ករណី​ចាប់​ក្មេង​ហាក់​កំពុង​លងបន្លាច​ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​ជា​ថ្មី​

ដោយ៖ គង់ ឧត្តម 22-07-2017 5:06 pm 1461

​ពីមុនមក សង្គម​ខ្មែរ​យើង​ធ្លាប់​ជួប​ករណី​ចាប់​ក្មេង ឬ​ពង្រត់​ក្មេង ដែល​កាលនោះ គេ​និយម​ហៅថា ប្រមាត់​ប្រមង់ ។ បញ្ហា​នេះ ហាក់​កំពុង​កើតឡើង​ជា​ថ្មី​ម្តងទៀត ដែល​បាន​ធ្វើឱ្យ​ឪពុកម្តាយ អាណា​ព្យាបាល​ក្មេង កំពុង​ព្រួយបារម្ភ​ជាខ្លាំង ។ ព័ត៌មាន​ជាច្រើន​ត្រូវបាន​គេ​ផ្សាយ​ពាសពេញ​ក្នុង​ហ្វេ​សប៊ុក ។ ទាំង​ក្រសួង​អប់រំ និង​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តីប្រកាស ក្រើនរំឭក និង​អំពាវនាវ ឱ្យ​អាណាព្យាបាល​បង្កើន​ការប្រុងប្រយ័ត្ន យកចិត្តទុកដាក់​ចំពោះ​ក្មេង ។ 

​ករណី​ចាត់​ក្មេង បាត់ និង​សង្ស័យ​នានា ហាក់​កំពុង​រីកដុះដាល​កាន់តែ​ធំ​ឡើងៗ តាមរយៈ​ការផ្សព្វផ្សាយ​ជា​ព័ត៌មាន​តាម​ហ្វេ​ស​ប៊ុកក៏​មាន​ការចែករំលែ​កកាន់តែច្រើន​ឡើងៗ​ផងដែរ ។ សូម​រំឭកថា កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ ក្មេងស្រី​អាយុ​៩​ឆ្នាំ រៀន​នៅ​សាលាបឋមសិក្សា​ទួល​ស្វាយព្រៃ​ម្នាក់ ត្រូវបាន​ជន​មិន​ស្គាល់​មុខ​ល្បួង​ចាប់​យក​ទៅ​បាត់ ។ ក្រោយ​ប្រកាស​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្មេងស្រី​នោះ ត្រូវបាន​រកឃើញ​នៅ​យប់​ថ្ងៃ​ដដែល ។ ករណី​ស្រដៀង​គ្នា​នេះ​បាន​កើតឡើង​នៅ​ថ្ងៃទី​១៣ ខែកក្កដា ថ្មីៗ​នេះ ក្រោយ​រក​ឃើញ​ក្មេងស្រី​នោះ​វិញ គេ​ឃើញ​មាន​រូប​ផ្កា​នៅលើ​ថ្ពាល់​របស់​ក្មេង ។ តែ​ចំពោះ​រឿងនេះ ត្រូវបាន​គេ​អះអាងថា ជា​ការយល់ច្រឡំ​ប៉ុណ្ណោះ ។ នៅ​ថ្ងៃ​ដដែល​នេះ ក៏​មាន​ការបញ្ជូនសារ​ត​គ្នា ជាច្រើន​ដង​តាម​ហ្វេ​សប៊ុក ណែនាំ​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​ក្មេងៗ​សាលា ព្រោះ​អាច​មាន​អ្នក​ចាប់​យក​ទៅ​វះ​យក​គ្រឿងក្នុង ដែល​វា​បាន​កើតឡើង​នៅ​ខេត្ត​កំពង់ចាម តែ​មិន​សម្រេច ។ តែ​ករណី​នេះ ត្រូវបាន​មន្ត្រី​នាយកដ្ឋាន​កណ្តាល​សន្តិសុខ អះអាងថា ជា​ពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ ដោយ​កំពុង​ស្រាវជ្រាវ​បន្ថែម​លើ​ករណី​នេះ ។ ក្រៅ​ពី​ខេត្ត​កំពង់ចាម ក្នុង​ល្ងាច​ថ្ងៃទី​២១ ខែកក្កដា ក៏​មាន​អ្នកលេង​ហ្វេ​ស​ប៊ុក​មួយចំនួន​បានស​រ​សេរ បង្ហោះ​ជា​ដំណឹង ឱ្យ​អាណាព្យាបាល​ប្រយ័ត្នប្រយែង និង​ថែទាំ​ក្មេង​កុំ​ឱ្យ​ផុត​ពី​ក្រសែភ្នែក ព្រោះ​ករណី​ចាប់​ក្មេង​នេះ កំពុង​សាយភាយ​ក្នុង​សង្គម​ខ្មែរ ។ វា​បាន​កើតឡើង​ក្នុង​ខេត្ត​កំពង់ស្ពឺ របៀប​ដែល​គេ​អាច​ចាប់​យក​ក្មេង​បាន គឺ​គេ​ដាក់​ថ្នាំ​សណ្តំ និង​ត្រៀម​វះ​យក​គ្រឿងក្នុង តែ​ត្រូវបាន​អ្នក​គ្វាលគោ​ឃើញ​ទាន់ រួច​អ្នក​ចាប់​ក្មេង​នោះ ក៏​រត់​បាត់​ទៅ ។ ចំណែក​ឯ​ក្នុង​ថ្ងៃទី​២២ ខែកក្កដា នេះ​ទៀតសោត ព័ត៌មាន​ពី​ខេត្ត​កំពង់ឆ្នាំង បាន​ផ្សព្វផ្សាយ​ជា​វីដេអូ លើ​ហ្វេ​សប៊ុក​ថា ចាប់​បាន​អ្នក​ចាប់​ក្មេង និង​ភ្ជាប់​សារ​ឱ្យ​ពលរដ្ឋ​ប្រយ័ត្ន​កូនចៅ​ផងដែរ ។ វេលា​ម៉ោង​ប្រហែល​១២​ថ្ងៃនេះ ក្រោយ​សមត្ថកិច្ច​ឡោមព័ទ្ធ ក៏​ចាប់​បាន​អ្នក​ចាប់​ក្មេង​សិស្សសាលា ដោយបាន​យក​លាក់ទុក​នៅក្នុង​ផ្ទះសំណាក់​មួយ ក្នុង​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង ។ ជនល្មើស​បាន​ជម្រិត​ទារប្រាក់​ពី​អាណាព្យាបាល ជា​ថ្នូរ​នឹង​ការដោះលែង​ក្មេង​វិញ ។ ពលរដ្ឋ​អ្នក​ឈរ​មើល​អម​ផ្លូវ​ពេល​អាជ្ញាធរ​ចាប់បាន​អ្នក​ចាប់​ក្មេង​នោះ បាន​និយាយ​ទាំង​កំហឹង​ថា «​សម្លាប់​វា​ចោល​ទៅ កុំ​ទុក​វា​» ។ 

​ដោយឡែក​វីដេអូ និង​ដំណឹង​អំពី​ការចាប់​ក្មេង​ជា​ច្រើន ក៏​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ ដូចជា​រូប​វីដេអូ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវបាន​ពលរដ្ឋ​ចាប់បាន និង​សួរចម្លើយ​នៅនឹងកន្លែង​ខណៈ​កំពុង​ព្យាយាម​ចង់​ចាប់​ក្មេង​នៅ​ប្រទេស​វៀតណាម ។ វីដេអូ​នេះ ក៏​បាន​ភ្ជាប់​មក​ជាមួយ​នូវ​រូបភាព​ប៉ុន្មាន​សន្លឹក​ពី​សកម្មភាព​ដឹក​ក្មេង​កំពុង​យំ​តាម​ម៉ូតូ និង​រូបភាព​ក្មេងៗ​ប្រមាណ​២០​នាក់​ជាង ឈរ​ក្បែរ​ទ្រុង​២​ធំ​ល្មម ក្នុង​បន្ទប់​ងងឹត​មួយ​កន្លែង​អម​ជាមួយ​ពន្លឺភ្លើង​ព្រឹមៗ ។​

​ការ​ចែកចាយ​រាល់​ដំណឹង​ទាំងអស់នេះ នៅលើ​ហ្វេ​សប៊ុក បាន​ធ្វើ​ឱ្យ​ក្រសួង​អប់រំ មាន​ការព្រួយបារម្ភ រហូត​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ការពង្រឹ​ង​សុវត្ថិភាព​ដល់​សិស្ស​សាលា កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា ថ្មីៗ​នេះ ។ ក្នុងន័យ​ជារួម​នៃ​សេចក្តីប្រកាស​ព័ត៌មាន​នេះ គឺ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សហការ​ជាមួយនឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច ពិសេស​នាយកដ្ឋាន​កណ្តា​ល​សន្តិសុខ​អគ្គស្នងការ​នគរបាល​ជាតិ ដោយ​កំពុង​តាមដាន និង​ត្រៀមលក្ខណៈ​ក្នុងការ​ធ្វើ​អន្តរាគមន៍​ឱ្យបាន​ទាន់​ពេលវេលា ក្នុងករណី​មាន​សេចក្តីរាយការណ៍​ពី​សកម្មភាព​ផ្សេងៗ ទាក់ទង​នឹង​ការចាប់​សិស្សសាលា​ដែល​កើតមាន​ឡើង​ជាក់ស្តែង ។ ដើម្បី​បង្កើន​សន្តិសុខ និង​អន្តរាគមន៍​បាន​ទាន់ពេល នាយកដ្ឋាន​កណ្តាល​សន្តិ​សុខ បាន​ផ្តល់​លេខ​ទូរស័ព្ទ​ចំនួន​ពីរ​ខ្សែ​ដើម្បី​រាយការណ៍​រាល់​សកម្មភាព​សង្ស័យ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​តាមរយៈ​លេខ​ទូរស័ព្ទ ខ្សែ​ទីមួយ​៖ ០៣១ ២០ ១២៣៤៥, ខ្សែ​ទី​ពីរ​៖ ០៣១ ៦០ ១២៣៤៥​។ លើសពីនេះទៅទៀត ក្រសួង​ក៏​បាន​ណែនាំ ដល់​គ្រប់​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី​-​ខេត្ត ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ ដល់​គ្រប់​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​ទាំងអស់ ឱ្យមាន​ការប្រុងប្រយ័ត្ន និង​ត្រៀម​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជា​ដរាប ។​

​យ៉ាងណាម៉ិញ ក្រសួងមហាផ្ទៃ ក៏​បាន​ប្រកាស​ព័ត៌មាន​ដូចគ្នា​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ទាក់ទង​នឹង​ករណី​នេះ​ដែរ ។ ករណី​សង្កេតឃើញ​នូវ​រាល់​សកម្មភាព​ណា​សង្ស័យ​ថា​វា​ជា​ករណី​ចាប់​ក្មេង​សាធារណជន ឬ​អាណាព្យាបាល​ត្រូវ​ទាក់ទង​ទៅ​អាជ្ញាធរ​តាមរយៈ​លេខ​ទាំងពីរ​ដែល​រៀបរាប់​ជូន​ខាងលើ​នោះ ដើម្បី​រាយការណ៍​មក​សមត្ថកិច្ច​ជា​បន្ទាន់ ។ ក្រៅពី​អន្តរាគមន៍​ផ្ទាល់​ភ្លាមៗ ទាក់ទង​នឹង​ករណី​ចាប់​ក្មេង ឬ​បាត់​ក្មេង តាមរយៈ​លេខ​ទូរស័ព្ទ​ពីរ​ប្រព័ន្ធ​នោះ មន្ត្រី​អាជ្ញាធរ ក៏​បាន​អំពាវនាវ ដល់​ឪពុកម្តាយ និង​អាណាព្យាបាល​ទាំងអស់ ត្រូវ​បង្កើត​ការយកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​បន្ថែម​ចំពោះ​កូនៗ​របស់ខ្លួន ដោយ​មិន​ត្រូវ​មាន​ការធ្វេសប្រហែស​ឡើយ​។ ម្យ៉ាងទៀត ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​ឱ្យ​ការជួយ​សង្គ្រោះ​បាន​ទាន់ពេលវេលា និង​ស្វែងរក​ក្រុម​ជនអនាមិក​នោះ​មក​ផ្តន្ទាទោស​តាមច្បាប់​៕

(រាយការណ៍ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត