មន្ត្រី​រដ្ឋាភិបាល​​យល់​ថា​​សំណើ​​តាំង​រូប​លោក​កែម ឡី​​ជា​ចេតនា​​នយោបាយ​​ច្រើន​​ជាង​​គុណ​ធម៌​​

ដោយ៖ អឿន ភារ៉ា 27-07-2017 3:34 pm 790
រូបថត៖ FB/Kem Ley

​សមាគម សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ កាល​ពី​ម្សិលមិញ ដាក់​សំណើ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើសុំ​ដាក់​រូបសំណាក​លោក​កែម ឡី នៅ​ទីតាំង​ឃាតក​បាញ់​សម្លាប់​។ ប៉ុន្តែ សំណើ​នេះ ត្រូវបាន​អ្នកនាំពាក្យ​រដ្ឋាភិបាល យល់ថា ជា​ចេតនា​នយោបាយ ច្រើន​ជាង​គុណធម៌​ចំពោះ​សព​លោក​កែម ឡី​។ យ៉ាងណា អ្នកវិភាគ លើកឡើងថា បើ​មើល​ពី​ទំហំ​កិត្តិយស​របស់​លោក​កែម ឡី រដ្ឋាភិបាល​គួរតែ​ផ្តល់​ទីតាំង​សម្រាប់​ដាក់​រូបសំណាក​នេះ​។

​ការស្នើ​សុំ​ទីតាំង​កា​រ៉ា​ស​សាំង​កាល់​តិច (Caltex) ស្តុប​បូកគោ កែង​ផ្លូវ​ព្រះមុនីវង្ស និង​ផ្លូវ​ម៉ៅ​សេទុង ដើម្បី​ដាក់​រូបសំណាក​លោក​បណ្ឌិត​កែម ឡី​នេះ បន្ទាប់ពី​សមាគម​សង្កេតឃើញថា នៅតាម​បណ្តា​រាជធានី ខេត្ត មាន​ប្រជាជន​ភាគច្រើន​គោរព​ស្រលាញ់ លោក​បណ្ឌិត​កែម ឡី ហើយ​គាំទ្រ​ឲ្យមាន​វត្តមាន​រូបសំណាករ​បស់​លោក​ដាក់​នៅ​តាម​ទី​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​លោក​បណ្ឌិត​កែម ឡី ជា​រៀងរហូត​។ នេះ​បើ​តាម​ការលើកឡើង​របស់​អគ្គលេខាធិការ​សមាគមស​ម្ព័​ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក​ចឹក ចិ​ត្រា​។​

​លោក​បន្តថា បើសិនជា​រដ្ឋាភិបាល​មាន​ចិត្ត​ឈឺឆ្អាល​ជួយ​ដល់​គ្រួសារ​បណ្ឌិត កែម ឡី ប្រកបដោយ​ទឹកចិត្ត​ស្មោះ​មែន ដូចដែល​បាន​ផ្តល់ប្រាក់ ៦​ម៉ឺន​ដុល្លារ ដើម្បី​ចូល​បុណ្យ និង​សាងសង់​ចេតិយ គួរ​ណាស់​តែ​ទទួលយក​នូវ​សំណើ​របស់​ពួកគេ និង​ឆ្លើយតប​ជា​វិជ្ជមាន​។ លោក​ចឹក ចិ​ត្រា ថ្លែងបន្ត​....
​សំឡេង​លោក​ចឹក ចិ​ត្រា​៖

​អគ្គលេខាធិការ​សមាគម រូបនេះ លើកឡើងថា ការដាក់សំណើ​នេះ កាល​ពី​ម្សិលមិញ ថ្ងៃទី​២៦​កក្កដា ក្រុម​របស់​ខ្លួន​បាន​យក​លិខិត​នោះ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ​ត្រូវបាន​បដិសេធ ដោយ​មន្ត្រី​ទីនោះ​ចាត់ទុកថា សកម្មភាព​នេះ​ជា​ចលនា​សង្គម មិនមែន​ជា​ករណី​ជាក់ស្តែង​។ ហើយ​មន្ត្រី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ប្រាប់​ឲ្យ​យក​សំណើ​នេះ​ទៅ​ដាក់​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​វិញ​។ លោក​ចឹក ចិ​ត្រា ប្រាប់​បន្ថែមថា​៖ “​ពួក​ខ្ញុំ​បាន​បន្ត​យកទៅ​ដាក់​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ហើយ​គេ​ក៏​បាន​ទទួល ប៉ុន្តែ​ការទទួល​ហ្នឹង​ដូច​លក្ខណៈ​មួយ​មិន​មាន​ភាពអើពើ និង​ស្វះស្វែង​ទេ ដោយ​គ្រាន់តែ​ដាក់​ទទួល តែ​ថា​ដល់​ឬ​មិន​ដល់ រងចាំ​ការឆ្លើយតប​ពី​ថ្នាក់លើ​សិន​”​។

​ឆ្លើយតប​ចំពោះ​សំណើ​នេះ អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក​ផៃ ស៊ីផា​ន មិនទាន់​ដឹង​ការសម្រេច​យ៉ាង​ណា​ទេ​។ តែ​លោក​ពន្យល់​ថា ការសម្រេច​របស់​រដ្ឋាភិបាលមាន​២​ដំណាក់កាល គឺ​ទីមួយ​ការប្រជុំ​គណៈរដ្ឋមន្ត្រី និង​ទី​ពីរ បុព្វសិទ្ធិ​របស់​នាយក​រដ្ឋមន្ត្រី​អាច​សម្រេចបាន​។ លោក​ផៃ ស៊ីផា​ន បន្តថា ចំពោះ​ដំណើរ​រឿង​នេះ បើសិនជា​ការ​ដាក់​រូប​សំណាក​របស់លោក​កែម ឡី នៅក្នុង​ដី​របស់​កា​រ៉ា​ស​សាំង គឺជា​ការរំលោភ​លើ​កម្ម​សិទ្ធិ​ឯកជន ទាល់តែ​មាន​ការស្ម័គ្រចិត្ត​ពី​ឯកជន​។ ហើយ​បើសិនជា​ដាក់​រូប​នៅ​លើ​ចិញ្ចើមថ្នល់ គឺជា​កម្មសិទ្ធិសាធារណៈ ដែល​អាច​ជា​ឧបសគ្គ​ដល់​សណ្តាប់ធ្នាប់​ចរាច​រណ៍​។​

​ទោះជា​យ៉ាងណា អ្នកនាំពាក្យ​រដ្ឋាភិបាល​រូបនេះ យល់ថា ការស្នើសុំ​របស់​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​នេះ ធ្វើឡើង​ក្នុង​ចេតនា​នយោបាយ ច្រើន​ជាង​គុណធម៌ សីលធម៌ ចំពោះ​សព​លោក​កែម ឡី​។ លោក​ផៃ ស៊ីផា​ន បន្ថែម​....
​សំឡេង​លោក​ផៃ ស៊ីផា​ន​៖

គួរបញ្ជាក់​ថា ក្រោយ​ពិធីបុណ្យ​ខួប​មួយ​ឆ្នាំ​នៃ​ការបាញ់​សម្លាប់​លោក​កែម ឡី កាលពី​ថ្ងៃ​ទី​១៥ កក្កដា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្តល់ប្រាក់ ១​ម៉ឺន​ដុល្លារ​ជូន​លោក​កែម រិទ្ធិ​សិត ដែលជា​ប្អូនប្រុស​បង្កើត​របស់​លោក​កែម ឡី ដើម្បី​ទូទាត់​ថ្លៃ​ចំណាយ​ធ្វើបុណ្យ​។ ក្រោយមក លោក​ហ៊ុន សែន បាន​ផ្តល់​ថវិកា ៥​ម៉ឺន​ដុល្លារ​បន្ថែមទៀត ដើម្បី​ជួយ​ថ្លៃ​កសាង​ចេតិយ បន្ទាប់​ពី​ដំណើរការ​សាងសង់​ចេតិយ​របស់​លោក​កែម ឡី បាន​ពន្យា​ពេល​សាងសង់​រហូតដល់​ជាង​មួយ​ឆ្នាំ​មកហើយ ព្រោះតែ​គ្មាន​ថវិកា​។​

​ការចូលរួមចំណែក​ក្នុង​ការសាងសង់​ចេតិយ​របស់​លោក​បណ្ឌិត​កែម ឡី និង​ការជួយ​ជា​ថវិកា​នេះ ពី​សំណាក់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​គេ​មើលឃើញថា នេះ​ជា​រឿង​ល្អ​។​

​អ្នកតាមដាន​ស្ថានការណ៍​សង្គម និង​នយោបាយ លោក​មាស នី លើកឡើងថា បើសិន​លោកនាយក​រដ្ឋមន្ត្រី​ពិតជា​មាន​ឆន្ទៈ​ឈើឆ្អាល​ក្នុង​រឿង​របស់​លោក​កែម ឡី ហើយ​យល់ព្រម​ផ្តល់​ទីតាំង​សម្រាប់​ដាក់​រូបសំណាក​តា​ម​ការស្នើ​សុំ​មែន​នោះ គឺជា​ការបង្ហាញ​ពី​ទំនោរ​វិជ្ជមាន​មួយ​របស់​រដ្ឋាភិបាល​។ លោក​យល់ថា បើ​មើល​ពី​ទំហំ​កិត្តិយស និង​វីរភាព​របស់​លោក​កែម ឡី រដ្ឋាភិបាល​គួរតែ​ផ្តល់ឱកាស​ឲ្យ​ដាក់​រូបសំណាក​នេះ​។
​សំឡេង​លោក​មាស នី​៖

​សូម​រំឭកថា លោក​បណ្ឌិត​កែម ឡី អ្នកស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម និង​ជា​អ្នកវិភាគ​ដ៏​មាន​ប្រជាប្រិយភាព ត្រូវបាន​ឃាតក​បាញ់សម្លាប់​កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ ក្នុង​ហាង​កាហ្វេ​ស្តារ​ម៉ា​ត (Star Mart) នៅ​កាល់​តិច (Caltex) ក្បែរ​ស្តុប​បូកគោ រាជធានី​ភ្នំពេញ​។ ថ្វី​ត្បិត​លោក​កែម ឡី ត្រូវបាន​ឃាតក​បាញ់សម្លាប់​ជាង ១​ឆ្នាំ​ទៅ​ហើយ​ក្ដី ប៉ុន្តែ ប្រជាពលរដ្ឋ​ជាច្រើន​នៅតែ​មាន​ចិត្ត​នឹក​ស្ដាយស្រណោះ​រូប​លោក​ដដែល​។ ហើយ​សកម្មជន យុវជន រួមទាំង​អ្នក​នយោបាយ​ផង ដែល​ស្និត​នឹង​លោក​កែម ឡី ក៏ បាន​ប្តេជ្ញា​រក្សា និង​ដើរ​តាម​គុណ​តម្លៃ ទស្សនវិស័យ និង​វីរភាព​របស់​លោក ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ជាតិ​៕

 

ព័ត៌មានផ្សេងទៀត