ពិណ​ខ្មែរ​ផុសចេញ​ពី​ជញ្ជាំង​ប្រាសាទ​មក​បង្ហាញ​ខ្លួន​ឱ្យ​កូន​ខ្មែរ​បាន​ស្គាល់​

ដោយ៖ គង់ ឧត្តម 22-07-2017 11:58 am 5937
ស្រ្តីលេងពិណលើចម្លាក់ប្រាសាទខ្មែរ និងយុវតី ស្ងួន កវី សេរីរត្ន័ អ្នកលេងពិណខ្មែរ ។

ក្រោយ​អវត្តមាន​ជិត​១០០០​ឆ្នាំ ពិណ​ខ្មែរ​ត្រូវ​បាន​កើតចេញ​ជា​រូបរាង​ឡើង​ក្នុង​អំឡុង​ឆ្នាំ​២០១២ តាមរយៈ​សាស្ត្រាចារ្យ​តន្ត្រី​៣​រូប បាន​ស្រាវជ្រាវ​ចេញ​ពី​តាម​ជញ្ជាំង​ប្រាសាទ​នានា និង​ផលិត​ចេញ​ជា​រូបរាង​ឡើង ។ ទោះបី​ឧបករណ៍​ភ្លេងបុរាណ​នេះ​ផុសចេញ​ជា​រូបរាង​ឡើង​វិញ​ក៏ដោយ ក៏​ឧបករណ៍​នេះ​នៅ​មិនសូវ​ទទួល​ការពេញនិយម​ក្នុង​សង្គម​ខ្មែរ​ខ្លាំង​នៅ​ឡើយ​ទេ ។ ដោយឡែក ប្រទេស​ភូមា បាន​ហៅ​ពិណ​របស់​ខ្លួន​ថា ស៊ូ​គុក និង​យក​ឧបករណ៍​ភ្លេង​នេះ​ធ្វើ​ជា​អត្តសញ្ញាណ​តន្ត្រី​ជាតិ​របស់​ខ្លួន​តែម្តង ។ 

​សំឡេង​ពិណ​ទោល ៖

​ពិណ ជា​ឈ្មោះ​ឧបករណ៍​ភ្លេងខ្មែរ​បុរាណ​មួយ​បែប​ដែល​បាន​បាត់បង់​រូបរាង​ទាំងស្រុង​នៅ​ចុង​សតវត្ស​ទី​១២ និង​ដើម​សតវត្ស​ទី​១៣ ។ ពិណ ត្រូវបាន​អ្នកជំនាញ​សន្និដ្ឋានថា អាច​នឹង​កើតឡើង​ក្នុងអំឡុង​សតវត្ស​ទី​៥ ឬ​ទី​៦ ។ ក្រោយ​បាត់បង់​រូបរាង ពិណ​បាន​បន្សល់​វត្តមាន​ខ្លួន​ត្រឹមតែ​ជា​រូបចម្លាក់​លើ​ជញ្ជាំង​ប្រាសាទ​នានា​ក្នុង​ផ្ទៃ​ស្រុក​ខ្មែរ​ប៉ុណ្ណោះ ។ ពិណ​ខ្មែរ មាន​បី​ប្រភេទ​ផ្សេងៗ​គ្នា គឺ​ពិណ​ស្នូក ពិណ​កោង និង​ពិណ​កែង ។ ជា​ភស្តុតាង​បន្សល់​មកដល់​បច្ចុប្បន្ន ចម្លាក់​ឧបករណ៍​ពិណ​ត្រូវបាន​បុព្វបុរស​ខ្មែរ​ឆ្លាក់​នៅលើ​ក្បាច់​រចនាប័ទ្ម​ប្រាសាទសម្បូរព្រៃគុក ក្នុង​សតវត្ស​ទី​៧ ជា​ពិណ​ស្នូក នៅលើ​ជញ្ជាំង​ប្រាសាទ​បាយ័ន សតវត្ស​ទី​៩ ជា​ពិណ​កោង ប្រើប្រាស់​ជាមួយ​នឹង​ការ​រាំច្រៀង​ច្រើន​កន្លែង​ច្រើន​ធុន ដូចជា​ពិណ​មាន​ខ្សែ​២១ ពិណ​មាន​ខ្សែ​១៨ ពិណ​មាន​ខ្សែ​១៤ ពិណ​មាន​ខ្សែ​១២ និង​ពិណ​មាន​ខ្សែ​៨ នៅលើ​ជញ្ជាំង​ប្រាសាទ​អង្គរវត្ដ ជា​ពិណ​កែង​មាន​ខ្សែ​១១ និង​មាន​ឆ្លាក់​នៅលើ​ជញ្ជាំង​ប្រាសាទ​បន្ទាយឆ្មា បន្ទាយ​សំរែ ជាដើម​។​ល​។ ជារួម​ឧបករណ៍​ពិណ​នេះ គឺ​មាន​នៅ​លើ​សិលា​ចារិក​ស្ទើរ​គ្រប់​ប្រាសាទ​ទាំងអស់​របស់​ខ្មែរ ។ ពិណ​ជា​ឧបករណ៍​ភ្លេង​ម្យ៉ាង​ដែល​មាន​សំឡេង​ស្រាល​បែប​មនោសញ្ចេតនា ហើយ​មាន​លក្ខណៈ​ណែងណង​រណ្តំ​ចិត្ត ។​

​ពាក្យ​ថា ពិណ ជា​ពាក្យ​ខ្មែរ ដែល​ក្លាយ​មកពី​ភាសាសំស្ក្រឹត​និង​បាលី​ថា វី​ណា ។ ឧបករណ៍​ភ្លេង​នេះ ជា​ប្រភេទ​ដេញ ឬ​កេះ ដោយ​ប្រើ​ម្រាមដៃ​ស្តាំ​ចំនួន​បួន​ម្រាម ​និង​ម្រាម​ដៃ​​ឆ្វេង​ ប្រើ​តែ​មួយ​ឬ​ពីរ​ប៉ុណ្ណោះ​ ។ ពិណ​ខ្មែរ ជា​ឧបករណ៍​ភ្លេង​មួយ​ប្រភេទ​ដែល​គេ​និយម​ប្រគុំ​ក្នុងការ​រាំច្រៀង​ថ្វាយ​អាទិទេព​ក្នុង​ព្រហ្មញ្ញសាសនា គឺ​ប្រគុំ​សម្រាប់​ថ្វាយ​ព្រះអាទិទេព ដូចជា​ព្រះព្រហ្ម ព្រះ​ឥសូរ និង​ព្រះ​នរាយន៍​ជាដើម ។ ក្នុង​ការប្រគុំ គេ​ឃើញ​មនុស្ស​ប្រុស​ជា​អ្នកភ្លេង​ដេញ​ពិណ​និង​ច្រៀង ។ ចំណែក​មនុស្ស​ស្រី​សម្តែង​ជា​ទេពអប្សរ​រាំ​តាម​ចង្វាក់ភ្លេង ។ អ្នកស្រាវជ្រាវ​ខ្លះ​ថា ឧបករណ៍​ពិណ​នេះ មាន​ប្រភព​មក​ពី​ប្រទេស​ឥណ្ឌា ។​

​ពិណ​បាន​រក្សា​ឈ្មោះ​ក្នុង​វង់​ភ្លេង តែ​បាន​បាត់​ឧបករណ៍ ក៏​ព្រោះ​ដោយសារ​ពិណ​មាន​សំឡេង​ស្រាល​ពេក បើ​ធៀប​នឹង​ឧបករណ៍​តន្ត្រី​ផ្សេងទៀត ។ ជំនាន់​មុន ពេល​ព្រះមហាក្សត្រ​ខ្មែរ​សាងសង់​ប្រាសាទ គេ​ត្រូវ​បួងសួង​ដល់​ទេវ លទ្ធិ ព្រលឹង ថ្វាយ​ភ្លេង​ដល់​ព្រះអាទិទេព ជាដើម​ដាស់​បញ្ជា​ដំរី​លើក​អូស​ថ្ម​ដើម្បី​សាងសង់ គេ​ត្រូវការ​សូរ​សំឡេង​ពិណ​មក​ប្រគុំ​ក្នុង​វង់ តែ​ពិណ​មិន​អាច​ទប់​ជាមួយ​កម្លាំង​សូរ​សំឡេង​ស្គរ សំឡេង​រនាត​ជាដើម ដែល​បន្លឺ​គ្របដណ្តប់​លើ​បាន​ទេ នេះ​អាច​ជា​ហេតុ​ដែល​បាត់​វត្តមាន​ពិណ​ពី​ក្នុង​វង់ភ្លេង​តែម្តង ។​

​ក្រោយ​បាត់​ខ្លួន​ជាង​៩០០​ឆ្នាំ​ពី​ក្នុង​សង្គម​ខ្មែរ ក្នុង​អំឡុង​ឆ្នាំ​២០១២ ឧបករណ៍​ពិណ​ខ្មែរ​បាន​បង្ហាញ​រូបរាង និង​សូរសៀង​ឡើងវិញ ដោយ​សាស្ត្រាចារ្យ​៣​រូប មាន​លោក​បណ្ឌិត ហ៊ឹម សុ​ភី អ្នកនិពន្ធ​តន្ត្រី​, សាស្ត្រាចារ្យ​បារាំង លោក កា​សូ​ឡេ ប៉ា​ទ្រី​ស (Mr. Kersalé Patrick) ជា​អ្នកស្រាវជ្រាវ​ជាតិ​ពិន្ធុ​តន្ត្រី និង​លោក​សាស្ត្រាចារ្យ កែវ សុន​ន្ទ​កវី ជា​អ្នក​ផលិត​ឧបករណ៍​ពិណ​ខ្មែរ ។ 

​សំឡេង​ពិណ​បទ ទឹក​ហូរ​កាត់​ខ្សាច់ ៖

​ពិណ លេង​ដូចជា​ឧបករណ៍​ព្យ៉ា​ណូ​ដូច្នោះ​ដែរ ទាំង​ដៃស្តាំ និង​ដៃ​ឆ្វេង ត្រូវបាន​ប្រើប្រាស់​ដើម្បី​ដេញ ឬ​កេះ​បន្លឺសំឡេង ។ ក្នុងចំណោម​ពិណ​កោង ពិណ​កែង និង​ពិណ​ស្នូក សព្វថ្ងៃ​ខ្មែរ​យើង​ផលិត​បាន​តែ​ពិណ​ស្នូក​ដំបូង​ប៉ុណ្ណោះ ដែល​មាន​ខ្សែ​ចាប់ពី ៨ ១២ ១៦ និង​២២ ។ ឧបករណ៍​ភ្លេងបុរាណ​នេះ ធ្វើឡើង​ដោយ​សាច់​ឈើ​ខ្នុរ លុង​ប្រហោង​ជា​ប្រអប់​សំឡេង និង​មាន​ដង​សម្រាប់​ចង​ខ្សែ​កេះ ។ វា​មាន​សណ្តាន​ដូច​ស្នូកអណ្តើក​ផ្ងារ តែ​ទ្រវែង ឬ​អាច​ថា​មាន​រាង​ដូច​​ទូក​សំពៅ​ ដោយ​មាន​ស្បែក​គោ ស្បែក​ពពែ ឬ​ស្បែក​ពស់ គ្របពីលើ មាន​ចងខ្សែ​សូត្រ ឬ​ខ្សែ​នីឡុង​ទៅនឹង​ដង​សម្រាប់​កេះ ឬ​ដេញ ។ ពិណ​ខ្មែរ អាច​យក​លេង​ជាមួយ វង់ភ្លេង​បុរាណ​ខ្មែរ​ទាំងអស់ ដូចជា វង់​ភ្លេងពិណពាទ្យ វង់ភ្លេង​មហោរី និង​អាច​យក​ទៅ​លេង​ក្នុង​វង់ភ្លេង​បស្ចឹម​ប្រទេស​បាន​ទៀត​ផង ។ វា​អាស្រ័យ​លើ​ការ​រឹតបន្តឹង​សូរសំឡេង​តាម​ស្តង់ដារ​សូរ​អន្តរជាតិ ។ ដោយសារតែ​ការវិវដ្ត ឆ្នៃ ឬ​អាច​ហៅ​ថា​ធ្វើ​បច្ចុប្បន្នភាព​ពិណ​ខ្មែរ អ្នក​ផលិត​បាន​ឆ្នៃ​ក្បាល​បំពាក់​លើ​ដង​ពិណ​មាន​ជា ក្បាលសត្វ​ហង្ស សត្វ​នាគ និង​គ្រុឌ ។ តែ​បើ​តាម​ជាក់ស្តែង ក្នុង​រចនាប័ទ្ម​ចម្លាក់​លើ​ជញ្ជាំង​ប្រាសាទ គឺ​ពិណ​ខ្មែរ​មាន​តែ​រូប​ក្បាលសត្វ​គ្រុឌ​ប៉ុណ្ណោះ ។ ក្រោយ​អភិវឌ្ឍ​បាន​ប៉ុន្មាន​ឆ្នាំ ពិណ​ខ្មែរ បាន​ធ្វើ​បច្ចុប្បន្នភាព​ដោយ​ឆ្នៃ​ដាក់​កន្លែង​រឹតបន្តឹង​ខ្សែ​សូរសំឡេង​ពី​ឈើ ជំនួស​ឱ្យ​កូនសោរ ឬ​ប្រដាប់​រឹតខ្សែ​របស់​ឧបករណ៍​ហ្គី​តា និង​បញ្ចូល​ខ្សែ​ចំឡង​សំឡេង​ទៅ​អំភ្លី​ដើម្បី​បំពង​សំឡេង​ចេញ​ក្រៅ​ដោយផ្ទាល់​តែម្តង ។ ដោយសារ​ឧបករណ៍​ភ្លេងបុរាណ​នេះ ទើប​នឹង​ស្រាវជ្រាវ បង្កើតឡើង​ថ្មី ហេតុនេះ អ្នកចេះ​លេង​ឧបករណ៍​នេះ ក៏​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ ។ សព្វថ្ងៃ ពិណ​ខ្មែរ កំពុង​ព្យាយាម​បញ្រ្ជាប​​ខ្លួន​ចូល​ក្នុង​វង់​ភ្លេងពិណពាទ្យ ភ្លេង​ការ ភ្លេង​មហោរី និង​ភ្លេង​បច្ចិម​ប្រទេស ។​

​សំឡេង​ពិណ​បទ ឱ​ផ្ទៃ​ស្រុក​ខ្មែរ ៖

​សូម​លើក​​​និយាយ​អំពី វង់​ភ្លេងពិណពាទ្យ​វិញ​ម្តង ។ បើទោះបីជា​បាត់​វត្ត​មាន​ឧបករណ៍​ពិណ​ពិតមែន តែ​ឈ្មោះ​ឧបករណ៍​នេះ នៅតែ​អាច​រក្សាបាន​ដដែល​ក្នុង​វង់​ភ្លេងពិណពាទ្យ​រហូត​មកដល់​សព្វថ្ងៃនេះ ។ វង់​ភ្លេងពិណពាទ្យ កើតចេញ​ពី​ឈ្មោះ​ឧបករណ៍ ពិណ និង​ឧបករណ៍ ពា​ទ្យ បូក​បញ្ចូល​គ្នា ។ ពា​ទ្យ គឺជា​គង​ពាទ្យ​ផ្លែ​ប្រាំបី ឬ​ប្រាំបួន ដែល​ហៅថា គង​ពាទ្យ ។ ដើមឡើយ វង់​ភ្លេងពិណពាទ្យ មានតែ​ប្រាំ​ឧបករណ៍​ភ្លេង​ប៉ុណ្ណោះ គឺ ពិណ គង​ពាទ្យ សំ​ភោ ខ្លុយ និង​ឈិង ក្រោយមក​ទើប​មាន​ឧបករណ៍​ភ្លេង​បន្ថែមទៀត ដូចជា រនាត​ឯក រនាតធុង​ជាដើម ។​

​សូម​បើក​រង្វង់​ក្រចក​និយាយ​អំពី​ឈ្មោះ​វង់​ភ្លេងពិណពាទ្យ​បន្តិច ។ ភ្លេងពិណពាទ្យ ត្រូវបាន​ខ្មែរ​មួយចំនួន​ហៅថា ភ្លេង​សៀម ។ តាម​ចាស់ៗ​ធ្លាប់​និយាយ​ប្រាប់​ថា ពាក្យ​ភ្លេង​សៀម អាច​មាន​កំណើត ដោយសារ​ជំនាន់​មុន​ពេល​ជនជាតិ​ថៃ​មក​សុំ​រៀន​ភ្លេងពិណពាទ្យ​ពី​ខ្មែរ​យើង ហើយ​ខ្មែរ​ទៅ​មើល​ជនជាតិ​ថៃ​លេង​ភ្លេងពិណពាទ្យ ដោយ​ហៅ​ថា ទៅ​មើល​សៀម​លេងភ្លេង យូរ​ក៏​ក្លាយ​ជា​ខ្លី​ថា ភ្លេង​សៀមៗ តែម្តង ។ ការហៅ​នេះ អាច​ថា មកពី​ពាក្យ​ពិណពាទ្យ​ពិបាក​ហៅ ព្រោះ​ជា​ពាក្យ​បាលី ជាង​ពាក្យ​ភ្លេង​សៀម ឬ​យ៉ាងណា​យើង​ក៏​មិន​បានដឹង ។ ថៃ​បាន​ហៅ​វង់​ភ្លេងពិណពាទ្យ​របស់​ខ្លួន​ថា ភី​ន​ផាត ។​

​ងាក​មក​និយាយ​អំពី ពិណ​ខ្មែរ​វិញ​ម្តង ជាក់ស្តែង ពិណ​ខ្មែរ​បាន​បាត់បង់​ទាំង​ស្រុង និង​ទើបតែ​លេច​វត្តមាន​ជាថ្មី​ក្នុង​សង្គម​ខ្មែរ​ប៉ុណ្ណោះ ។ ដោយឡែក ប្រទេស មី​យ៉ាន់​ម៉ា ក៏​មាន​ពិណ​ដូចគ្នា ។ គេ​បាន​ហៅ ឧបករណ៍​ពិណ​ថា ស៊ូ​គុក ។ អ្វី​គួរអោយ​ចាប់អារម្មណ៍​នោះ​គឺ មី​យ៉ាន់​ម៉ា បាន​យក​ពិណ​ធ្វើ​ជា​អត្តសញ្ញាណ​តន្ត្រី​ជាតិ​របស់​ខ្លួន​តែម្តង ។ ពិណ​មី​យ៉ាន់​ម៉ា មាន​ភាព​ស្រដៀង​នឹង​ពិណ​ខ្មែរ​សឹង ៩០​ភាគរយ តែ​មិនសូវ​មាន​ក្បាច់រចនា​ច្រើន​ដូច​ពិណ​ខ្មែរ​នោះ​ទេ ។ មី​យ៉ាន់​ម៉ា មាន​ពិណ​តែ​មួយ​ប្រភេទ​ប៉ុណ្ណោះ គឺ​ពិណ​ស្នូក ។​

​ពិណ​ខ្មែរ ត្រូវបាន​អ្នក​ផលិត​ហៅថា ជា​ឧបករណ៍​នាំ​សំណាង ។ ឥស្សរជន​ខ្មែរ​សព្វថ្ងៃ បាន​ជាវ​យក​ឧបករណ៍​ភ្លេងបុរាណ​នេះ ដាក់តាំង​ក្នុងផ្ទះ​របស់​ខ្លួន​ព្រោះ​គេ​ជឿ​ថា វា​នឹង​នាំមក​នូវ​លាភ​សំណាង តាមរយៈ​សត្វ​នាគ សត្វ​ហង្ស ឬ​គ្រុឌ និង​អាច​ពាំនាំ​មក​នូវ​ភាព​រីករាយ​ចូល​ក្នុង​ផ្ទះ​ទៀត​ផង ។ ពេល​ខ្លះ​គេ​ក៏​ទុក​ឧបករណ៍​នេះ​ដើម្បី​កេះ​រំសាយ​ទុក្ខសោក​ផងដែរ ៕

​សំឡេង​ពិណ​លេង​ជា​វង់ ៖

(រាយការណ៍ដោយ៖ គង់ ឧត្តម | ប្រគុំពិណក្នុងអត្ថបទដោយ៖ យុវតី ស្ងួន កវី សេរីរ័ត្ន)

 

យុវតីអ្នកលេងពិណខ្មែរ ស្ងួន កវី សេរីរត្ន័ និងឧបករណ៍ពិណខ្មែរ ។

 

ស្រ្តីអ្នកលេងពិណជនជាតិមីយ៉ាន់ម៉ា និងឧបករណ៍ពិណ (ស៊ូ​គុក) មីយ៉ាន់ម៉ា ។

ព័ត៌មានផ្សេងទៀត