អ្នកនយោបាយ​​មាន​​អនុត្តរភាព​​ខ្ពស់ ​ក៏​ព្រោះ​អ្នក​គាំទ្រ​ខ្វះ​ចំណេះ​ដឹង​​

ដោយ៖ គួន សំបូរ 20-07-2017 4:20 pm 1355
រូបភាពតំណាង។

​បើ​ទោះបីជា​កម្ពុជា​បាន​ឆ្លង​ផុត​សង្គ្រាម​ជិត​២​ទសវត្សរ៍​ហើយ​ក៏​ដោយ ប៉ុន្តែ​គេ​មើលឃើញថា ប្រជាជន​កម្ពុជា​នៅតែ​មាន​ការព្រួយបារម្ភ​ខ្លាច​សង្គ្រាម​កើតឡើង​សាជាថ្មី​។ អសន្តិសុខ​ផ្លូវចិត្ត​នេះ តែង​កើតមាន​នៅ​ពេល​អ្នកនយោបាយ​ខ្មែរ​ឈ្លោះ​គ្នា​។ អ្នកនយោបាយ​ឈ្លោះ​គ្នា​ម្តងៗ គេ​តែងតែ​លឺ​ពីសារ​គំរាម​គ្នា​ទៅវិញទៅមក ដោយ​មិន​យល់​ពី​អារម្មណ៍​របស់​ពលរដ្ឋ​ឡើយ​។ ទាំងនេះ ត្រូវបាន​គេ​មើលឃើញថា អ្នកនយោបាយ​ខ្មែរ​កំពុង​មាន​អនុត្តរភាព​ខ្ពស់​លើ​ខ្លួនឯង ខណៈ​អ្នកគាំទ្រ​ហាក់​មិន​ទាន់​ចេះ​ប្រើ​សិទ្ធិ​របស់​ខ្លួន​ឲ្យចំ​ចំណុច​។ សូម​ស្តាប់​បទ​វិភាគ​ដោយ គួន សំបូរ​៖

សំឡេង៖

​អ្នកនយោបាយ​ខ្មែរ​តែង​ឃោសនា​ថា  គណបក្ស​ខ្លួន​នឹង​ស្វែងរក​សន្តិភាព​ជូន​ប្រទេស​កម្ពុជា នឹង​អភិវឌ្ឍ​កម្ពុជា​កាន់តែ​រីកចំរើន​។ ប៉ុន្តែ​សកម្មភាព​វិញ ហាក់​កំពុងតែ​ដើរ​ផ្ទុយ​នឹង​គោលនយោបាយ និង​ការសន្យា​របស់​ពួកគេ​។ បើ​ទោះជា​កម្ពុជា​បាន​ឆ្លងកាត់​ការបោះឆ្នោត​៥​អាណត្តិ​ហើយ​ក៏​ដោយ ប៉ុន្តែ​គ្មាន​ការបោះ​ឆ្នោត​ណាមួយ​ដែល​អ្នកនយោបាយ​មិន​ឈ្លោះ​គ្នា​ឡើយ​។​

​បើ​យើង​ពិនិត្យ​មើល​ពី​កំណត់ហេតុ​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​ការបោះឆ្នោត​ក្នុងប្រទេស​កម្ពុជា​វិញ តាំង​ពី​អាណត្តិ​ទី​១ ឆ្នាំ​១៩៩៣ ពោល​ក្រោយពេល​ដែល​កម្ពុជា​ទទួល​បាន​សន្តិភាព រហូត​ដល់​អាណត្តិ​ទី​៥​ឆ្នាំ​២០១៣ គេ​នឹង​ឃើញ​មាន​ព្រឹត្តិការណ៍​តានតឹង​ផ្នែក​នយោបាយ ស្ទើរ​គ្រប់​អាណត្តិ​។ ប្រវត្តិសាស្ត្រ​ច្រំ​ដែល​នេះ បង្កើតឡើង​ដោយ​គណបក្សកាន់អំណាច និង​គណបក្ស​ប្រឆាំង​។ គណបក្សប្រឆាំង​បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​របស់ខ្លួន​ជួបជុំ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​។ ចំណែក​គណបក្ស​កាន់អំណាច បាន​ពង្រាយ​កងកម្លាំង​ប្រដាប់អាវុធ សព្វាវុធ​ធុន​ធ្ងន់ ក្រោម​ហេតុផល​រក្សា​សន្តិសុខ និង​ស្ថិរភាព​នយោបាយ​។​

​ជម្លោះ​របស់​អ្នកនយោបាយ​នេះ បាន​បង្ក​ឲ្យ​ប្រជាជន​កម្ពុជា មាន​ការព្រួយបារម្ភ​ខ្លាច​សង្គ្រាម​ផ្ទុះឡើង​សាជាថ្មី​។ ពលរដ្ឋ​ខ្លះទៀត ត្រៀម​ទិញ​គ្រឿង​បរិភោគ​ទុក អ្នកខ្លះ​ត្រឡប់​ចេញ​ទៅ​ស្រុកកំណើត​ដើម្បី​ជួប​ក្រុម​គ្រួសារ​វិញ អ្នកខ្លះ​បន្ត​ដក​ប្រាក់​ពី​ធនាគារ​ជាដើម​។ ចំណែក​ពលរដ្ឋ​ដែល​ជា​សកម្មជន​នយោបាយ​មួយចំនួន នៅ​បន្ត​រងគ្រោះ​ដោយសារ​សកម្មភាព​នយោបាយ​ជា​ហូរហែ​។ រូបភាព​ទាំងនេះ​អាច​បញ្ជាក់​ថា សន្តិសុខ សុវត្ថិភាព​នៅក្នុង​ប្រទេស​កម្ពុជា កំពុងតែ​ស្ថិតនៅ​ក្នុង​ស្ថានភាព​ដ៏​ផុយស្រួយ​នៅឡើយ​។​

​ទាំងអស់នេះ ត្រូវបាន​គេ​សម្គាល់​ឃើញថា ដោយសារ​តែ​អ្នកនយោបាយ​ខ្មែរ​មាន​អនុត្តរភាព​ខ្ពស់ ដែល​គិតថា​គ្មាន​អ្នកណា​មួយ​ផ្ទឹម​ស្មើ​បាន​។ ភាព​អំនួត​នេះ អាច​មក​ពី​អ្នកនយោបាយ​ខ្មែរ នៅ​ពុំទាន់ ស្រឡាញ់​ពលរដ្ឋ និង​ប្រទេសជាតិ​ខ្លួនឯង​នៅឡើយ​។ ប្រ​ហែល​ជា​ពួកគេ​នៅ​ស្រឡាញ់​អំណាច ក្រុមគ្រួសារ និង​ក្រុម​បក្សពួក​ខ្លួន​ជាង​ប្រទេសជាតិ​។ អ្នកនយោបាយ​ខ្លះ ដើម្បី​បាន​អំណាច គេ​ហ៊ាន​ធ្វើ​គ្រប់យ៉ាង និង​ព្រមាន​គ្នា​ទៅវិញទៅមក​គ្រប់​រូបភាព​ដោយ​មិន​ខ្វល់ខ្វាយ​ពី​ការភ័យខ្លាច​របស់​ពល​រដ្ឋ​សាមញ្ញ​ទេ​។ ម្យ៉ាងវិញទៀត ភាព​អំនួត​នេះ អ្នកនយោបាយ​អាច​យល់​ថា ពលរដ្ឋ និង​អ្នកគាំទ្រ​នៅ​ខ្វះ​ចំណេះដឹង ដូច្នេះ​គេ​អាច​ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត ឬ​អូសទាញ​អ្នកគាំទ្រ​មក​ដាក់​សម្ពាធ​លើ​ដៃគូ​នយោបាយ ដើម្បី​សម្រេចប្រយោជន៍​ខ្លួន​ក៏​មាន​។​

​កាលពី​ឆ្នាំ​២០១៣ ពោល​ក្រោយ​បោះឆ្នោត​ថ្នាក់​ជាតិ​ហើយ មាន​ប្រជាពលរដ្ឋ និង​អ្នក​វិយោគ​មិនតិច​ទេ ដែល​ភ័យ ខ្លាច​សង្គ្រាម​ផ្ទុះ​ជាថ្មី​។ នៅពេល​ដែល​គណបក្សប្រឆាំង​ចុះ​ផ្លូវ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​។ ក្នុង​ព្រឹត្តិការណ៍​តានតឹង​ផ្នែក​នយោបាយ​នាពេលនោះ មាន​សកម្មជន​នយោបាយ ពលរដ្ឋ​សាមញ្ញ និង​កម្មករ​ខ្លះ​ត្រូវបាន ស្លាប់​បាត់បង់​ជីវិត ដោយសារ​ការ​បង្ក្រាប​ពី​សំណាក់​អាជ្ញាធរ​។​

​រីឯ​អ្នកគាំទ្រ​វិញ អ្នកគាំទ្រ​ខ្លះ​គាំទ្រ​ខ្វះ​វិចារណញ្ញាណ និង​ខ្វះ​ការគិតគូរ​ឲ្យបាន​វែ​ង​ឆ្ងាយ​។ ជាទូទៅ អ្នកគាំទ្រ​នយោបាយ​ខ្មែរ គាំទ្រ​មេគណបក្ស​ច្រើនជាង គាំទ្រ​គោលនយោបាយ​។ មេ​បក្ស​ណា​ពូកែ​ប្រើ​វោហា​រសាស្ត្រ នឹង​ទទួល​ការគាំទ្រ​ច្រើន​។ ដូច្នេះ​ធ្វើឲ្យ​អ្នកនយោបាយ​អូសទាញ​តាម​អំពើ​ចិត្ត​។ នេះ​ជា​ចំណុច​គ្រោះថ្នាក់​សម្រាប់​សង្គម​ខ្មែរ ពីព្រោះ​បើ​សិន​ជា​អ្នកនយោបាយ បណ្តុះ​មនោគមវិជ្ជា​​នយោបាយ​ជ្រុលនិយម អ្នកគាំទ្រ​អាច​បង្កើត​ជា​វប្បធម៌​ហិង្សា ការបែកបាក់​ជាតិ និង​បង្ក​អសន្តិសុខ​ដល់​ប្រទេស​ជាតិ​ជាដើម​។​

​ជា​ពិត​នៅក្នុង​សម័យថ្មី​នេះ ទាំង​អ្នកវិនិយោគ និង​ប្រជាពលរដ្ឋ​ទាំងអស់​មិន​ចង់​ឃើញ ការឈ្លោះទាស់ទែង​គ្នា​របស់​អ្នក​នយោបាយ​ទេ​។ ពលរដ្ឋ​ចង់ឃើញ​អ្នកនយោបាយ​ប្រកួត​គ្នា​ដោយ​ប្រើ​គោលនយោបាយ ជាង​ប្រជែង​យក​អំណាច​រៀងៗ​ខ្លួន​។ អ្នក​នយោបាយ​គួរតែ​បានដឹងថា ពលរដ្ឋ​ត្រេតអរ ពេល​អ្នក​នយោបាយ​អង្គុយ​ជជែក​គ្នា​។ ប៉ុន្តែ​ការភ័យខ្លាច​នឹង​ត្រឡប់មកវិញ នៅពេល​ដែល​អ្នកនយោបាយ​មាន​វិវាទ​នឹង​គ្នា​។​

​ជា​រួម​មក​វិញ ចាប់ពី​អំណឹះតទៅ អ្នកនយោបាយ​គួរ​បញ្ចប់​ការអូសទាញ​អ្នក​គាំទ្រ​ធ្វើ​ជា​ឈ្នាន់​នយោបាយ ហើយ​ងាក​មក​រក​ការប្រកួតប្រជែក​ដោយ​ប្រើប្រាស់​នូវ​គោលនយោបាយ ក្នុងន័យ​អភិវឌ្ឍ​ប្រទេសជាតិ​។ ព្រោះ​នៅក្នុង​សម័យ​សកលភាវូបនីយកម្ម​នេះ គឺ​ត្រូវការ​អ្នកដឹកនាំ​ប្រកបដោយ​ភាព​វៃឆ្លាត ទាំង​នយោបាយ​ការបរទេស សេដ្ឋកិច្ច ទីផ្សារ​។

​កាលណា​អ្នកនយោបាយ​នៅ​បន្ត​ឈ្លោះទាស់ទែង​គ្នា ប្រទេសជាតិ នឹង​ទន់ខ្សោយ​ដូច​អតីតកាល​អ៊ីចឹង​ដែរ​។ សម្រាប់​អ្នកគាំទ្រ គួរ​ធ្វើ​ជា​អ្នកគាំទ្រ​ដោយ​មាន​សមត្ថភាព ដោយ​មិន​ជឿ​តាម​ការអូសទាញ​ពី​អ្នកនយោបាយ​។ អ្នកគាំទ្រ​មាន​សមត្ថភាព គឺជា​អ្នកគាំទ្រ​ដែល​ចេះ ប្រើ​ចំណេះដឹង​រៀបចំ​គោលនយោបាយ និង​ផ្តល់​យុទ្ធសាស្ត្រ យ៉ាង​មាន​ប្រសិទ្ធិភាព ក្នុងន័យ​ដោះស្រាយ​បញ្ហា​ក្នុង​សង្គម និង​ជួយ​ឲ្យ​សង្គម​ឈាន​ទៅ​ភាព​រីកចំរើន​នាពេល​អនាគត​៕

ដោយ គួន សំបូរ

ព័ត៌មានផ្សេងទៀត