រដ្ឋាភិបាល​​ដាក់​សម្ពោធ ​គោលនយោបាយ​ជាតិ​​គាំពារ​សង្គម​​២០១៦-២០២៥​

ដោយ៖ គួន សំបូរ 24-07-2017 3:54 pm 114
ពិធីសម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​ “​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥”

​នៅ​ព្រឹក​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០១៧​នេះ “​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥” ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​។ ឯកសារ​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥​នេះ គ្របដណ្តប់​លើ​វិស័យ​សំខាន់​ចំនួន​២ គឺ​ប្រព័ន្ធ​ជំនួយ​សង្គម និង​ប្រព័ន្ធ​សន្តិសុខ​សង្គម​។ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​អះអាង​ថា គោលនយោ​បាយ​ជាតិ​នេះ គឺជា​ផែនទី​បង្ហាញផ្លូវ​រយៈកាល​វែង ដើម្បី​អភិវឌ្ឍ​ប្រទេស​។ សម្រាប់​អ្នកវិភាគ គាំទ្រ​គោលនយោបាយ​នេះ ប៉ុន្តែ​ស្នើ​ដល់​រដ្ឋាភិបាល​គួរ​អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ​តាម​គោលនយោបាយ​។

​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​២០១៦-២០២៥​នេះ គឺ​ផ្តោតលើ​គោលការណ៍​សំខាន់​មួយចំនួន​មាន​ដូចជា ការកែទម្រង់​អភិបាលកិច្ច​នៃ​ប្រព័ន្ធ​គាំពារ​សង្គម​ទាំងមូល តាមរយៈ​ការ​កំណត់​តួនាទី​ឲ្យបាន​ច្បាស់ ពី​មុខងារ​របស់​ស្ថាប័ន​ពាក់ព័ន្ធ ការបង្កើន​ប្រសិទ្ធភាព​ការចំណាយ​ថវិកា​រដ្ឋ ការពង្រីក​វិសាលភាព​ការគ្រប់គ្រង ដើម្បី​ជំរុញ​ឲ្យ​ប្រជាជន​កម្ពុជា ទទួល​បាន​ការ​គាំពារ​ផ្អែក​លើ​ប្រភេទ​នៃ​កម្មវិធី និង​តាម​ដំណាក់កាល និង​ការពិនិត្យ​លើ​បញ្ហា​ឆ្លង​វិស័យ​ដើម្បី​ធានា​ឲ្យ​ការអនុវត្ត​ផែន​ការអភិវឌ្ឍ​សង្គម​ធ្វើដំណើរ​ដោយ​រលូន​។​

​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​២០១៦-២០២៥ គ្របដណ្តប់​លើ​វិស័យ​សំខាន់​ចំនួន​២ គឺ​ប្រព័ន្ធ​ជំនួយ​សង្គម និង​ប្រព័ន្ធ​សន្តិសុខ​សង្គម​។ ប្រព័ន្ធ​ទាំង​ពីរ​នេះ​មាន​ធាតុផ្សុំ​ផ្សេងៗ​គ្នា ដោយ​ប្រព័ន្ធ​ជំនួយ​សង្គម មាន​ធាតុផ្សុំ​ដូចជា​៖ ការឆ្លើយ​បត​នឹង​គ្រោះអាសន្ន នៅ​ក្នុងអំឡុងពេល​ដែល​កម្ពុជា​ជួយ​គ្រោះធម្មជាតិ ការអភិវឌ្ឍ​ធនធានមនុស្ស ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​សម្រាប់​ពលរដ្ឋ​ដែល​គ្មាន​ចំណេះដឹង និង​យុវជន​ដែល​បោះបង់​ការសិក្សា និង​ការលើកកម្ពស់​ជន​ងាយរ​ង់​គ្រោះ​ មាន​ជនពិការ និង​ចាស់ជរា ជាដើម​។​

​ចំណែកឯ​ប្រព័ន្ធ​សន្តិសុខ​សង្គម មាន​ធាតុផ្សុំ​ដូចជា​៖ ប្រាក់​សោធន​និវត្ត។ តាមរយៈ​គោលនយោបាយ​នេះ ប្រជាជន​កម្ពុជា​ទាំងអស់ នឹង​ទទួលបាន​ប្រាក់​សោធន​និវត្ត​ពេល​ចាស់​ទៅ ការថែទាំ​សុខភាព​ដោយ​មិន​គិតថ្លៃ ហានិភ័យ​ការងារ និង​ការ​គាំពា​រជនពិការ​តាមរយៈ​កែទម្រង់​មូលនិធិ​។ លោក​អូន​ព័ន្ធ មុនីរត្ឋ័ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​អះអាង​ថា គោលនយោបាយ​ជាតិ​គាំពារ​សង្គម​២០១៦-២០២៥​នេះ គឺ​មាន​ការគាំទ្រ​ច្រើន​ពី​ភាគី​ពាក់ព័ន្ធ និង​ក្រុម​អង្គការ​អន្តរជាតិ​មួយចំនួន​។​

​លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អះអាង​នៅ​ថ្ងៃ​នេះ​ថា គោលនយោបាយ​ជាតិ​នេះ គឺជា​ផែនទី​បង្ហាញផ្លូវ​រយៈកាល​វែង ដើម្បី​អភិវឌ្ឍ​ប្រទេស​។ លោក​បន្ថែមថា ចក្ខុវិស័យ​រយៈពេល​វែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការអភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម គឺ​ការកសាង​ប្រព័ន្ធ​គាំពារ​សង្គម​មួយ​ដែល​មាន​ប្រសិទ្ធភាព និង​ចីរភាព​ហិរញ្ញវត្ថុ ដើម្បី​បម្រើ​ដល់​គោលនយោបាយ កាត់បន្ថយ និង​ទប់ស្កាត់​ភាពក្រីក្រ រួមចំណែក​ដល់​ការអភិវឌ្ឍ និង​គាំពារ​ធនធានមនុស្ស​អោយ​កាន់តែ​រឹងមាំ និង​ទូលំទូលាយ ព្រមទាំង​ជំរុញកំណើន​សេដ្ឋកិច្ចជាតិ​។

​បើ​តាម​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​រូបនេះ បាន​គូសបញ្ជាក់ថា  គោលនយោបាយ​ជាតិ​គាំពារ​សង្គម​២០១៦-២០២៥​នេះ គឺជា​ការកំណត់​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្នុង​ការធានា​អោយបាន​នូវ​សន្តិសុខ ប្រាក់ចំណូល និង​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​ប្រជាជន​សំដៅ​លើកកម្ពស់​សុខុមាល​ភាព​។

​ទាក់ទង​ទៅនឹង​គោលនយោបាយ​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ស្នើ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ព្រមទាំង​ក្រសួងសុខាភិបាល ចាប់ផ្តើម​ធ្វើ​មុន​គេ គឺ​ការ​គាំពារ​សុខភាព​ស្ត្រី​មាន​ផ្ទៃពោះ និង​បញ្ហា​ជនពិការ​។ លោក​យល់ថា ជន​ទាំង​អស់នោះ​ពិតជា​ត្រូវការ​ជំនួយ​ជា​ចាំបាច់ ហើយ​ពួកគេ​អាច​ជួប​បញ្ហា​ប្រឈម​ជាច្រើន​ទៀត​ផង​ដែរ​។​

​សម្រាប់​អ្នកវិភាគ​វិញ សម្តែង​ការគាំទ្រ​ចំពោះ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​របស់​រដ្ឋាភិបាល​។ ប៉ុន្តែ​អ្នកវិភាគ​បារម្ភ​ខ្លាច​រដ្ឋាភិបាល​អនុវត្ត​មិន​បាន​ត្រឹមត្រូវ តាម​គោលនយោបាយ​ខាងលើនេះ​។ លោក​សូ ចន្ថា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នកវិភាគ​មួយ​រូប​ផង​នោះ បាន​មើលឃើញ​ថា ប្រព័ន្ធ​ជំនួយ​សង្គម និង​ប្រព័ន្ធ​សន្តិសុខ​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា កំពុង​មាន​បញ្ហា ដោយសារតែ​ប្រជាពលរដ្ឋ ហាក់​កំពុង​រស់នៅ​ក្នុង​ភាពផុយស្រួយ ខណៈ​ដែល​សង្គម គ្មាន​អ្វី​មក​ធានា​ដើម្បី​ឲ្យ​ពួកគេ​រស់នៅ​ដោយ​ភាព​ថ្លៃថ្លូរ​។ អ្នកវិភាគ​រូបនេះ ចង់​ឃើញ​រដ្ឋាភិបាល​អនុវត្ត​បាន​ជោគជ័យ លើក​គោលនយោបាយ​នេះ ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ពិតប្រាកដ​៕

 


ព័ត៌មានផ្សេងទៀត