កសិផល​​ខ្មែរ​គ្មាន​​ទីផ្សារ ​ដោយ​សារ​ខ្វះ​​ទំនុកចិត្ត​​លើ​​គុណភាព​​

ដោយ៖ គួន សំបូរ 27-07-2017 3:50 pm 1209
ដំណាំ​កសិផល​ខ្មែរដែលកំពុងធ្លាក់ថ្លៃ។

​នៅពេល​រដូវ​ប្រមូល​ផល​របស់​កសិករ​ខ្មែរ​ចូល​មក​ដល់​ម្តងៗ ក្តី​បារម្ភ​ពី​ការធ្លាក់​ថ្លៃ​នៃ​ដំណាំ​កសិផល​ក៏​បាន​កើតឡើង​ជា​ថ្មី​។ ក្តីបារម្ភ កើតចេញ​ពី​វិបត្តិ​គ្មាន​ទី​ផ្សារ​លក់ ឬ​លក់​បាន​ក្នុង​តម្លៃ​ថោក​មិន​រួច​ថ្លៃដើម​ផលិត​។ បញ្ហា​នេះ​ត្រូវបាន​គេ​មើលឃើញថា ដោយសារ​តែ​កសិផលរ​បស់​កម្ពុជា គ្មាន​ទីផ្សារ​នាំចេញ ខណៈ​ដែល​ទំនុកចិត្ត​លើ​គុណភាព កសិផល​របស់​កម្ពុជា​មិនទាន់​ទទួលយក​បាន​ពី​ទីផ្សារ​អន្តរជាតិ​នៅ​ឡើយ​។ សូមស្តាប់បទវិភាគដោយ គួន សំបូរ៖

សំឡេង៖

​កសិផល​ខ្មែរ​មួយចំនួន​រួមមាន​៖ ដំណាំ​ម្រេច ដំឡូង​មី ល្ពៅ ល្ងុង កៅស៊ូ និង​ពោត​ជាដើម ត្រូវបាន​គេ​រាយការណ៍​មក​ថា ធ្លាក់​ថ្លៃ​អាក្រក់​បំផុត​នៅក្នុង​ឆ្នាំ​២០១៧​នេះ​។ ក្នុង​នោះ​តម្លៃ​ដំឡូង​មី​ស្រស់​ក្នុង​មួយ​គីឡូ​ធ្លាក់ចុះ​មក​ត្រឹម​១០០​រៀល ល្ហុង​ក្នុង​មួយ​គីឡូ​១៥០​រៀល ហើយ​តំបន់​ខ្លះ​មិន​ដល់​១០០​រៀល​ផង​។ តម្លៃ​នេះ ជា​ហេតុ​ធ្វើឲ្យ​ក្រុមកសិករ​មិន​សប្បាយចិត្ត និង​បាន​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល ជួយ​ជ្រោមជ្រែង​ធ្វើយ៉ាងណា​ឲ្យ​អាច​លក់​បាន​ក្នុងតម្លៃ​សមរម្យ ឬ​លក់​បាន​ក្នុងតម្លៃ​មួយ​ដើម្បី​រួច​ថ្លៃដើម​។​

​ប្រជា​កសិករ​មួយចំនួន​បាន​រអ៊ូរទាំ​ថា ទម្រាំ​ដល់​ពេល​ប្រមូល​ផល គឹ​ត្រូវ​ចំណាយ​អស់​ច្រើន​ទាំង​កម្លាំងកាយ និង​ថវិកា ដើម្បី​ទិញ​ប្រេង ជី ថ្នាំ​សម្រាប់​បាញ់​ការពារ​សត្វ​។ ថវិកា​ទាំងនោះ បានមក​ពី​ការ​ខ្ចីបុល​ពី​ឯកជន ជាពិសេស​ខ្ចី​ពី​អង្គកា​រធនាគា​ហិរញ្ញវត្ថុ​។ កសិករ​សង្ឃឹមថា ពេល​ប្រមូល​ផល នឹង​លក់បាន​ក្នុងតម្លៃ​មួយ​សមរម្យ ប៉ុន្តែ​ប្រែជា​លក់​មិន​ចេញ ឬ​លក់​បាន​តម្លៃ​ទាប់​ទៅវិញ​។ បញ្ហា​នេះ បាន​បង្ក​ឲ្យ​ប្រជាកសិក​របាក់​ទឹកចិត្ត និង​ចង់​ធ្វើការ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស ដើម្បី​សងបំណុល​ធនាគា​។​

​ជា​ការពិត ការធ្លាក់​ថ្លៃ​កសិផល​ខ្មែរ​នេះ  ត្រូវ​អ្នកជំនាញ​កសិកម្ម និង​អ្នកសេដ្ឋកិច្ច មើលឃើញថា មក​ពី​តម្រូវការ​ទីផ្សារ​នាំ​ចេញ​របស់​កម្ពុជា​មាន​តិចតួច ខណៈ​ដំណាំ​កសិផល​បរទេស​ចេះតែ​ហូរ​ចូល ដោយ​គ្មាន​វិធានការ​ទប់​ស្តាប់​ត្រឹមត្រូវ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​។​ការនាំ​ចេញ​តិចតួច​ជា​រឿង​សំខាន់​មួយ តែ​រឿង​សំខាន់​ជាង​នេះ​ទៀត​នោះ គឺ​យន្តការ​នៃ​ការនាំ​ចេញ​ទៅ​ក្រៅប្រទេស នៅ​មាន​ភាព​លំបាក​សម្រាប់​កម្ពុជា និង​ខ្វះ​ទំនុកចិត្ត​លើ​គុណភាព សុ​វត្តិភាព ពី​ទីផ្សារ​អន្តរជាតិ​។​

​ក្រសួង​ពាណិជ្ជកម្ម​កម្ពុ​ជា​ធ្លាប់​អះអាងថា ការនាំចេញ​ទំនិញ​កសិផល​កម្ពុជា ទៅ​ទីផ្សារ​អន្តរជាតិ តែងតែ​ជួបប្រទះ​នូវ​បញ្ហា​បច្ចេកទេស អនាម័យ  និង​កំណត់​ស្តង់ដា​កសិផល​។ ទីផ្សារ​ក្រៅ​ប្រទេស​មួយចំនួន ដែល​កម្ពុជា​លក់ទំនិញ​ទទួលបាន​ការអនុគ្រោះ​ពន្ធ​នាំចូល និង​គ្មាន​កំណត់​កូតា​នោះ រួមមាន ទីផ្សារ​សហរដ្ឋអាមេរិក កាណាដា សហគមន៍​អឺរ៉ុប ជប៉ុន កូរ៉េ ចិន វៀតណាម ឥណ្ឌា និង​ផ្សារ​នៃ​បណ្តា​ប្រទេស​មួយចំនួន​ទៀត​ទាំង​ក្នុង​តំបន់ និង​ពិភពលោក​។ ទីផ្សារ​ទាំងនេះ​កើតចេញ​ពី​ការប្រឹងប្រែង​ចរចា​បើក​ទីផ្សារ​របស់​កម្ពុជា​។​

​ប៉ុន្តែ​ទោះបី​មាន​ការខិតខំ​ប្រឹងប្រែង ក៏​ទំនិញ​កសិផល​កម្ពុជា​នៅតែ​មាន​ការ​ប្រឈម​នឹង​ការធ្លាក់​ថ្លៃ និង​ការនាំចេញ​មាន​ការលំបាក​។ លំបាក​ក៏​ព្រោះ​ទីផ្សារ​អន្តរជាតិ​ទាំងនោះ ទាមទារ​ឲ្យ​ទំនិញ​កសិផល​​កម្ពុជា មាន​ការទទួលស្គាល់​ពី​បច្ចេកទេស អនាម័យ ដែល​កម្ពុជា​មិន​ទាន់​បំពេញ​លក្ខខណ្ឌ​បានល្អ​។

​មាន​មូលហេតុ​មួយចំនួន​ដែល​អាច​ធ្វើឲ្យ​ទំនិញ​កសិផល​ខ្មែ​ររក​ទីផ្សារ​មិនបាន​។ មូលហេតុ​ទី​១ ទីផ្សារ​នាំចេញ​។ ជាក់​ស្តែក​កម្ពុជា​មិនទាន់​មាន​ទីផ្សារ​ច្រើន​សម្រាប់​នាំចេញ​ទៅ​ក្រៅប្រទេស​ទេ ហើយ​​ទម្រាំ​បាន​នាំ​ចេញ​ត្រូវមាន​ការត្រួតពិនិត្យ បច្ចេកទេស អនាម័យ និង​គុណភាព​ផលិតផល​ជាច្រើន​ទៀត​។ ព្រោះ​នៅ​ទីផ្សារ​អន្តរជាតិ គេ​ត្រូវ​បាន​ផលិតផល មាន​អនាម័យ និង​មាន​គុណភាព​ខ្ពស់ ហើយ​សព្វថ្ងៃ​កសិផល​កម្ពុជា​ភាគច្រើន ពុំទាន់​ទទួលបាន​ទំនុកចិត្ត​ពី អ្នកប្រើប្រាស់ និង​ទីផ្សារ​អន្តរជាតិ​នៅ​ឡើយ​។

​មូលហេតុ​ទី​២ គឺ​ការហូរចូល​ដំណាំ​កសិផល​បរទេស​មួយ​ចំនួន​មក​កម្ពុជា​ច្រើន​ពេក​។ កសិផល​បរទេស​ទាំង​នោះ ត្រូវបាន​គេ​រាយការណ៍​មក​ថា ភាភច្រើន​ជា​ផលិតផល​សំបូរ​ទៅ​ដោយ​ជាតិគីមី ច្រើន​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព អ្នក​បរិភោគ​។ កសិផល​បរទេស បាន​លាយឡំ​គ្នា​ជាមួយ និង​កសិផល​ខ្មែរ ដែល​ពិបាក​ក្នុង​ការកំណត់ ពី​គុណភាព និង​សុ​វត្តិភាព ពី​អ្នក​ហូបចុក​។​

​មូលហេតុ​ទី​៣ កម្ពុជា​នៅ​ខ្វះ​ក្រុមហ៊ុន​ទិញ​និង​ស្តុក​ទុក ដើម្បី​ឲ្យ​ទីផ្សារ​កសិផល​ងើប​ឡើងវិញ និង​ពុំ​មាន​លិខិតបញ្ជាក់​ពី​គុណភាព និង​សុ​វត្តិភាព ពី​សំណាក់​អាជ្ញាធ​ដែល​ពី​បាក​ទុកចិត្ត​ពី​អ្នក​ប្រើ​ប្រាស់​​។ មូលហេតុ​ទី​៤ ការគាំទ្រ​ផលិតផល​ខ្មែរ​ខ្លួនឯង​។ បើ​ទោះបីជា​រដ្ឋាភិបាល បាន​រៀបចំ​ព្រឹត្តិការណ៍​តាំងពិព័រណ៍​ពាណិជ្ជកម្ម​គាំទ្រ​ផលិតផល​ខ្មែរ​ក្តី តែ​ការគាំទ្រ​ផលិតផល​ខ្មែរ​នៅតែ​មាន​នៅ​មាន​កម្រិក​ទាប​។ ពលរដ្ឋ​ខ្មែរ​ហាក់​ចាប់ អារម្មណ៍​តែ​ផលិតផល​បរទេស ជា​ពិសេស​ប្រទេស​ជិតខាង​សូម្បី​តែ​ដំណាំ​ធម្មតា​។

​មូលហេតុ​ទី​៥ ប្រជាកសិករ​ខ្មែរ​ភាគច្រើន តែង​គ្នា​ដាំ​ដុះ​ទាំង​ប្រថុយប្រថាន ដោយ​ពុំ​បាន​ពិនិត្យ​ព័ត៌មាន​ជាក់លាក់ ជុំវិញ​តម្រូវកា​រទ​ផ្សារ​នៃ​ផលិតផល​ដំណាំ​របស់ខ្លួន​។ ប្រជាកសិករ​ខ្មែរ ច្រើន​តែ​ដាំ​ដំណាំ​តាម​គ្នា ពោល​ពេល​ឮ​ថា​គេ​ដាំ​អ្វី​មួយ​បាន​តម្លៃ​ខ្ពស់ ក៏​ចេះតែ​ដាំ​តាម​គេ​តាម​ឯង​ទៅ​។ រីឯ​របៀប​នៃ​ការដាំដុះ​វិញ ច្រើន​ធ្វើឡើង​ដោយ​ពុំ​មាន​ការចុះ​បណ្តោះ​បណ្តា​លពី​សំណាក់​អ្នកជំនាញ​ឡើយ​។ មូលហេតុ​ទី​៦ ផលិតផល​ខ្មែរ​ភាព​ច្រើន​ជា​វត្ថុធាតុដើម មិន​បាន​កែច្នៃ​ផលិតផល​ដំណាំ​ក្នុងស្រុក​ទាំង​នោះ ឲ្យចេញ​ជា​នំចំណី អាហារ បែប​វេច​ខ្ចប់ តាម​បែបផែនឧ​ស្សហកម្ម​ចំណីអាហារ​។​

​ត្រឡប់មកវិញ ជា​ដំណោះស្រាយ ដំបូង​គឺ​រដ្ឋាភិបាល​ត្រូវ​ទប់ស្កាត់​ផលិតផល​ក្រៅ​ស្រុក​មួយចំនួន​កុំឲ្យ​ហូរ​ចូល​មក​កម្ពុជា​ច្រើន​ពេក និង​ជំរុញ​ឲ្យមាន​ក្រុម​ហ៊ុនទិញ និង​ស្តុក​ទុក ដើម្បី​រង់ចាំ​ទីផ្សារ​កសិផល​ងើប​ឡើងវិញ​។ មួយវិញទៀត ត្រូវ​បើក​យុទ្ធនាការ​គាំទ្រ​ផលិតផល​ខ្មែរ​។ យើង​គាំទ្រ​ការតាំងពិព័រណ៍​ពាណិជ្ជកម្ម​ក្នុង​ប្រទេស និង​អន្តរជាតិ​របស់​រដ្ឋាភិបាល​។ តែ​សកម្មភាព​នេះ គួរ​បន្ត​ធ្វើ​ជា​ញឹកញាប់ និង​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ ទាំង​ក្នុង​និង​ក្រៅប្រទេស ជាពិសេស​នៅ​តាម​បណ្តា​ទូត​នានា​របស់​កម្ពុជា ដែល​មាន​ស្នាក់ការ​នៅ​ខាងក្រៅ​។ រីឯ​កសិករ​ខ្មែរ​ខ្លួនឯង ត្រូវ​សហការ​ជាមួយ និង​អាជ្ញាធ​ពាក់ព័ន្ធ​ចងក្រង​គ្នា​ជា​សហគមន៍​កសិករ ឬ​សមាគម​អ្នក​ដាំ​ដុះ ទៅ​តាម​ប្រភេទ​ដំណាំ​នីមួយៗ​ដែល​ខ្លួន​ដាំ​។​

​បន្ថែម​ពី​នេះ រដ្ឋាភិបាល គួរ​បញ្ជូន​អ្នកជំនាញ​កសិកម្ម​ជួយ​តម្រង់​ទិស​កសិករ​ឲ្យ​ចេះ​សហការ​គ្នា​រៀបចំ​ដាំ​ដុះ​បែប​តាម​ស្តង់ដា​កសិកម្ម ស្រប​តាម​តម្រូវការ​ទីផ្សារ​អន្តរជាតិ​។ ចំពោះ​ក្រសួង​ពាក់ព័ន្ធ ដូចជា ផលិតករ​ត្រូវ​ចេះ​ស្រាវជ្រាវ​អំពី​ចំណុច​ខ្លាំង និង​ខ្សោយ​ក្នុង​ផលិតកម្ម និង​ការនាំចេញ ពិសេស​រចនាសម្ព័ន្ធរ​បស់​កសិផល​មួយ​មុខៗ ដើម្បី​កាត់បន្ថយ​ថ្លៃដើម ការនាំចេញ និង​ចំណាយ​ក្រៅផ្លូវការ​។ សម្រាប់​ប្រជាកសិករ​ខ្មែរ​វិញ ត្រូវ​បញ្ចប់​ទម្លាប់​ដាំ​ដុះ​តាម​គ្នា ហើយ​មុន​ដាំ​ដុះ​ត្រូវ គិត​ពី​ទំហំ​ទីផ្សារ និង​សិក្សា​ពី​បច្ចេកទេស​ដំណាំ​ឲ្យ​ច្បាស់​មុន​ចំណាយ​ទុន​ផលិត​ទំនិញ​អ្វីមួយ​៕

ដោយ គួន សំបូរ

ព័ត៌មានផ្សេងទៀត