ការ​យាង​ទៅ​ចិន​​របស់​ព្រះមហាក្សត្រ​ គេច​ពី​ការ​​ឡាយព្រះហស្ត​​លើ​ច្បាប់​​គណបក្សនយោបាយ​?​

ដោយ៖ ខាត់ សុធី 23-07-2017 1:57 pm 9377

​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហ​មុនី និង​សម្តេចម៉ែ បាន​យាង​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដើម្បី​ពិនិត្យ​ព្រះរាជសុខភាព​របស់​ព្រះអង្គ​។​

​ការយាង​ទៅពិនិត្យ​ព្រះរាជសុខភាព​របស់​ព្រះមហាក្សត្រ​ខ្មែរ​ពេលនេះ ស្របពេល​ដែល​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដ៏​ចម្រូងចម្រាស់​ត្រូវ​បាន​តំណាងរាស្ត្រ​គណបក្សកាន់អំណាច​កែប្រែ​ជា​លើក​ទី​២  គ្រោង​នឹង​បញ្ជូន​ថ្វាយ​ព្រះមហាក្សត្រ ឡាយព្រះហស្តលេខា ដើម្បី​ឲ្យ​ច្បាប់​នេះ ចូល​ជា​ធរមាន និង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ពេល​ថ្មីៗ​នេះ បាន​ដាក់​លិខិត​ទូលថ្វាយ​ព្រះអង្គ​សុំ​កុំឲ្យ ឡាយព្រះហស្តលេខា​ទៅលើ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ ដោយ​គណបក្ស​ប្រឆាំង​ចាត់ទុកថា ច្បាប់​នេះ​កំពុងតែ​បំបិទ​សិទ្ធិ​សេរីភាព​នយោបាយ និង​បំពាន​ទៅ​លើ​លិទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​ការយាង​ចេញពី​ប្រទេស​របស់​ព្រះមហាក្សត្រ​ពេលនេះ ត្រូវបាន​មជ្ឈដ្ឋាន​មួយចំនួន លើកឡើងថា គឺ ដើម្បី​គេច​ពី​ការ​ឡាយព្រះហស្តលេខា​លើ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ​។​ប៉ុន្តែ សម្រាប់​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ប្រតិកម្ម​ថា ការ​យល់​ឃើញ​បែប​នេះ គឺជា​ការ​ប្រមា ថ​ដល់​ព្រះមហាក្សត្រ​។ លោក​ថា ព្រះរាជសុខភាព​របស់​ព្រះអង្គ​គឺជា​រឿង​សំខាន់​ណាស់ ហើយ​បើ ទោះ ជា​អវត្តមាន​ព្រះមហាក្សត្រ ប្រធាន​ព្រឹទ្ធសភា​នឹង​ក្លាយជា​ប្រមុខរដ្ឋ​ស្តីទី មាន​សិទ្ធិ​ចុះហត្ថលេខា លើ​ច្បា ប់​នានា​បាន​……

​សំឡេង​លោក សុខ ឥសាន​៖

​លោក​មាស នី អ្នកតាមដាន​ស្ថានការណ៍​សង្គម​មួយ​រូប​នៅ​កម្ពុជា លើកឡើងថា ព្រះមហាក្សត្រ​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ ប៉ុន្តែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​ធ្វើ វិសោធនកម្ម​ជា​លើក​ទី​២​នេះ  នៅពេល​ដែល​អនុវត្ត​ទៅ វា​អាច​នាំ​ឲ្យ​បែក​បាក់ជាតិ​។ លោក​ថា ដូច្នេះ បើ​ការយាង​ទៅ​ចិន​របស់​ព្រះអង្គ​ពេលនេះ ដោយសារ​តែ​ទិដ្ឋភាព​នយោបាយ ទាក់ទង​នឹង​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដ៏​ចម្រូងចម្រាស់​នេះ​មែន គឺជា​ការទទួលខុសត្រូវ​របស់​ព្រះអង្គ ព្រោះថា​បើ​ព្រះអង្គ​ឡាយព្រះហស្តលេខា គឺជា​ការខុសឆ្គង​នឹង​រដ្ឋធម្មនុញ្ញ ដែល​ចែង​ថា ព្រះមហាក្សត្រ​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ​…….

​លោក​មាស នី​៖

​លោក​អេង ឆៃអ៊ាង និង​មន្ត្រី​ជាន់ខ្ពស់​ដទៃ​ទៀត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ទាក់ទង​បញ្ហា​ខាងលើ​នេះ​បានទេ​។​ប៉ុន្តែ​កន្លងមក​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​ស្រីមូ សុខ​ហួរ បានបញ្ជាក់​ថា ការបញ្ជូន​លិខិត​ទូល​ថ្វាយ​ព្រះមហាក្សត្រ សុំ​កុំឲ្យ​ព្រះអង្គ​ឡាយព្រះហស្តលេខា​លើ​ច្បាប់​នេះ ធ្វើឡើង ក្នុង​តួនាទី​ជា​តំណាងរាស្ត្រ ដែល​ត្រូវតែ​ជ្រើសរើស​យក​យន្តការ ដែល អាច​ប្រើ​បាន​ដើម្បី បង្ហាញ​ជំហរ ការពារ​ផលប្រយោជន៍​ប្រទេសជាតិ ជា​ពិសេស​ការពារ​សិទ្ធិសេរីភាព ប្រជាពលរដ្ឋ គឺ​សិទ្ធិ​នយោបាយ និង​លើកស្ទួយ​លិទ្ធិប្រជាធិបតេយ្យ​។ 

​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ដែល​ធ្វើឡើង​តាម​សំណើ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ឆ្លងកាត់​ស្ថាប័ន​នីតិបញ្ញត្តិ​រួចរាល់​ហើយ​កាលពី​សប្តាហ៍​មុន ហើយ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ស្ថាប័ន​ព្រះមហាក្សត្រ​ក្នុង​ពេល​ឆាប់ៗ​នេះ​។ ពេល​ច្បាប់​នេះ​ចូល​ជា​ធរមាន វា​នឹង​រារាំង​មិនឲ្យ​មាន​ការដាក់តាំង​រូបលោក សម រង្ស៊ី នៅ​ពី​ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ​ដូច​មុនៗ​ទេ ដោយសារ​បក្ស​កាន់​អំណាច​ចាត់ទុក​លោក​សម រង្ស៊ី ជា​ទណ្ឌិត​។ តាម​ការលើកឡើង​របស់លោក ឈាង វុន  អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​កន្លងមក​បាន​និយាយថា ច្បាប់​នោះ​ក៏​នឹង​ទប់ស្កាត់​មិនឲ្យ​មហាអំណាច​ណាមួយ​ប្រើ​ឥទ្ធិពល នាំ​លោក​សម រង្ស៊ី ចូល​កម្ពុជា​វិញ​ផងដែរ​។​

​សូមបញ្ជាក់​ថា ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​បាន​អនុម័ត​កាលពី​ឆ្នាំ​១៩៩៧ ត្រូវ​បាន​ស្នើ​ធ្វើ​វិសោធនកម្ម​ឡើងវិញ​ម្តង​រួចមកហើយ កាលពី​ចុង​ខែ​មករា​ឆ្នាំ​២០១៧ និង​ត្រូវបាន​ចូល​ជា​ធរមាន បន្ទាប់ពី​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​៧​ខែ​មីនា ដោយ​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​និង​ជា​ប្រមុខរដ្ឋស្តីទី ជំនួស​ព្រះមហាក្សត្រ ដែល​បាន​យាង​ទៅ​ចិន​ដូចគ្នានេះដែរ​៕

 

ព័ត៌មានផ្សេងទៀត