អ្នក​អភិរក្ស​និង​សិល្បៈករ​រួម​គ្នា​បង្ហាញ​ពី​វិបត្តិ​នៃ​ការវិនាស​សត្វព្រៃ​តាមរយៈ​អន្ទាក់​

ដោយ៖ គង់ ឧត្តម 29-07-2017 6:51 pm 752

កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ប្រមាណ​ម៉ោង​៦​ល្ងាច ក្នុង​ហាង​កាហ្វេ Felix Café មាន​រៀបចំ​កម្មវិធី​តាំង​ពិ​ពណ៌​រូបថត​ស្តី​អំពី​ជីវិត​សត្វព្រៃ​នៅ​ប្រទេស​កម្ពុជា ។ មុខ​ច្រក​នៃ​ខ្លោងទ្វារ​ចូល​ខាងឆ្វេង​ដៃ យើង​ឃើញ​គេ​ដាក់​តាំង​រូបសំណាក​កូនដំរី​មួយ​ក្បាល​ដែល​មាន​បំពាក់​ជើងសិប្បនិម្មិត​នៅ​ជើង​មុខ​ខាងឆ្វេង ។ រូបសំណាក់​កូនដំរី​នេះ ត្រូវបាន​គេ​ផលិត​ចេញពី​អន្ទាក់​សត្វ​គ្រប់​ប្រភេទ និង​មាន​កម្ពស់​ជិត​មួយ​ជំហរ​មនុស្ស​ប្រុស​ពេញវ័យ ។ ការណ៍​ពិត​ទៅ រូបសំណាក​នេះ ត្រូវបាន​គេ​ផលិត​ចេញពី​ជីវិត​កូនដំរី​មួយ​ក្បាល​ដែល​ឈ្មោះ ឈូក ។ ឈូក​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ខេត្ត​មណ្ឌលគិរី នៅ​ឆ្នាំ​២០០៧ ហើយ​វា​បាន​រើខ្លួន​រួច​ពី​អន្ទាក់​ខ្សែ ក៏​ប៉ុន្តែ​វា​ត្រូវ​បាន​ដាច់​ប្រអប់ជើង​ខាងឆ្វេង ។ អ្នកជំនាញ​បាន​ដឹក​វា​ទៅ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ ភ្នំ​តា​ម៉ៅ និង​បាន​ព្យាបាល​ជំងឺ​រហូត​ជា ។ ជាងនេះទៅទៀត គេ​បាន​ផលិត​ជើងសិប្បនិម្មិត​ឱ្យ​ឈូក​ពាក់​ដើម្បី​សម្រួល​ដល់​ការរស់នៅ​របស់​វា​ទៀតផង ។ វា​ត្រូវ​បាន​គេ​បង្រៀន​ឱ្យ​ចេះ​ពាក់​ជើងសិប្បនិម្មិត ។ វា​មាន​សុខភាព​ល្អ​រហូត​មក​ទល់​បច្ចុប្បន្ន ។ ឈូក​ជា​ដំរី​មួយ​ក្នុងចំណោម​ដំរី​ពីរ​ទៅ​បី​ទៀត​ដែល​បាន​រួច​ជីវិត​ពី​អន្ទាក់ ។​

​ឈរ​ក្បែរ​រូបសំណាក​កូនដំរី​ឈ្មោះ​ឈូក អ្នកនិពន្ធ​សៀវភៅ និយាយ​អំពី​ការ​មិន​បរិភោគ​សាច់សត្វ ជនជាតិ​ស្វីស​បាន​ប្រាប់ថា គាត់​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​នឹង​កម្មវិធី​នេះ ។ លោក ប្រូ​ណូ ប៊ី​ស្ណ​យ គឺជា​បុគ្គល​មួយរូប​ដែល​មិន​បរិភោគ​សាច់​តាំង​ពី​លោក​នៅ​ក្មេង​មកម្ល៉េះ ក៏​ព្រោះ​គាត់​មាន​អារម្មណ៍​អាណិត​ដល់​សត្វ ពេល​ឃើញ​គេ​សម្លាប់​វា​ម្តងៗ ។ គាត់​ថា «​ការបរិភោគ​សាច់សត្វ គ្រាន់តែ​ជា​ទម្លាប់​នៃ​ការ​សម្លាប់សត្វ​បរិភោគ​ប៉ុណ្ណោះ យើង​មិន​គួរ​បន្ត​ទម្លាប់​នេះ​ទៀត​ទេ យើង​ដឹង​ពី​ការឈឺចាប់​របស់​សត្វ ។ » គាត់​បន្ត​ថា យើង​គួរ​ឈប់​បរិភោគ​សាច់ ឬ​កាត់​បន្ថយ​នៃ​កា​រញុំា​សាច់ ដើម្បី​កុំឱ្យ​ការសម្លាប់​សត្វ​លើស​ចំនួន​កំណត់ ដែល​អាច​ប៉ះពាល់​ដល់​បរិស្ថាន ។ បុរស​ម្នាក់​នេះ​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ ដើរ​ទៅ​ប្រទេស​ផ្សេងៗ​ដើម្បី​សិក្សា​ស្រាវជ្រាវ​ផលិត​សៀវភៅ​របស់​គាត់​ឡើង ។ វា​ជា​សៀវភៅ​ទីមួយ​ដែល​មិន​ទាន់​មាន​អ្នកណា​សរសេរ ។ គាត់​ប្រាប់ថា សៀវភៅ​នេះ​នឹង​ចេញផ្សាយ​នៅ​ឆ្នាំ​២០១៩ ។​

ក្នុង​សំលៀកបំពាក់​អាវ​ក្រណាត់​ពណ៌​ក្រហម​ឈាមជ្រូក យុវជន ប៉ុក ព​ន្លា កំពុង​ឈរ​មើល​ការសម្តែង​សិល្បៈ​តន្ត្រីសម័យ​ពី​ផ្ទាំង​ថតរូប​កម្មវិធី​ខាងក្រៅ​កាលពី​ល្ងាច​នោះ គាត់​គឺជា​អ្នកនិពន្ធ​បទ​ចម្រៀង​និង​ភ្លេង​សម្រាប់​កម្មវិធី​អន្ទាក់ ដែល​មាន​ចំណងជើង​ថា ថែរក្សា​សត្វព្រៃ ។ ពន្លា​នឹង​សម្តែង​បទ​នេះ ក្នុង​ព្រឹត្តិការណ៍​ពិ​ពណ៌​ធំ​នៅ​ថ្ងៃទី​០៣ ខែ​សីហា ពេលខាងមុខ​នេះ ។ គាត់​បាន​ប្រាប់ថា ដោយសារក្តី​ស្រឡាញ់​ចំពោះ​សត្វព្រៃ និង​ចង់​ឱ្យ​សាធារណជន​ដឹង​ពី​វិនាសកម្ម​សត្វព្រៃ ទើប​គាត់​ស្ម័គ្រចិត្ត​ផលិត​បទ​ចម្រៀង​នេះ​ឡើង ។ គាត់​ស្នើ​ឱ្យ​ពលរដ្ឋ​គួរ​ឈប់​ប្រកប​របរ​ជួញដូរ​សត្វព្រៃ ព្រោះ​វា​កំពុងតែ​ប្រឈម​នឹង​ការបាត់បង់​ហើយ​…
​សំឡេង​យុវជន ប៉ុក ព​ន្លា ៖

ឈានជើងដើរ​ចូល​ទៅក្នុង​បន្ទប់​តាំង​ពិ​ពណ៌​ប្រហែល​២-៣​ជំហាន យើង​ឃើញ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​កំពុង​ដើរ​ទស្សនា​រូបថត​សត្វព្រៃ​កំពុង​ជាប់អន្ទាក់ និង​មាន​ឃ្លា​ពិពណ៌នា​អំពី​ប្រភេទ​សត្វ និង​ហានិភ័យ​នៃ​ការបាត់បង់​ពីក្រោម ។ នៅ​ខាងស្តាំ​ដៃ​ជាប់​រូបនេះ មានភ្ជាប់​រូបសំណាក​សិល្បករ​ថតរូប​មាន​ដៃ​-​ជើង កំពុង​ជាប់អន្ទាក់​ហូរ​ឈាម​ប្រៀបប្រដូច​ទៅ​នឹង​សត្វព្រៃ​ទាំងនោះ​ដែរ ។ សិល្បៈ​រូបភាព​នេះ បាន​សង្កត់ធ្ងន់​ទៅលើ​ការគំរាមកំហែង​យ៉ាងខ្លាំង​ដោយ​ការ​ប្រមាញ់​សត្វព្រៃ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ចេញពី​ការប្រើ​អន្ទាក់​របស់​មនុស្ស ដែល​បាន​សម្លាប់សត្វ​រាប់​លាន​ក្បាល​ជា​រៀងរាល់ឆ្នាំ ។ រូបថត​លក្ខណៈពិសេស​របស់​តារា​ម៉ូឌែ​ល និង​តារា​ល្បីៗ​កម្ពុជា​រងរបួស​ក្លែងក្លាយ ដែល​បាន​ធ្វើឱ្យ​ស្រដៀង​ទៅ​នឹង​សត្វ​ដែល​បាន​ជាប់អន្ទាក់​ពិតៗ ។​

យុវជន​មាឌធំ​ម្នាក់ កំពុង​ឈរ​ក្បែរ​រូបថត​របស់​ខ្លួន​ដែល​ដាក់​តាំង​ក្នុង​ពិ​ពណ៌​ប្រាប់ថា លោក​មាន​អារម្មណ៍​ដូចគ្នា​អ៊ីចឹង អារម្មណ៍​ឈឺចាប់​របស់​សត្វ និង​មនុស្ស នៅពេល​ដែល​ជាប់អន្ទាក់ ។ លោក លី មករា ថា យើង​គួរ​ចូលរួម​ថែរក្សា អភិរក្ស​សត្វព្រៃ​ព្រោះ​វា​កំពុង​ប្រឈម​នឹង​ការបាត់បង់​…
​សំឡេង​លោក លី មករា ៖

​ថ្លែង​ក្នុង​សុន្ទរកថា​ល្ងាច​នោះ អ្នកគ្រប់គ្រង​ប្រភេទ​សត្វ​អង្គការ ហ្វ​រណា អែ​ន ហ្ល​រ៉ា អ៊ី​ន​ធឺ​ណេ​ហ្សិ​នណល នៃ​ប្រទេស​កម្ពុជា លោក​បណ្ឌិត ជេ​កសុន ហ្វ្រី​ឆេត បាន​និយាយ​ក្នុង​កម្មវិធី​នេះ​ថា «​ប្រទេស​កម្ពុជា​ត្រូវបាន​ទទួល​ពរ​ដោយ​ឱ្យ​មាន​ព្រៃ​មួយចំនួន និង​មាន​ជីវចម្រុះ​ច្រើន​បំផុត ជាមួយនឹង​ប្រភេទ​សត្វ​ជាច្រើន​ក្នុង​ពិភពលោក​ដែល​មាន​តែ​មួយ​គត់​នៅ​ប្រទេស​នេះ ។ ប៉ុន្តែ​អន្ទាក់ គឺ​ជា​ឃាតករ​ដែល​សម្លាប់​ដោយ​មិន​រើសមុខ ដែល​ត្រូវបាន​កំពុង​ដាក់​សត្វព្រៃ និង​ប្រព័ន្ធ​អេកូឡូស៊ី​ឱ្យ​ចូល​ទៅក្នុង​ភាព​ហានិភ័យ យើង​អាច​មើលឃើញ​ផលប៉ះពាល់​ថា វា​ត្រូវ​បាន​មាន​រួចទៅហើយ​នៅក្នុង​តំបន់​ដែល​យើង​កំពុង​ធ្វើការ ។ ប្រទេស​កម្ពុជា​បាន​បាត់បង់​ប្រភេទ​សត្វ​ជាតិ​រួចទៅហើយ ដូចនេះ យើង​ត្រូវការ​ធ្វើ​សកម្មភាព​ឱ្យ​បាន​លឿន​មុនពេល​ដែល​យើង​នឹង​ត្រូវ​បាត់បង់​ច្រើន​ថែមទៀត នៃ​បេតិក​ភ័ណ្ឌ​ធម្មជាតិដ៏​វិសេសនេះ ។ »

​លោក ទា​ក សេង អគ្គនាយក​ប្រចាំ​អង្គការ ដា​ប់ប៊ិល​យូរ ដា​ប់ប៊ិល​យូរ អេ​ហ្វ ខេ​ម​បូឌា បាន​និយាយថា «​យើង​ត្រូវ​បញ្ឈប់​អ្នក​ដែល​ចូលចិត្ត​ហូប​សាច់​សត្វព្រៃ ឱ្យ​ឈប់​ទិញ​សាច់​សត្វព្រៃ ហើយ ក្នុងពេល​ដំណាលគ្នា​នេះ រាជរដ្ឋាភិបាល​កម្ពុជា ត្រូវតែ​បង្ក្រាប​បទល្មើស​អន្ទាក់​ឱ្យមាន​ប្រសិទ្ធភាព​ក្នុង​តំបន់​ការពារ ។ យើង​សង្ឃឹមថា​ព្រឹត្តិការណ៍​នេះ គឺជា​ជំ​ហ៊ាន​ទី​មួយ​នៃ​ការផ្លាស់ប្តូរ​ក្នុង​វិធីសាស្ត្រ ដើម្បី​ឱ្យ​មាន​ឥទ្ធិពល​ទៅ​ដល់​អ្នក​ដែល​ចូលចិត្ត​ហូប​សាច់​សត្វព្រៃ ខណៈ​ពេល​នេះ​ដែរ ក៏​ត្រូវតែ​មាន​ការធានា​ឱ្យមាន​ប្រសិទ្ធភាព​ក្នុង​ការការពារ​ព្រៃឈើ និង​ជីវចម្រុះ​របស់​ប្រទេស​នេះ​ដែរ ។ »

ប្រធាន​នាយក​សិល្បៈ កញ្ញា ឌូ ពុធ​ម៉ូ​លី​តា ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា អេ​ផល​លើ​វ បាន​និយាយថា «​ការ​ផ្តោត​សំខាន់​នៃ​ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​បង្ហាញ​ដល់​ប្រជាជន​កម្ពុជា ពី​ផលវិបាក​នៃ​ការបរិភោគ​សាច់​សត្វព្រៃ ។ ប្រជាជន​មិន​ដឹង​ទេ​ថា សត្វ​ជាច្រើន​បាន​ស្លាប់ ឬ​ត្រូវ​រងរបួស​ដោយសារ​អន្ទាក់​បាន​ដាក់​នៅក្នុង​ព្រៃ​របស់​យើង​» ។ កញ្ញា​បញ្ជាក់ថា យើង​គួរតែបញ្ឈប់​ការសម្លាប់​សត្វ​ដើម្បី​យក​សាច់​បរិភោគ និង​ដើម្បី​មក​យក​ដាក់​តាំង​ក្នុងផ្ទះ​ជាដើម​…
​សំឡេង​កញ្ញា ឌូ ពុធ​ម៉ូ​លី​តា ៖

ប្រធាន​នាយក​សិល្បៈ​រូបនេះ​ក៏​បាន​ផ្តាំផ្ញើ​ទៅដល់​សិល្បករ​ទាំងអស់ សូម​ប្រើ​សិល្បៈ​ក្នុង​ផ្លូវ​ត្រឹមត្រូវ ឱ្យប្រើ​ភាពល្បីល្បាញ ភាព​ទាក់ទាញ​របស់ខ្លួន​ជួយ និង​បម្រើ​ដល់​សង្គម ។​

​​កំពុង​ឈរ​ថត និង​មើល​ការសម្តែង​សិល្បៈ​តន្ត្រី​របស់​បុគ្គលិក​ខ្លួន នាយក​អង្គការ​សាលា​សិល្បៈ​តន្ត្រី​លោក ផា សុធា ថា «​ធម្មជាតិ​បាន​ដើរតួនាទី​យ៉ាង​សំខាន់​សម្រាប់​បម្រើ​ដល់​ផលប្រយោជន៍​មនុស្ស ដូច្នេះហើយ យើង​គ្រប់គ្នា​ត្រូវ​រួមគ្នា​ថែរក្សា​ការពារ កុំឱ្យ​មាន​ការបំផ្លាញ សម្លាប់​សត្វព្រៃ ការកាប់បំផ្លាញ​ព្រៃឈើ​ជាដើម​។ » លោក សុធា លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ទូទៅ កុំ​សម្លាប់សត្វ កុំ​កាប់បំផ្លាញ​ព្រៃឈើ និង​ធ្វើ​អ្វី​ជា​ប្រយោជន៍​ដល់​សង្គម ។​

​តំបន់​អាស៊ីអាគ្នេយ៍​ប្រឈមមុខ​ទៅ​នឹង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នៃ​ការ​ផុត​ពូជ​ជីវៈចម្រុះ​មួយផ្នែកធំ ដោយសារ​តែ​តម្រូវការ​នៃ​ផលិតផល​សាច់​សត្វព្រៃ ដែល​បាន​រីក​រាលដាល​ចាប់ពី​តំបន់​អាស៊ី​កណ្តាល រហូតដល់​តំបន់​អាស៊ីអាគ្នេយ៍ ។ អន្ទាក់​នៅតែ​ជា​វិធី​ដើម្បី​ប្រមាញ់​យ៉ាង​លេចធ្លោ ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ និង​ធម្មជាតិ​ទាំងឡាយ​គ្មាន​ការរើសអើង​ឡើយ មានន័យ​ថា គ្រប់​ប្រភេទ​សត្វ​ទាំងអស់​ដែល​មាន​ជីវិត​នៅ​លើ​ផែនដី ត្រូវតែ​រង​ផលប៉ះពាល់​ដោយសារ​អន្ទាក់ ។​

​យ៉ាងណាម៉ិញ សិល្បៈ​តាំង​ពិ​ពណ៌​រូបថត​ក្រោម​ប្រធានបទ អន្ទាក់ នឹង​សម្តែង​ផ្លូវការ​នៅ​ថ្ងៃទី​០៣ ខែ​សីហា នៅក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ម៉ល ។ លោក​បណ្ឌិត ថម​ម៉ាស់ ហ្គ្រេ បណ្ឌិត​វិទ្យាសាស្ត្រ​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ហើយក៏​ជា​អ្នកដឹកនាំ​មុខ​គេ​នៃ​ព្រឹត្តិការណ៍​នេះ​ប្រាប់ថា «​ពាណិជ្ជកម្ម​សត្វព្រៃ​ខុស​ច្បាប់ គឺជា​ការគំរាមកំហែង​ដ៏​ធំ​បំផុត​ចំពោះ​ជីវចម្រុះ​ក្នុង​តំបន់​អាស៊ី ។ ទោះយ៉ាងណា​ក៏ដោយ គ្មាន​នរណា​ម្នាក់​គេ​ទៅ​កោតសរសើរ​ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម​សត្វព្រៃ​ខុស​ច្បាប់​នោះទេ ហើយ​ភាគច្រើន​គឺ​សត្វ​ខ្លា ដំរី រមាស ។ សត្វ​ទាំងអស់​នៅក្នុង​ព្រៃ​នៃ​តំបន់​អាស៊ី ត្រូវ​បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង ជាក់ស្តែង​អន្ទាក់​កំពុង​បង្កើត​នៅតាម​ព្រៃ​នានា ក្នុងនោះ​កណ្តុរ​ច្រើនតែ​ជា​សត្វ​ដែល​អាច​មាន​ឱកាស​ចាក​ចេញផុត ។ »​

(រាយការណ៍ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត