ក្រសួង​មហាផ្ទៃ​នឹង​ស៊ើបអង្កេត​លើ​អង្គការ​AIM​រឿង​ផ្តល់​ព័ត៌មាន​ឲ្យ​ABC,CNN

ដោយ៖ សៅ វិសាល 28-07-2017 4:47 pm 4903

​ការិយាល័យ​ប្រឆាំង​ការ​ជូ​ញ​ដូរ​មនុស្ស​នៃ​ក្រសួង​មហាផ្ទៃ នឹង ស្រាវជ្រាវ ស៊ើបអង្កេត ចំពោះ​អង្គការ​AIM និង​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ ដែល​បាន​ផ្តល់​ព័ត៌មាន ដល់​ទូរទស្សន៍ ABC និង CNN របស់​អាមេរិក​ទាក់ទង នឹង​ការជួញដូរ​ផ្លូវភេទ នៅ​ប្រទេស​កម្ពុជា ខណៈ​ការចាក់ផ្សាយ របស់​ទូរទស្សន៍​ខាង​លើ​នេះ មាន​លក្ខណៈ​មើលងាយ ចំពោះ​ស្ត្រី​កម្ពុជា​យ៉ាងខ្លាំង​។

​ថ្លែង​ប្រាប់​អ្នកយក​ព័ត៌មាន នៅក្នុង​សន្និសីទ​សារព័ត៌មាន នា​ថ្ងៃ​ទី​២៨ ខែកក្កដា រៀបចំឡើង​ដោយ​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ស​.​ស​. ស​.​ក លោក ជីវ ផល្លី អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ ជួញដូរ​មនុស្ស នៃ​ក្រសួង​មហាផ្ទៃ នឹង​បើក​ការ​ស៊ើប អង្កេត​លើ​អង្គការ​AIM និង ស្ត្រី​វៀតណាម ដែល​ត្រូវបាន​គេ​លក់ ទៅ​ក្រៅប្រទេស​ដើម្បីឲ្យ បំរើ​ផ្លូវភេទ​នោះ តែ​យ៉ាង​ណាក្តី​​​​លោក​មិន​ទាន់​ថា នឹង​ត្រូវ​ចាប់ផ្តើម​ស៊ើបអង្កេត នៅពេល​ណា​នៅឡើយ​ទេ​។​

​លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន បានបញ្ជាក់​ថា ការចុះផ្សាយ របស់​ទូរទស្សន៍ ABC និង​CNN របស់​អាមេរិក គឺជា​ការផ្សាយ គ្មាន​មូលដ្ឋាន​ច្បាស់លាស់ មាន​លក្ខណៈ​បង្ខូច​កិត្តិយស​ដល់ ប្រទេស​កម្ពុជា​យ៉ាងខ្លាំង ដែល​ប្រជាជន​កម្ពុជា មិន​អាច​ទទួលយកបាន​នោះឡើយ​។​

​លោក ហ៊ុយ វណ្ណៈ បាន​បន្តថា «​ក្មេងស្រី​ដែល​សម្ភាសន៍ សម្រាប់​ធ្វើ​ឯកសារ​ខ្លី​នេះ គឺជា​ជនជាតិ​វៀតណាម ហើយ​ក្នុង​ករណី​នេះ ព័ត៌មាន​ចុះ​ផ្សាយ គួរតែ​បញ្ជាក់​ច្បាស់​ថា ក្មេងស្រី​វៀតណាម​រស់នៅ​ប្រទេស​កម្ពុជា ត្រូវបាន​ម្តាយ​វៀតណាម​លក់​ឲ្យ​ផ្ទះបន ជាជាង​បំភ្លៃ​ថា «​ក្មេងស្រី​កម្ពុជា​ត្រូវបាន ម្តាយ​លក់​ឲ្យ​បំរើ​ផ្លូវភេទ​»​។ ការ​បំភ្លៃ និង​ការទម្លាក់​កំហុស ករណី​របស់​អ្នកដទៃ មក​លើ​អ្នក​ម្តាយ និង​ស្ត្រី​កម្ពុជា គឺជា​ការ ប្រមាថ បំភ្លៃ​ការពិត និង​ចោទប្រកាន់​ចំពោះ​ទង្វើ​អាក្រក់​បែប​នេះ ក្នុង​បំណង​ទុច្ចរិត​មកលើ អ្នក​ម្តាយ និង​ស្ត្រី​កម្ពុជា ដោយ អយុត្តិធម៌​បំផុត​។ 

សំឡេង

​លោក​ហ៊ុយ វណ្ណៈ បាន​បន្ថែមថា អ្នកយក​ព័ត៌មាន​របស់ CNN ទទួលបាន​ត្រឹម​របាយការណ៍​ប្រឌិត និង​ព័ត៌មាន​មិន​ពិត ពី​សំណាក់​ប្ដី​ប្រពន្ធ ដែល​ជា​សហ​ស្ថាបនិក​អង្គការ AIM ឈ្មោះ ដុន ប្រ៊ូ​ស្ទើ (Don Brewsters) និង​លោកស្រី ប្រី​ត​ចេត ប្រ៊ូ​ស្ទើ (Bridget Brewsters) ដែល​កំពុង​តែ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​ជួយ​ខ្លួន ធ្វើ​យុទ្ធនាការ​រៃអង្គាសប្រាក់ សម្រាប់​ទ្រទ្រង់​អង្គការ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។​

សំឡេង​

​ជុំវិញ​បញ្ហា​នេះ អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ ប្រយុទ្ធ​ប្រឆាំង​ការជួយ​ដូរ​មនុស្ស​នៃ ក្រសួងមហាផ្ទៃ បាន​អះអាង​ថា ក្រសួងមហាផ្ទៃ នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ប្រសិន បើ​រកឃើញ​ករណី អង្គការ​ខាងលើ​នេះ បាន​ប្រព្រឹត្ត​កំហុសឆ្គង និង​បញ្ចេញ​ព័ត៌មាន​បំភ្លើស​បង្ខូច​កិត្តិយស​ដល់​កម្ពុជា ទាក់ទង​នឹង​ករណី​ខាងលើនេះ ពិតប្រាកដ​មែន​នោះ​។​
​ដោយឡែក សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បាន​ផ្ញើ​លិខិត​ពន្យល់ និង​បំភ្លឺ​ចំនួន​២​ដាច់ដោយឡែក ពីគ្នា ទៅ​ទូរទស្សន៍ CNN និង​ABC​។ ខ្លឹមសារ​លិខិត មិន​ស្នើ​ឲ្យ​ទូរទស្សន៍​ទាំង​២ កែតម្រូវ​អ្វី​នោះទេ គ្រាន់​អំពាវនាវ​ដល់​ស្ថាប័ន​នេះ ផ្សព្វផ្សាយ​ព័ត៌មាន របស់​ខ្លួន​ឲ្យ​ត្រូវ នឹង​តថភាព​ជាក់ស្តែង​តែប៉ុណ្ណោះ​។

​គួរបញ្ជាក់​ថា កាលពី​ពេល​ថ្មីៗ​នេះ ទូរទស្សន៍ ABC និង CNN របស់​អាមេរិក បាន​ចាក់​ផ្សាយ​ព័ត៌មាន​មួយ ដែលមាន ចំណងជើង​ថា​«​ក្មេងស្រី​កម្ពុជា​ត្រូវបាន​អ្នក​ម្តាយ​លក់​ឲ្យ​បំរើ​ផ្លូវភេទ​»  និង​បាន​ផ្លាស់ប្តូរ​ចំណងជើង​ជាច្រើន​ទៀត ដែល​ការ ផ្សាយ​នេះ គឺ​មាន​លក្ខណៈ​មួលបង្កាច់ និង​បង្ខូច​កេរ្តិ៍ឈ្មោះ យ៉ាងខ្លាំង​ដល់​ប្រទេស​កម្ពុជា និង​ស្ត្រី​កម្ពុជា ខណៈ​ឯកសារ​ក្នុង រឿង​ខ្លះ​បាន​កើតឡើង​ជា​យូរណាស់​មកហើយ​៕ ដោយៈ​សៅ វិសាល​

 

ព័ត៌មានផ្សេងទៀត