ខ្មែរក្រោម​​ចង់​ឲ្យ​​ពិភពលោ​ក​ដឹង​​ពី​ទុក្ខ​លំបាក​​របស់​​ខ្លួន​​

ដោយ៖ អឿន ភារ៉ា 20-07-2017 4:07 pm 2382

​ខ្មែរក្រោម​រំឭក​ពី​ការដាក់​ញត្តិ​របស់ខ្លួន​ឡើងវិញ តាមរយៈ​ការធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ខណៈ​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។ នៅក្នុង​ញត្តិ​នេះ គឺ​ទទូច​ឲ្យ​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម និង​ចង់ឲ្យ​ស្ថាប័ន​អន្តរជាតិ​ជួយ​ឈឺ​ឆ្អោ​ល​លើ​បញ្ហា​នេះ​។ ការទាមទារ​ជា​ថ្មី​នេះ បន្ទាប់​ពី​ញត្តិ​ដែល​បាន​ដាក់​ទៅកាន់​រដ្ឋាភិបាល​វៀតណាម​ដោយផ្ទាល់ កាលពីពេល​កន្លង​ទៅ ដោយ​រហូតមកដល់​ពេលនេះ នៅ​មិនទាន់​មាន​លទ្ធផល​អ្វី​ទេ​។

​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម បានដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​វៀតណាម តាមរយៈ​​ក្រសួង​ការ​បរទេស​កម្ពុ​ជា ហើយ​គ្មាន​ការឆ្លើយតប​នោះ​។ នេះ​បើ​តាម​លោក​សឺ​ន ជុំ​ជួន ប្រាប់​វិទ្យុ​វាយោ​ឱ្យដឹង​នៅ​ថ្ងៃ​ទី​២០ កក្កដា​។

​ការព្រងើយកន្តើយ​បែបនេះ នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធមនុស្ស និង​អភិវឌ្ឍន៍ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម រូបនេះ លើកឡើងថា នេះ​ជា​ការ​បង្ហាញ​​ពី​ការរើសអើង​របស់​រដ្ឋ​អំណាច​វៀតណាម​មកលើ​ពូជសាសន៍​ខ្មែរ​កម្ពុជា​ក្រោម​។ តែ​ទោះបីជា គ្មាន​ការឆ្លើយ​បែប​ណា​ពី​រដ្ឋាភិបាល​វៀតណាម​ក៏ដោយ លោក​សឺ​ន ជុំ​ជួន ឱ្យដឹងថា រាល់​ព័ត៌មាន​និង​​បញ្ហាលំបាក​ផ្សេងៗ​របស់​បងប្អូន​ខ្មែរ​ក្រោម គឺ​តែងតែ​បាន​បញ្ជូន​ទៅ​ដល់​កម្រិត​អន្តរជាតិ​....​។​
​សំឡេង​លោក​សឺ​ន ជុំ​ជួន​៖

លោកសឺ​ន ជុំ​ជួន ដាក់ញត្តិនៅក្រសួងការបរទេសកម្ពុជា កាលពីពេលកន្លងទៅ។ រូបថត៖ KT/Chor Sokunthea

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៧ អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា បានដាក់​ញត្តិ​ម្តង​រួច​ហើយ​ទៅ​រដ្ឋាភិបាល​វៀតណាម តាមរយៈ​ក្រសួង​ការបរទេស​​កម្ពុ​ជា ក្នុងឱកាស​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ទូទាំង​ពិភពលោក​ប្រារព្ធទិវា ៤​មិថុនា ដែល​ជា​ខួប​៦៨​ឆ្នាំ នៃ​ថ្ងៃ​បារាំង​បាន​កាត់​ដែនដី​កម្ពុជា​ក្រោម ទៅ​ឲ្យ​វៀតណាម​ធ្វើ​អាណានិគម​បន្ត​លើ​ប្រជាជាតិ​ខ្មែរ​ក្រោម​។​

​នៅ​ក្នុង​ខ្លឹមសារ​នៃ​ញត្តិ​ដែលមាន​៣​ទំព័រ អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ឱ្យដឹងថា ទោះបីជា​រដ្ឋាភិបាល​វៀត​ណា​ម​បាន​ធ្វើ​ការអភិវឌ្ឍ​លើ​វិស័យ​មួយចំនួន​បាន​ល្អប្រសើរ​ក៏ដោយ ប៉ុន្តែ ការគោរព និង​​អនុវត្ត​ទៅតាម​គោលការណ៍​សិទ្ធិមនុស្ស សម្រាប់​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​មាន​កម្រិត​ទាប​នៅឡើយ​។ ក្នុង​វិស័យ​សិទ្ធិមនុស្ស​នេះ ខ្មែរ​ក្រោម​ត្រូវបាន​ប្រឈម​ទៅ​នឹង​បញ្ហា​ជាច្រើន នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ ដែល​មាន​ដូចជា សេរីភាព​ជំនឿ និង​ការ​ប្រណិប័តន៍​សាសនា សេរីភាព​ក្នុង​វិស័យ​សិក្សាអប់រំ សេដ្ឋកិច្ច សង្គមកិច្ច វិស័យ​វប្បធម៌ សេរី​ភាព​​ក្នុង​ការបញ្ចេញមតិ និង​ការទទួលបាន​ព័ត៌មាន​ជា​ដើម​។ បញ្ហា​ទាំងនេះ សឹងតែ​បាន​កើតឡើង​នៅ​គ្រប់​តំបន់​ទាំងអស់​ដែល​ខ្មែរក្រោម​កំពុង​រស់​នៅ​ទូទាំង​ដែនដី​កម្ពុជា​ក្រោម​។​

​បើ​តាម​លោក​សឺ​ន ជុំ​ជួន គូសបញ្ជាក់ថា តាម​ការស្រាវជ្រាវ​របស់​ក្រុមការងារ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ឃើញថា មាន​រឿង​ជាច្រើន​ដែល​រដ្ឋ​អំណាច​វៀតណាម​នៅ​មាន​ការខ្វះចន្លោះ​ក្នុង​ការ​បំពេញ​​កាតព្វកិច្ច​ជា​រដ្ឋ​សមាជិក​នៃ​អង្គការ​សហ​ប្រជា​ជា​ជាតិ ទាក់ទង​នឹង​ការគោរព​សិទ្ធិមនុស្ស​។ លោក​អះអាង​ថា ច្បាប់​កំពូល​របស់​វៀត​ណា​ម​ក៏​មានចែង​អំពី​សិទ្ធិមនុស្ស និង​ផ្តល់​សេរីភាព​ដល់​ពលរដ្ឋ​នៅក្នុង​ប្រទេស​ដែរ ប៉ុន្តែ នេះ​គ្រាន់តែ​ជា​ការបកស្រាយ​តាម​ច្បាប់​ប៉ុណ្ណោះ ដែល​ជាក់ស្តែង​ការរំលោភ​សិទ្ធិមនុស្ស​នៅតែ​មាន​មកលើ​ពលរដ្ឋ​ខ្មែរ​ក្រោម​។

ស្ត្រីខ្មែរក្រោមចូលរួមធ្វើបាតុកម្មនៅ Civic Center, San Francisco រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក កាលពីឆ្នាំ ២០០៧ ដើម្បី​ទាម​ទារ​ឲ្យវៀតណាមដោះលែងព្រះសង្ឃនៅកម្ពុជាក្រោម។ រូបថត៖ VOKK

​ទន្ទឹមនឹងនេះ អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ត្រូវតែ​បញ្ឈប់​នូវ​រាល់​ការរំលោភ​សិទ្ធិមនុស្ស និង​សិទ្ធិ​ជនជាតិដើម បញ្ឈប់​រាល់​ការ​រឹតត្បិត​អំពី​ការសិក្សាអប់រំ ដូច​ជា​ការ​ហាមប្រាម​មិន​ឲ្យ​សិក្សា​អំពី​ភូមិសាស្ត្រ ប្រវត្តិសាស្ត្រ​ខ្មែរ​កម្ពុជា​ក្រោម និង​សុំឲ្យ​រដ្ឋាភិបាល​វៀតណាម បញ្ឈប់​រាល់​ការ​រឹបអូស ឬ​ដកហូត​ដីធ្លី ធនធាន និង​បញ្ហា​ផ្សេងៗ​ទៀត​។​

​តែ​យ៉ាងណា រាល់​ការស្នើសុំ​ដូច​បាន​ដែល​បាន​រៀបរាប់​នៅក្នុង​ញ្ញត្តិ​នេះ គឺ​មិន​ទាន់​មាន​សញ្ញា​ឆ្លើយតប​ជា​វិជ្ជមាន​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម​នៅឡើយ​ទេ​។​

​ដោយ​ហាក់​អស់ជំនឿ​នៅ​ក្នុង​ការដាក់​ញត្តិ​ទៅកាន់​ក្រសួងការបរទេស​ខ្មែរ​ជា​បង្អែក​នេះ លោក​សឺ​ន ជុំ​ជួន ថា​នឹង​បង្វែរ​មក​ធ្វើ​យុទ្ធនាការ​រំឭក​ពី​បញ្ហា​នេះ តាមរយៈ​បណ្តាញ​សង្គម​វិញ​។ លោក​អះអាង​ថា យ៉ាងហោច​ណាស់​សំឡេង​ទាមទារ​នេះ នឹង​ធ្វើឲ្យ​ដឹង​លឺដល់​រដ្ឋាភិបា​លវៀត​ណាម រួម​ទាំង​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ឲ្យ​គិតគូរ​ពី​ទុក្ខលំបាក​របស់​ពលរដ្ឋ​ខ្មែរក្រោម​។ លោក​សឺ​ន ជុំ​ជួន​....
​សំឡេង​លោក​សឺ​ន ជុំ​ជួន​៖

​វិទ្យុ​វាយោ​មិនអាច​ទាក់ទង​សុំ​ការឆ្លើយតប​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា និង​មន្ត្រី​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា បានទេ ខណៈ​ដែល​នៅ​ថ្ងៃនេះ មេដឹកនាំ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​បាន​នឹង​កំពុង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។

ពលរដ្ឋវៀតណាមរស់នៅកម្ពុជារងចាំទទួលដំណើរលោកង្វៀន ហ៊្វូជុង នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែកក្កដា។ រូបថត៖ FN

លោក​ង្វៀន ហ្វ៊ូ​ជុង អគ្គលេខាធិការ​គណៈកម្មាធិកា​រ​មជ្ឈឹមបក្ស​កុម្មុយនិស្ត​វៀតណាម បាន​មក​ដល់​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ដើម្បី​បំពេញ​ទស្សនកិច្ច រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២០ ដល់ ២២ ខែកក្កដា តប​តាម​ការអញ្ជើញ​របស់​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី​។

​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​កម្ពុ​ជា ឱ្យដឹងថា ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ លោក ង្វៀន ហ្វ៊ូ​ជុង នឹង​ចូល​ក្រាប​បង្គំ​គាល់​ព្រះមហាក្សត្រ​ខ្មែរ សម្ដេច​ព្រះមហាក្សត្រី នរោត្តម​ មុនីនាថ សីហនុ សម្ដេចព្រះសង្ឃរាជ​ទាំង​ពីរ​គណៈ ព្រមទាំង​លោក​ហេង សំរិន ប្រធានរដ្ឋសភា លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​

​នៅក្នុង​ជំនួប​រវាង​លោក​ហ៊ុន សែន និង​លោក ង្វៀន ហ្វ៊ូ​ជុង ថ្នាក់ដឹកនាំ​ទាំង​ពីរ​នឹង​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម ស្តី​ពី​​ការ​ពង្រឹង​មិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា និង​វៀតណាម​ និង​ឯកសារ​មួយចំនួនទៀត​។ ក្រៅពីនេះ ថ្នាក់​ដឹក​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា នឹង​ចូលរួម​ពិធី​សម្ពោធ​ស្តូប​អនុស្សាវរីយ៍​មិត្តភាព​កម្ពុជា​-​វៀតណាម នៅ​ខេត្ត​ព្រះសីហនុ ផងដែរ​។​

​ក្នុងពេល​ជាមួយគ្នា​នៃ​ដំណើរ​ទស្សនកិច្ច​របស់​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម មក​កម្ពុជា​លើក​នេះ អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ស្នើសុំ​ដល់​តំណាង​រដ្ឋាភិបាល​កម្ពុជា​ជា​ថ្មី គួរ​លើក​ឡើង​ពី​ផល​លំបាក​នានា​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ប្រាប់​ទៅ​រដ្ឋាភិបាល​វៀតណាម ដើម្បី​រួមគ្នា​ដោះស្រាយ​លើ​បញ្ហា​នេះ​។​

​គួរបញ្ជាក់​ថា ដែនដី​ខ្មែរក្រោម​ដែល​អតីត​ជា​ទឹកដី​របស់​កម្ពុជា មាន​ផ្ទៃដី​សរុប​ប្រមាណ ៧​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា បែងចែក​ជា ២១​ខេត្ត ត្រូវបាន​បារាំង​ប្រគល់​ទៅឲ្យ​វៀតណាម​កាន់កាប់ នៅ​ថ្ងៃ​ទី​០៤ ខែ​មិថុនា ឆ្នាំ​១៩៤៩​។ បន្ទាប់ពី​បាន​ត្រួតត្រា​ទឹកដី​ខ្មែរក្រោម វៀតណាម បាន​ព្យាយាម​ធ្វើទុក្ខបុកម្នេញ​ជាច្រើន​លើ​ពលរដ្ឋ​ខ្មែរក្រោម ក្នុង​បំណង​លុបបំបាត់​សាសនា វប្បធម៌ ប្រពៃណី និង​ទំនៀម​ទម្លាប់​ខ្មែរ​។​ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បាន​រត់​ភៀសខ្លួន​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា ក៏ដូចជា​ភៀសខ្លួន​ទៅ​ប្រទេស​ទី​បី ដើម្បី​គេច​ផុត​​ពី​​ការ​កៀប​សង្កត់ ជិះជាន់ និង​រំលោភ​បំពាន​សិទ្ធិ​៕

ព័ត៌មានផ្សេងទៀត