហស្តលេខា ដោយ​គណបក្ស​នេះ ចាត់ទុក​ច្បាប់​នេះ ថា​កំពុងតែ​បំបិទ​សិទ្ធិ​សេរីភាព​នយោបាយ និង​បំពាន​ទៅ​លើ​លិទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​៕


ព័ត៌មានផ្សេងទៀត