តារា​កំប្លែង​ស្មា​ន់ តឿ​ធ្លាក់ខ្លួន​ឈឺ​ប្រាថ្នា​តែ​ប៉ៅ​អ៊ីនិង​វិទ្យុ​មួយ​កំដរ​ជីវិត​ចុងក្រោយ​

ដោយ៖ ទ្រី សីហៈ 28-07-2017 4:28 pm 4223
លោក ស្មាន់ តឿ / រូបថតពីហ្វេសប៊ុក

​នាយ​ស្មាន់ តឿ ដែល​ធ្លាប់​ជា​តារា​កំប្លែង និង​ជា​សិល្បករ​សម្ដែង​ល្ខោន ក្នុង​ក្រុម​ព្រួញ​មាស កាលពី​អំឡុង​ឆ្នាំ​១៩៨០ ឥឡូវ​កំពុង​មាន​ជីវភាព​យ៉ាប់យឺន​ខ្លាំង ក្រោយ​ធ្លាក់ខ្លួន​ពិការភ្នែក​មើល​អ្វី​មិន​ឃើញ និង​ពិការ​ជើង​ដើរ​ទៅ​ណា​មិន​រួច តាំងពី​ឆ្នាំ​២០០៨​មក​។ អតីត​សិល្បក​រវ័យ​៤៨​ឆ្នាំ សម្រាក​តែ​នៅ​លើ​ថ្ម​ស៊ីម៉ង់​រូបនេះ មិន​ប្រាថ្នា​អ្វី​ច្រើន​ឡើយ គឺ​ត្រឹមតែ​ប៉ៅ​អ៊ី​មួយ​សម្រាកកាយ និង​កូន​វិទ្យុ​ស្ដាប់​ព្រះធម៌​ទេសនា កំដរ​ជីវិតចុងក្រោយ​របស់​លោក​តែប៉ុណ្ណោះ​។

សំឡេងទាំងស្រុង៖

​រយៈពេល​១០​ឆ្នាំ​ហើយ​ដែល​អតីត​សិល្បករ​មាន​ដងខ្លួន​តូច ទាប ដេក​ឈឺ​ស្ដូកស្ដឹង​មិនអាច ប្រកប​របរ​ជា​អ្នកកំប្លែង និង​សម្ដែង​ល្ខោន​បន្ត​ទៀត​បាន​។ ភ្នែក​ក៏​មើល​អ្វី​លែងឃើញ ឯ​ដៃ និង​ជើង​ក៏​ឈប់​ដំណើរការ​ដូចគ្នា​ដែរ ដងខ្លួន​ដែល​មាន​កម្ពស់​ប្រមាណ​តែ​១​ម៉ែត្រ​នោះ បានត្រឹមតែ​សណ្ដូក​មិន​អាច​ផ្លាស់​ទី​បាន​នោះឡើយ​។

​លោក​ស្មាន់ តឿ ដែល​គេ​ស្គាល់​ថា​ជា​សមាជិក​សម្ដែង​ល្ខោន ក្នុង​ក្រុម​នាយ​ព្រួញ​មាស និង​ជា​តារា​កំប្លែង​ផង​នោះ សព្វ​ថ្ងៃនេះ​នៅ​មាន​តែ​សំឡេង​ខ្សាវៗ ដង្ហើយ​សុំ​ជំនួយ​ពី​សប្បុរសជន​តែប៉ុណ្ណោះ​។​
​មាន​រាងកាយ​ទទេ​ស្លៀក​តែ​ខោ​ទឹកនោម កំពុង​ដេក​ដោយ​ផ្ទាល់​នៅ​លើ​ថ្ម​ស៊ីម៉ង់​នោះ  អតីតតារាកំប្លែងបាន​ខិតខំ​អំពាវនាវ​ដល់​សប្បុរស​ជន បរិច្ចាគ​ជួយ​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ដោយ​លោក​មិន​រំពឹង​ថា អាច​ព្យាបាល​ជម្ងឺ​បាន​ជាសះស្បើយ​នោះឡើយ​។

សំឡេង​លោក ស្មា​ន់ តឿ​៖

​ព្រះ​តេជគុណ ង៉ែត ប៊ុនឆៃ ប្រធាន​កម្មវិធី​ខ្មែរ​ជួយ​ខ្មែរ ដើម្បី​សង្គ្រោះ​ដល់​ជនក្រីក្រ ដែល​បាន​ចុះ​ទៅដល់​កន្លែង​ស្នាក់នៅ​របស់​លោក ស្មា​ន់ តឿ បាន​ប្រាប់​វិទ្យុ​វាយោ ពី​ស្ថានភាព រស់នៅ​របស់​អតីត សិល្បករ​រូបនេះ​ថា លោក ស្មា​ន់ តឿ កំពុង​រស់នៅ​ក្នុង​ខ្ទម​តូច​មួយ ស្ថិតនៅក្នុង​ភូមិ​វត្ត​រំដូល សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ដែល​មាន​ម្ដាយចិញ្ចឹម វ័យ​៦៧​ឆ្នាំ ជា​អ្នក​មើល​ថែ​។​

សំឡេង ព្រះ​តេជគុណ ង៉ែត ប៊ុនឆៃ៖

​ព្រះអង្គ​មាន​ថេរ​ដីការ​បន្តថា នាយ​ស្មាន់ តឿ សំណូពរ​មិន​ចង់បាន​អ្វី​ច្រើន​នោះ​ទេ គឺ​ចង់បាន​ត្រឹមតែ ប៉ៅ​អ៊ី និង​កូន​វិទ្យុ​មួយ​សម្រាប់​ស្ដាប់​ព្រះធម៌​កំដរ​ជីវិតចុងក្រោយ​របស់​លោក តែប៉ុណ្ណោះ​។​

សំឡេង ព្រះ​តេជគុណ ង៉ែត ប៊ុនឆៃ​៖

​រីឯ​ម្ដាយចិញ្ចឹម នាយ​ស្មាន់​តឿ គឺ​អ្នកស្រី យឿន យេន ដែល​សព្វថ្ងៃ​មាន​វ័យ​ជរា​ដែរ​ហើយ​នោះ មានប្រសាសន៍ថា អ្នកស្រី​បាន​ចិញ្ចឹម​បីបាច់​នាយ​ស្មាន់ តឿ តាំងពី​អាយុ​១២​ឆ្នាំ​មក​ម្លេះ​។ អ្នកស្រី​ថា មាន​ការលំបាក​ក្នុងការ​មើលថែ និង​ជួយ​បំលាស់​ទី​កូនចិញ្ចឹម​រូបនេះ ព្រមទាំង​ខ្វះខាត​ថវិកា​សម្រាប់​ទិញ​ខោ​ទឹកនោម​ផងដែរ​។​

​ចាប់តាំងពី​ធ្លាក់ខ្លួន​ឈឺ​មិន​អាច​បន្ត​ការសម្ដែង​បាន នាយ​ស្មាន់ តឿ ថា​ខ្លួន និង​ម្ដាយចិញ្ចឹម រស់នៅ​បាន​ដោយ​អ្នកជិតខាង និង​សប្បុរសជន​ជា​អ្នក​ជួយ​ទំនុកបំរុង​។​

​លោក​បន្ថែមថា ជម្ងឺ​របស់​លោក តែង​ធ្វើ​ទុក​ឈឺ​ចុកចាប់​ក្នុង​ខ្លួន និង​ចុក​រោយ​ដៃជើង ដែល​លោក​មិន​អាច​សូម្បីតែ​ប្រែ​ខ្លួន ដោយ​ខ្លួនឯង​បាន​។​

​សំឡេង​លោក ស្មាន តឿ​៖


ព័ត៌មានផ្សេងទៀត